ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណូល​ពី​ផ្សារ​រាត្រី​អង្គរ​ឃ្យុ​ង​យូ​មិនដឹង​ទៅ​ក្រហែង​ណា មន្ត្រី​ពាក់ព័ន្ធ​បដិសេធ​​មិន​បាន​ប៉ះពាល់

7 ឆ្នាំ មុន

ខេត្ដសៀមរាប ៖ ប្រភព​បែកធ្លាយ​ចេញពី​ក្រុម​អាជីវករ​នៅ​ផ្សារ​រាត្រី​អង្គរ​ឃ្យុ​ង​យូ បានឱ្យ​ដឹង​ថា អ្នក​ដើរ​យក​លុយ​នៅ​តំបន់​អង្គរ​ឃ្យុ​ង​យូ​រាប់​លាន​រៀល​ក្នុង​១​ខែ​ៗ

ខេត្ដសៀមរាប ៖ ប្រភព​បែកធ្លាយ​ចេញពី​ក្រុម​អាជីវករ​នៅ​ផ្សារ​រាត្រី​អង្គរ​ឃ្យុ​ង​យូ បានឱ្យ​ដឹង​ថា អ្នក​ដើរ​យក​លុយ​នៅ​តំបន់​អង្គរ​ឃ្យុ​ង​យូ​រាប់​លាន​រៀល​ក្នុង​១​ខែ​ៗ ពី​អ្នក​លក់ដូរ​គឺ​ឈ្មោះ ប៊ុ​ន សុវណ្ណ ជា​មនុស្ស​ជំនិត​របស់​លោក​វរសេនីយ៍ឯក កែវ រក្សា នាយការិយាល័យ​នគរបាល​សណ្ដាប់ធ្នាប់​ខេត្ត ។

ការ​ប្រមូលប្រាក់​នេះ​ត្រូវ​បាន​ប្រាប់​ថា យក​ទៅ​ឱ្យ​មេ​របស់​គេ ព្រោះ​ខ្លួន​ជា​អ្នក​បោះ​មេ​ក្នុង​ការ​បែងចែក​លុយ​ទាំងនេះ ទៅ​ខាង​សាលាក្រុង​សៀមរាប អធិការដ្ឋាន​ក្រុង​សៀមរាប និង​អភិបាលរង​ខេត្ត​ទៅ​តាម​លំដាប់លំដោយនីមួយ​ៗ មាន​ន័យ​ថា​ជា​ការ​យក​លុយ​ទៅ​ចែក​គ្នា​ចាយ មិន​បាន​បង់ប្រាក់ សូ​ម្បី​មួយ​រៀល​មិន​ចូល​ហោប៉ៅ​រដ្ឋ​ឡើយ ។

ប្រភព​បានឱ្យ​ដឹង​ថា តូប​អ្នក​លក់ដូរ​ទាំងអស់​ចំនួន​៥៥១​តូប តែ​អ្នកលក់​ពិតប្រាកដ រាល់​យប់​មាន​តែ​ជាង​៤០០​តូប​ប៉ុណ្ណោះ ហើយ​ក្នុង​១​តូប ត្រូវ​បង់លុយ​ឱ្យទៅ​សន្តិសុខ ថ្លៃ​អនាម័យ​៥០០​រៀល ថ្លៃ​សណ្តាប់ធ្នាប់​១.០០០​រៀល ។ ចំពោះ​ថ្លៃ​អំ​ពូ​ល​ភ្លើង បង់​ឱ្យ​សន្តិសុខ​ក្នុង​១​យប់​ចំនួន​១.០០០​រៀល​ផង​ដែរ​ក្នុង​មួយ​តូប ។

តាម​ប្រភព​ពី​អាជីវករ​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ចំណែក​ក្រុម​អ្នក​ដើរ​យក​លុយ​ក្នុង​១​យប់​ៗ មិន​តិច​ជាង​៣៥​ម៉ឺន​រៀល ហើយ​បើ​គិត​ក្នុង​១​ខែ​វិញ ពួក​គេ​ប្រមូល​បាន​ជាង​១០​លាន​៥​សែន​រៀល ។ ប្រភព​បាន​បន្ត​ទៀត​ថា ចំពោះ​លុយ​ទាំង​អស់នោះ ពួក​គេ​យក​ទៅ​ចែក​គ្នា​ប្រហែលជា​មិន​បង់​ចូលរ​ដ្ន​នោះ​ទេ​មើលទៅ ហើយ​ការ​ឃុបឃិត​គ្នា​នេះ​បាន​កើត​មាន​ជា​យូរ​ឆ្នាំ​មក​ហើយ បើ​គិត​មក​ដល់​ឆ្នាំ​២០១៧​នេះ ។

ពាក់ព័ន្ធ​នឹង​ការ​មាន​ច​ម្ង​ល់​ខាងលើ​នេះ លោក ស៊ូ ប្លា​តុង អភិបាលក្រុង​សៀមរាប បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ល្ងាច​ថ្ងៃ​ទី​៥ មីនា ថា អាជ្ញាធរ​ខេត្តសៀមរាប មិន​បានឱ្យ​យក​លុយ​ពី​អាជីវករ​ដែល​លក់ដូរ នៅ​ផ្សារ​រាត្រី​អង្គរ​ឃ្យុ​ង​យូ​នោះ​ទេ តែបើ​គេ​គិត​ពី​ថ្លៃ​អនាម័យ សណ្ដាប់ធ្នាប់ ឬ​ការ​យាមកាម​នោះ ជា​រឿង​ក្រុម​ពួក​គេ​ទេ ហើយ​លោក​ក៏​មិន​បាន​បញ្ជា​ឱ្យ​ពួក​គេ​ទៅ​យក​លុយ​ពី​អាជីវក​រទាំង​អស់នោះ​ដែរ ទើប​ពុំ​មាន​លុយ​បង់​ចូល​រដ្ឋ ។ បើ​គេ​ថា ខ្ញុំ​មាន​ចំណែក​ដែរ​នោះ គឺ​ខ្ញុំ​សូម​បដិសេធ​ទាំងស្រុង​នៅ​ក្នុង​រឿង​នោះ ។

ជុំវិញ​ករណី​ខាងលើ​នេះ​ដែរ លោក កែវ រក្សា នាយការិយាល័យ​នគរបាល​សណ្ដាប់ធ្នាប់​ខេត្ត បាន​បំភ្លឺ​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​៦ មីនា ថា រឿង​នេះ​លោក​មិន​មានការ​ពាក់ព័ន្ធ​នោះ​ទេ បើ​ចង់​ដឹង​ច្បាស់​ទៅ​សួរ​លោក វណ្ណ ខ្លួនឯង​ទៅ គាត់​ជា​អ្នក​ដើរ​ប្រមូល​លុយ​ទាំងនេះ និង​អ្នក​ដែល​គេ​ឱ្យ​សិទ្ធិ​គ្រប់គ្រង​ការងារ​ទាំងនេះ ។

ចំណែក​លោក ប៊ុ​ន សុវណ្ណ ជា​អ្នក​ឱ្យ​កូនចៅ​ដើរ​ប្រមូល​លុយ​អនាម័យ នៅ​ផ្សារ​រាត្រី​អង្គរ​ឃ្យុ​ង​យូ បាន​ប្រាប់​តាម​ទូរស័ព្ទ​ឱ្យ​ដឹង​នៅ​វេលា​ម៉ោង​១០​និង​២៦​នាទី​ព្រឹក​ថ្ងៃ​ទី​៦ មីនា ថា សន្តិសុខ​របស់​លោក​មាន​២៤​នាក់ ហើយ​ការងារ​ទាំង​អស់នេះ គឺ​គោលការណ៍​របស់​សាលាខេត្ត មាន​គណៈកម្មការ​ចំរុះ​ចំនួន​៣​អង្គភាព គឺ​ទី​១ សាលាខេត្ត​ក្រោម​ការ​ដឹកនាំ​របស់​លោក ពៅ ពិ​សិទ្ធិ អភិបាលរង​ខេត្តសៀមរាប ។ ទី​២ សាលាក្រុង គឺ​លោក សោម សម្បត្តិ អភិបាលរង​ក្រុង​សៀមរាប និង​ខាង​មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា​ខេត្ត ។ លោក​បាន​បន្ត​ថា ការ​ដើរ​ប្រមូល​លុយ​ទាំង​អស់នោះ គឺ​បាន​គ្រាន់តែ​បើក​ឱ្យ​សន្តិសុខ និង​ថ្លៃ​សម្អាត​ប៉ុណ្ណោះ ។ លោក​បាន​បញ្ជាក់​បន្ថែម​ថា ការ​ដើរ​ប្រមូល​លុយ​មាន​ថ្លៃ​អនាម័យ​១​គត់ គឺ​ក្នុង​១​តូប​ចំនួន​៥០០​រៀល​ក្នុង​១​យប់ បើ​រឿង​អី​ផ្សេង​នោះ​ខ្ញុំ​មិន​បានដឹង​ទេ ។ ចំណែក​រឿង​យាម​រទេះ​របស់​អាជីវករ​ដែល​ខ្ញុំ​បាន​ជួល​ដី​ដើម្បី​ដាក់រទេះ​នោះ គឺ​ខ្ញុំ​យក​ក្នុង​១​រទេះ តម្លៃ​២​ម៉ឺន​រៀល​ក្នុង​១​ខែ ព្រោះ​ខ្ញុំ​ក៏​ជួល​ដី​គេ​ថ្លៃ​ដែរ ។

ចំពោះ​រឿង​លុយរាប់​លាន​រៀល ដែល​ពួក​គេ​និយាយ និង​បង្ហោះ​ក្នុង​សង្គម​ហ្វេ​ស​បុក​ចោទ​ថា យក​ទៅ​ឱ្យ​លោក​វរសេនីយ៍ឯក កែវ រក្សា នាយការិយាល័យ​សណ្តាប់ធ្នាប់​ខេត្ត​នោះ គឺ​វា​មិន​ពិត​ទេ ព្រោះ​ខ្ញុំ​យក​លុយ​តែ​អនាម័យ គ្រាន់តែ​ចិញ្ចឹម​សន្តិសុខ ដើម្បី​ឱ្យ​សម្អាត​អនាម័យ​នៅ​ក្នុង​តំបន់​ផ្សារ​រាត្រី​អង្គរ​ឃ្យុ​ង​យូ តែ​ប៉ុណ្ណោះ​ព្រោះ​នេះ​ជា​គោល​ការ​របស់​សាលាខេត្ត ដើម្បី​ឱ្យ​សម្អាត​ឱ្យ​អស់ ចាប់តាំងពី​ម៉ោង​៤​ទៀប​ភ្លឺ ដល់​ម៉ោង​៧​ព្រឹក ធ្វើ​យ៉ាងណា​ឱ្យ​អស់ពី​ទីតាំង​នោះ ។

លោក សោម សម្បត្តិ អភិបាលរង​ក្រុង​សៀមរាប ដែល​បាន​បំភ្លឺ​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​៦ មីនា ថា ចំពោះ​រឿង​លុយរាប់​លាន​រៀល​ដែល​យក​មក​ចែក​គ្នា​ស្ងាត់​ៗ ដោយ​មិន​មាន​បង់​ចូល​រដ្ឋ​នោះ គឺ​វា​ជា​រឿង​ខុស​ពី​ច្បាប់​របស់​គណៈកម្មការ​ចម្រុះ ដែល​បាន​ប្រជុំ​គ្នា​កាលពី​កន្លង​ទៅ ។ លោក​ថា បើ​អ​ញ្ចឹ​ង​មែន​គឺ​អ្នក​ណា​ធ្វើ អ្នក​នោះ​ទទួលខុសត្រូវ​ខ្លួនឯង​ទៅ ព្រោះ​លោក​មិន​បានដឹង​រឿង​ទាំង​អស់នេះ​ទេ ។

លោក​បាន​បន្ត​ថា ចំពោះ​ពួក​លោក​បាន​រៀបចំ បង្កើត​គណៈកម្មការ​ចម្រុះ​នោះ​មាន​៣​អង្គភាព ទី​១ អង្គភាព​អាជ្ញាធរ​ជាតិ​អប្សរា លោក អ៊ុ​ក សា​ម៉េ​ត អគ្គនាយករង នៃ​អាជ្ញាធរ​ជាតិ​អប្សរា ជា​ប្រធាន​, ទី​២ សាលាខេត្ត​សៀមរាប លោក ពៅ ពិ​សិទ្ធ អភិបាលរង​ខេត្ត ជា​អនុប្រធាន និង​ទី​៣ សាលាក្រុង​សៀមរាប រូប​លោក​ជា​សមាជិក ។ បើ​រឿង​នេះ​ពិត​ដូច​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​បុក និង​អ្នក​សារព័ត៌មាន​មួយ​ចំនួន​បាន​ចុះ​ផ្សាយ កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ​មែន លោក​នឹង​យក​ទៅ​រាយការណ៍ ជូន​លោក​ប្រធាន​គណៈកម្មការ​ចម្រុះ ដើម្បី​លើកយក​មក​ប្រជុំ​ជា​បន្ទាន់​ជុំវិញ​បញ្ហា​នេះ ។

ចំពោះ​ដំណើរការ​ផ្សារ​រាត្រី​បច្ចុប្បន្ន​នេះ មានរឿង​រ៉ាវ​គួរ​កត់សម្គាល់​១​ចំនួន​ដូច​ជា កាលពី​យប់​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៧ កន្លង​ទៅ​ថ្មី​ៗ​នេះ សន្តិសុខ​នៅ​ផ្សារ​រាត្រី​អង្គរ​ឃ្យុ​ង​យូ បាន​នាំ​គ្នា​មក​ឆក់​យក​ស្បែកជើង​ពី​អា​ជីករ ប្រៀប​ដូច​នាំ​គ្នា​មក​ឆក់​ប្លន់​យ៉ាង​ដូច្នេះ​ដែរ ខណៈ​ពេល​នោះ​ត្រូវ​បាន​ពលរដ្ឋ​នាំ​គ្នា​ឈរ​មើល ហើយ​ពួក​គេ​បាន​ឆ្លើយ​យក​លេស​ថា ដោយសារ​អ្នក​មក​លក់ដូរ​ថ្មី មិន​បាន​ប្រាប់​ម្ចាស់​កន្លែង ។

ចំណែក​ម្ចាស់​កន្លែង​បាន​ប្រាប់​ថា គាត់​ឱ្យ​អ្នក​លក់ដូរ​នោះ​លក់​បណ្តោះអាសន្ន​ឱ្យ​គាត់​ទេ ក្នុង​រយៈពេល​២​ថ្ងៃ ដោយ​គាត់​ជាប់រវល់ ។ ចំពោះ​សន្តិសុខ​វិញ បាន​គម្រាម​ប្រាប់​អ្នក​លក់ដូរ​ថ្មី​ថា បើ​ឱ្យ​ពួក​គេ​ចំនួន​១​ម៉ឺន​រៀល ទើប​អាច​ឱ្យ​លក់​បាន បើ​មិន​ដូច្នេះ​ទេ មិន​អនុញ្ញាតិ​ឱ្យ​ម្ចាស់​កន្លែង​មាន​ផ្ទេរសិទ្ធិ ឬ​ជួល​ឱ្យទៅ​អ្នក​ដ៏​ទៃ​ទេ គឺ​មាន​សិទ្ធិ​តែ​សន្តិសុខ​១​ប៉ុ​ណ្តោះ ដែល​អាច​យក​លុយ ឬ​ឱ្យ​អ្នក​ណា​មក​លក់​ទី​នេះ​ក៏​បាន​ដែរ ។ ការ​និយាយ​បែប​នេះ​ប្រៀប​ដូច​ជា​តំបន់​នោះ​ជា​ដី​កេរ​របស់​ខ្លួន​ដូច្នេះ​ដែរ ។

ម​ជ្ឈ​ដា្ឋ​ន​នានា ក្នុង​ខេត្តសៀមរាប បាន​សូម​ឱ្យ​អាជ្ញាធរ​ខេត្ត ដែល​មាន​លោក ឃឹម ប៊ុ​ន សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប មេត្តា​ជួយ​ចុះ​មើល និង​ពិនិត្យ​ជុំ​វី​ញ​ករណី​ខាងលើ​នោះ​ផង បើ​មិន​ដូច្នេះ​ទេ អាជីវករ​ដែល​លក់ដូរ​នៅ​ទីនោះ ប្រាកដជា​ត្រូវ​ក្រុម​សន្តិសុខ​ធ្វើបាប​តាមតែ​ទំនើងចិត្ដ​មិន​ខាន ។ ចំពោះ​សន្តិសុខ វិញ ដែល​ប្រមូល​យក​លុយ​ពី​អាជីវករ​រាល់​យប់ ហើយ​ប្រាប់​អ្នក​ព័ត៌មាន​ថា មិន​បាន​ចំណេញ​ផង​នោះ តើ​បាន​លុយ​ឯណា​យក​ទៅ​ជូន​មេ ដើម្បី​បាន​ឈរជើង​នៅ​ទីនោះ ?