ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែកធ្លាយ​សំឡេង សម្តេច​តេ​ជោ​ទទួលស្គាល់​ការ​និយាយ​ជាមួយ​លោក កឹ​ម សុខា តាម Whats App

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​មានការ​លើក​ឡើង​ពី​ការ​សន្ទនា​រវាង​សម្តេច​តេ​ជោ​ហ៊ុន សែន ជាមួយ​លោក កឹ​ម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ថា

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​មានការ​លើក​ឡើង​ពី​ការ​សន្ទនា​រវាង​សម្តេច​តេ​ជោ​ហ៊ុន សែន ជាមួយ​លោក កឹ​ម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ថា ​ជា​សំឡេង​មិន​ពិត​ឬ​ជា​សំឡេង​កាត់ត​នោះ សម្តេច​តេ​ជោ បាន​ប្រកាស​ជា​សាធារណៈ​ថា​ ពិតជា​បាន​ពិភាក្សា​តាម WhatsApp ជាមួយ​លោក កឹ​ម សុខា ប្រាកដ​មែន ។

ការ​ប្រកាស​អះអាង​របស់​សម្តេច​តេ​ជោ ជា​ការ​ឆ្លើយ​តប​ទៅ​កាន់​វិទ្យុ​អាស៊ី​សេរី ដែល​លើក​ឡើង​ថា សំឡេង​នោះ​អាច​ជា​ការ​កាត់ត​។ យោងតាម​គេហទំព័រ Fresh News នៅ​ថ្ងៃ​ទី​៥ ខែមីនា សម្តេច​តេ​ជោ​បាន​អះអាង​សំឡេង​ដែល​បែកធ្លាយ និង​ខ្លឹមសារ​នៃ​កិច្ច​សន្ទនា​ទាំងនោះ​ថា ពិត​១០០​ភាគរយ មិន​មានការ​កាត់ត​ក្លែងក្លាយ​អ្វី​នោះ​ទេ នេះ​ជា​សារ​ជូន​សាធារណ​មតិ​ជ្រាប ។

សម្តេច​បាន​បន្ត​ថា សម្តេច​ទទួលស្គាល់​សំឡេង​នោះ តែ​ប្រសិនបើ​លោក កឹ​ម សុខា ហ៊ាន​ចេញ​មុខ​មក​បដិសេធ សម្តេច​នឹង​បបួល​លោក កឹ​ម សុខា ទៅ​ស្បថ​នៅ​មុខ​ព្រះ​អង្គដង​កើ​តែ​ម្តង ។ សម្តេច​តេ​ជោ បាន​បញ្ជាក់​ថា​ ៖ «​ខ្ញុំ​សូម​ផ្ញើ​ទៅ​កាន់​អាស៊ី​សេរី​ថា នោះ​ជា​សំឡេង​ពិត និង​ខ្លឹមសារ​១០០​ភាគរយ ដែល​ខ្ញុំ​និយាយ​ជាមួយ​លោក កឹ​ម សុខា ។ ខ្ញុំ​សូម​ជូន​សាធារណ​មតិ​ជ្រាប​។ លោក កឹ​ម សុខា ពិតជា​បាន​ធ្វើ​អ្វី​តាម​ការ​ណែនាំ​របស់ខ្ញុំ ដូច​ជា​ការ​បង្ហោះ​សារ​លើ​ហ្វេ​ស​បុក​, ចេញ​សេចក្តីថ្លែងការណ៍​, ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ។​ល​។ នេះ​ជា​លទ្ធផល​នៃ​កិច្ច​ពិភាក្សា​រវាង​លោក កឹ​ម សុខា និង​ខ្ញុំ ។ លោក​តែងតែ​ផ្ញើ​ព័ត៌មាន​ផ្សេង​ៗ​មក​ខ្ញុំ​ជា​មុន​ដូច​ជា ការ​ចេញ​សេចក្តីថ្លែងការណ៍ និង​អ្វី​ផ្សេង​ៗ​មួយ​ចំនួន​ទៀត​» ។

សម្តេច​សង្កត់ធ្ងន់​ថា «​ដោយសារ​នៅ​ស្រុក​ខ្មែរ​មាន​ជឿ​លើ​អបិយ​ជំនឿ ហើយ​ប្រសិនបើ លោក កឹ​ម សុខា ហ៊ាន​ចេញ​មុខ​មក​បដិសេធ​សំឡេង​នៃ​ការ​សន្ទនា​នេះ ខ្ញុំ​នឹង​បបួល​លោក​ទៅ​ស្បថ​នៅ​មុខ​ព្រះ​អង្គ​ដង​កើ​តែ​ម្តង​» ។

ការ​លើក​ឡើង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​តេ​ជោ​ក្រោយ​ពី​បាន​ឆ្លើយ​តប​ភ្លាម​ៗ​តាម​រយៈ​ចូល Comment នៅ​លើ Facebook  គេហទំព័រ​មួយ​ថា​៖ «​ខ្ញុំ​ទទួលស្គាល់​នូវ​សំឡេង​ និង​ខ្លឹមសារ​ដែល​ខ្ញុំ​បាន​និយាយ​ជាមួយ​លោក កឹ​ម សុខា ហើយ​តែ​ត្រង់​លោក កឹ​ម សុខា ទទួលស្គាល់ ឬ​អត់​សុំ​សួរ​ទៅ​គាត់​ផ្ទាល់​»​។

សម្តេច​នាយក​រដ្ឋមន្ត្រី​ដែល​បាន​ប្រើប្រាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «Hun Sen» បាន​ចូល Comment មាន​ខ្លឹមសារ​ទាំងស្រុង​យ៉ាង​ដូច្នេះ​ថា​ ៖ «​ខ្ញុំ​ទទួលស្គាល់​ថា​នេះ​ជា​សំឡេង​ខ្ញុំ​ពិតប្រាកដ​មែន ។ ខ្ញុំ​បាន​និយាយ​ឆ្លង​ឆ្លើយ​ជាមួយ​លោក កឹ​ម សុខា ច្រើន​លើក និង​ឆ្លង​ឆ្លើយ​តាម WhatsApp ច្រើន​ដង ។ ខ្ញុំ​ពិតជា​ភ្ញាក់ផ្អើល​ចំពោះ​ម្ចាស់​ផេ​ក​សីហា ដែល​មាន​សមត្ថភាព​លួច​ស្តាប់​ការ​សន្ទនា​របស់ខ្ញុំ​ជាមួយ​លោក កឹ​ម សុខា ដែល​ម៉ាស៊ីន បែប​នេះ​មាន​តែ​នៅ​អា​មេ​រិ​ក អ៊ី​ស្រាអែ​ល អា​ល្លឺ​ម៉​ង់​ទើប​មាន ដែល​ចារកម្ម​អា​មេ​រិ​ក​លួច​ស្តាប់​មេដឹកនាំ​អា​ល្លឺ​ម៉​ង់ និង​អឺរ៉ុប​មួយ​ចំនួន ។ ឃើញ​បងប្អូន​មួយ​ចំនួន​លើក​ឡើង​ថា ជា​សំឡេង​ដែល​គេ​បន្លំ​ធ្វើ​ជា​ខ្ញុំ​(​ហ៊ុន សែន​) បងប្អូន​កុំ​វិនិច្ឆ័យ​លើ​សំឡេង​តែ​ត្រូវ​វិនិច្ឆ័យ​លើ​ខ្លឹមសារ​សន្ទនា​វិញ​»​។ «​តើ​អ្នក​ណា​ទៅ​ដែល​មាន​លទ្ធភាព​និយាយ​ពី​នយោបាយ​ទូទៅ​បែប​នេះ? កុំ​ថា​ឡើយ​អ្នក​បន្លំ សូ​ម្បី​តែ​ថ្នាក់​ឧបនាយករដ្ឋមន្ត្រី​ក៏​មិន​មាន​សិទ្ធិ និង​លទ្ធភាព​និយាយ​បែប​នេះ​ដែរ ។ សូមកុំ​ចោទ​ខ្ញុំ​ថា ខ្ញុំ​ទិញ​ក្បាល​គេ ព្រោះ​ក្បាលមនុស្ស​មិន​អាច​កាត់​លក់​បាន​ទេ តែបើ​គេ​ចង់​ពិគ្រោះ​យោបល់​ជាមួយ​ខ្ញុំ ច្បាស់​ណាស់​ខ្ញុំ​ផ្តល់​យោបល់​ជូន តែ​ធ្វើ​តាម​ឬ​មិន​ធ្វើ​ជា​សិទ្ធិ​របស់​គេ ។ មាន​មតិ​មួយ​ចំនួន​ចោទ​ខ្ញុំ​ថា​មាន​ល្បិច ខ្ញុំ​ចង់​សួរ​ទៅ​វិញ​ថា តើ​អ្នក​និយាយ​ជាមួយ​ខ្ញុំ គេ​ត្រូវការ​ល្បិច​មែន​ទេ? ហើយ​អ្នក​មួលបង្កាច់ ប្រពន្ធ​និង​កូន​ដ៏​កំសត់​របស់ខ្ញុំ​ថា​ជា​ភរិយា​និង​ជា​កូន​របស់​មេដឹកនាំ​វៀតណាម តើ​នេះ​ជា​ល្បិច ហើយ​ថោកទាប​ទេ ?

សម្តេច​បន្ត​ថា ​៖ «​យើង​ជា​មនុស្ស​ដូច​គ្នា បើ​គេ​មួលបង្កាច់​ប្រពន្ធ កូន ម្តាយ ក្មួយ ឬ​ខ្លួន​យើង​ផ្ទាល់ (​ប្រសិនជា​នារី​) ថា​ជា​ស្រីខូច ស្រីសំផឹង ស្រី​មិន​បរិសុទ្ធ តើ​យើង​ខឹង​ទេ?
(​រឿង​នេះ​មិន​ទាន់​ចប់​ត្រឹមនេះ​ទេ ប្រសិនបើ​គ្មាន​ដំណោះស្រាយ​ពី​ខាង​អ្នកចោទ​) ពួក​អ្នក​មិន​អាច​ធ្វើ​ភ្លេច​បាន​ទេ ។ ខ្ញុំ​ទទួលស្គាល់​នូវ​សំឡេង​និង​ខ្លឹមសារ​ដែល​ខ្ញុំ​បាន​និយាយ​ជាមួយ​លោក កឹ​ម សុខា ហើយ​តែ​ត្រង់​លោក​កឹ​ម សុខា ទទួលស្គាល់ ឬ​អត់​សុំ​សួរ​គាត់​ផ្ទាល់​» ។

គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ថ្ងៃ​ទី​៤ មីនា បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​បាន​សរសេរ​ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​សង្កេត​ឃើញ​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​មួយ​ចំនួន​តែងតែ ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ ឯកសារ​ប្រឌិត​បែប​មួលបង្កាច់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​គោលបំណង​បន្តុះបង្អាប់ ឆ្កឹះឆ្កៀល បំបែកបំបាក់​គណបក្ស​សង្គ្រោះ​ជាតិ ។

គណបក្ស​នេះ​ក៏​បាន​អំពាវនាវ​ដល់​សាធារណជន​ក៏​ដូច​ជា​សកម្មជន​គណបក្ស ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ចៀសវាង​ការ​ភាន់ច្រឡំ​ចាញ់បោក​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងបន្លំ​ទាំងនេះ ៕