ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេខ្លោង​ម៉ាហ្វីយ៉ា​ចិន​ភ្លាត់ស្នៀត តម្រិះ​ជិះ​ក​ឯង

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​០៦ មីនា​២០១៧ បាន​បញ្ជូន​ជនសង្ស័យ​ជា​ជនជាតិ​ចិនចំនួន​៤​នាក់ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​បង្ខាំង​មនុស្ស​ខុសច្បាប់ និង​ជំរិត​ទារប្រាក់​ជនជាតិ​ចិន​ដូច​គ្នា ។

ជនសង្ស័យ​ជា​ជនជាតិ​ចិន​ទាំង​បួន​នាក់ ១-​ឈ្មោះ ទីង ឈូ​យៀន (DING CHUNYAUN) ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ​, ២-​ឈ្មោះ ចាង ចៀន​វិ​ន (ZHANG JIANWEN) ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ​, ឈ្មោះ ហៅ ប៉​ស៊ឺ (HAO BOSHI) ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ និង​៤-​ចាង សៀវ​ហ្វី (ZHANG XIAOFEI) ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ។

ទាក់​ទាក់​ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ ត្រូវ​បាន​មន្ត្រី​កងរាជអាវុធហត្ថ​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​០១ មីនា ២០១៧ ជនសង្ស័យ​ឈ្មោះ ទីង ឈូ​យៀន មានមុខរ​បរជា​ថៅកែ​កាស៊ីណូ ប៊ូល​ឡឺ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ រួម​នឹង​បក្សពួក បាន​ចាប់​ជន​រង​គ្រោះ​ពីរ​នាក់ ជា​ជនជាតិ​ចិន​ដូច​គ្នា ឈ្មោះ ជុន សៀវ​លាង (ZHUN XIAO LIANG) ភេទ​ប្រុស អាយុ​៥១​ឆ្នាំ និង​ឈ្មោះ ចាង ចៀន​ជាង (ZHAN QIAN QIANG) ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មក​ប្រគល់​ឱ្យ​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដោយ​ប្រាប់​ថា ពួក​គេ​ទាំង​ពីរ​នាក់​នេះ និង​ម្នាក់​ទៀត​រត់គេច​ខ្លួន​ឈ្មោះ លូវ ជី​ន​ស៊ិ​ន (LIU JUNSHEN) ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ បាន​ជំពាក់​លុយ​ខ្លួន​(​ទីង ឈូ​យៀន​) សរុប​១,១២០,០០០​ដុល្លារ ។

មន្ត្រី​អាវុធហត្ថ​បន្ត​ថា ក្រោយ​ទទួល​បាន​ពាក្យបណ្តឹង និង​មនុស្ស​ដែល​ចូលខ្លួន​មក​កាន់​ទីបញ្ជាការ​នោះ ការ​ស្រាវជ្រាវ​របស់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​រក​ឃើញ​ថា ករណី​នេះ ជា​ការ​ប្រែ​ក្រឡាស់​គួរ​ឱ្យ​កត់សម្គាល់​ទៅ​វិញ ដោយ​ជនសង្ស័យ​ពីរ​នាក់ ដែល​គេ​ចាប់​មក​ប្រគល់​ឲ្យ​សមត្ថកិច្ច គឺជា​ជន​រង​គ្រោះ រីឯ​ដើមបណ្តឹង​ក្លាយទៅជា​ជនល្មើស និង​ជា​មេខ្លោង​ជម្រិត​ទារប្រាក់​ដ៏​ធំ​នៅ​ស្រុក​ខ្មែរ ។

មន្ត្រី​អាវុធហត្ថ​បាន​បញ្ជាក់​ទៀត​ថា ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ដែល​គេ​ចាប់​មក​ប្រគល់​ឱ្យ​សមត្ថកិច្ច គឺ​ម្នាក់​ឈ្មោះ ជុន សៀវ​លាង ជា​ថៅកែ​ក្រុមហ៊ុន​នៅ​ប្រទេស​ចិន ហើយ​ត្រូវ​បាន​គេ​ល្បួង​ឱ្យមក​លេងល្បែង​នៅ​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ជាប់​ព្រំដែន​ថៃ កាលពី​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០១៦ រហូត​ចាញ់​លុយ​អស់ពី​ខ្លួន និង​ជំពាក់​កាស៊ីណូ ៧៧​ម៉ឺន​ដុល្លារ ត្រូវ​បាន​ឈ្មោះ ទីង ឈូ​យៀន ជា​ថៅកែ​កាស៊ីណូ បញ្ជា​ឱ្យ​បក្សពួក​ចាប់ខ្លួន​យក​ទៅ​ឃុំឃាំង​ក្នុង​ទ្រុង​ឆ្កែ កាលពី​ថ្ងៃ​ទី​០៥ ខែមករា ឆ្នាំ​២០១៧ នៅផ្ទះ​ល្វែង​មួយ​មិន​ឆ្ងាយ​ពី​កាស៊ីណូ​ប៉ុន្មាន​ទេ ដើម្បី​គំរាម​ទារប្រាក់​ពី​ប្រពន្ធ​ដែល​នៅ​ឯ​ប្រទេស​ចិន តាម​រយៈ​ការ​បញ្ជូន​សារ និង​រូបភាព​តាម​ប្រព័ន្ធ​វី​ឆាត​ទៅ​ប្រពន្ធ​ជន​រង​គ្រោះ ។

រីឯ​ម្នាក់​ទៀត​ឈ្មោះ ចាង ចៀន​ជាង គឺជា​កូនចៅ​ផ្ទាល់​របស់​ថៅកែ​កាស៊ីណូ (​ទីង ឈូ​យៀន​) ដែល​គេ​ឱ្យ​នៅ​យាម​ឈ្មោះ ជុន សៀវ​លាង និង​ជនជាតិ​ចិន​ម្នាក់​ទៀត​ឈ្មោះ ឡូ​វ ជី​ន​ស៊ិ​ន ដែល​ជាប់​ក្នុង​ទ្រុង​ឆ្កែ​ដូច​គ្នា ព្រោះ​ជំពាក់​លុយ​កាស៊ីណូ​៣០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។ ដោយ ចាង ចៀន​ជាង ជា​អ្នកយាម ក៏​ជំពាក់​លុយ ទីង ឈូ​យៀន ចំនួន​១៥​ម៉ឺន​ដុល្លារ​ផង​ដែរ ទើប​នៅ​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៧ ពួក​គេ​ទាំង​បី​នាក់ បាន​រៀប​គំរោង​រត់គេច​ខ្លួន​ជាមួយ​គ្នា​មក​ភ្នំពេញ ដើម្បី​សុំ​សិទ្ធិ​ទៅ​ប្រទេស​ចិន​វិញ​ពី​ស្ថានទូត ព្រោះ​លិខិតឆ្លងដែន ពួក​គេ​ត្រូវ​បាន​គេ​ដក​យក​អស់ តែ​ត្រូវ ទីង ឈូ​យៀន ចាប់​បាន​ពីរ​នាក់ ។ រីឯ​ឈ្មោះ ឡូ​វ ជី​ន​ស៊ិ​ន រត់គេច​ខ្លួន​ផុត ។

ក្រោយ​ពេល​ស្រាវជ្រាវ​យ៉ាង​ល្អិតល្អន់ សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​រក​ឃើញ​ថា ឈ្មោះ ទីង ឈូ​យៀន ជា​មេខ្លោង រួម​ជាមួយ​បក្សពួក​ម្នាក់​ទៀត​ឈ្មោះ ចាង ចៀន​វិ​ន​, ចាង សៀវ​ហ្វី និង ហៅ ប៉​ស៊ឺ គឺជា​ក្រុម​ម៉ាហ្វីយ៉ា​ចំ​តួ ដែល​តែងតែ​ធ្វើ​សកម្មភាព​ចាប់ជំរិត​ជនជាតិ​ចិន​ដូច​គ្នា និង​ជនបរទេស​ផ្សេង​ទៀត ប្រចាំ​នៅ​ស្រុក​ខ្មែរ ។

ហើយ​ក្រុម​នេះ គឺជា​ក្រុម​តែ​មួយ ជាមួយ​ក្រុម​ម៉ាហ្វីយ៉ា​ចាប់ជម្រិត​៥​នាក់​ផ្សេង​ទៀត ដែល​អាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្លាប់​បង្ក្រាប​បាន​កាលពី ខែធ្នូ ឆ្នាំ​២០១៥ ព្រមទាំង​រំដោះ​ជន​រង​គ្រោះជា​ជនជាតិ​ចិន បាន​០៣​នាក់​ផង​ដែរ​នា​ពេល​នោះ ។

បន្ទាប់​ពី​បាន​ចម្លើយ​គ្រប់គ្រាន់ និង​បញ្ជាក់​យ៉ាង​ច្បាស់​ថា ជនសង្ស័យ​៤​នាក់​ដែល​មានឈ្មោះ ទីង ឈូ​យៀន ថៅកែ​កា​សុ​ី​ណូ​ជា​មេខ្លោង ពាក់ព័ន្ធ​រៀប​គំរោង​ចាប់​បង្ខាំង​មនុស្ស ដើម្បី​ជម្រិត​ទារប្រាក់ មិន​ខុស​ពាក្យ​ថា​(​ខ្លួនឯង​ចោរ ចាប់​គេ​យក​មក​ស្រែ​កថា​ចោរ​)​នោះ ត្រូវ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​កសាង​សំណុំ​រឿ​ង​បញ្ជូន​ទៅ​តុលាការ​តាម​នីតិវិធី​ដែល​មិន​ខុស​ពី​ពាក្យ​ថា «​ចំណេះ​ជិះ​ក​ឯង​ឡើយ​» ៕