ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធន់ ចាន់​តាក់ និង ​ឡុ​ង សុ​ភី ត្រៀម​កណ្ដាប់ដៃ​ស្វាគមន៍​កីឡាករ​ថៃ​នៅ​លើ​សង្វៀន​ភី​អិន​អិន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​លើ​សង្វៀន​ទូរទស្សន៍​ភី​អិន​អិន ថ្ងៃអាទិត្យ ​ទី​១២ មីនា កីឡាករ​ជើង​ខ្លាំង​កម្ពុជា​២​រូប គឺ​ធន់ ចាន់​តាក់ និង​ឡុ​ង សុ​ភី ត្រូវ​បាន​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​សម្រេច​ផ្គូផ្គង​ឱ្យ​ជួប

រាជធានី​ភ្នំពេញ ៖ នៅ​លើ​សង្វៀន​ទូរទស្សន៍​ភី​អិន​អិន ថ្ងៃអាទិត្យ ​ទី​១២ មីនា កីឡាករ​ជើង​ខ្លាំង​កម្ពុជា​២​រូប គឺ​ធន់ ចាន់​តាក់ និង​ឡុ​ង សុ​ភី ត្រូវ​បាន​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​សម្រេច​ផ្គូផ្គង​ឱ្យ​ជួប​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ​ជាមួយ​កីឡាករ​ថៃ ។ អ្នក​និយម​ទស្សនា​កីឡាប្រដាល់​ភាគច្រើន​កំពុង​តែ​រង់ចាំ​មើល ថា​តើ​កីឡាករ​កម្ពុជា​ទាំង​២​រូប​នេះ អាច​សម្រេច​គោលដៅ​របស់​ខ្លួន ឬ​យ៉ាងណា ខណៈ​កីឡាករ​ថៃ​ដែល​ពួក​គេ​ត្រូវ​ជួប​នៅ​ពេល​នេះ ហាក់​មាន​សមត្ថភាព​ពិបាក​ផ្ដួល​អ៊ីចឹង​នោះ ។

គូរ​អន្ដរជាតិ​ទី​១ កីឡាករ​ធន់ ចាន់​តាក់​មក​ពី​សមា​គ​កីឡាប្រដាល់​ក្រសួងការពារជាតិ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ផេ​ត ណាំ​នឹង ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម ។ កីឡាករ​ថៃ​រូប​នេះ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​២-៣​លើក​ដែរ ប៉ុន្តែ​មិន​ធ្លាប់​ជួប​ធន់ ចាន់​តាក់ នោះ​ទេ ។ បើ​តាម​អ្នក​រៀបចំ​ការ​ប្រកួត​បាន​ប្រាប់​ឱ្យ​ដឹង​ថា​កីឡាករ​ថៃ​រូប​នេះ​គឺជា​ជើង​ខ្លាំង​មួយ​រូប​នៅ​ក្នុង​ប្រទេស​ថៃ​ដែល​មាន​ស្នៀត​កែង​និង​ជង្គង់​ល្អគួរសម កម្លាំង​ក៏​ខ្លាំង​ថែម​ទៀត ។ ចំណែក​ធន់ ចាន់​តាក់ ថ្វី​ដ្បិតតែ​គេ​ទើបតែ​លេចមុខ​នៅ​លើ​សង្វៀន​ក្នុង​រយៈពេល​ខ្លី​ក៏​ពិតមែន តែ​ល្បិច​ប្រយុទ្ធរបស់​កីឡាករ​រូប​នេះ​មិន​ចាញ់​អ្នក​ប្រដាល់​ជើង​ចាស់​ប៉ុន្មាន​ឡើយ ។ ផ្លែ​កែង និង​ជង្គង់​ក៏​ល្អគួរសម កម្លាំង​ខ្លាំង ចលនា​វាយ​ចេញ​ក៏​រហ័សរ​ហួ​ន​ថែម​ទៀត ។ ម្យ៉ាងវិញទៀត​គេ​មាន​ទម្លាប់​ល្អ​មួយ គឺ​មិន​ចេះ​មើល​ស្រាល​លើ​គូប្រកួត​ទេ ។ ចាំ​មើល​ធន់ ចាន់​តាក់ អាច​ផ្ដួល​កីឡាករ​ថៃ​រូប​នេះ​បាន​ឬ​អត់ ។

គូ​អន្តរជាតិ​ទី​២ កីឡាករ ឡុ​ង សុ​ភី មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ផ្លា​យ ផ្សា​ក់ ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម ។ ឡុ​ង សុ​ភី ជា​អ្នក​ប្រដាល់​ចាស់វស្សា​មួយ​រូប​ដែល​ពិបាក​រក​គូប្រកួត​ជាមួយ ក្នុង​ប្រភេទ​ទម្ងន់​ដូច​គ្នា​អត់​មាន​អ្នក​ណា​មានសមត្ថភាព​ផ្ដួល​គេ​នោះ​ទេ ។ ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​មកនេះ ថ្វីដៃ​ប្រកួត​នៅ​លើ​សង្វៀន​របស់​គេ​រាង​ចុះ​ខ្សោយ​ជាង​មុន​បន្តិច​ហើយ ។ ទោះបីជា​យ៉ាងណា អ្នកគាំទ្រ​នៅ​តែ​ចាត់​ទុក​រូបគេ​ជា​ខ្លា​ចាស់​កំពូល​ល្បិច​មួយ​រូប ដែល​មាន​ស្នៀត​ប្រយុទ្ធ​នៅ​លើ​សង្វៀន​ល្អ​គ្មាន​គូ​ប្រៀប​ដដែល ។ សម្រាប់​ការ​ជួប​កីឡាករ​ថៃ​លើក​នេះ មិនដឹង​ថា គេ​អាច​យកឈ្នះ​បាន​ឬ​អត់​នោះ​ទេ ក្នុង​ពេល​កីឡាករ​ថៃ​អត់​មាន​អ្នក​ណា​ស្គាល់​ពី​ប្រវត្តិ​ប្រកួត​ច្បាស់លាស់ ព្រោះតែ​មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ពី​មុន​មក ។ ប៉ុន្តែ​បើ​តាម​ការ​អះអាង​ពី​អ្នក​រៀបចំ​ការ​ប្រកួត​ថា កីឡាករ​ថៃ​រូប​នេះ​ក៏​ជា​ជើង​ខ្លាំង​ម្នាក់​ដែរ បើ​មិន​ដូច្នោះ​ទេ​គេ​ក៏​មិន​ហ៊ាន​ដាក់​ឱ្យ​ប្រកួត​ជាមួយ​ឡុ​ង សុ​ភី នោះ​ដែរ ។

ចំណែក​គូប្រកួត​មិត្តភាព​ធម្មតា​វិញ កីឡាករ ពេជ្រ ប៊ុ​ន​ឆេ​ន មក​ពី​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ ប្រកួត​ជាមួយ​កីឡាករ ចាន់ រតនៈ មក​ពី​ក្លិប​កងពលតូច​អន្តរាគមន៍​លេខ​៨​ភ្នំ​ទ្រព្យ និង​កីឡាករ គង់ វិ​រៈ មក​ពី​ក្លិប​សុភា​នូ​មាន​ជ័យ ប្រកួត​ជាមួយ​កីឡាករ ធន់ មក​រា មក​ពី​ក្លិបកងពលធំ​អន្តរាគមន៍​លេខ​២ ៕