ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​រក្សា​ការ​ផលិត​ស្រូវ និង​កាហ្វេ​ដោយ​និរន្តរភាព​តាម​រយៈ​មូលនិធិ

7 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ ប្រាក់​កម្ចីសម្បទាន​ពី​ធនាគារពិភពលោក នឹង​ជួយ​គាំទ្រ​ដល់​ផលិតផល​នាំ​ចេញ ។ វៀតណាម​កំពុង​រៀបចំ​គម្រោង​បង្កើត​មូលនិធិ​៣០០​លាន​ដុល្លារ​អា​មេ​រិ​ក​ដើម្បី​រក្សា​បាន​នូវ​ការ​ផលិត​ស្រូវ និង​

ប្រទេស​វៀតណាម ៖ ប្រាក់​កម្ចីសម្បទាន​ពី​ធនាគារពិភពលោក នឹង​ជួយ​គាំទ្រ​ដល់​ផលិតផល​នាំ​ចេញ ។ វៀតណាម​កំពុង​រៀបចំ​គម្រោង​បង្កើត​មូលនិធិ​៣០០​លាន​ដុល្លារ​អា​មេ​រិ​ក​ដើម្បី​រក្សា​បាន​នូវ​ការ​ផលិត​ស្រូវ និង​កាហ្វេ​ប្រកបដោយ​និរន្តរភាព ដែល​ជា​ផលិតផល​នាំ​ចេញ​ចម្បង​ក្នុង​រយៈពេល​៤​ឆ្នាំ​ខាង​មុខ ។ នេះ​បើ​តាម Vietnam Plus ។

គ្រោះ​រាំង​ស្ងួត ការ​កើនឡើង​នៃ​ជាតិ​ប្រៃ​ក្នុង​ដី និង​ការ​ផ្តល់​ហិរញ្ញប្បទាន​ទន់ខ្សោយ​បាន​រំខាន​ដល់​ការ​ផលិត​ទំនិញ និង​ប៉ះពាល់​ដល់​ជីវិត​រស់នៅ​របស់​កសិករ​រាប់​លាន​នាក់​ក្នុង​តំបន់​ខ្ពង់រាប និង​ដីសណ្ដ​ទន្លេមេគង្គ សម្រាប់​ការ​ធ្វើ​ដំណាំ​ស្រូវ​ជាង​១​ឆ្នាំ​កន្លង​មក ។ វៀតណាម គឺជា​អ្នក​ផលិត​កាហ្វេ​ប្រភេទ​រ៉ូ​បឺ​ស្តា​ធំ​បំផុត​របស់​ពិភពលោក និង​ជា​ប្រទេស​នាំ​ចេញ​អង្ករ​ធំ​ជាងគេ​ទី​៣ បន្ទាប់​ពី​ឥណ្ឌា និង​ថៃ ។

សមាគម​អភិវឌ្ឍន៍​អន្តរជាតិ​របស់​ធនាគារពិភពលោក នឹង​ផ្តល់​ប្រាក់​កម្ចី​ប្រមាណ​២៣៧,៣​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​រដ្ឋាភិបាល​វៀតណាម​នឹង​បន្ថែម​ប្រាក់​២៨,៨​លាន​ដុល្លារ និង​ស្វែងរក​ប្រាក់​ប្រមាណ​៣៥​លាន​ដុល្លារ​ពី​វិស័យ​ឯកជន ។ នេះ​បើ​តាម Vietnam Plus ។
ប្រាក់​កម្ចី​រយៈពេល​វែង និង​មធ្យម​នេះ នឹង​ជួយ​ពង្រឹងគុណភាព​អង្ករ​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​កែ​ច្នៃ​ក្នុង​ខេត្ត​តំបន់​ដីសណ្ដ​ទន្លេមេគង្គ​ទាំង​៨ និង​គាំទ្រ​ការ​ដាំ​កាហ្វេ​ឡើង​វិញ​នៅ​ខេត្ត​៥ ក្នុង​តំបន់​ខ្ពង់រាប​ភាគ​កណ្តាល ។

របាយការណ៍​នេះ​ឱ្យ​ដឹង​ថា ធនាគារ​វិនិយោគ និង​អភិវឌ្ឍន៍​វៀតណាម ដែល​គ្រប់គ្រង​មួយ​ផ្នែក​ធំ​ដោយ​ឯកជន​ជាមួយ​ទ្រព្យសកម្ម នឹង​ចែកចាយ​មូលនិធិ​តាម​រយៈ​ធនាគារ​ក្នុងស្រុក​ជា​ច្រើន ។

ទិន្នផល​កាហ្វេ​ក្នុង​ប្រទេស​វៀតណាម​នៅ​ឆ្នាំ​២០១៦-២០១៧ ត្រូវ​បាន​គេ​ព្យាករ​ថា នឹង​ធ្លាក់​ចុះ​១១%​ពី​រដូវ​មុន ស្មើនឹង​១,៥៣​លាន​តោន ដោយ​ផ្អែក​លើ​របាយការណ៍​ចងក្រង​ដោយ​អង្គការ​កាហ្វេ​អន្តរជាតិ ។ កាហ្វេ​វៀតណាម​ស្មើ​ប្រហែល​២០% នៃ​ទិន្នផល​កាហ្វេ​នៅ​លើ​ពិភពលោក ។

សមាគម​កាហ្វេ និង​កា​កាវ​វៀតណាម​លើក​ឡើង​ថា ការ​ខ្វះខាត​ទឹក​កាលពី​ឆ្នាំ​មុន បាន​ប៉ះពាល់​ដល់​ចម្ការ​កាហ្វេ​វៀតណាម​១​ភាគ​៥ និង​ទិន្នផល​អាច​ធ្លាក់​ចុះ​ពី​១០%-២០%​ក្នុង​ឆ្នាំ​២០១៥-២០១៦ ។ ការ​ដាំ​ដុះ​របស់​ប្រទេស​នេះ គឺ​ចាប់ពី​ខែតុលា ដល់​ខែកញ្ញា ។

ទឹក​នៅ​តំបន់​ដីសណ្ត​ទន្លេមេគង្គ​បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត​កាលពី​ឆ្នាំ​មុន ដោយសារ​តែ​បាតុភូត​អាកាសធាតុ ដែល​ធ្វើ​ឲ្យ​ទឹកសមុទ្រ​ជ្រាប​ចូល​ជាង​៩០​គីឡូម៉ែត្រ​ពី​មាត់សមុទ្រ​។ តំបន់​ដីសណ្ត​អាច​បង្កើត​ទិន្នផល​ស្រូវ​ជាង​ពាក់កណ្តាល ហើយ​៩០%​នៃ​ទិន្នផល​នេះ គឺ​សម្រាប់​ការ​នាំ​ចេញ ។

ក្រសួងកសិកម្ម​និយាយ​ថា ជាតិ​ប្រៃ​នៅ​ក្នុង​ដី​ច្រើន​បាន​បន្ថយ​ទិន្នផល​ស្រូវ​ចំនួន​៤៣,៦​លាន​តោន​កាលពី​ឆ្នាំ​២០១៦ ៕