ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធ​ក្រម​ខម​ស្ងប់ស្ងាត់​ក្រោយ​ល្បុក្កតោ​លេចធ្លោ​ខ្លាំង

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ​រវាង​ក្បាច់គុន​ល្បុក្កតោ និង​ក្បាច់គុន​យុទ្ធ​ក្រម​ខម នៅ​តែ​មិន​ទាន់​បែងចែក​ថា មួយ​ណា​ជា​មេ​ក្បាច់គុន​របស់​បុព្វបុរស​ខ្មែរ​នៅឡើយ​ទេ ។ ប៉ុន្តែ​អ្វី​ដែល​គេ​កត់សម្គាល់​គឺ​ល្បុក្កតោ

រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ​រវាង​ក្បាច់គុន​ល្បុក្កតោ និង​ក្បាច់គុន​យុទ្ធ​ក្រម​ខម នៅ​តែ​មិន​ទាន់​បែងចែក​ថា មួយ​ណា​ជា​មេ​ក្បាច់គុន​របស់​បុព្វបុរស​ខ្មែរ​នៅឡើយ​ទេ ។ ប៉ុន្តែ​អ្វី​ដែល​គេ​កត់សម្គាល់​គឺ​ល្បុក្កតោ​ដែល​ត្រូវ​បាន​គេ​អះអាង​ថា​គ្រាន់តែ​ជា​ឈ្មោះ​អាវុធ​ដែល​គេ​ប្រើ​ក្នុង​ពេល​ប្រយុទ្ធ និង​មិនមែន​ជា​ក្បាច់គុន​នោះ កាន់តែ​ល្បី​សុសសាយ ក្រោយ​ពី​ភាពយន្ត​បរទេស​រឿង​«Jailbreak​ការពារ​ឧក្រិដ្ឋជន​»​និង​រឿង«​មុន​ដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ​»​បាន​ដាក់​បញ្ចូល​ក្បាច់គុន​នេះ​នៅ​ក្នុង​ភាពយន្ត​ទាំង​ពីរ ។

យុទ្ធ​ក្រម​ខម ត្រូវ​គេ​ឃើញ​ផ្អើល​ខ្លាំង​តែ​មួយ​ប្រាវ​ប៉ុណ្ណោះ ប៉ុន្តែ​ក្រោយមក​ក៏​ស្ងប់ស្ងាត់​ដោយសារ​តែ​ខ្វះ​អ្នក​លើក​ស្ទួយ ។

លោក សាន គឹ​ម​ស៊ា​ន អតីត​ប្រធាន​សហព័ន្ធ​កីឡា​ល្បុក្កតោ បាន​អះអាង​ថា ល្បុក្កតោ​គឺជា​ក្បាច់គុន​ដ៏​ចំណាស់​របស់​ខ្មែរ​ដែល​មាន​ភាព​ខ្លាំង​តាំងពី​យូរលង់​ណាស់​មក​ហើយ។ ក្នុង​នោះ​ស្នៀត​ដ៏​ខ្លាំង​គឺ​មាន​គុន​ក្រមា គុន​ដាវ គុនដំបង គុនដំបង​វែង គុនដំបង​ខ្លី គុនខែល គុន​ដាល់ គុន​ចំបាប់ និង​គុន​ផ្គាក់​ជាដើម ដែល​សុទ្ធ​សឹង​ជា​ក្បាច់គុន​ដ៏​អស្ចារ្យ​របស់​ខ្មែរ​នៅ​ក្នុង​សម័យ​បុរាណ ។ ដោយសារ​តែ​មាន​លក្ខណៈ​ពិសេស​ច្រើន​យ៉ាងនោះ​ហើយ ដែល​លោក​បញ្ជាក់​ថា ក្បាច់គុន​ល្បុក្កតោ​ត្រូវ​បាន​ទទួលស្គាល់​ទូលំទូលាយ និង​មានការ​លើក​ស្ទួយ​ពី​មន្ត្រី​ថ្នាក់​ជាតិ​ក្រោយ​ការ​បង្កើត​ជា​សហព័ន្ធ ។ មិន​ខុស​ពី​ការ​ប្រកាស​ឡើង​គេ​ឃើញ​ក្បាច់គុន​នេះ​មាន​ភាព​លេចធ្លោ​យ៉ាង​ខ្លាំង ជា​ពិសេស​នៅ​ក្នុង​ព្រឹត្តិការណ៍​បុណ្យ​ជាតិ​ម្ដង​ៗ ។ មិន​ថា បុណ្យ​អង្គរសង្ក្រាន្ត បុណ្យ​ទន្លេ និង​ទិវា​ធំ​ៗ​ដែល​ត្រូវ​បញ្ចូល​នូវ​វត្តមាន​កីឡា គឺ​មិន​ដែល​បាត់​មុខ​ល្បុក្កតោ​នោះ​ទេ ទើប​កីឡា​មួយ​នេះ​សុសសាយ​ក្នុង​ក្រសែភ្នែក​បរទេស​ហើយ​ត្រូវ​បាន​ផលិតករ​ជ្រើស​យក​មក​សម្ដែង​នៅ​ក្នុង​ភាពយន្ត ដែល​កាន់តែ​ធ្វើ​ឱ្យ​កីឡា​មួយ​នេះ​ល្បីល្បាញ​ខ្ទរខ្ទារ ។

ប៉ុន្តែ​យោង​តាម​ការ​ដកស្រង់​ប្រសាសន៍​របស់​ព្រឹទ្ធាចារ្យ ភូមិ ណាគ្រី រស់នៅ​ភូមិ​ផ្លូវ​សៀម ឃុំ​គយ​ម៉ែ​ង ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ ដែល​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​អេ​ឡិច​ត្រូ​និក​មួយ​បានឱ្យ​ដឹង​ថា ល្បុក្កតោ​គ្រាន់តែ​ជា​ការ​សម្គាល់​ទៅ​លើ​ការ​កាន់ដំបង ឬ​ជា​អាវុធ​មួយ​ប្រភេទ​ដែល​ប្រើ​សម្រាប់​អប​នឹង​កំភួនដៃ ក្នុង​ពេល​ប្រយុទ្ធ​ប៉ុណ្ណោះ គឺ​មិនមែន​ជា​ស្នៀត ឬ​ជា​ក្បាច់​នោះ​ឡើយ ។ ផ្ទុយ​ទៅ​វិញ យុទ្ធ​ក្រម​ខម​ទៅ​វិញ​ទេ ទើប​ជា​ក្បាច់​សង្គ្រាម និង​ក្បាច់គុន​ពី​បុរាណ​របស់​ខ្មែរ ដែល​មិន​គួរ​ស្ងប់ស្ងាត់​ក្រោយ​បង្កើត​ឡើង ។ លោក​ធ្លាប់​ពន្យល់​ថា ក្នុង​វចនានុក្រម​របស់​សម្តេចព្រះសង្ឃរាជ​ជួន ណាត បាន​អះអាង​ថា ល្បុក្កតោ​គឺជា​ដំបង ឬ​ជា​ដាវ​ប្រើ​សម្រាប់​អប​កំភួនដៃ​ក្នុង​ពេល​ប្រយុទ្ធ​របស់​ដូនតា​ខ្មែរ ហើយ​លោក​ទទូច​ថាបើ​លើក​ល្បុក្កតោ​ឱ្យ​ក្លាយជា​ក្បាច់គុន គឺ​គួរតែ​លើក​យុទ្ធ​ក្រម​ខម​ឱ្យ​មហាជន​បាន​ស្គាល់​ទូលំទូលាយ​ផង ។ លោក ភូមិ ណាគ្រី បន្ត​ថា លោក​បាន​ចំណាយពេល​ស្រាវជ្រាវ​ពី​ប្រវត្តិ​ល្បុក្កតោ និង​យុទ្ធ​ក្រម​ខម ស្ទើរ​ពេញ​មួយ​ជីវិត​ឯណោះ​ចាប់តាំងពី​លោក​បាន​ធំ​ដឹងក្តី ទើប​លោក​ប្រកាស​ថា​ជា​រឿង​សោកស្ដាយ​ដែល​ក្បាច់គុន​ខ្មែរ​ពិតប្រាកដ​ហាក់​មិនសូវ​មានការ​អើពើ​ឱ្យ​ស្មើនឹង​ល្បុក្កតោ ។

យ៉ាងណាមិញ ក្បាច់គុន​មួយ​នេះ​ក៏​ត្រូវ​គេ​ឃើញ​ដាក់​បញ្ចូល​ឱ្យ​កងទ័ព​ហ្វឹកហាត់​ស្មើមុខស្មើមាត់​នឹង​កាច់​គុន​ល្បុក្កតោ និង​ក្បាច់​ប្រដាល់​នោះ​ផង​ដែរ ទើប​គេ​កត់​សម្គាល់ថា ស្ថានភាព​លើក​ស្ទួយ​ក៏​ត្រូវធ្វើ​ឡើង​ផង​ដែរ ដោយ​គ្រាន់តែ​មាន​ភាព​នៅ​ស្ទើរ​មិន​ដូច​ល្បុក្កតោ​បន្តិច ។ មនុស្ស​មួយ​ចំនួន​នៅ​មិន​ទាន់​ស្គាល់​យុទ្ធ​ក្រម​ខម​ទូលំទូលាយ​នៅឡើយ​ទេ ដោយសារ​តែ​ការ​ផ្សព្វផ្សាយ​នៅ​មាន​កម្រិត ការ​មិន​ផ្ដល់​ឱកាស​ឱ្យ​ក្បាច់គុន​នេះ​បាន​បង្ហាញខ្លួន​លើ​ឆាក​អន្តរជាតិ​ធំ​ៗ​ដូច​គ្នា​ល្បុក្កតោ ។ ក្នុង​នោះ សកម្មភាព​បង្វឹក​ក្មេង​ៗ
នៅ​តាម​សាលារៀន ក៏​ហាក់​មិនសូវ​ផុលផុស​ដូច​គ្នា​នឹង​ផ្អើល​ៗ​ដំបូង​ៗ​ផង​ដែរ​ទើប​សន្ទុះ​ចាប់អារម្មណ៍​លើ​ល្បុក្កតោ​និង​យុទ្ធ​ក្រម​ខម​មិន​ដូច​គ្នា ។ 

តាម​ភាសាសំស្ក្រឹត​ល្បុក្កតោ​មាន​ន័យ​ថា ល្ពុ​ឌ​ទ្វី រ​ល្ពុ​ឌ​ទ្វិ ដែល​ពាក្យ​នេះ​បាលី​ហៅ​ថាល​ពុ​ឡ​ទ្វិ និង​មាន​ន័យ​ថា អាវុធ​ខ្លី​ដាក់​ស្រប​នឹង​កំភួនដៃ ប្រើ​សម្រាប់​រង​មុខអាវុធ​ពី​គូសត្រូវ ។

អាវុធ​ល្បុក្កតោ​នេះ បាន​បង្កើត​ឡើង​ដោយ​មេកន្ទ្រាញ​ពីរ​នាក់​បងប្អូន​ក្នុង​ឆ្នាំខាល ឆស័ក ពុទ្ធសករាជ​១០២៥ ចំណែក​យុទ្ធ​ក្រម​ខម គឺ​បាន​កើត​ក្នុង​ពុទ្ធសករាជ​៧៥១ ត្រូវ​នឹង​គ្រិស្តសករាជ​២០៧​ក្នុង​រជ្ជកាល​របស់​ព្រះបាទ​ស្រី​មា​រៈ​នៃ​នគរ​ហ្វូ​ណ​ន ដោយ​ស្នាដៃ​ព្រះ​គ្រូ​គុន​ស្វរៈ​តុ​រិ ។ យុទ្ធ​គុន​ខម មាន​ស្នៀត​សរុប​ចំនួន​៩.៥៦៣ និង​ចែក​ចេញ​ជា​១៣​ទ្វារ និង​ត្រូវ​បាន​ចងក្រង​ជា​គម្ពីរ​គឺ​គម្ពីរ​អាត្ម័ន​អា​យុទ្ធ (​ទ្វារ​១​ដល់​ទ្វារ​៨) គម្ពីរ​ហ័ន​យុទ្ធ​(​ទ្វារ​៩​ដល់​ទ្វារ​១០)​គម្ពីរ​ខ័ឌ្គ​អា​យុទ្ធ (​ទ្វារ​១១​ដល់​១២) និង​គម្ពីរ​មហា​រំដោះ​(​ទ្វារ​១៣) ។ ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧​យុទ្ធ​ក្រម​ខម​ត្រូវ​បាន​ព្រះ​អង្គ​លើកកម្ពស់ និង​ប្រើប្រាស់​ជា​គម្ពីរ​ចម្បាំង​ដ៏​ខ្លាំងក្លា ហើយ​ក្បាច់គុន​នេះ​ទើប​ជា​មេ​ក្បាច់គុន​ដែល​សូ​ម្បី​តែ​ក្បាច់​ប្រដាល់​ខ្មែរ​បច្ចុប្បន្ន​ក៏​ជា​ស្នៀត​មួយ​នៅ​ក្នុង​យុទ្ធ​ក្រម​ខម​នេះ​ដែរ ។ ដោយឡែក ល្បុក្កតោ គ្រាន់តែ​ជា​អាវុធ​ប្រើ​ក្នុង​ការ​ការពារ​ខ្លួន​ប៉ុណ្ណោះ ។

យ៉ាងណាមិញ ពាក់ព័ន្ធ​បញ្ហា​នេះ​មន្ត្រីជាន់ខ្ពស់​ធ្លាប់​បាន​ប្រកាស​ថា ល្បុក្កតោ​ក៏​ជា​ក្បាច់គុន​ផង​ដែរ គឺ​មិនមែន​ជា​ឈ្មោះ​អាវុធ​ដូច​ការ​បកស្រាយ​ឡើយ ៕