ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាន​ប្រពន្ធ​សាច់​សខ្ចី ផ្ទុះ​ភ្លើង​ប្រចណ្ឌ​ក្លាយជា​ឃាតករ​ក្នុង​ដី​ថៃ

7 ឆ្នាំ មុន

ខេត្ដបន្ទាយមានជ័យ ៖ បុរស​ម្នាក់​ទើប​រៀប​ការ​ថ្មី​ៗ បាន​ប្រពន្ធ​សាច់​សខ្ចី នាំ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ក៏​កើតរោគ​ប្រចណ្ឌ ហើយ​ក្លាយ​ខ្លួន​ជា​ឃាតករ​ដ៏​កំណាច​មួយ

ខេត្ដបន្ទាយមានជ័យ ៖ បុរស​ម្នាក់​ទើប​រៀប​ការ​ថ្មី​ៗ បាន​ប្រពន្ធ​សាច់​សខ្ចី នាំ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ក៏​កើតរោគ​ប្រចណ្ឌ ហើយ​ក្លាយ​ខ្លួន​ជា​ឃាតករ​ដ៏​កំណាច​មួយ ។
ក្នុង​ហេតុការណ៍​នេះ ស្ត្រី​ម្នាក់​បាន​ស្លាប់​បន្ទាប់​ពី​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​ដោយសារ​មនុស្ស​មួយ​ក្រុម​ព្រួត​គ្នា​កាប់ និង​វាយ​ឲ្យ​រង​របួសធ្ងន់​លើ​ទឹកដី​ថៃ ក្នុង​កំហឹង​ភ្លើង​ប្រចណ្ឌ
មួយ ។ ស្ដ្រី​រង​គ្រោះ​ឈ្មោះ ជុំ មឿ​ត អាយុ​៤០​ឆ្នាំ ជា​កម្មករ​សំណង់​នៅ​ប្រទេស​ថៃ ក្នុង​ខេត្ត​ប៉ា​ធំ​ថា​នី និង​មាន​ទីលំនៅ​ភូមិ​សាមគ្គី ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ជា​ពលករ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ។ ជន​រង​គ្រោះ​ត្រូវ​គេ​កាប់​របួស​សៀតផ្កា​ខាងស្តាំ និង​វាយ​ជា​ច្រើន​ដំបង ហើយ​ស្លាប់​ពេល​បញ្ជូន​ទៅ​ដល់​មន្ទី​ពេទ្យ ។

ជួប​សម្ភាស​ដល់​លំនៅ​ឋាន​នា​រសៀល​ថ្ងៃ​ទី​៥ មីនា បុរស​ជា​ប្តី​ស្ត្រី​រង​គ្រោះ​ឈ្មោះ សៃ មួ​ត អាយុ​៤០​ឆ្នាំ បាន​អះអាង​ប្រាប់​កោះសន្ដិភាព​ថា ដើមចម​ដែល​បណ្តាល​ឱ្យ​កើត​អំពើ​ហិង្សា​ខាងលើ ដំបូង​មក​ពី​បុរស​ជនជាតិ​ខ្មែរ​ម្នាក់ ជា​កម្មករ​ដូច​គ្នា​ឈ្មោះ សៀវ មិន​ស្គាល់​ត្រកូល បាន​មក​រករឿង​គាត់​ដោយ​ចោទ​ថា បាន​លួច​ស្រឡាញ់​ប្រពន្ធ​របស់​គេ ដែល​ទើប​រៀប​ការ​ថ្មោងថ្មី ខណៈ​គាត់​មិនដឹង​ខ្លួន​ទាល់តែ​សោះ ។

បុរស​ខាងលើ​បន្ត​ថា ក្នុង​ហេតុការណ៍​ផ្ទុះ​ជម្លោះ​នោះ កើតឡើង​នៅ​ម៉ោង​៩​យប់​ថ្ងៃ​ទី​២ មីនា ដោយ​ក្រុម​ជន​ដៃដល់​ទំនងជា​ប៉ុនប៉ង​សម្លាប់​គាត់ ប៉ុន្ដែ​ដោយសារ​មិន​ជួប​គាត់ ទើប​ក្រុម​កំណាច​ទាំងនោះ​ក៏​នាំ​គ្នា​ព្រួត​វាយ និង​កាប់​ប្រពន្ធ​របស់​គាត់​ឲ្យ​របួសធ្ងន់​តែ​ម្តង ដើម្បី​រំសាយកំហឹង​ហើយ​មើលទៅ ។ ចំណែក​កូនច្បង​ស្ត្រី​រង​គ្រោះ​ឈ្មោះ ជុំ ណា​ង ភេទ​ស្រី អាយុ​២៥​ឆ្នាំ ដែល​អះអាង​ថា ស្ថិត​ក្នុង​ហេតុការណ៍​នៅ​ឯ​ប្រទេស​ថៃ​នោះ​ដែរ និយាយ​ថា មុន​កេ​ី​ត​ហេតុ​មាន​បុរស​មួយ​ក្រុម​បាន​មក​សួរ​រក​ឪពុក​របស់​នាង ។ ខណៈ​ម្តាយ​នាង​ចេញ​ទៅ​ជួប ដោយ​និយាយ​ថា បើ​មានរឿង​អ្វី​ចាំ​ជួប​ចរចា​គ្នា​នៅ​ពេល​ព្រឹកស្អែក ។ និយាយ​បាន​ប៉ុណ្ណោះ ស្រាប់តែ​ក្រុម​បុរស​ទាំងនោះ​នាំ​គ្នា​ព្រួត​វាយ និង​កាប់​ម្តាយ​នាង​តែ​ម្តង ។

គ្រួសារ​រង​គ្រោះ​អះអាង​ថា បាន​ស្គាល់​អត្តសញ្ញាណ​ឃាតករ​អស់ហើយ និង​បាន​ដាក់​ពាក្យបណ្តឹង​ទាមទារ​រក​យុត្តិធម៌ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ក្នុង​នោះ​គ្រួសារ​រង​គ្រោះ​ក៏​បាន​អំពាវនាវ​សុំ​មន្ត្រី និង​សមត្ថកិច្ច ក្រសួង​ពាក់ព័ន្ធ មេត្តា​ជួយ​ធ្វើ​យ៉ាងណា​ជួយ​ចាប់​ជន​ដៃដល់ និង​បក្សពួក​ដើម្បី​យក​មក​ផ្តន្ទាទោស​ផង ព្រោះ​ពេល​នេះ​ពួក​គេ​កំពុង​គេចខ្លួន​មក​ពី​ដី​ថៃ​ហើយ ម្នាក់​នៅ​ខេត្តកំពត និង​២​នាក់​ជា​បងប្អូន​បង្កើត​នៅ​ខេត្តបន្ទាយមានជ័យ ។

ជន​រង​គ្រោះ​មិន​ត្រូវ​បាន​សាច់ញាតិ​យក​សព​ត្រឡប់​មក​ស្រុក​ទេ គឺ​បូជា​លើ​ទឹកដី​ថៃ ។ បុរស​ជា​ប្តី និង​កូន​ៗ យក​ធាតុ​មក​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​លំនៅ​ឋាន ៕