ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ចាក​ចេញពី​គណបក្ស​សង្គ្រោះ​ជាតិ​ទាមទារ​ឱ្យ​លោក កឹ​ម សុខា ប្រធាន​បក្ស​លាលែង

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក សួង សុ​ភ័​ណ្ឌ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ទៀត​នៅ​ថ្ងៃ​ទី​៦ ខែមីនា បាន​ថ្លែងប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា

រាជធានី​ភ្នំពេញ ៖ លោក សួង សុ​ភ័​ណ្ឌ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ទៀត​នៅ​ថ្ងៃ​ទី​៦ ខែមីនា បាន​ថ្លែងប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា លោក​បាន​សម្រេចចិត្ត​លាលែងពី​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ផ្លូវការ និង​ទាមទារ​ឱ្យ​លោក កឹ​ម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ចុះ​ចេញ​តួនាទី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ។

លោក​អះអាង​ថា ទ​ង្វើ​របស់​លោក​ប្រធាន កឹ​ម សុខា ពេល​នេះ​ដូច​ជា​ឈ្នាន់​របស់​គណបក្សកាន់អំណាច បន្ទាប់​ពី​មាន​ភាព​ស្និទ្ធស្នាល​របស់ លោក កឹ​ម សុខា នឹង​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ។

លោក សួង សុ​ភ័​ណ្ឌ ជា​អតីត​បេក្ខជន​តំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន​ក្នុង​អាណត្តិ​ទី​៥នៃ​រដ្ឋសភា តែ​មិន​បាន​ទទួល​អាសនៈ​ទេ ។ ​លោកក៏​ជា​មន្ត្រីជាន់ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​សកម្មជន​នៃ​គណបក្ស សម រ​ង្ស៊ីមុន​ពេល​ចូល​មក​គណបក្ស​សង្គ្រោះ​ជាតិ ។ លោក សួង សុ​ភ័​ណ្ឌ ជា​មន្ត្រីជាន់ខ្ពស់​ទី​៤​ដែល​បាន​សម្រេចចិត្ត​ដើរ​ចេញពី​បក្ស​ប្រឆាំង​នេះ ។

ក្នុង​បទ​សម្ភាសន៍​ដាច់​ដោយឡែក​ជាមួយ​កោះសន្តិភាព លោក សួង សុ​ភ័​ណ្ឌ ថ្លែង​ថា លោក​ជា​ប្រធាន​ក្រុមការងារ​និង​ជា​អតីត​បេក្ខជន​តំណាងរាស្ត្រ​ឈរឈ្មោះ​បោះ​ឆ្នោត​នៅ​មណ្ឌល​ប៉ៃលិន របស់​គណបក្ស​សង្គ្រោះ​ជាតិ ។

លោក សួង សុ​ភ័​ណ្ឌ បាន​លើក​ឡើង​ថា លោក​បាន​តាមដាន​និង​សង្កេត​ឃើញ​ភ័ស្តុតាង​ជា​ច្រើន​បញ្ជាក់​យ៉ាង​ច្បាស់​ថា លោក កឹ​ម សុខា​និង​សម្តេច​តេ​ជោ ហ៊ុន សែន ជា​មនុស្ស​តែ​មួយ​ឬ​លោក កឹ​ម សុខា ធ្វើ​អ្វី​តាម​បញ្ជា​របស់​សម្តេច​ហ៊ុន សែន ដោយ​រៀបចំ​បំបែក​លោក សម រ​ង្ស៊ី​ចេញពី​ឆាកនយោបាយ​កម្ពុជា ដែល​លោក​ជា​អ្នកនយោបាយ​ស្នេហា​ជាតិ​ពិតប្រាកដ ។

នៅ​ពេល​សួរ​ទៀត​ថា លោក​នឹង​បន្ត​នយោបាយ​ទៀត​ជាមួយ​គណបក្ស​មួយ​ណា​ទេ​នៅ​ពេល​ចេញពី​គណបក្ស​សង្គ្រោះ​ជាតិ ? លោក សួង សុ​ភ័​ណ្ឌ បាន​លើក​ឡើង​ថា លោក​មិន​បញ្ចប់ជីវិត​នយោបាយ​របស់​លោក​នៅឡើយ​ទេ ។

លោក​និយាយ​ថា «​ជីវិត​នយោបាយ​គឺជា​ជីវិតរបស់ខ្ញុំ​»  តែ​លោក​មិន​បាន​បញ្ជាក់​ថា​លោក​នឹង​ទៅ​ចូលរួម​ជាមួយ​គណបក្ស​ណា​នៅឡើយ​ទេ ។ នៅ​ពេល​សួរ​បន្ត​ថា ឮ​ថា​លោក​ត្រូវ​បាន​គណបក្ស​សង្គ្រោះ​ជាតិ​បណ្តេញ​រូប​លោក​ចេញ​មែន​ទេ ? លោក​ថ្លែង​ថា គណបក្ស​មិន​បាន​បណ្តេញ​លោក​ចេញ​ទេ គ្មាន​ភ័ស្តុតាង​ណា​ដែល​បក្ស​សម្រេច​បណ្តេញ​លោក​ទេ ។

លោក សួង សុ​ភ័​ណ្ឌ បាន​អះអាង​ថា ការ​ចាកចេញ​របស់​លោក​នៅ​ពេល​នេះ ក៏​សូម​ទាមទារឱ្យ​លោក កឹ​ម សុខា លាលែង​ពី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ផង​ដែរ ។ លោក​បញ្ជាក់​ថា​លោក កឹ​ម សុខា គួរ​ចាក​ចេញពី​តួនាទី​ប្រធាន​បក្ស ព្រោះ​មាន​អ្នក​មិន​សប្បាយចិត្ត​ជាមួយ​លោក កឹ​ម សុខា នឹង​បន្ត​ចាកចេញ​ទៀត ។

ចំណែក​លោក អេ​ង ឆៃ​អ៊ា​ង អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ថា លោក​មិនសូវចាប់អារម្មណ៍​ចំពោះ​ការ​លាលែង​និង​ការ​លើកឡើង​របស់​លោក សួង សុ​ភ័​ណ្ឌ ទេ ។ លោក​បាន​ថ្លែង​យ៉ាង​ខ្លី​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​៦ ខែមីនា ថា «​ខ្ញុំ​ឆ្ងល់ថា ការ​លាលែង​របស់​លោក សួង សុ​ភ័​ណ្ឌ នេះ​មានអី​សំខាន់ ព្រោះ​គ្មាន​តួនាទី​អ្វី​នៅ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​ទេ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣​ហ្នឹង ។ បើ​គាត់​មាន​តួនាទី​នៅ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ ថា​មានការ​សំខាន់ នេះ​អត់​មាន​តួនាទី​អ្វី​ផង​» ។

លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ថ្លែង​ថា នេះ​គ្រាន់តែ​ជា​ការ​បញ្ចេញមតិ​របស់​បុគ្គល​លោក សួង សុ​ភ័​ណ្ឌ ដែល​ទាមទារ​ឱ្យ​មេ​បក្ស​គាត់​ចុះ តែ​សមាជ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ជ្រើសរើស​លោក កឹ​ម សុខា ជា​ប្រធាន​ហើយ ។ លោក​អះអាង​ថា អ្នក​បញ្ចេញមតិ​ត្រូវ​គោរព​សិទ្ធិ​អ្នក​ដទៃ និង​គោរព​ច្បាប់ ។ លោក​លើក​ឡើង​ថា នេះ​ជា​បញ្ហា​ផ្ទៃក្នុង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទេ ៕