ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៅកែ​ផ្សា​របឹង​កុក​យក​ផ្លូវថ្នល់​ធ្វើ​អាជីវកម្ម សមត្ថកិច្ច​ចុះ​ទៅ​រៀបចំ​ដូច​វែក​ចក

7 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ផ្សា​របឹង​កុក​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ត្រូវ​បាន​គេមើលឃើញ​ថា កំពុង​តែ​យក​ផ្លូវថ្នល់​ធ្វើ​អាជីវកម្ម

ខេត្តកំពង់ចាម ៖ ផ្សា​របឹង​កុក​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ត្រូវ​បាន​គេមើលឃើញ​ថា កំពុង​តែ​យក​ផ្លូវថ្នល់​ធ្វើ​អាជីវកម្ម ទោះបីជា​កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ទៅ​ជួយ​រៀបចំ​សណ្តាប់
ធ្នាប់​យ៉ាងណា​ក្តី​ក៏​នូវ​តែ​មិន​ដំណើរការ​ល្អ​ដែរ គឺ​ក្រោយ​ពី​សមត្ថកិច្ច​បាន​ដក​មក​វិញ​នោះ  អ្នកលក់​នាំ​គ្នាទៅ​លក់​លើ​ផ្លូវ​ដដែល ប្រៀប​ដូច​ជា​វែក​ចក​យ៉ាង​ដូច្នោះ​។ ស្ត្រី​អ្នកលក់​បន្លែ​ម្នាក់ វ័យ​ជាង​៥០​ឆ្នាំ ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៧ មីនា ២០១៧​នេះ​ថា គាត់​ត្រូវ​បាន ក្រោក​ពី​សម្រាន្ត​នៅ​វេលា​ម៉ោង​២​ទាប​ភ្លឺ ដើម្បី​ធ្វើ​ដំណើរ​មក​ផ្សា​របឹង​កុក រៀបចំ​លក់​បន្លែ ដោយ​លក់​នៅ​លើ​ថ្នល់​តែ​ម្តង ហើយ​ត្រូវ​បង់​ភាស៊ី​ឲ្យ​ទៅ​ឈ្មោះ ក្លូ ចំនួន​១.០០០​រៀល​។

ការ​លក់​នេះ​អាច​បាន​ត្រឹម​រហូត​ដល់​វេលា​ម៉ោង​៧​ព្រឹក នឹង​ត្រូវ​គេ​ដេញ​ឲ្យ​ទៅ​លក់​នៅ​កន្លែង​ផ្សេង​ហើយ ព្រោះ​បើ​ពុំនោះ​ទេ​នឹង​នាំ​ឲ្យ​ស្ទះចរាចរណ៍​តាម​ផ្លូវ​។ លោក​វរសេនីយ៍ត្រី ស៊ា​ម យូ​សេង អធិការរង​នគរបាល​ក្រុង​កំពង់ចាម ទទួល​ផែន​សណ្តាប់ធ្នាប់​ប្រាប់​ឲ្យ​ដឹង​ថា នា​ពេល​កន្លង​មក​លោក​ចាន់ ផ​ល្លី អភិបាលក្រុង​កំពង់ចាម នៅ​ពេល​ដែល​មាន​ហេតុការណ៍ ស្ទះផ្លូវ​នៅ​មុខ​ផ្សា​របឹង​កុក​នោះ ក៏​បាន​ចាត់​ឲ្យ​រូប​លោក​ដឹកនាំ​កម្លាំង​ចុះ​ទៅ​រៀបចំ​សណ្តាប់ធ្នាប់​នៅ​ពេល​ព្រឹក​ៗ​។

នៅ​ពេល​ណា​ដែល​ឃើញ​សមត្ថកិច្ច  ទៅ​ដល់ និង​បាន​ណែនាំ​ប្រាប់ ក៏​នាំ​គ្នា​លើក​បន្លែ​ចេញ​ពីលើ​ផ្លូវថ្នល់​ទៅ​លក់​នៅ​បរិវេណ​ផ្សា​របឹង​កុក ប្រសិនណាបើ​មិនឃើញ​នគរបាល​នោះ​ទេ មិន​មាន​អ្នក​ណា​ម្នាក់​ហ៊ាន​រំលោភ​បំពាន​យក​ផ្លូវ​លក់ដូរ​ទំនិញ​ឡើយ​។ តែ​នៅ​ពេល​ដែល​នគរបាល​បាន​ដក​មក​កាន់​អធិការដ្ឋាន​គ​របាល​ក្រុង​កំពង់ចាម​វិញ  ក្រុម​អ្នកលក់​ដូរ​បាន​នាំ​គ្នា​ទៅ​លក់​លើ​ផ្លូវ​ដដែល​ហ្នឹង​។ ការ​ចុះ​ទៅ​រៀបចំ​ទីនោះ​គឺ​ច្រើន​លើក​ច្រើន​សារ​មក​ហើយ មើលទៅ​ដូច​មាន​មិន​មាន​ប្រសិទ្ធិ​ភាព​នោះ​ទេ ហើយ​រូប​លោក​ក៏​មិន​ចង់​ប្រើ​តាម​វិធានការ​ច្បាប់​ដែរ ហើយ​ក៏​មិន​ដែល​ចុះ​ទៅ​ចាប់​យក​បន្លែ​បោះ​លើកដាក់​រថយន្ត​ដែរ គឺ​ដោយ​គ្រាន់តែ​ប្រាប់​អាជីវករ​លក់ដូរ​តែ​ប៉ុណ្ណោះ​។

លោក​វរសេនីយ៍ត្រី ស៊ា​ម យូ​សេង អធិការរង​នគរបាល​ក្រុង​កំពង់ចាម បញ្ជាក់​ថា ទីតាំង​ផ្លូវថ្នល់​មុខ​ផ្សារបឹង​កុក​នោះ​ត្រូវ​បាន​គេ​នាំ​គ្នា​លក់ដូរ​ជា​អចិន្ត្រៃយ៍  ដែល​បាន​កើតជា​យូរ​មក​ហើយ បន្ត​រហូត​មក​ដល់សព្វ​ថ្ងៃនេះ​។ លោក​ថា កាលពីមុន​កន្លែង​ផ្ញើ​កង់ ត្រូវ​បាន​គេ​រៀបចំ​ទៅ​ដាក់​នៅ​កន្លែង​ផ្សេង និង​បាន​ឲ្យអ្នក​លក់ដូរ​ទៅ​លក់​ទីនោះ ឃើញ​ថា​បាន​ល្អ​ប្រសើរ​តែ​មួយ​រយៈ  ហើយ​ក្រោយមក​បាន​នាំ​គ្នា​មក​លក់ដូរលើ​ផ្លូវថ្នល់​ដដែល ។  លោក​នៅ​តែ​មាន​ផែនការ​ចុះ​ទៅ​រៀបចំ​សណ្តាប់ធ្នាប់ មុខ​ផ្សា​របឹង​កុក​នោះ​បន្តទៀត​តាម​ការ​ណែនាំ​របស់​លោក​អភិបាលក្រុង​កំពង់ចាម ធ្វើ​យ៉ាងណា​ដើម្បី​កុំ​ឲ្យ​កកស្ទះ​ផ្លូវថ្នល់​សម្រាប់ពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លងកាត់​ទៅ​វិញ​ទៅ​មក​នោះ​៕