ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ចាប់ផ្តើម​ជំរុញ​ដល់​ការ​លើកកម្ពស់​ផលិតផល​ដំឡូង​មី

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដើម្បី​ផ្តល់​ក្តី​សង្ឃឹម​ថ្មី​សម្រាប់​សមាគម និង​កសិករ​ដាំដំឡូង​មី ឲ្យ​មាន​ភាព​កក់ក្តៅ ក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក៏​ដូច​ជា​ស្ថាប័ន​ពាក់ព័ន្ធ នានា បាន​រៀបចំ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ផ្តល់​ក្តី​សង្ឃឹម​ថ្មី​សម្រាប់​សមាគម និង​កសិករ​ដាំដំឡូង​មី ឲ្យ​មាន​ភាព​កក់ក្តៅ ក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក៏​ដូច​ជា​ស្ថាប័ន​ពាក់ព័ន្ធ នានា បាន​រៀបចំ​ទិវា​ដំឡូង​មី​ជា​លើក​ដំបូង ក្នុង​គោលបំណង​ជំរុញ​ការ​លើកកម្ពស់​ដំណាំ​ដំឡូង​មី កម្ពុជា ។

ក្នុង​ពិធី​បើក​ទិវា​ដំឡូង​មី​នៅ​ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង កាលពី​ពេល​ថ្មី​ៗ​នេះ លោក​ជំទាវ ម៉ុម ថា​នី អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ មាន​ប្រសាសន៍​ថា ដំឡូង​មី ជា​ដំណាំ​មួយ​ដែល​កសិករ​ដាំ​នៅ​ទូ​ទាំង​ប្រទេស ដែល​មាន​ផ្ទៃដី​ជាង​៥៣​ម៉ឺន​ហិ​កតា ក្នុង​នោះ​ផ្ទៃដី​ប្រមូល​ផល​មាន​ជាង​៥១​ម៉ឺន​ហិ​កតា និង​បរិមាណ​ផល​សរុប​ជាង​១២​លាន​តោន ។

លោក​ជំទាវ​ថ្លែង​ថា​៖ « ក្នុង​ឆ្នាំ​២០១៥​កន្លង​ទៅ ទិន្នផល​ដំឡូង​មី​ទទួល​ជាង​២៤​តោន ក្នុង​១​ហិ​កតា ក្នុង​នោះ ខេត្តបាត់ដំបង​អនុវត្ត​បាន​ជាង​១៣​ម៉ឺន​ហិ​កតា នៅ​លើ​ផ្ទៃដី​ត្រូវ​ប្រមូល​ផល​ជាង​១២​ម៉ឺន​ហិ​កតា ទទួល​បាន​ទិន្នផល​សរុប​ជាង​៣​លាន​តោន » ។

លោក​ជំទាវ​បន្ដ​ថា ៖ « ដំឡូង​មី​កំពុង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​បង្កើន​ប្រាក់​ចំណូល​គ្រួសារ​កសិករ​។ តួយ៉ាង ក្នុង​ឆ្នាំ​២០១៣​ដំឡូង​មី​បាន​រួមចំណែក​ប្រមាណ​ជាង​៧០%​ដល់​សេដ្ឋកិច្ច​គ្រួសារ​កសិករ​នៅ​ខេត្តកំពង់ចាម និង​ប៉ៃលិន ហើយដោយ​សារ​តែ​ការ​ពង្រីក​ផ្នែក​ផលិតកម្ម​យ៉ាង​ឆាប់រហ័ស​របស់​ខ្លួន នៅ​ក្នុង​ឆ្នាំ​២០១៣​នេះ វិស័យ​ឧស្សាហ​កម្ម​ដំឡូង​មី​នៅ​កម្ពុជា ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា មាន​តម្លៃ​រហូត​ដល់​ជាង​៥០០​លាន​ដុល្លារ ជា​រៀង​រាល់​ឆ្នាំ » ។

« បើ​ទោះបីជា​ដំឡូង​មី​អាច​ជួយ​បង្កើន​ប្រាក់​ចំណូល​គ្រួសារ និង​លើកកម្ពស់​ជីវភាព​រស់នៅ​កសិករ​ខ្នាត​តូច​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក៏​ដោយ ក៏​នៅ​តែ​មានការ​ព្រួយបារម្ភ​ធ្ងន់ធ្ងរ​មួយ​ចំនួន ដូច​ជា ការ​ថយ​ចុះ​នៃ​ទិន្នផល​ដំឡូង​មី​ជា​បន្តបន្ទាប់ បច្ចេកទេស​កែ​ច្នៃ​នៅ​មាន​កម្រិត និង​ជា​លក្ខណៈ​ទ្រង់ទ្រាយ​តូច និង​បញ្ហា​អ​ស្ថិរភាព​នៃ​តម្លៃ​ដំឡូង​មី​នៅ​លើ​ទីផ្សារ »​។ នេះ​បើ​តាម​លោក​ជំទាវ​លើក​ឡើង ។

លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​មាន​ប្រសាសន៍​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​កំណត់​យក​ដំណាំ​ដំឡូង​មី ជា​ផលិតផល​សក្តានុពល​ទី​២ បន្ទាប់​ពី​ស្រូវ អង្ករ ដើម្បី​រួមចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ដូច​បាន​កំណត់​នៅ​ក្នុង​យុទ្ធសាស្ត្រ​វិភាគ​សមាហរណកម្ម​ពាណិជ្ជកម្ម​CTIS ឆ្នាំ​២០១៤-២០១៨​របស់​ក្រសួងពាណិជ្ជកម្ម ។
គិត​ចាប់តាំងពី​ឆ្នាំ​២០១១ ផលិតកម្ម​ដំឡូង​មី​មាន​វឌ្ឍនភាព​ទៅ​មុខជា​លំដាប់ ក្នុង​នោះ​ផ្ទៃដី​ដាំ​ដុះ​សរុប​បាន​កើន​ពី​៤០០​ពាន់​ហិ​កតា​ដល់​៤២១​ពាន់​ហិ​កតា ក្នុង​ឆ្នាំ​២០១៣ និង​បាន​ផ្តល់​ទិន្នផល​ចំនួន​៨​លាន​តោន​។ នេះ​បើ​តាម​សម្រង់​ទិន្ន័យ​ពី​សៀវភៅ UNDP Cambodia Handbook ដែល​បាន​បោះពុម្ព​ក្នុង​ខែមីនា ឆ្នាំ​២០១៥ ។

លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា ៖« ការ​រៀបចំ​ទិវា​ដំឡូង​មី អម​ទៅ​ដោយ​ការ​ដាក់​តាំង​បង្ហាញ​ផលិតផល​ដំឡូង​មី និង​ការ​ប្រឡងប្រណាំង​ស្នាដៃ​ឆ្នើម​ប្រចាំឆ្នាំ​២០១៧​នេះ គឺ​ដើម្បី​ជំរុញ​ការ​លើកកម្ពស់​ផលិតផល​ក្នុងស្រុក ឲ្យ​មាន​លក្ខណៈ​រស់​រវើក បង្កើត​ឱកាស​ទីផ្សារ និង​ត​ភ្ជាប់​បណ្តាញ​ទំនាក់ទំនង​រវាង​កសិករ​ជាមួយ​អ្នក​កែ​ច្នៃ និង​អ្នក​នាំ​ចេញ ពី​តំបន់​មួយ​ទៅ​តំបន់​មួយ ឱ្យ​មាន​ភាពរឹងមាំ និង​ប្រទាក់ក្រឡា​គ្នា ព្រមទាំង​បង្ហាញ​ពី​ការ​អនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍ ក​សិ​-​ពាណិជ្ជកម្ម និង​ក​សិ​-​ឧស្សាហកម្ម ក៏​ដូច​ជា​ការ​គាំទ្រ​ដល់​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា »​។

លោក សោម យ៉ិ​ន ប្រធាន​សមាគម​ដំឡូង​មី​នៅ​ស្រុក​ម៉ា​ឡៃ​បានឱ្យ​ដឹង​ថា ការ​រៀបចំ​ទិវា​នេះ​ឡើង គឺ​វា​ជា​ឱកាសល្អ ហើយ​ក៏​ជា​ការ​លើកទឹកចិត្ត​ដល់​កសិករ​ដាំដំឡូង​មី​ផង​ដែរ ។ ទិវា​នេះ​បាន​ផ្សព្វផ្សាយ​ពី​បច្ចេកទេស​ប្រើប្រាស់​ពូជ​អ្វី​ឱ្យ​ធន់​នឹង​កំ​ដៅ​ថ្ងៃ និង​កាប់​ដើម​យ៉ាងម៉េច ទើប​មាន​ជ័រ​មាន​ជាតិ​ដុះ ហើយ​ប្រើប្រាស់​ជី​ដូច​ម្តេច​ជាមួយ​ពូជ​ដំឡូង​មី​ជាដើម ។ លោក​ថា ៖ « ខ្ញុំ​ឃើញ​ចំណុច​ទាំងនេះ វា​ល្អ​សម្រាប់​កសិករ ដែល​គាត់​ដាំ​ដុះ​ដំឡូង​មី​ដែល​អនុវត្ត​តែ​តាម​ទម្លាប់ និង​មិន​មាន​បច្ចេកទេស​ដាំ​ដុះ​ត្រឹមត្រូវ » ។

ចំពោះ​បញ្ហា​ប្រឈម​ខាងលើ​នេះ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ធ្វើការ​សិក្សា​ស្រាវជ្រាវ និង​ផ្សព្វផ្សាយ​បច្ចេកទេស​ថ្មី​ៗ ដល់​កសិករ សំដៅ​លើកកម្ពស់​ផលិតកម្ម​ដំឡូង​មី ដោយ​ផ្តោត​លើ​ចំណុច​សំខាន់​ៗ​ដូច​ជា ការ​ជ្រើសរើស​ពូជ​ដំឡូង​មី​ដ៏​សម​ស្រប បច្ចេកទេស​ដាំ​ដុះ ការ​រៀបចំ និង​គ្រប់គ្រង​គុណភាព​ដី ការ​ទប់ស្កាត់​សត្វល្អិត និង​ជំងឺ​សម្រាប់​ដំណាំ​ដំឡូង​មី និង​ការ​អនុវត្ត​នូវ​វិធីសាស្ត្រ​លើកកម្ពស់​ផលិតកម្ម​ដំឡូង​មី តាម​រយៈ​ការ​ស្រាវជ្រាវ ដែល​មានការ​ចូលរួម​របស់​កសិករ ៕