ក្រុមជនពាលដេញកា.ប់ម្នាក់ដាច់ដៃ រើសជូនពេទ្យឱ្យតវិញ
រាជធានីភ្នំពេញ ៖ អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើសន្និសីទកាសែតនៅព្រឹកថ្ងៃទី៨ មីនា បង្ហាញមុខជនពាលមួយក្រុមចំនួន៩នាក់ បន្ទាប់ពីបើក
រាជធានីភ្នំពេញ ៖ អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើសន្និសីទកាសែតនៅព្រឹកថ្ងៃទី៨ មីនា បង្ហាញមុខជនពាលមួយក្រុមចំនួន៩នាក់ បន្ទាប់ពីបើក
រាជធានីភ្នំពេញ ៖ អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើសន្និសីទកាសែតនៅព្រឹកថ្ងៃទី៨ មីនា បង្ហាញមុខជនពាលមួយក្រុមចំនួន៩នាក់ បន្ទាប់ពីបើកប្រតិបត្តិការដ៏ក្តៅគគុក តាមប្រមាញ់ក្រុមជនពាលទាំងនេះ ព្រោះថា ក្រុមនេះសាហាវព្រៃផ្សៃបំផុត ដែលពួកគេបានធ្វើសកម្មភាពកាប់ប្រហារទៅលើយុវជនម្នាក់ បណ្ដាលឲ្យដាច់ដៃម្ខាងកាលពី៥ថ្ងៃមុន ព្រោះតែរឿងរាំប៉ះគ្នា ក្នុងក្លឹបឌីស្គូមួយ។ មិនតែប៉ុណ្ណោះ ក្រុមនេះក៏តែងតែបានកាប់ប្លន់យកទ្រព្យសម្បត្តិពីអ្នកដំណើរតាមផ្លូវជាបន្តបន្ទាប់ មិនដែលចាប់បានឡើយ ។
ក្រោយពេលកើតហេតុ ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅ ចុះធ្វើការស្រាវជ្រាវនិងចាប់ខ្លួនបានជាបន្តបន្ទាប់ជំហានដំបូងបានចំនួន៧នាក់ បន្ទាប់មកបានបញ្ជូនទៅកាន់ផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ សួរនាំទើបនគរបាលព្រហ្មទណ្ឌខាងលើ បានបន្តទៅចាប់ខ្លួនបាន២នាក់ថែមទៀត ។ សរុបជនដែលត្រូវចាប់ខ្លួនបាននោះមានចំនួន៩នាក់ ក្នុងចំណោមបក្សពួក១៥នាក់ ។ ដោយឡែកបក្សពួក៦នាក់ទៀត កំពុងបន្តគេចខ្លួននៅឡើយ ។ រីឯជនរងគ្រោះដែលត្រូវជនសង្គមងងឹតទាំងនោះកាប់បណ្ដាលឲ្យដាច់ដៃនោះ កំពុងសម្រាកព្យាបាលរបួសនៅក្នុងមន្ទីរពេទ្យព្រះកុសុមៈនៅឡើយ និងក្លាយទៅជាជនពិការអស់មួយជីវិត ។
អ្វីដែលគួរឱ្យគត់សម្គាល់នោះ គឺបន្ទាប់ពីជនពាលកាប់ដាច់ដៃម្ខាងជ្រុះធ្លាក់មកដី ជនរងគ្រោះបានរើសយកតាមខ្លួនសុំឲ្យគ្រូពេទ្យតភ្ជាប់ឡើងវិញ ប៉ុន្តែក្រោយតរួចបានតែ២ទៅ៣ថ្ងៃ គ្រូពេទ្យប្រាប់ថា មិនអាចជាប់វិញបានឡើយ ។
ក្នុងសន្និសីទសារព័ត៌មានដែលធ្វើឡើងនៅវេលាព្រឹកថ្ងៃទី៨ មីនា នៅផ្នែកព្រហ្មទណ្ឌនគរបាលខណ្ឌពោធិ៍សែនជ័យ ក្រោមការដឹកនាំដោយផ្ទាល់ពីសំណាក់លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌ និងមានការចូលរួមពីសំណាក់កម្លាំងនគរបាលក្រោមឱវាទ រួមជាមួយក្រុមអ្នកសារព័ត៌មានផងដែរ ។
លោកអធិការបានឲ្យដឹងថា ក្រុមជនដែលចាប់ខ្លួនបានទាំងនេះមាន ៖
១-ឈ្មោះ ប៊ូ អាសេអូ អាយុ១៨ឆ្នាំ ជាសិស្សស្នាក់នៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ជាមេក្លោងដឹកនាំក្រុម ។
២-ឈ្មោះ រស់ រីម អាយុ១៨ឆ្នាំ ជាកម្មករសំណង់ ស្នាក់នៅបន្ទប់ជួលស្ថិតនៅក្នុងភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
៣-ឈ្មោះ ធា ណុប អាយុ១៨ឆ្នាំ ស្នាក់នៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
៤-ឈ្មោះ យ៉ាវ យី អាយុ១៩ឆ្នាំ កម្មកររោងចក្រ ស្នាក់នៅក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
៥-ឈ្មោះ កុសល កំសាន្ដ អាយុ១៩ឆ្នាំ ជាកម្មករសំណង់ ស្នាក់នៅមិនពិតប្រាកដ ។
៦-ឈ្មោះ វឿន ថេរ៉ា អាយុ១៨ឆ្នាំ ជាសិស្សស្នាក់នៅក្នុងភូមិថ្មគោល២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
៧-ឈ្មោះ លឹម រ៉ាឌី អាយុ១៨ឆ្នាំ ស្នាក់នៅក្នុងភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
៨-ឈ្មោះ ហ៊ុម សំណាង អាយុ១៨ឆ្នាំ ជាកម្មករសំណង់ ស្នាក់នៅក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
៩-ឈ្មោះ ឌី ប៉ូលីន អាយុ២១ឆ្នាំ ស្នាក់នៅបន្ទប់ជួលក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
លោកអធិការបានបន្តទៀតថា ហេតុការណ៍នោះ បានកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី៣ មីនា នៅតាមបណ្ដោយផ្លូវវ៉េងស្រេង ត្រង់ចំណុចមុខក្លឹបឌីស្កូយីហោ «ហ្វាន់ក្លិប» ស្ថិតនៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ដោយក្រុមជនខាងលើបានតាមកាប់ប្រហារ ទៅលើយុវជនម្នាក់ឈ្មោះ ចេត ទ្រី អាយុ២១ឆ្នាំ នៅក្នុងភូមិកក់ ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បណ្តាលឱ្យរងរបួសដាច់ខ្នងដៃខាងស្តាំម្ខាងធ្លាក់មកដី ។
ក្រោយពេលកើតហេតុ កម្លាំងរបស់លោកក្រោមបញ្ជាផ្ទាល់ពីលោកនាយឧត្តមសេនីយ៍ជួន សុវណ្ណ ស្នងការនគរបាលរាជធានី បានចេញប្រតិបត្តិការស្រាវជ្រាវ និងចាប់ខ្លួនបានជាបន្តបន្ទាប់ ព្រមទាំងដកហូតបានវត្ថុតាងមួយចំនួនទៀត ។ ក្រុមនេះកន្លងមកតែងបានធ្វើសកម្មភាព កាប់អ្នកធ្វើដំណើរប្លន់យកទ្រព្យសម្បត្តិជាបន្តបន្ទាប់ ។ ជាក់ស្ដែង កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ ឈ្មោះ ប៊ូ អាសេអូ បានដឹកនាំក្រុមរបស់ខ្លួន ធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូ១គ្រឿង ពីយុវជនម្នាក់បានសម្រេច ។
សូមរម្លឹកផងដែរថា នៅមុនពេលកើតហេតុ ជនរងគ្រោះមានគ្នាចំនួន៩នាក់ ជិះម៉ូតូចំនួន៤គ្រឿង បាននាំគ្នាទៅផឹកស៊ីរាំលេង នៅក្នុងក្លឹបហ្វាន់ក្លឹប ។ ពេលចូលទៅដល់ បានជួបនឹងក្រុមជនអន្ធពាលផ្សេងទៀតកំពុងរាំនៅទីនោះដែរ មានគ្នារហូតដល់ទៅ១៥នាក់ ។ ខណៈពេលរាំក្រុមទាំងពីរបានប៉ះគ្នាបន្តិចបន្តួច ដោយសារតែការរាំច្រងេងច្រងាងគ្មានសណ្ដាប់ធ្នាប់ ទើបបង្កឲ្យមានទំនាស់គ្នាមួយប្រាវនៅក្នុងក្លឹបនោះ ។
ក្រោយពេលសប្បាយអស់ចិត្ត ក្រុមយុវជនរងគ្រោះ បាននាំគ្នាជិះម៉ូតូចាកចេញត្រឡប់ ទៅផ្ទះវិញ ស្រាប់តែក្រុមជនពាលជិះម៉ូតូដេញតាមពីក្រោយ តាមរករឿងវាយនិងកាប់ប្រហារ បណ្ដាលឲ្យឈ្មោះ ចេត ទ្រី ដាច់ដៃម្ខាង ។ ចំណែកគ្នីគ្នារបស់ជនរងគ្រោះ បាននាំគ្នារត់ចោលអស់ ក៏ត្រូវជនដៃដល់កាប់បំផ្លាញម៉ូតូហុងដាឌ្រីមសេ១២៥ បណ្ដាលឲ្យរងការខូចខាតទាំងស្រុង ។ បន្ទាប់មកជនពាលទាំងនោះ បាននាំគ្នារត់គេចខ្លួនទៅបាត់ស្រមោល ហើយជនរងគ្រោះត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈទាំងយប់ដោយយកដៃដែលដាច់ទៅជាមួយផង ។ ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅ បានចុះទៅធ្វើការស្រាវជ្រាវ រហូតកំណត់បានមុខសញ្ញា និងឈានដល់ការចាប់ខ្លួនបានជាបន្តបន្ទាប់ ក្រោយពេលសួរនាំរួចមួយជំហាន ជនទាំងនោះត្រូវបានបញ្ជូនទៅកាន់ផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ៕
ចែករំលែកព័តមាននេះ