ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណុំរឿង គឹ​ម សុខ តុលាការ​2​ថ្នាក់​ចេញ​ដីកា​សម្រេច​មិន​ព្រម​ដោះ​លែងឱ្យ​នៅ​ក្រៅ​ឃុំ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក ជួង ជូ​ងី មេធាវី​ការពារ​ក្តី​ឲ្យ​លោក គឹ​ម សុខ អ្នកវិភាគ​ន​យោបាយ​និង​តាមដាន​កិច្ចការ​សង្គម កាលពី​ព្រឹក​ថ្ងៃ​ទី​៦ ខែមីនា បាន​ថ្លែង​ថា

រាជធានី​ភ្នំពេញ ៖ លោក ជួង ជូ​ងី មេធាវី​ការពារ​ក្តី​ឲ្យ​លោក គឹ​ម សុខ អ្នកវិភាគ​ន​យោបាយ​និង​តាមដាន​កិច្ចការ​សង្គម កាលពី​ព្រឹក​ថ្ងៃ​ទី​៦ ខែមីនា បាន​ថ្លែង​ថា សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បដិសេធ​លើ​បណ្តឹងសុំ​ឲ្យ​កូនក្តី​របស់​លោក​បាន​នៅ​ក្រៅ​ឃុំ ពោល​គឺ​មិន​សម្រេច​ឲ្យ​លោក គឹ​ម សុខ កូនក្តី​របស់​លោក​នៅ​ក្រៅ​ឃុំ​ឡើយ ។

លោក​មេធាវី ជួង ជូ​ងី បន្ត​ថា បើ​ទោះបី​សាលាដំបូង​សម្រេច​បែប​នេះ​ក្តី ក៏​លោក​បានឯកភាព​ជាមួយ​កូនក្តី​ហើយ គឺ​នឹង​ដាក់​ពាក្យបណ្តឹង​ថ្មី​មួយទៀត​ទៅ​សាលាឧទ្ធរណ៍ ដើម្បីឲ្យ​សុំ​ឲ្យ​កូនក្តី​របស់​លោក​បាន​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន ។ ពាក្យបណ្តឹង​នោះ​លោក​បាន​ដាក់​ចូល​សាលាឧទ្ធរណ៍​រួច​ហើយ នៅ​រង់ចាំ​សភា​សើ​ុ​ប​សួរ​សម្រេច និង​មាន​ជំនឿ​ថា សាលាឧទ្ធរណ៍​នឹង​អនុញ្ញាត​ឲ្យ​កូនក្តី​លោក​បាន​នៅ​ក្រៅ​ឃុំ តាម​អង្គហេតុ​ក្នុង​ពាក្យបណ្តឹង​នោះ ។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២ ខែមីនា​កន្លង​ទៅ លោក​ចៅក្រម​សើ​ុ​ប​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ រស់ ពិសិដ្ឋ បាន​ចេញ​ដីកា​សម្រេច​មិន​ឲ្យ​លោក គឹ​ម សុខ នៅ​ក្រៅ​ឃុំ​ទេ ដោយ​រួម​មាន​លោក សៀង សុខ ព្រះរាជអាជ្ញា​រង​បាន​ចុះហត្ថលេខា​លើ​ដីកា​សម្រេច​នោះ​ផង​ដែរ ។

លោក គឹ​ម សុខ អ្នកវិភាគ​នយោបាយ និង​តាមដាន​កិច្ចការ​សង្គម ដែល​តែងតែ​ធ្វើ​បទ​សម្ភាសន៍​តាម​វិទ្យុ​អា​សុ​ី​សេរី និង​វិទ្យុ VOA ត្រូវ​បាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៧ សម្រេច​ចេញ​ដីកាឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្ដោះ​អាសន្ន ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍ និង​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​តាម​មាត្រា​៤៩៤ មាត្រា​៤៩៥ និង​មាត្រា​៣០៥ នៃ​ក្រមព្រហ្មទណ្ឌ ខណៈ​បាន​ចេញ​ដីកា​កោះហៅ​លោក​ឲ្យ​ចូល​បំភ្លឺ​ជុំវិញ​ពាក្យបណ្តឹង​របស់​លោក​មេធាវី គី តិច តំណាង​ស្របច្បាប់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន  សែន ។

លោក គឹ​ម សុខ ត្រូវ​បាន​ឃុំខ្លួន​ចាប់តាំងពី​ពេល​នោះ​មក ដូច្នេះ​ហើយ​បានជា​មេធាវី​ការពារ​ក្តី​របស់​លោក ស្វះស្វែង​តាម​ផ្លូវច្បាប់​ដាក់​ពាក្យសុំ​ឲ​កូនក្តី​បាន​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន ។

លោក​មេធាវី ជួង ជូ​ងី បាន​សរសេរ​ក្នុង​ពាក្យសុំ​ដោះ​លែង​លោក គឹ​ម សុខ ថា លោក គឹ​ម សុខ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំខ្លួន​ជា​បណ្តោះអាសន្ន ក្រោម​ការ​ចោទប្រកាន់​ពី​បទ «​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍ និង​បរិហារកេរ្តិ៍​ជា​សាធារណៈ​» តាម​បញ្ញត្តិ​មាត្រា​៤៩៤ មាត្រា​៤៩៥ និង​មាត្រា ៣០៥
នៃ​ក្រមព្រហ្មទណ្ឌ ដោយ​សំអាង​ហេតុ​ថា ៖
+​កាតព្វកិច្ច​ទាំងឡាយ​នៃ​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ មាន​លក្ខណៈ​មិន​គ្រប់គ្រាន់ ដោយ​ធៀប​នឹង​គោលដៅ ដែល​មាន​ចែង​នៅ​ក្នុង​មាត្រា​២០៣ និង​មាត្រា​២០៥ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ។
+​និង​យល់​ឃើញ​ថា ការ​ឃុំខ្លួន​បណ្តោះអាសន្ន គឺជា​មធ្យោបាយ​តែ​មួយ​គត់​ដើម្បី ៖
-​បញ្ចប់​បទល្មើស ឬ​បង្ការ​បទល្មើស​កុំឱ្យ​កើតជា​ថ្មី
-​ធានា​រក្សា​ជន​ត្រូវ​ចោទ​ទុក​ជូន​តុលាការ​ចាត់ការ​តាម​នីតិវិធី
-​ធានា​រក្សា​សណ្តាប់ធ្នាប់​សាធារណៈ កុំឱ្យ​មានការ​ច្រ​បូល​ច្របល់​ដែល​បណ្តាល​មក​ពី​បទល្មើស ។

លិខិត​ដដែល​បន្ត​ថា តាម​មាត្រា​៤៩៥ នៃ ក្រមព្រហ្មទណ្ឌ លុះត្រាតែ​លោក គឹ​ម សុខ ពិតជា​បាន​ប្រព្រឹត្ត​បទល្មើស​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​មែន នោះ​ទើបត្រូវ​មានទោស​ពី​៦​ខែ​ទៅ​២​ឆ្នាំ ប៉ុន្តែ​តាម​គតិ​ច្បាប់ រហូត​មក​ដល់​ពេល​នេះ យើង​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​ថា តើ​លោក គឹ​ម សុខ ពិតជា​បាន​ប្រព្រឹត្ត​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​មែន ឬ​មិនមែន​នោះ​ទេ ពីព្រោះ ​៖
១-​លោក គឹ​ម សុខ ធ្វើការ​វិភាគ​ពាក់ព័ន្ធ​នឹង​ស្ថានការណ៍​នយោបាយ​កម្ពុជា​តាម​វិទ្យុ ។
២-​មិនមែន​បទឧក្រិដ្ឋ​ណាមួយ​បាន​កើត​ឡើយ ដោយសារ​ការ​វិភាគ​របស់​លោក គឹ​ម សុខ ទេ ។
៣-​រហូត​មក​ដល់​ពេល​នេះ មិន​មាន​សញ្ញាណ​អ្វី​ដែល​អាច​ឱ្យ​យើង​សន្និដ្ឋាន​បាន​ថា អាច​កើត​មាន​បទឧក្រិដ្ឋ ចេញពី​មូលហេតុ​នៃ​ការ​វិភាគ​តាម​វិទ្យុ​របស់​លោក គឹ​ម សុខ នោះ​ដែរ ។

សាលាឧទ្ធរណ៍​ច្រានចោល​បណ្តឹង​នៅ​ក្រៅ​ឃុំ

លោក ឃុន លាង​ម៉េ​ង​ចៅក្រម​សភា​ស៊ើបសួរ​សាលា​ឧទ្ទ​រណ៍ នៅ​រសៀល​ថ្ងៃ​ទី​៦ ខែមីនា​ឆ្នាំ​២០១៧​បាន​សម្រេច​បន្ត​ឃុំខ្លួន​លោក​គឹ​ម សុខ បន្ទាប់​ពី​សាលាឧទ្ធរណ៍​បាន​ចំណាយពេល​ជិត​២​ម៉ោង​ជំនុំជម្រះ​លើ​បណ្តឹង​ប្រឆាំង​នឹង​ការ​ឃុំខ្លួន​លោក ដោយ​សាលាដំបូង​រាជធានី​ភ្នំពេញ ។

លោក គឹ​ម សុខ ជនជាប់ចោទ​ត្រូវ​បាន​នាំ​ខ្លួន​ចូល​ក្នុង​បន្ទប់​សវនាការ​អសាធារណៈ ដែល​មាន​តែ​មេធាវី​ការពារ​សិទ្ធិ​ជនជាប់ចោទ​លោក ជួង ជូ​ងី និង​មេធាវី​ដើមបណ្តឹង​លោក គី តិច ចូលរួម ។

លោក គឹ​ម សុខ​បាន​ស្រែក​ប្រាប់​អ្នកកាសែត​មុន​ពេល​អនុរក្ស​រុញ​រូប​គាត់​ចូល​រថយន្ត​នាំ​ទៅ​ពន្ធនាគារ​ព្រៃ​ស​វិញ​ថា ៖«​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ឲ្យ​គេ​ទៅ​បញ្ចុះបញ្ចូល​ខ្ញុំ គំរាមកំហែង​ខ្ញុំ​ដាក់គុក​ខ្ញុំ​គឺ​គុក​ងងឹត ។ ម្យ៉ាងវិញទៀត​ជា​ថ្នូរ​គេ​ឲ្យ​ខ្ញុំ​ស​សេរ​លិខិត​សុំ​ទោស​» ។

លោក​មេធាវី គី តិច តំណាង​សម្តេច​តេ​ជោ ហ៊ុន សែន មាន​ប្រសាសន៍​ថា​៖ សាលាឧទ្ធរណ៍​បាន​លើក​ឡើង​តែ​ជុំវិញ​ការ​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក គឹ​ម សុខ តែ​ប៉ុណ្ណោះ​ទេ ។ លោក​បាន​អះអាង​ថា តុលាការ​បាន​សួរ​លោក គឹ​ម សុខ ថា​ហេតុ​អ្វី​បានជា​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​ការ​ឃុំខ្លួន​នេះ និង​មិន​សុខចិត្ត​នៅ​ចំណុច​ណា ? លោក​មេធាវី​ដើម​តំណាង​សម្តេច​តេ​ជោ ហ៊ុន សែន អះអាង​ថា នៅ​សាលាឧទ្ធរណ៍​នេះ​លោក​មិន​មាន​ភស្តុ​តាង​អ្វី​ទេ ហើយ​សំណុំរឿង​អង្គសេចក្តី​នៅ​តុលាការក្រុង​ទេ ។

លោក​មេធាវី គី តិច បាន​បញ្ជាក់​ថា ក្រោយ​ពេល​សាកសួរ​លើ​ដីកា​សម្រេច​ឃុំខ្លួន​ជនជាប់ចោទ​ចៅក្រម​សាលាឧទ្ធរណ៍ សម្រេច​តម្កល់​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ទុកជា​បានការ​ដដែល ។ ចំណែក​មេធាវី​ជនជាប់ចោទ​លោក ជួង ជូ​ងី មិន​បាន​ផ្តល់​បទ​សម្ភាសន៍​ដល់​អ្នកកាសែត​ទេ ក្រោយ​ពេល​តុលាការ​សម្រេច​ច្រានចោល​បណ្តឹង​ប្រឆាំង​ការ​ឃុំខ្លួន​របស់​កូនក្តី​លោក​បែប​នេះ និង​មិនដឹង​ថា លោក​បន្ត​ប្តឹង​ប្រឆាំង​ការ​សម្រេច​របស់​សាលាឧទ្ធរណ៍​ទៅ​តុលាការ​កំពូល​ទៀត​ឬ​បែប​ណា​ទេ ៕