រាជធានីភ្នំពេញ ៖ បុរសម្នាក់ដែលមានជំងឺសរសៃប្រសាទបានឈ្លោះប្រកែកជាមួយប្រពន្ធ ហើយបានផ្តួលម៉ូតូចាក់សាំងដុតផ្ទះឆេះសន្ធោសន្ធៅ និងទាញប្រពន្ធរុញចូលភ្នក់ភ្លើងបណ្តាលឲ្យឆេះរលេះរលួយស្បែកពេញខ្លួនប្រាណបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ បង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៤និង១០នាទីទាបភ្លឺថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ នៅផ្ទះតាមផ្លូវបេ តុង ប្លុកសំបុកចាបក្បែរស្ពានដែក ក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ។
ជនរងគ្រោះជាប្រពន្ធមានឈ្មោះ សឹម សុថាវី អាយុ២៨ឆ្នាំ មុខរបរលក់ដូរក្នុងសាលារៀនភូមិ៦ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន មានទីលំនៅភូមិកើតហេតុខាងលើ ចំណែកប្តីឈ្មោះ អ៊ុជ ធួនវីរៈ អាយុ៣០ឆ្នាំ ស្នាក់នៅជាមួយគ្នា មានស្រុកកំណើតនៅភូមិ៦ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន មានកូនស្រីម្នាក់ឈ្មោះ វិរ: ពេជ្ររូហ្សា អាយុ៦ឆ្នាំ ។
បើតាមសម្ដីរបស់បងប្អូនជនរងគ្រោះបានឱ្យដឹងថា ពីនាក់ប្តីប្រពន្ធខាងលើនេះបានរៀបការជាមួយគ្នាបានរយៈពេល៧ឆ្នាំមកហើយ និងមានកូនស្រីម្នាក់អាយុ៦ឆ្នាំ បច្ចុប្បន្នរស់នៅជាមួយឪពុកម្តាយខាងប្រពន្ធនៅក្នុងផ្ទះធ្វើពីឈើលើថ្មក្រោមមានទំហំ១៥ម៉ែត្រគុណ១៧ម៉ែត្រ ។ គ្រួសាររបស់គេទាំងពីរនាក់តែងតែឈ្លោះប្រកែកគ្នាជាញឹកញាប់ណាស់ ដោយសារតែប្តីជាមនុស្សត្រចៀកស ចិត្តស្រាល ឆាប់ជឿគេពេក និងមានជំងឺសរសៃប្រសាទប្រចាំកាយផង កន្លងមកជិតមួយខែមកនេះប្តីប្រពន្ធពួកគេបានឈ្លោះប្រកែកគ្នារហូតមកហើយបុរសជាប្តី្តបានទៅរស់នៅផ្ទះម្ដាយរបស់គេទើបនឹងត្រឡប់មករស់នៅជាមួយប្រពន្ធវិញបាន២ទៅ៣ថ្ងៃប៉ុណ្ណោះ ។
ប្រភពដដែលបន្តទៀតថា ប្តីប្រពន្ធនេះបានរៀបចំគម្រោងនាំគ្នាទៅរកស៊ីលក់ដូរនៅខេត្តកំពង់ធំនៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ ដោយស្ត្រីរងគ្រោះជាប្រពន្ធបានរៀបចំបង្វេចខោអាវរួចរាល់អស់ហើយ ស្រាប់តែនៅយប់កើតហេតុមិនដឹងជាមានរឿងអី ឮសូរសម្លេងឈ្លោះប្រកែកគ្នា និងបានឮសម្លេងស្រែក តែពេលនោះពួកគាត់ស្មានថាកូនរបស់គាត់ដេកមមើល លុះបន្តិចក្រោយមកក៏ស្រាប់តែឮសម្លេងដួលម៉ូតូគ្រាំងហើយឆាបឆេះចេញជាអណ្តាតភ្លើងសន្ធោសន្ធៅនៅក្នុងផ្ទះជាន់ក្រោមដែលជាកន្លែងរបស់ជនរងគ្រោះដេក ពេលនោះស្ថានភាពនៅក្នុងផ្ទះហាក់បីដូចជារញ៉េរញ៉ៃ ព្រោះអីបន្ទប់ដែលឆេះគឺជាប់សោពីខាងក្នុងស្របពេលនោះដែលប្តីរបស់ប្អូនគាត់បានវាយកញ្ចក់បង្អួចបាននាំកូនស្រីចេញមកក្រៅរួចផុតពីអណ្តាតភ្លើង ហើយបុរសជាប្តីបានរត់គេចខ្លួនបាត់ដោយបន្សល់ឱ្យប្រពន្ធត្រូវភ្លើងឆាបឆេះរោលពេញខ្លួនទម្រាំតែបានបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងបាននាំគ្នាវាយបំបែកកញ្ចក់ទ្វារចូលទៅបាញ់ទឹកពន្លត់ ទើបអាចយកជនរងគ្រោះចេញពីក្នុងផ្ទះបាន ។
បើតាមសាច់ញាតិរបស់ជនរងគ្រោះបានឲ្យដឹងទៀតថា តាមសម្តីរបស់កូនស្រីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុឪពុកម្តាយរបស់គេឈ្លោះប្រកែកគ្នា រួចហើយស្រាប់តែឪពុកបានច្របាច់.កម្តាយរបស់គេរួចផ្តួលម៉ូតូបង្ហូរសាំងដុតម៉ូតូឆាបឆេះហើយបានរុញម្តាយរបស់គេចូលក្នុងអណ្តាតភ្លើងដែលកំពុងឆាបឆេះសន្ធោសន្ធៅ រួចវាយកញ្ចក់ទ្វារដែលចាក់សោពីខាងក្នុងនោះរត់ចេញមកក្រៅផ្ទះ ។ ចំណែកម្តាយស្ត្រីរងគ្រោះវិញបាននិយាយថា កូនប្រសាររបស់គាត់ជាជនបង្កធ្លាប់ទូរស័ព្ទមកគំរាមថានឹងសំលាប់ទាំងម្តាយ និងកូនមួយពូជតែម្តង ។ ការឆេះនេះគឺខូចខាតម៉ូតូម៉ាកសង់ប៊ិចមួយគ្រឿង និងសម្ភារនៅក្នុងផ្ទះនៅជាន់ក្រោមអស់ស្ទើរទាំងស្រុង ។
ក្រោយពេលកើតហេតុក្រុមគ្រួសាររបស់ជនរងគ្រោះបានផ្តល់ដំណឹងទៅដល់សមត្ថកិច្ចហៅរថយន្តសង្គ្រោះបានមកដឹកជនរងគ្រោះយកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ ។ ភ្លាមៗនោះលោក វឿក សាមឿន ចៅសង្កាត់ដង្កោបានចុះទៅសួរសុខទុក្ខជនរងគ្រោះដល់មន្ទីរពេទ្យព្រះកុសុមៈ និងបានផ្តល់ថវិកាចំនួន១០០ដុល្លារសម្រាប់ព្យាបាលផងដែរ ។ដោយឡែកជនរងគ្រោះកំពុងតែសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈសមត្ថកិច្ចមិនទាន់សាកសួរមូលហេតុដែលឈានដល់ការដុតសម្លាប់ពីជនរងគ្រោះបាននៅឡើយទេ ។ បើតាមវេជ្ជបណ្ឌិតប្រចាំនៅមន្ទីរពេទ្យព្រះកុសុមៈបានឲ្យដឹងថា ស្ថានភាពជនរងគ្រោះធ្ងន់គឺកម្រិតរលាកដំណាក់កាលទីពីរ ។ ចំណែកជនបង្កជាប្តីបានរត់គេចខ្លួនសមត្ថកិច្ចកំពុងតែស្រាវជ្រាវតាមចាប់យកមកផ្តន្ទាទោសតាមច្បាប់ ៕
ចែករំលែកព័តមាននេះ