ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​អកុសល​មើល​មិនឃើញ រថយន្ត​ធុន​ធ្ងន់​ដឹក​ដំឡូង​មី ថយ​កិន​ថៅកែ​ស្រី​ស្លា.ប់

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ ស្ត្រី​ជា​ឈ្មួញកណ្ដាល​ម្នាក់ បាន​ស្លា.ប់​ដោយសារ​រថយន្ត​ដឹក​ដំឡូង​មី​របស់​ខ្លួន​បែក​កំណល់​រអិល​ថយក្រោយ​កិន​លើ​ដងខ្លួន ខណ​:​កំពុង​ជួសជុល

ខេត្តបាត់ដំបង ៖ ស្ត្រី​ជា​ឈ្មួញកណ្ដាល​ម្នាក់ បាន​ស្លាប់​ដោយសារ​រថយន្ត​ដឹក​ដំឡូង​មី​របស់​ខ្លួន​បែក​កំណល់​រអិល​ថយក្រោយ​កិន​លើ​ដងខ្លួន ខណ​:​កំពុង​ជួសជុល កាលពី​វេលា​ម៉ោង៦​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​៥ មីនា នៅ​ភូមិ​ស្រែ​ជី​ពៅ ឃុំ​មាន​ជ័យ ស្រុក​សំឡូត ។

មន្ត្រី​កងរាជអាវុធហត្ថ​បាន​រាយការណ៍​ថា ស្ត្រី​រង​គ្រោះ​ឈ្មោះ​នៅ ស្រី​មុំ អាយុ​៣៥​ឆ្នាំ ជា​ឈ្មូ​ញ​ដើរ​ទិញ​ដំឡូង​មី រស់នៅ​ភូមិ​អូរ​សំរិល​ក្រោម ឃុំ​អូរ​សំរិល ស្រុក​សំឡូត​។ មន្ត្រី​ដដែល​បន្ត​ថា ស្ត្រី​រង​គ្រោះ​ត្រូវ​រថយន្ត​ដឹក​ដំឡូង​របស់​ខ្លួន​រអិល​ថយក្រោយ​កិន​បែក​ដងខ្លួន​បណ្ដាល​ឲ្យ​ស្លាប់ ខណ​:​ប្ដី​របស់​គាត់​កំពុង​ជួសជុល​រថយន្ត​នៅ​លើ​ចិញ្ចើម​ផ្លូវ​។ ប្រភព​ដដែល​បញ្ជាក់​ថា រថយន្ត​ដឹក​ដំឡូង​របស់​គាត់​ដាច់​កាឡេ ហើយ​ប្ដី​របស់​គាត់​ឈ្មោះ​សំ សុផល អាយុ​៣៩​ឆ្នាំ បាន​ឈប់​ក្បែរ​ចិញ្ចើមថ្នល់​ដើម្បីជួសជុល ។ លុះ​ពេល​ប្រពន្ធ​ជិះ​ម៉ូតូ​ទៅ​ឈប់​ពីក្រោយ ស្រាប់តែ​រថយន្ត​រអិល​ថយក្រោយ​កិន​ប្រពន្ធ​ស្លាប់​ភ្លាម​តែ​ម្ដង ។

សាក្សី​បាន​និយាយ​ថា ដំបូង​គេ​ឃើញ​ប្ដី​ស្ត្រី​រង​គ្រោះ​កំពុង​ជួសជុល​រថយន្ត ហើយ​ភ្លាម​នោះ​គេ​ឃើញ​ប្រពន្ធ​ជិះ​ម៉ូតូ​ទៅ​ឈប់​ខាងក្រោយ​រថយន្ត​។ ពេល​នោះ​ស្ត្រី​រង​គ្រោះ​បាន​ចុះ​ពី​ម៉ូតូ​ដើរ​យក​កូនសោ​ឲ្យ​ទៅ​ប្ដី តែ​ចៃដន្យ​ពេល​នោះ​កំណល់​កង់​រថយន្ត​ខាងក្រោយ​បាន​បែក​ធ្វើ​ឲ្យ​រថយន្ត​រអិល​ថយក្រោយ ។ សាក្សី​បញ្ជាក់​ថា ពេល​ឃើញ​ដូច្នេះ​ស្ត្រី​រង​គ្រោះ​បានរ​ត់ទៅ​អូស​ម៉ូតូ​ចេញ​ក៏​ត្រូវ​រថយន្ត​របស់​ខ្លួន​កិន​ពេញទំហឹង​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​ក្រោម​កង់​យ៉ាង​អាណោចអាធ័ម ។

មន្ត្រី​កងរាជអាវុធហត្ថ​បាន​បញ្ជាក់​ថា ករណី​គ្រោះថ្នាក់​ខាងលើ​នេះ​គឺ​កើតឡើង​ដោយ​ចៃដន្យ​បំផុត ។ ប៉ុន្តែ​ក្រោយ​កើតហេតុ មន្ត្រី​នគរបាល​ចរាចរណ៍​បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ​ភ្លាម​ៗ​ដែរ ។ បន្ទាប់​មក​មន្ត្រី​ជំនាញ​បាន​នាំ​យក​រថយន្ត​ទៅ​រក្សា​ទុក​បណ្ដោះអាសន្ន មុន​ពេល​ប្រគល់​ឲ្យ​ទៅ​ម្ចាស់​ដើម​វិញ ៕