ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​ហេងស៊យ​ដេញ​ចេញពីផ្ទះ នាង​ប៉ង​លាចាក​លោកិយ ផ្ញើ​ឆ្អឹង​និង​សាច់​ក្នុង​ស្ទឹង​សង្កែ

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ នារី​វ័យក្មេង​ម្នាក់​បាន​ព្យាយាម​ដើរ​ចុះ​ទៅ​មុជទឹក​សម្លា.ប់​ខ្លួន​ក្នុង​ស្ទឹង​សង្កែ ដោយសារ​តូចចិត្ត​នឹង​ប្ដី​ហេងស៊យ​បណ្ដេញ​ចេញពីផ្ទះ កាលពី​វេលា​ថ្ងៃត្រង់

ខេត្តបាត់ដំបង ៖ នារី​វ័យក្មេង​ម្នាក់​បាន​ព្យាយាម​ដើរ​ចុះ​ទៅ​មុជទឹក​សម្លាប់​ខ្លួន​ក្នុង​ស្ទឹង​សង្កែ ដោយសារ​តូចចិត្ត​នឹង​ប្ដី​ហេងស៊យ​បណ្ដេញ​ចេញពីផ្ទះ កាលពី​វេលា​ថ្ងៃត្រង់ ថ្ងៃ​ទី​០៧ មីនា នៅ​ក្បែរ​ក្បាលស្ពាន​សម្ដេច​ក្រឡាហោម​ស ខេ​ង ត្រើយ​ខាងកើត​ស្ថិត​ក្នុងភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង តែ​ត្រូវ​សមត្ថកិច្ច​និង​ពលរដ្ឋ​ឃើញ​ចុះ​ទាញ​ដៃ​ឡើង​លើគោក​វិញ​ភ្លាម​ដែរ ។

លោក ប៉ា​ង ហៀ​ង អធិការ​ក្រុង​បាត់ដំបង​បាន​ឲ្យ​ដឹង​ថា នារី​ដែល​ចង់​សម្លាប់​ខ្លួន​នោះ​ឈ្មោះ ថង ពៅ អាយុ​២០​ឆ្នាំ មាន​ប្ដី​(​មិន​ទាន់​ស្គាល់ឈ្មោះ​)​ស្នាក់​នៅ​បណ្ដោះអាសន្ន​នៅ​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង តែ​ស្រុក​កំណើត​នាង​នៅ​ឃុំ​មោង ស្រុក​មោង​ឬ​ស្សី​។ លោក​អធិការ​បាន​ប្រាប់​ថា ស្ត្រី​រូប​នេះ​បាន​ចុះ​ទៅ​ក្នុង​ស្ទឹង​សង្កែ​ទាំង​ទឹកភ្នែក​ទឹកសំបោរ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ថា នាង​ប៉ង​មុជទឹក​សម្លាប់​ខ្លួន ទើប​សមត្ថកិច្ច​និង​ពលរដ្ឋ​ចុះ​ជួយ​អន្តរាគមន៍​ទាញ​ឡើង​លើគោក​វិញ យក​ទៅ​សួរនាំ​តែ​ម្ដង​ទៅ ។

សាក្សី​ដែល​ឃើញ​សកម្មភាព​នារី​រូប​នេះ​បាន​និយាយ​ថា ដំបូង​គេ​ឃើញ​នារី​នោះ​ដើរ​ឡើង​ដើរ​ចុះ​នៅ​លើ​ស្ពាន និង​អង្គុយ​ក្បែរ​មាត់​ស្ទឹង​កន្លែង​កើតហេតុ ដែល​បង្ហាញ​ពី​សកម្មភាព​សោកសៅ​យ៉ាង​ខ្លាំង តែ​គ្មាន​នរណា​ម្នាក់​ដឹង​ថា នារី​មានរឿង​អ្វី​នោះ​ទេ ។ ប្រភព​ដដែល​បាន​បន្ត​ថា ពេល​នាង​អង្គុយ​មួយសន្ទុះ ស្រាប់តែ​គេ​ឃើញ​នាង​ងើប​ដើរ​ចុះ​ទៅ​ក្នុង​ស្ទឹង​សង្កែ​ទាំង​ទឹកភ្នែក​រលីងរលោង ដែល​គេ​សង្ស័យ​ថា នាង​ច្បាស់​ជា​មាន​វិបត្តិ​អ្វីមួយ​ក្នុង​ខ្លួន ហើយ​ដើរ​ចុះ​ទៅ​ក្នុង​ស្ទឹង​គឺ​អាច​នឹង​សម្លាប់​ខ្លួន​ផង ទើប​គេ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឲ្យ​មក​ជួយ​អន្តរាគមន៍​តែ​ម្ដង​ទៅ ។ ប៉ុន្តែ​អ្នក​ឃើញ​ហេតុការណ៍​ខ្លះ​និយាយ​ថា បើ​នាង​ពិតជា​ចង់​សម្លាប់​ខ្លួន​មែន ម្ដេច​មិន​លោត​ពីលើ​ស្ពាន ឬ​នាង​មិន​ទាន់​សម្រេចចិត្ត ឬ ដោយសារ​ទឹកស្ទឹង​រាក់​ពេក ? តែ​យ៉ាងណា​នាង​ត្រូវ​បាន​គេ​សង្គ្រោះ​បាន​ហើយ ។

បើ​តាម​ចម្លើយ​របស់​នាង ថង ពៅ បាន​ប្រាប់​សមត្ថកិច្ច​ថា នាង​ធ្វើការ​នៅ​ក្នុង​ហាង​ផឹកស៊ី​មួយ​កន្លែង​ក្នុង​ក្រុង​បាត់ដំបង រីឯ​ប្ដី​របស់​នាង​ជា​កម្មករ​រោងចក្រ​ទឹកកក នៅ​ក្នុង​ក្រុង​ដែរ​។ នាង​និង​ប្ដីរ​រស់នៅ​ជាមួយ​គ្នា​ប៉ុន្មាន​ឆ្នាំ​ហើយ តែ​មិន​បាន​រៀប​ការ​តាម​ច្បាប់ទម្លាប់​ទេ ។ នាង​និយាយ​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ​ប្ដី​នាង​តែង​រករឿង​បង្កជម្លោះ​ជាមួយ​នាង​ស្ទើរ​រាល់ថ្ងៃ រហូត​បណ្ដេញ​នាង​ចេញពីផ្ទះ​ទៀត​ផង ធ្វើ​ឲ្យ​នាង​ឈឺចាប់​និង​តូចចិត្ត​បំផុត ទើប​នាង​សម្រេច​ដើរ​ចុះ​ក្នុង​ស្ទឹង​សង្កែ ដើម្បី​ធ្វើ​អត្តឃាត​ខ្លួនឯង តែ​ត្រូវ​សមត្ថកិច្ច​ចុះ​ចាប់​ទាញ​ដៃ​ឡើង​មក​វិញ ។ ទោះជា​បែប​ណា​ក្តី គ្រាន់តែ​ជា​ការ​អះអាង​អំពី​ទុក្ខសោក​តែ​ម្ខាង​ប៉ុណ្ណោះ រីឯ​រឿង​ពិត​យ៉ាងណា​នោះ ទាល់តែ​មានការ​បកស្រាយ​ពី​លោក​ប្ដី​ហេងស៊យ​ម្ខាង​ទៀត ទើប​អាច​ដឹង​ថា ករណី​នេះ​ផ្ដើម​ចេញពី​រឿង​អ្វី​ពិតប្រាកដ ?

លោក ប៉ា​ង ហៀ​ង អធិការ​ក្រុង​បាត់ដំបង បាន​និយាយ​ថា បើ​តាម​ការ​សាកសួរ អាណាព្យាបាល​របស់​នាង ថង ពៅ ដែល​នៅ​ឯ​ស្រុក​កំណើត បាន​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​អស់ហើយ ។ លោក​បញ្ជាក់​ថា ក្រោយ​កើតហេតុ មន្ត្រី​របស់​លោក​បាន​ស្វែងរក​លោក​ប្ដី​ហេងស៊យ​របស់​នារី​នោះ​ឃើញ​ហើយ និង​បាន​ហៅ​កម្មករ​ទឹកកក​ប៉ុន្មាន​នាក់ មក​សួរនាំ​អំពី​ដំណើររឿង ។ ក្រោយ​ពី​បញ្ចប់​ការ​សួរនាំ យើង​បាន​ធ្វើការ​អប់រំ​ណែនាំ​ប្ដី​ប្រពន្ធ​ទាំង​២​នាក់​នេះ និង​ធ្វើ​កំណត់ហេតុ​ត្រឹមត្រូវ​ប្រគល់​នាង​ទៅ​ឲ្យ​បុរស​ជា​ប្ដី​វិញ​ផង​ដែរ គឺ​បាន​អប់រំ​ណែនាំ​ឱ្យ​២​នាក់​ប្តី​ប្រពន្ធ​នេះ​រស់នៅ​សុខសាន្ត​នឹង​គ្នា​ឡើង​វិញ ឈប់​បង្កើត​ឱ្យ​មាន​បញ្ហា​ទៀត ៕