ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម ថា​រ័​ត្ន ឆ្ងាយ​ពី​ការ​ប្រកួត ក្រោយ​ក្លាយជា​តួ​សម្ដែង​ក្នុង​ខ្សែភាពយន្ត​ខ្នាត​ធំ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រោយ​មានឱកាស​សម្ដែង​ក្នុង​ខ្សែភាពយន្ត​បរទេស​រឿង ​«Jailbreak ការពារ​ឧក្រិដ្ឋជន​» និង​រឿង​លំដាប់​ហូ​លី​វូ​ដ​របស់​អ្នក​នាង​អេ​ន​ជេ​លី​ណា​ជូ​លី ក្នុង​រឿង​ «​មុន​ដំបូង​ខ្មែរក្រហម​សម្លា.ប់​ប៉ា​របស់ខ្ញុំ​!»

រាជធានី​ភ្នំពេញ ៖ ក្រោយ​មានឱកាស​សម្ដែង​ក្នុង​ខ្សែភាពយន្ត​បរទេស​រឿង ​«Jailbreak ការពារ​ឧក្រិដ្ឋជន​» និង​រឿង​លំដាប់​ហូ​លី​វូ​ដ​របស់​អ្នក​នាង​អេ​ន​ជេ​លី​ណា​ជូ​លី ក្នុង​រឿង​ «​មុន​ដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ​!» គេ​កត់​សម្គាល់ថា កីឡាការិនី​សម ថា​រ័​ត្ន កាន់តែ​ជោគជ័យ​ក្នុង​ការ​សម្ដែង ហើយ​ឃ្លាតឆ្ងាយ​ពី​ការ​ប្រកួត ។ មក​ទល់​ពេល​នេះ​គេ​មិនឃើញ​កីឡាការិនី​រូប​នេះ មាន​គម្រោង​ចេញ​ប្រកួត​ណាមួយ​ដូច​មុន​នោះ​ទេ ប៉ុន្តែ​បែរជា​បាន​ប្រកាស​នឹង​មាន​ខ្សែ​រឿង​បន្តបន្ទាប់​ដើម្បី​បង្ហាញខ្លួន​ទៅ​វិញ ។

កីឡាការិនី សម ថា​រ័​ត្ន បាន​សារភាព​ថា​ប្រមាណ​ជា​២​ឆ្នាំ​ចុង​ក្រោយ​នាង​ទទួល​បាន​ឱកាសច្រើន​ឡើង​ដើម្បី​សម្ដែង​ភាពយន្ត និង​ក្លាយជា​តារា​សម្ដែង​ដោយសារ​តែ​នាង​អាច​សន្ទនា​ភាសា​អង់គ្លេស​បាន​ល្អ និង​ចេះ​ក្បាច់គុន​រស់​រវើក ។ នាង​ថា ឱ្យ​តែ​ក្រុម​ផលិតករ​មានគំនិត​ផលិត​រឿង​របៀប​វាយតប់ ឬ​រឿង​ហក់លោត គឺ​នឹក​ដល់​ឈ្មោះ​របស់​នាង​ភ្លាម ទើប​នាង​ចេះ​តែ​មានការ​ងារ​មិនសូវ​លស់​ពេល​ដែល​ជួយ​ឱ្យ​អាជីព​សម្ដែង​ភាពយន្ត​របស់​នាង​មិនសូវ​ទំនេរ ។ ខ្សែ​រឿងដែល​នាង​បាន​ថត​សុទ្ធតែ​ជា​រឿង​ធំ​ៗ​ដែល​មាន
ការ​ទទួលស្គាល់​និង​កោតសរសើរ​ទាំងអស់​ដូចជា​រឿង​«Jailbreak ការពារ​ឧក្រិដ្ឋជន​»​និង​រឿង​«​មុន​ដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ​»​។

នាង​ក៏​ត្រៀមខ្លួន​បង្ហាញ​ស្នាដៃ​ក្នុង​រឿង​ធំ​មួយទៀត​គឺ​រឿង​«​ឃុន​ហ្លួង​ព្រះស្ដេច​កន​» ដែល​ត្រៀម​នឹង​ដាក់​បញ្ចាំង​ខាង​មុខ​ផង​ដែរ ។ នាង​ថា​ខ្សែ​រឿង​ទាំង​៣ សុទ្ធតែ​រឿង​ដែល​ជួយ​ឱ្យ​នាង​ល្បីឈ្មោះ​ក្នុង​ពិភព​សម្ដែង ហើយ​ក៏​ចាត់​ទុក​ថា​នាង​បាន​ក្លាយជា​នារី​ម្នាក់​ដែល​ស្រឡាញ់ និង​ងប់ងុល​នឹង​ការ​សម្ដែង​ផង​ដែរ ទើប​នាង​ទទួល​សម្ដែង​ជា​ហូរហែ ។

នាង​ថា ការ​សម្ដែង​មិនមែន​ជា​ក្ដី​ស្រមៃ​របស់​ខ្លួន​នោះ​ទេ ប៉ុន្តែ​ដោយសារ​តែ​ឱកាស​ហុច​ឱ្យ ហើយ​ចំណូល​ដែល​ទទួល​បាន​ពី​ការ​សម្ដែង​ក៏​ល្អ​ជាង​ឡើង​ប្រកួត ទើប​នាង​ចាប់​ផ្ដើម​រយាល​ឆ្ងាយ​ពី​ការ​ហ្វឹកហាត់ ហើយ​ទទួលយក​ការ​សម្ដែង​ច្រើន​ជាង ។ នាង​សារភាព​ថា ពិតជា​មាន​គម្រោង​ថតកុន​ក្នុង​ពេល​បន្តបន្ទាប់ ប៉ុន្តែ​សម្រាប់​គម្រោង​ឡើង​ប្រកួត គឺ​មិន​ទាន់​មាន​ទេ ដែល​នោះ​មិនមែន​ជា​កំហុស​របស់​នាង ។ ហេតុផល​សហព័ន្ធ​ល្បុក្កតោ មិន​មានការ​ប្រកួត​ណាមួយ និង​ដោយសារ​តែ​គូប្រកួត​ក្នុងស្រុក​មិន​មាន​នោះ​ផង ទើប​ការ​ប្រឹងប្រែង​ហ្វឹកហាត់​ដើម្បី​ឡើង​រេញ​ហាក់​មិនសូវ​ផ្ដល់​ឱកាស​ឱ្យ​នាង ។

សម ថា​រ័​ត្ន បន្ត​ថា ស្ទើរ​ជា​រៀងរាល់ថ្ងៃ​នាង​រវល់​នឹង​រឿង​ថតកុន​ច្រើន​ជាង​ខ្វាយខ្វល់​នឹង​ត្រៀម​ប្រកួត ។ យ៉ាងណាមិញ មិន​មាន​ន័យ​ថា នាង​ត្រូវ​បោះបង់​ការ​ប្រកួត​ហើយ​ទទួល​ការ​សម្ដែង​នោះ​ទេ បើ​មានការ​ប្រកួត​ធំ​ៗ​នាង​នៅ​តែ​ទទួល ។

នាង​ថា ខ្លួន​ចង់​ប្រកួត​កីឡាប្រដាល់​ដាក់​ទ្រុង តែ​គណៈកម្មការ​ផ្គូផ្គង​កីឡាករ​មិន​មាន​គូប្រកួត​សម្រាប់​នាង និង​មិន​មានការ​ផ្គូផ្គង​ឱ្យ​នាង​ឡើង​រេញ​ទាល់តែ​សោះ ទើប​នាង​សម្រេចចិត្ត​ឈោង​ចាប់​អាជីព​ថតកុន​ធ្វើ​ឆ្នាំងបាយ​ជា​ជំនួស ។

ក្នុង​ចំណោម​កីឡាករ​-​កីឡាការិនី​ល្បីឈ្មោះ សម ថា​រ័​ត្ន បាន​ក្លាយជា​តារា​សិល្បៈ​តែ​ម្នាក់ ដែល​មានឱកាស​បាន​សម្ដែង​ក្នុង​រឿង​ខ្នាត​ធំ​របស់​ផលិតករ​បរទេស ។ ក្រៅពី​មាន​ភាព​រស់​រវើក​ដោយសារ​តែ​មាន​ជំនាញ​វាយប្រហារ​ស្រាប់ កីឡាការិនី​ម្នាក់​នោះ ក៏​ចេះ​សម្ដែង​ទឹកមុខ​បាន​ល្អ ធ្វើ​ឱ្យ​ម្នាក់​ៗ​កោតសរសើរ​ពី​សមត្ថភាព​សម្ដែង​ផង​ដែរ ទើប​ផលិត​ករ​ធំ​ៗ​ចាប់អារម្មណ៍​ទាក់ទង​ឱ្យ​នាង​សម្ដែង​មិនសូវ​ខាន ។ នាង​អះអាង​ថា ការ​សម្ដែង​ក្នុង​រឿង​កន្លង​មក មិនមែន​ដោយសារ​តែ​ខ្សែ​ទុយោ ឬ​ដោយសារ​តែ​នាង​ចេះ​ក្បាច់គុន​នោះ​ទេ ប៉ុន្តែ​កត្តា​សំខាន់ គឺ​នាង​ក៏​ចេះ​សម្ដែង​ទឹកមុខ​តាម​ការ​តម្រូវ​របស់​ផលិតករ​ដែល​ចង់បាន​ដែរ ។ ក្នុង​នោះ​ក៏​មានការ​ថែទាំ​រូបរាង​មិន​ឱ្យ​បែក​សាច់ និង​មិន​កែកុន​មុខមាត់​ធ្វើ​ឱ្យ​ខុស​ទម្រង់​ដើម ក៏​ជា​ការ​ចង់បាន​របស់​ផលិតករ​នោះ​ដែរ ជា​ពិសេស​ផលិតករ​ហូ​លី​វូ​ដ និង​ផលិតករ​បរទេស​ដែល​ត្រូវការ​តួ​សម្ដែង​ជា​មុខ​បែប​ខ្មែរ​។

នាង​កោតសរសើរ​ខ្លួនឯង​ដែល​បាន​ក្លាយជា​តារា​សម្ដែង ជា​ពិសេស​ក្នុង​ពេល​ដែល​នាង​មិន​ធ្លាប់​បាន​ទទួល​ការ​បង្វឹក​ទាល់តែ​សោះ តែ​អាច​សម្ដែង​រឿង​បាន ដោយសារ​តែ​ត្រាប់​តាម​ទឹកមុខ និង​ពាក្យ​សម្ដី​របស់​ផលិតករ និង​តួ​សម្ដែង​ដែល​បង្ហាត់បង្ហាញ ។ នាង​នឹង​រយាល​កាន់តែ​ឆ្ងាយ​ពី​ការ​ប្រកួត បើ​ទោះជា​បាន​ប្រកាស​ថា មិន​ឈប់​ធ្វើ​ជា​កីឡាការិនី​ផ្នែក​ល្បុក្កតោ​ជម្រើសជាតិ និង​ជា​គ្រូបង្វឹក​ក្បាច់គុន​ម្នាក់ ។ នាង​យល់​ថា អាជីព​ថតកុន និង​ឡើង​វាយតប់​ទទួល​បាន​ចំណូល និង​ភាព​ទាក់ទាញ​ខុស​គ្នា ប៉ុន្តែ​មិន​មាន​ន័យ​ថា​ព្រោះតែ​ចង់​ល្បីឈ្មោះ និង​បាន​លុយ​ច្រើន ក៏​សម្រេចចិត្ត​បោះបង់​អាជីព​កីឡា​នោះ​ទេ នៅ​តែ​ទទួល​ជា​ប្រចាំ​ឱ្យ​តែ​ក្នុង​សហព័ន្ធ​មាន​តម្រូវការ​ឱ្យ​នាង​ចេញ​ប្រកួត​ដើម្បី​មុខមាត់​ប្រទេស និង​សហព័ន្ធ ។ នាង​ថា ខ្លួន​ជា​កីឡាករ​មួយ​រូប តែ​បេះដូង​ក៏​ជា​អ្នកសិល្បៈ​ផង​ដែរ ទើប​នាង​ប្រកាន់​ជំហរ​ទទួល​សម្ដែង​ផង និង​ឡើង​ប្រកួត​ផង ប្រសិនបើ​ការ​រៀបចំ​ទាំងនោះ​មាន​តម្រូវការ​ឱ្យ​នាង​ចេញ​ប្រកួត ។ ក្នុង​នោះ​នាង​ក៏​អាច​ផ្ដល់​ឱកាស​ឱ្យ​អ្នក​ជំនាន់​ក្រោយ​មួយ​ចំនួន​ផង​ដែរ នៅ​ពេល​ដែល​នាង​ទទួលយក​ការ​សម្ដែង​ញាប់​ស្អេក ហើយ​ធ្វើ​ឱ្យ​សហព័ន្ធ​សម្លឹង​ឃើញ​អ្នកមាន​សមត្ថភាព​ឱ្យ​ក្លាយជា​កីឡាការិនី​ជំនួស​នាង ៕