ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​ជួសជុល​ក្រុម​ប្រាសាទព្រះពិធូរ​របស់​កូរ៉េ​បន្ត​បណ្តុះបណ្តាល​អ្នកជំនាញ

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ ហៅ​កាត់​ថា KOICA តាម​រយៈ​មូលនិធិ​បេតិកភណ្ឌ​វប្បធម៌​កូរ៉េ KCHF បាន​សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា ក្នុង​ការ​ជ្រើសរើស​ក្រុម​ប្រាសាទព្រះពិធូរ​

ខេត្តសៀមរាប ៖ ភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ ហៅ​កាត់​ថា KOICA តាម​រយៈ​មូលនិធិ​បេតិកភណ្ឌ​វប្បធម៌​កូរ៉េ KCHF បាន​សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា ក្នុង​ការ​ជ្រើសរើស​ក្រុម​ប្រាសាទព្រះពិធូរ​មក​អភិរក្ស​ជួស ជុល ។ ក្នុង​ជំហាន​ដំបូង​គម្រោង​នេះ​បាន​ជ្រើសរើស​យក​រានហាល​នៃ​ប្រាសាទ​កោរសក់ ដើម្បី​ជួសជុល​ដែល​នឹង​ត្រូវ​ចំណាយពេល​ប្រមាណ​៣​ឆ្នាំ​ពី​ឆ្នាំ​២០១៥ ដល់​ឆ្នាំ​២០១៨ ។

ទន្ទឹម​គ្នា​នឹង​ការងារ​ស្រាវជ្រាវ​ចងក្រង​ឯកសារ​អភិរក្ស​ជួសជុល​គម្រោង​នេះ​ក៏​បាន​ផ្តោត​ការ​យកចិត្តទុកដាក់​ខ្លាំង​លើ​ការងារ​បណ្តុះបណ្តាល​មន្ត្រី​បុគ្គលិក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​។ ជាក់ស្តែង​ពី​ថ្ងៃ​ទី​៣​ដល់ទី​៩ ខែមីនា ឆ្នាំ​២០១៧​នេះ វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​ការ​វាស់​ស្ទង់​ស្រទាប់ដី​ជំហាន​ទី​២ បាន​រៀបចំ​ឡើង​ដល់​បុគ្គលិក​ជំនាញ​ចំនួន​១០​រូប​បន្ត​ទៀត ។

អ្នកគ្រប់គ្រង​គម្រោង​ជួសជុល​ក្រុម​ប្រាសាទព្រះពិធូរ លោក Kim Jiseo បញ្ជាក់​ថា វគ្គ​បណ្តុះបណ្តាល​នេះ​រៀបចំ​ឡើង​ដើម្បី​បំប៉ន​សមត្ថភាព​ដល់​មន្ត្រី​ជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ក្នុង​ន័យ​រួមចំណែក​អភិវឌ្ឍ​ធនធានមនុស្ស ក្នុង​វិស័យ​អភិរក្ស ។ «​យើង​បាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ជា​ច្រើន​ប្រភេទ ទាំង​រយៈពេល​ខ្លី និង​រយៈពេល​វែង​។ នៅ​ទី​នេះ យើង​បាន​បណ្តុះបណ្តាល​លើ​ការងារ​វាស់​ស្ទង់​ស្រទាប់ដី និង​សិក្សា​ពី​កម្រិត​ទឹក ដែល​មាន​ជុំវិញ​រចនាសម្ព័ន្ធ​ប្រាសាទ ។ ទៅ​ខាង​មុខ​ទៀត យើង​នឹង​បណ្តុះបណ្តាល​អំពី​របៀប​មើល​ថ្ម និង​បញ្ហា​ផ្សេង​ៗ​ដែល​កើត​មាន​ចំពោះ​ថ្ម​ប្រាសាទ​។ យើង​ត្រូវការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុង​កិច្ចការ​អភិរក្ស​ជួសជុល​ប្រាសាទ ដែល​ជា​បេតិកភណ្ឌ​ពិភពលោក​» ។

លោក Jiseo បន្ថែម​ថា រយៈពេល​៣​ឆ្នាំ​នៃ​ជំហាន​ទី​១​នេះ អាច​នឹង​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​ជា​៤​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដោយ រួម​បញ្ចូល​ទាំង​ការ​ចំណាយ​លើ​ការ​បណ្តុះ បណ្តាល​ការ​ទិញ​សម្ភារ មន្ត្រី​ជំនាញ និង​បុគ្គលិក​ជាដើម ។

សិក្ខាកាម​មួយ​រូប​ដែល​មក​ពី​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ កញ្ញា​ហាង សុច្ច​រី និយាយ​ថា «​ការ​បណ្តុះបណ្តាល​នេះ​គឺ​មាន​សារសំខាន់​ណាស់​សម្រាប់​អ្នកជំនាញ​កម្ពុជា​ពីព្រោះ​កម្ពុជា​ជា​ប្រទេស​មួយ​ដែល​មាន​ប្រាសាទបុរាណ​ច្រើន​ជាងគេ ជា​ពិសេស​គឺ​នៅ​សៀមរាប​នេះ​តែ​ម្តង ហើយ​ប្រាសាទបុរាណ​ទាំងនោះ​មាន​មួយ​ចំនួន​ធំ​មាន​ភាព​ឌ្រុ​ត​ទ្រោម​ដែល​ទាមទារ​ឲ្យ​មានការ​ជួសជុល​ឡើង​វិញ ។

នៅ​វគ្គ​បណ្តុះបណ្តាល​នេះ​នាង​ខ្ញុំ​ទទួល​បាន​ចំណេះដឹង​ច្រើន​ពាក់ព័ន្ធ​នឹង​ប្រាសាទ ហើយ​ខ្ញុំ​ជឿជាក់​ថា តាម​រយៈ​បច្ចេកវិជ្ជា ថ្មី​ៗ​យើង​នឹង​ធ្វើ​យ៉ាងណា​ឲ្យ​បាន​ល្អ​ប្រសើរ​តាម​គំរូ​ដើម​របស់​បុព្វបុរស​យើង និង​ខិតខំ​ថែរក្សា​បេតិកភណ្ឌ​ទាំងនេះ​ឲ្យ​បាន​ល្អ​ប្រសើរ​» ៕