ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជុំវិញ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​មី​យ៉ា​ន់​ម៉ា ប្រតិភូ​កម្ពុជា​ដឹកនាំ​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំ​ហុង

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​ឱកាស​ធ្វើ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​សហភាព​មី​យ៉ា​ន់​ម៉ា ចាប់ពី​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ដល់​ថ្ងៃ​ទី​២ ខែមីនា កន្លង​មកនេះ

រាជធានី​ភ្នំពេញ ៖ ក្នុង​ឱកាស​ធ្វើ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​សហភាព​មី​យ៉ា​ន់​ម៉ា ចាប់ពី​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ដល់​ថ្ងៃ​ទី​២ ខែមីនា កន្លង​មកនេះ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំ​ហុង បាន​ជួប​សន្ទនា​ជាមួយ​ប្រធានាធិបតី  អនុ​ប្រធានាធិបតី និង​លោក​ជំទាវ អោ​ង សាន​ស៊ូ​ជី ជ័យ​លា​ភី​រង្វាន់​ណូបែល​សន្តិភាព ជាទី​ប្រឹក្សា​រដ្ឋ តែ​ជាក់ស្តែង​ជា​អ្នកដឹកនាំ​កំពូល​របស់​មី​យ៉ា​ន់​ម៉ា ។

ក្នុង​ឱកាស​ជួប​សន្ទនា​ជាមួយ​លោក​ជំទាវ អោ​ង សាន​ស៊ូ​ជី លោក​ឧបនាយករដ្ឋមន្ត្រី បាន​រំឭក​ពី​ទំនាក់ទំនង​ដ៏​យូរលង់​រវាង​ប្រទេស​និង​ប្រជាជន​ទាំង​២​កម្ពុជា​-​មី​យ៉ា​ន់​មា ដែល​មាន​រាប់​សតវត្សរ៍​មក​ហើយ ដូច​មាន​សិលាចារឹក​ជា​ភាសា​ភូមា​នៅ​ប្រាសាទអង្គរវត្ត និង​ប្រាសាទអង្គរធំ​នា​សតវត្សរ៍​ទី​១៩ និង​សតវត្សរ៍​ទី​២០​កន្លង​មក ។

លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំ​ហុង បាន​ថ្លែង​ថា «​ភាព​ដូច​គ្នា​រវាង​កម្ពុជា​និង​មី​យ៉ា​ន់​ម៉ា​មាន​ច្រើន​រួម​មាន វប្បធម៌ សាសនា ទំនៀមទម្លាប់ និង​អរិយធម៌​មន​» ។
ក្នុង​ជំនួប​នោះ​ដែរ លោក​ឧបនាយករដ្ឋមន្ត្រី បាន​ស្នើ​ឲ្យ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​លើ​គ្រប់​វិស័យ​រួម​មាន ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ វប្បធម៌ កា​រត​ភ្ជាប់ និង​ការ​ផ្លាស់​ប្តូរ​និស្សិត​និង​យុវជន ព្រមទាំង​ត​ភ្ជាប់​ទេសចរណ៍ «​អង្គរ​-​បា​ហ្គា​ន​-​អង្គរ​» ។

លោក​ឧបនាយករដ្ឋមន្ត្រី បាន​ជម្រាប​លោក​ជំទាវ​ថា សព្វថ្ងៃ​មាន​ក្រុមហ៊ុន​កម្ពុជា​ចំនួន​២៤​បាន​មក​ធ្វើ​ធុរកិច្ច​នៅ​មី​យ៉ា​ន់​ម៉ា ។ ជាមួយ​គ្នា​នេះ លោក​ឧបនាយករដ្ឋមន្ត្រី​ក៏​បាន​លើក​ឧទាហរណ៍​ជូន​លោក​ជំទាវ​ពី «​នយោបាយ​ឈ្នះ​-ឈ្នះ​» ​របស់​សម្តេច​តេ​ជោ​ដែល​ធ្វើ​ឲ្យ​ខ្មែរក្រហម​រលំរលាយ​ទាំងស្រុង ទាំង​យោធា និង​រដ្ឋបាល នាំ​ឲ្យ​មាន​សន្តិភាព​ដល់​ថ្ងៃនេះ ដែល​ធ្វើ​ឲ្យ​មានការ​អភិវឌ្ឍ​យ៉ាង​ខ្លាំង​សព្វថ្ងៃ ។

ក្នុង​ឱកាស​នោះ លោក​ជំទាវ អោ​ង សាន​ស៊ូ​ជី បាន​ជម្រាប​ជូន​លោក​ឧបនាយករដ្ឋមន្ត្រី​ដូច​ខាងក្រោម ៖
១-​ផលប្រយោជន៍​ចម្បង​របស់​មី​យ៉ា​ន់​ម៉ា​គឺ​សន្តិភាព​និង​ការ​បង្រួបបង្រួម​ជាតិ ប៉ុន្តែ​អាច​មិនមែន​ជា​ផលប្រយោជន៍​របស់​ប្រទេស​មួយ​ចំនួន ។ តាម​ពិតជា​បញ្ហា​ការ​បំភ្លៃ​ការ​ពិត ។ សូម​អគុណ​កម្ពុជា ដែល​បាន​គាំ​ទ្រ​មី​យ៉ា​ន់​ម៉ា​លើ​បញ្ហា​នេះ ។
២-​រីករាយ​ចំពោះ​វត្តមាន​ក្រុមហ៊ុន​វិនិយោគ​កម្ពុជា​ចំនួន​២៤​នៅ​មី​យ៉ា​ន់​ម៉ា និង​សង្ឃឹមថា ចំនួន​នេះ​នឹង​កើនឡើង ។ កោតសរសើ​ចំពោះ​គំនិត​ផ្តួចផ្តើម​ឱ្យ​មាន​ផ្លូវ​ទេសចរណ៍​«​ប្រទេស​២ គោលដៅ​តែ​មួយ​» ។
៣-​ក្រប​ខណ្ឌ​មេគង្គ ជា​សក្តានុពល​សម្រាប់​កម្ពុជា និង​មី​យ៉ា​ន់​ម៉ា អាច​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រួម​ជាមួយ​គ្នា ។
សូម​អរគុណ​កម្ពុជា​ដែល​បាន​គាំទ្រ​មី​យ៉ា​ន់​ម៉ា​កន្លង​មក សូម​ឲ្យ​កម្ពុជា​បន្ត​ការ​គាំទ្រ ។
និង ៤-​សូម​អគុណ​ចំពោះ​ការ​អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅ​កម្ពុជា ហើយនឹង​ពិនិត្យ​ពេលវេលា​សម​ស្រម​សម្រាប់​ទស្សនកិច្ច ។

ក្នុង​ឱកាស​ទស្សនកិច្ច​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំ​ហុង ក៏​បាន​អញ្ជើញ​ទៅ​ទស្សនា​ប្រាសាទ​នានា​របស់​មី​យ៉ា​ន់​ម៉ា​នៅ​ណៃ​ពី​ដោ បា​ហ្គា​ន និង​ម៉ា​ន់​ដា​ឡេ ដែល​នៅ​ទីនោះ​មាន​បដិមា​កម្ពុជា​ត្រូវ​បាន​យក​ពី​អយុធ្យា ប្រទេស​ថៃ ទៅ​មី​យ៉ា​ន់​ម៉ា​ផង​ដែរ ៕