ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​ទៅ​ជួយ​លើកទឹកចិត្ត​ក្រុម​នាគ​ខៀវ​បឹង​កេ​ត​ជួប​ក្រុម​Global FC នៅ​ស្តា​ត​អូ​ឡាំ​ពិ​ក​ល្ងាចស្អែក​នេះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​លេង​ចាញ់​ក្រុមខ្លា​កំណាច​ភាគ​ខាងត្បូង​(Johor Darul Ta’zim FC)​មក​ពី​លី​គ​កំពូល​ម៉ា​ឡេ​ស៊ី​ដោយ​លទ្ធផល០-៣​ក្នុង​ជំនួប​បើក​ឆាក​វគ្គ​ចែក​ពូ​ល​F​នៃ​ពានរង្វាន់​AFC Cup 2017 ដែល

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​លេង​ចាញ់​ក្រុមខ្លា​កំណាច​ភាគ​ខាងត្បូង​(Johor Darul Ta’zim FC)​មក​ពី​លី​គ​កំពូល​ម៉ា​ឡេ​ស៊ី​ដោយ​លទ្ធផល០-៣​ក្នុង​ជំនួប​បើក​ឆាក​វគ្គ​ចែក​ពូ​ល​F​នៃ​ពានរង្វាន់​AFC Cup 2017 ដែល​ជា​ពាន​លំដាប់​ទី​២សម្រាប់​ក្លិប​បាល់ទាត់​ប្រចាំ​ទ្វីប​អា​សុ​ី​កាលពី​យប់​ថ្ងៃ​ទី​២១ កុម្ភៈ នៅ​កីឡដ្ឋាន​Tan Sri Dato’Haji Yunos Stadium ប្រទេស​ម៉ា​ឡេ​ស៊ី​រួច​មក ក្រុម​នាគ​ខៀវ​បឹង​កេ​ត​(​បឹង​កេ​ត​អង្គរ​)​នឹងបើកទ្វារ​ទទួល​ក្រុម​Global FC​មក​ពី​លី​គកំពូល​ហ្វ៊ី​លី​ពី​ន នា​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​៧ មីនា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ។

ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃ​ទី​៦ មីនា នេះ លោក ឃួ​ន ឡា​បូ​រ៉ា​វី ប្រធាន​ក្រុម​បឹង​កេ​ត​អង្គរ បានឱ្យ​ដឹង​ថា បើ​ទោះជា​ក្រុម​របស់​លោក បាន​ចាញ់​នៅ​ក្នុង​ការ​ប្រកួត​ជុំ​ទី​១​ក៏​ពិតមែន ប៉ុន្តែ​លោក​នៅ​តែ​មាន​ជំនឿ​ចិត្ត​លើ​កូនក្រុម​របស់​លោក​យ៉ាង​មុតមាំ​ក្នុង​ជំនួប​ប្រកួត​ជាមួយ​ក្រុម​Global FC​ល្ងាច​នេះ តែលោក​ដឹង​ថា​នឹង​ជួប​ការ​លំបាក​ច្រើន​ដោយសារ​តែ​ក្រុម​មក​ពី​ប្រទេស​ហ្វ៊ី​លី​ពី​ន​មួយ​នេះ គឺជា​ក្រុម​ខ្លាំង​បាន​ឡើង​មក​ដល់​វគ្គ​៤​ក្រុម​ចុង​ក្រោយ​កាលពី​ឆ្នាំ​២០១៥​ទៀត​ផង ។ លោក​និង​កូនក្រុម​លោក​ប្ដេជ្ញា​ថា នឹង​ប្រកួត​ឱ្យ​អស់ពី​សមត្ថភាព​ដើម្បី​មុខមាត់​ប្រទេស​យើង ។

លោក John Mc Glynn គ្រូបង្វឹក​ក្រុម​បឹង​កេ​ត​អង្គរ​បាន​សម្ដែង​ការ​ព្រួយបារម្ភ​ខ្លះ​ៗ​ ដោយសារ​តែ​ក្រុម​ភ្ញៀវ​មួយ​នេះ​ក៏​ត្រូវការ​៣​ពិន្ទុ​ដើម្បី​បាន​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​ទៀតដែរ ។

ទោះបី​យ៉ាងណា​លោក​ថា សម្រាប់​ការ​ប្រកួត​លើក​នេះ​ក្រុម​លោក​មាន​ប្រៀប​ជាង​បន្តិច​ដោយសារ​តែ​យើង​មាន​កីឡាករ​ទី​១២​ក្នុង​នាម​ជា​ម្ចាស់ផ្ទះ ។

លោក Toshiaki Imai គ្រូបង្វឹក​ក្រុម​Global FC​បាន​ថ្លែង​ថា ការ​ប្រកួត​លើក​នេះ​ពិតជា​លំបាក​បន្តិច​ហើយ​សម្រាប់​ក្រុម​Global FC​ដោយសារ​តែ​កីឡាករ​របស់​លោក​មាន​របួស​ច្រើន​គឺ​មាន​តែ​១៦​នាក់​ប៉ុណ្ណោះ​ដែល​មក​ប្រកួត ដូច្នេះ​មាន​តែ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ត្រ​លេង​ទេ ទើប​អាច​ទៅ​រួច ។ លោក​គិត​ថា ក្រុម​បឹង​កេ​ត​អង្គរ​មាន​កីឡាករ​បរទេស​ល្អ​ៗ​ច្រើន ហើយ​នៅ​មាន​ខ្សែប្រយុទ្ធ​ដ៏​ឆ្នើម​ប្រចាំ​ក្រុម​មួយ​រូប​ទៀត គឺ ឃួ​ន ឡា​បូ​រ៉ា​វី ជា​កីឡាករ​ដ៏​គ្រោះថ្នាក់​បំផុត​សម្រាប់​ក្រុម​របស់​លោក ។

គួរ​រំលឹក​ផង​ដែរ​ថា ក្លិប​Global FC បង្កើត​ឡើង​នៅ​ឆ្នាំ​២០០០ មាន​កីឡដ្ឋានឈ្មោះ​Cebu City Sports Cente​ស្ថិតនៅ​ទីក្រុង Cebu City ប្រទេស​ហ្វ៊ី​លី​ពី​ន ។ បច្ចុប្បន្ន​ក្លិប​កំពុង​លេង​ក្នុង​លី​គ​កំពូលហ្វ៊ី​លី​ពី​ន​(Philippines Football League) ដែល​គ្រោង​ចាប់ផ្ដើម​រដូវ​កាល​ថ្មី​នៅ​អំឡុង​ខែមេសា ។

តាំងពី​បង្កើត​ឡើង​រហូត​មក​ដល់​ពេល​នេះ សម្រាប់​ពានរង្វាន់​ក្នុងស្រុក ក្លិប​Global FC ធ្លាប់ឈ្នះ​ពាន​ជើងឯក​លី​គ​កំពូល​ហ្វ៊ី​លី​ពី​ន​ចំនួន​៣​លើកនៅ​ឆ្នាំ​២០១២, ២០១៤ និង​២០១៦ និងឈ្នះ​ពាន​លី​គ​លំដាប់​ទី​២​ហ្វ៊ី​លី​ពី​ន​ចំនួន​១​លើក​។ ជាមួយ​ពាន​Cup ក្លិប​ដែល​មាន​រហស្សនាម​The People’s Club មួយ​នេះ​ធ្លាប់​ឈ្នះ​UFL Cup ចំនួន​២​លើក​នៅ​ឆ្នាំ​២០១០ និង​២០១៦ និង​ធ្លាប់​ឈ្នះ​ពាន​UFL FA Cup ១​លើកនៅ​ឆ្នាំ​២០១៤​។

ជាមួយ​ពានរង្វាន់​ក្រៅ​ស្រុក ក្លិប​Global FC ធ្លាប់​បាន​ចូល​លេង​វគ្គ​ចែក​ពូ​ល​ពានរង្វាន់ AFC Cup ម្ដង​កាលពី​ឆ្នាំ​២០១៥​កន្លង​ទៅ និង​ធ្លាប់​ចូល​លេង​វគ្គ​ចែក​ពូ​ល​ពានរង្វាន់
AFC President’s Cup ម្ដង និង​ចុងក្រោយ​បាន​ចូលរួម​ប្រកួត​ពានរង្វាន់​AFC Champion League​តែ​ធ្លាក់​ត្រឹម​វគ្គជម្រុះ​ជុំ​ទី​២​។ បច្ចុប្បន្ន ក្លិប​Global FC​មាន​កីឡាករ​សរុប​ចំនួន​២៦​នាក់​ក្នុង​នោះ​កីឡាករ​បរទេស៦​នាក់​(​ជនជាតិ​កា​ម៉េ​រូ​ន​ម្នាក់​, ហូ​ឡង់​ម្នាក់​, ប្រេ​សុ​ី​ល​ម្នាក់​, អូស្ត្រាលី​ម្នាក់ និង​ជប៉ុន​២​នាក់​)​។ ក្រៅពី​នេះ​មាន​កីឡាករ​មក​ពី​ក្រុម​ជម្រើសជាតិរហូត​ដល់​ទៅ​៧​នាក់ ។

សូម​បញ្ជាក់​ថា ជា​បណ្ដោះអាសន្ន​ក្រុម​បឹង​កេ​ត​អង្គរ គ្មាន​ពិន្ទុ​ក្នុង​ដៃ​នៅឡើយ​ទេ ដោយសារ​ប្រកួត​ទី​១ ក្នុង​ពូ​ល​F ចាញ់​ក្រុម​ម៉ា​ឡេ​ស៊ី Johor Darul Ta’zim ដោយ​លទ្ធផល ៣-០ ។ ចំណែក​ក្រុម Global FC កំពុង​តែ​ស្ថិត​ក្នុង​លេខ​រៀង​ទី​២ និង​មាន​៣​ពិន្ទុ​ដូច​ក្រុម​កំពូល​តារាង​Johor Darul Ta’zim ដែរ ក្រោយ​យកឈ្នះ​ក្រុម​ខ្លាំង​មី​យ៉ា​ន់​ម៉ា​Magwe FC ដោយ​លទ្ធផល​១-០ កាលពី​ប្រកួត​បើក​ឆាក ។

ដូច្នេះ​សូម​រង់ចាំ​មើល​ថា ​តើ​ល្ងាចស្អែក​នេះ ក្រុម​បឹង​កេ​ត​អង្គរ​របស់​កម្ពុជា ឬ​ក្រុម Global FC ហ្វ៊ី​លី​ពី​ន​នឹង​ទទួល​បាន​៣​ពិន្ទុ​បន្ថែម​ដើម្បី​បង្កើន​ក្ដី​សង្ឃឹម​ឡើង​ទៅ​វគ្គ​បន្ដ ៕