ខេត្តមណ្ឌលគិរី ៖ កាលពីមុនបើគេនិយាយពីខេត្តមណ្ឌលគិរី និងខេត្តដទៃទៀតដែលស្ថិតនៅតំបន់ភូមិភាគឦសាន គេប្រាកដជានឹកឃើញអំពីរូបភាពនៃការស្លៀកពាក់បែបប្រពៃណីរបស់ជនជាតិភាគតិច ឬខ្មែរលើ តែនាពេលបច្ចុប្បន្នគេកម្របានឃើញពួកគាត់ប្រើប្រាស់សម្លៀកបំពាក់បុរាណណាស់ ព្រោះតែការវិវឌ្ឍនៃសង្គមមានភាពទាន់សម័យ ។
លោកម៉ុប គ្រែត អាយុ៥៤ឆ្នាំ ជនជាតិព្នងរស់នៅភូមិពូលូង សង្កាត់រម្យនា ក្រុងសែនមនោរម្យ កាលពីពេល ថ្មីៗកន្លងមកនិយាយថា «ធ្វើម៉េចក្មួយសម័យនេះគេលែងពាក់ហើយអាខោអាវពីមុននោះ…ព្រោះក្មេងឥឡូវគេចូលចិត្តអាណាទាន់សម័យ» ។
បើទោះជាយ៉ាងណាក្តីគេសង្កេតឃើញសម្លៀកបំពាក់ដូនតារបស់ជនជាតិភាគតិចនៅតែទទួលបានការចាប់អារម្មណ៍ពីអ្នកផលិតភាពយន្ត និងចម្រៀងកាយវិការដោយជ្រើសរើសយកសម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិភាគតិចទៅស្លៀកពាក់សម្តែង ដើម្បីទទួលបានការចាប់អារម្មណ៍ពីទស្សនិកជន ។
អ្នកទេសចរពីខេត្តកំពង់ចាមដែលទៅលេងទឹកជ្រោះប៊ូស្រាជាមួយគ្រួសារឱ្យដឹងថា«វារាងសិចស៊ីបន្តិចមែន…ប៉ុន្តែវាក៏ស្អាតម្យ៉ាងដែរ…ហើយបើយើងមកលេងនៅតំបន់នេះហើយមិនបានស្លៀកថតអួតមិត្តភក្តិ គឺពិតជាគួរឱ្យស្តាយខ្លាំងណាស់ ព្រោះមិនងាយបានមកលេងទេ…» ។
ក្នុងន័យស្រដៀងគ្នានេះដែរលោកសុវណ្ណ និស្សិតពីរាជធានីភ្នំពេញនិយាយថា«ដំបូងខ្ញុំមិនហ៊ានស្លៀកពាក់ទេ…ដូចជា អៀនៗខ្លួនឯងម៉េចមិនដឹងទេ…តែនៅពេលមិត្តភក្តិជំរុញឱ្យស្លៀកដើម្បីថតរូបជុំគ្នាទុកជាអនុស្សាវរីយ៍ ខ្ញុំក៏ដាច់ចិត្តស្លៀកតែម្តងទៅ» ។
ការរស់នៅរបស់មនុស្សបច្ចុប្បន្នរមែងមានការផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃមនុស្ស គ្រប់ៗរូបចង់បានភាពងាយស្រួលក្នុងការរស់នៅ ដូច្នេះហើយការអភិវឌ្ឍរបស់សង្គមជាតិតែងជួបប្រទះនូវការប៉ះពាល់ដល់ប្រពៃណីវប្បធម៌មួយចំនួនរបស់មនុស្សជំនាន់ដើម ។
បច្ចុប្បន្នជនជាតិភាគតិចរស់នៅខេត្តមណ្ឌលគិរី ភាគច្រើនបោះបង់ចោលរបៀបរស់នៅតាមយថាកម្មដូចកាលពីមុនហើយ ដោយពួកគាត់រៀនរបៀបរស់នៅតាមខ្មែរកណ្តាល ដូចជារាល់ពេលឈឺថ្កាត់ទៅមន្ទីរពេទ្យ បញ្ជូនកូនទៅសាលារៀន ចេះចិញ្ចឹមសត្វ និងបង្កបង្កើនផលកសិកម្មតាមបែបទំនើប ។ សូម្បីតែសម្លៀកបំពាក់ប្រពៃណីដូនតា(ប៉ឹង)ក៏គេកម្របានឃើញពួកគាត់ស្លៀកពាក់ជាសាធារណៈដែរ គឺពួកគាត់ស្លៀកពាក់តាមរបៀបអ្នករស់នៅតំបន់ភូមិភាគកណ្តាល មានខោជើងវែង អាវដៃវែង និងខោអាវម៉ូដសម័យ ផ្សេងៗទៀត ។ ខុសប្លែកកាលពីមុនដែលស្រុកទេសមិនទាន់មានសុខសន្តិភាពពេញលេញ និងមិនទាន់ជឿនលឿនការស្លៀកពាក់របស់ពួកគាត់នៅប្រើប្រាស់បែបប្រពៃណីច្រើន តួយ៉ាងដូចជាស្ត្រីស្លៀកតែសំពត់ លែងខ្លួនល្វែងខាងលើ ចំណែកបុរសគ្រាន់តែយកក្រណាត់បិទបាំងកេរ្តិ៍ខ្មាសប៉ុណ្ណោះ ។
មន្ត្រីមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តឱ្យដឹងថា«ទោះបីជនជាតិភាគតិចបោះបង់លែងស្លៀកពាក់បែបប្រពៃណីក៏ដោយ ប៉ុន្តែមន្ទីរវប្បធម៌ខេត្តបានយកចិត្តទុកដាក់ចូលរួមអភិរក្សមិនឱ្យបាត់បង់ទេ ។ យើងមានបង្កើតក្រុមរបាំប្រពៃណីជនជាតិដែលស្លៀកពាក់បុរាណ មិនតែប៉ុណ្ណោះនៅតាមរមណីយដ្ឋានមួយចំនួនធំក្នុងខេត្ត ក៏មានកន្លែងសម្រាប់ជួលខោអាវជនជាតិសម្រាប់អ្នកទេសចរផងដែរ» ៕
ចែករំលែកព័តមាននេះ