ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខុ​ង​ជឺ បរមគ្រូ​ដ៏​ល្បីល្បាញ​បំផុត​របស់​ចិន

7 ឆ្នាំ មុន

ខុ​ង​ជឺ គឺជា​បុគ្គល​មាន​ឥទ្ធិពល​ផ្នែក​គំនិត​ប្រាជ្ញា​ដ៏​សំខាន់​បំផុត​របស់​ចិន និង​ត្រូវ​គេ​ទទួលស្គាល់​ថា​ជា​អ្នក​ប្រា​ជ​ដ៏​ល្បីល្បាញ​ម្នាក់​លើ​លោក ។ ពេញ​មួយ​ជីវិត​របស់​ខ្លួន ខុ​ង​ជឺ​បាន​ខិតខំ​ប្រឹងប្រែង​ទូន្មាន​ប្រៀនប្រដៅ​មនុស្ស​ឱ្យ​ប្រព្រឹត្ត​

ខុ​ង​ជឺ គឺជា​បុគ្គល​មាន​ឥទ្ធិពល​ផ្នែក​គំនិត​ប្រាជ្ញា​ដ៏​សំខាន់​បំផុត​របស់​ចិន និង​ត្រូវ​គេ​ទទួលស្គាល់​ថា​ជា​អ្នក​ប្រា​ជ​ដ៏​ល្បីល្បាញ​ម្នាក់​លើ​លោក ។ ពេញ​មួយ​ជីវិត​របស់​ខ្លួន ខុ​ង​ជឺ​បាន​ខិតខំ​ប្រឹងប្រែង​ទូន្មាន​ប្រៀនប្រដៅ​មនុស្ស​ឱ្យ​ប្រព្រឹត្ត​អំពើ​សុចរិត ប្រកាន់​យក​គោលការណ៍​គ្រប់គ្រង​ដែល​ត្រឹមត្រូវ យុត្តិធម៌ និង​បង្រៀន​មនុស្ស​ឱ្យ​ចេះ​រកក្តី​សុខ​ក្នុង​ជីវិត​បច្ចុប្បន្ន ជា​ជាង​គិត​ទៅ​ដល់​ជាតិ​មុខ ។ ដំបូន្មាន​របស់​ខុ​ង​ជឺ គឺជា​ពុទ្ធិ​ផ្នែក​ទស្សនវិជ្ជា និង​ជា​គតិ​ធម៌​ដ៏​សុ​ី​ជម្រៅ ដែល​បាន​ចាក់​ឫស​យ៉ាង​ជ្រៅ​ទៅ​ក្នុង​ផ្នត់គំនិត​របស់​ជនជាតិ​ចិន​អស់​រយៈកាល​រាប់​ពាន់​ឆ្នាំ​មក​ហើយ និង​ដែល​ពួក​គេ​បាន​នាំ​គ្នា​គោរព​ប្រតិបត្តិ​យ៉ាង​ខ្ជាប់ខ្ជួន​អំពី​ដំបូន្មាន​ទាំងនោះ​ទុកជា​គតិ​ប្រចាំជីវិត ។ នេះ​ជា​ហេតុផល​ដ៏​សំខាន់​ដែល​ធ្វើ​ឱ្យ​ចិន គឺជា​ប្រទេស​ដែល​អាច​ថែរក្សា​ប្រពៃណី​ទំនៀមទម្លាប់​របស់​ខ្លួន​បាន​យ៉ាង​គង់វង្ស​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ។

កំពូល​អ្នក​សិក្សា​ស្រាវជ្រាវ
យោង​តាម​សៀវភៅ​«​បុគ្គល​ខ្លាំង​អ្នក​ធ្វើ​ឱ្យ​រង្គើ​ប្រវត្តិសាស្ត្រ​លោក​»​រៀបរៀង​ដោយ​លោក​គឹ​ម ចាន់​ណា ពណ៌នា​ថា ខុ​ង​ជឺ កើត​នៅ​ឆ្នាំ​៥៥១​មុន​គ្រិស្តសករាជ​ក្នុង​នគរ​លូ​(តំបន់​សាន​ទុង​បច្ចុប្បន្ន​)​កំព្រា​ឪពុក​តាំង​តែ​ពី​នៅ​ជា​កុមារ ហើយ​ត្រូវ​រស់នៅ​ជាមួយ​ម្តាយ​ដែល​ប្រឈម​មុខ​នឹង​ស្ថានភាព​ក្រីក្រ​លំបាក​ជា​ខ្លាំង ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ ម្តាយ​របស់​ខុ​ង​ជឺ នៅ​តែ​ខិតខំ​ជំរុញ​កូន​ឱ្យ​បាន​រៀនសូត្រ​រហូត​ទាល់តែ​បាន​ចំណេះវិជ្ជា​យ៉ាង​ខ្ពង់ខ្ពស់​បំផុត ។

ខុ​ង​ជឺ ជា​មនុស្ស​ដែល​ស្រឡាញ់​ការ​សិក្សា​ជា​ខ្លាំង ហេតុនេះ​ហើយ​ទើប​គាត់​ខំ​ស្វះស្វែង​រៀនសូត្រ​មុខ​វិជ្ជា​សព្វបែបយ៉ាង រួម​ទាំង​ក្បួន​ពិធី​ខាង​សាសនា ចម្រៀង កំណាព្យ និង​ក្បួនតម្រា ផ្សេង​ៗដែល​មាន​មក​តាំងពី​សម័យ​បុរាណ ។

ដោយសារ​តែ​ភាព​ឈ្លាសវៃ​នេះ ធ្វើ​ឱ្យ​ខុ​ង​ជឺ​មានឈ្មោះ​ល្បីល្បាញ​ថា​ជា​អ្នក​ដែល​ប្រកបដោយ​ចំណេះដឹង​សព្វបែបយ៉ាង សុសសាយ​ទៅ​គ្រប់​ទិស​ទីតាំង​ពី​អាយុ​មិន​ទាន់​ដល់​២០​ឆ្នាំ​នៅឡើយ ។

បង្កើត​សាលារៀន​ឯកជន​មុនគេ​បង្អស់
ពេល​មាន​អាយុ​៣០​ឆ្នាំ ខុ​ង​ជឺ​បាន​បង្កើត​សាលារៀន​ឯកជន​មួយ ដែល​ជា​សាលា​ឯកជន​ដំបូង​បង្អស់​នៃ​ប្រទេស​ចិន ។ ការ​បង្រៀន​របស់​ខុ​ង​ជឺ បាន​ផ្លាស់​ប្តូរ​រូបភាព​ការ​សិក្សា​ដែល​ខុសស្រឡះ​ពី​មុន ធ្វើ​ឱ្យ​ប្រជាជន​ចិន​ភ្ញាក់រឭក​នាំ​គ្នា​យកចិត្តទុកដាក់​នឹង​ការ​សិក្សា ព្រមទាំង​វប្បធម៌​ជា​ខ្លាំង​។ ខុ​ង​ជឺ បាន​ប្រើ​វិធី​ដ៏​សាមញ្ញ​ក្នុង​ការ​ទទួល​សិស្ស​ចូល​រៀន ដោយ​គ្រាន់តែ​ជូន​របស់​បន្តិចបន្តួច​សម្រាប់​ថ្លៃ​សិក្សា​ប៉ុណ្ណោះ ក៏​គ្រប់គ្រាន់​ហើយ ។ កូនសិស្ស​របស់​ខុ​ង​ជឺ ភាគច្រើន​ទទួល​ចំណេះដឹង​បាន​យ៉ាង​ខ្ពង់ខ្ពស់​ស្ទើរ​គ្រប់​ផ្នែក ។

ខុ​ង​ជឺ ពេញចិត្ត​នឹង​អាជីព​របស់​ខ្លួន​ជា​ខ្លាំង ។​គាត់​ខិតខំ​ពុះពារ​អស់ពី​កម្លាំងកាយ​ចិត្ត​ក្នុង​ការ​បង្ហាត់បង្រៀន និង​កំណត់​បទបញ្ជា​ចំពោះ​សិស្ស​យ៉ាង​តឹង​រ៉ឹ​ង រហូត​ធ្វើ​ឱ្យ​សាលារៀន​របស់​គាត់​សម្រេច​ជោគជ័យ​យ៉ាង​ខ្ពស់ និង​ទទួល​បានការ​គាំទ្រ​ជា​ខ្លាំង​ពី​សង្គម​ចិន​នា​សម័យ​នោះ ។

ការពារ​ប្រទេស​ជាតិ ជួយ​ព្រះ​ជន្ម​ព្រះរាជា
ខុ​ង​ជឺ មាន​បំណង​ចង់​ជួយ​អភិវឌ្ឍ​ទឹកដី​នគរ​លូ​ឱ្យ​កាន់តែ​រឹង​មាំ និង​រីក​ចម្រើន ប៉ុន្តែ​គាត់​ហាក់​គ្មាន​ឱកាស​ទាល់តែ​សោះ ព្រោះ​ដោយសារ​តែ​អស់​ពួក​មន្ត្រី​ជំនិត​នឹង​ព្រះរាជា​តែងតែ​និយាយ​មួលបង្កាច់​ពី​គាត់​ក្នុង​ផ្លូវ​មិន​ល្អជា​ប្រចាំ ធ្វើ​ឱ្យ​ខុ​ង​ជឺ បាន​ទទួល​តំណែង​ត្រឹមតែ​ជា​មន្ត្រី​ថ្នាក់ទាប​ជា​រៀង​រហូត​មក ។ លុះ​រហូត​ដល់​ខុ​ង​ជឺ អាយុ​៥១​ឆ្នាំ ទើប​គាត់​ទទួល​រាជបញ្ជា​ឱ្យ​មើល​ការ​ខុស​ត្រូវ​នៅ​ក្នុង​រាជធានី ។ ក្រោយ​ពី​ព្រះរាជា​ទត​ឃើញ​ស្នាដៃ​ដ៏​ជោគជ័យ​ទាំងឡាយ​របស់​គាត់ ទើប​ព្រះ​អង្គ​ទ្រង់​ព្រះ​រាជទាន​ភារកិច្ច
សំខាន់​ៗ​ដល់​ខុ​ង​ជឺ​កាន់តែ​ច្រើន​ឡើង​បន្ថែម​ទៀត​ជា​ហេតុ​ធ្វើ​ឱ្យ​នគរ​លូ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស ហើយ​អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ​ខុ​ង​ជឺ បាន​ជួយ​ស្រោចស្រង់​ព្រះ​ជន្ម​ព្រះរាជា​ឱ្យ​រួច​ផុត​ពី​ចំណាប់ខ្មាំង​របស់​ប្រទេស​ជិតខាង​ដោយសារ​តែ​ភាព​ឈ្លាសវៃ​របស់​គាត់ ព្រមទាំង​រក​ដំណោះស្រាយ​ក្នុង​ហេតុការណ៍​នោះ​បាន​ដោយ​ស្ងប់​ពុំ​មានការ​បង្ហូរឈាម​អ្វី​ឡើយ ។

ទ្រឹស្តី​របស់​ខុ​ង​ជឺ
ខុ​ង​ជឺ ជា​និមិត្តរូប​ដ៏​សំខាន់​បំផុត​នៃ​វប្បធម៌​បុរាណ​របស់​ប្រទេស​ចិន ។ គាត់​ពុំ​មែន​ត្រឹមតែ​ជា​អ្នកប្រាជ្ញ​ខាង​ប្រវត្តិសាស្ត្រ​ប៉ុណ្ណោះ​ទេ គាត់​ក៏​ជា​ទស្សនវិទូ​ផ្នែក​នយោបាយ និង​សីលធម៌​ដ៏​ល្បីល្បាញ​ផង​ដែរ ។ គាត់​បាន​ចំណាយពេល​ដល់​ទៅ​៣០​ឆ្នាំ ក្នុង​ការ​ត្រាច់ចរ​ទៅ​តាម​ទី​តំបន់​នានា ដើម្បី​ផ្តល់​ជា​គំនិត​យោបល់ និង​វិធីសាស្ត្រ ផ្សេង​ៗ​ដល់​បណ្តា​អ្នកគ្រប់គ្រង​ដែល​ជឿ និង​គោរព​មក​លើ​រូប​គាត់ ។ ក្រោយ​ពេល​ដែល​គាត់​ទទួលអនិច្ចកម្ម​ទៅ ទ្រឹស្តី​បង្រៀន​នៅ​តាម​សាលារៀន​នានា​ដែល​គាត់​បាន​បង្កើត​ឡើង​មក​នោះ គឺជា​អាវុធ​ខាង​គំនិត​ប្រាជ្ញ​ដើម្បី​ទ្រទ្រង់​ដល់​របប​គ្រប់គ្រង​បែប​សក្តិភូមិ​អស់​រយៈកាល​រាប់​ពាន់​ឆ្នាំ​មក​ហើយ​ទើប​បានជា​«​ទ្រឹស្តី​ខុ​ង​ជឺ​»​មាន​ឥទ្ធិពល​ជា​ខ្លាំង​ដល់​របប​គ្រប់គ្រង​របស់​ចិន ។ បណ្តា​កូនសិស្ស​ទាំងឡាយ​បាន​យក​ទ្រឹស្តី​របស់​ខុ​ង​ជឺ​មក​ចងក្រង​ជា​សៀវភៅ​មួយ​ក្បាលមាន​ចំណងជើង​ថា​«​លុន​វី​»​ដែល​ក្រោយមក​សៀវភៅ​នេះ​គឺជា​ប្រភព​ទិន្នន័យ​ដ៏​សំខាន់​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​អំពី​ទ្រឹស្តី​របស់​ខុ​ង​ជឺ នេះឯង ។

«​ស្តេច​ឈិ​ន​ស៊ី បាន​បញ្ជា​ឱ្យ​ដុត​បំផ្លាញ​ចោល​នូវ​សៀវភៅ​ក្បួនតម្រា​គ្រប់​ច្បាប់​របស់​ខុ​ង​ជឺ ព្រោះ​ព្រះ​អង្គ​ត្រូវការ​គ្រប់គ្រង​អំណាច​តែ​មួយ​អង្គ​ឯង ប៉ុន្តែ​អំពើ​នេះ​កាន់តែ​ធ្វើ​ឱ្យ​ប្រជារាស្ត្រ​មិន​ពេញចិត្ត​កាន់តែ​ខ្លាំង ព្រោះ​ពាក្យ​ប្រៀនប្រដៅ​របស់​ខុ​ង​ជឺ បាន​ជ្រួតជ្រាប​ចូល​ទៅ​ក្នុង​បេះដូង​របស់​ប្រជាជន​ចិន​យ៉ាង​ជ្រាលជ្រៅ​រួច​អស់​ទៅ​ហើយ ទើប​ក្រោយ​ពេល​ស្តេច​ឈិ​ន​សុ​ី ចូល​ទិវង្គត​រាជវង្ស​ឈិ​ន ត្រូវ​រលំរលាយ​ខ្ចាត់ខ្ចាយ​យ៉ាង​ឆាប់រហ័ស​» ។

យុគសម័យ​ដ៏​រុងរឿង​នៃ​ទស្សនវិជ្ជា​របស់​ចិន
តាំងពី​បុរាណកាល​មក ទស្សនវិជ្ជា​ចិន​ឈរ​នៅ​លើ​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ព្រោះ​ជនជាតិ​ចិន​ចូល​ចិត្ត​គោរព​ប្រតិបត្តិ​តាម និង​មាន​មនសិការ​សង្គម​ខ្ពស់ ទើប​បានជា​ទ្រឹស្តី​នៅ​គ្រប់​លទ្ធិ​នានា​របស់​ចិន សុទ្ធតែ​បង្រៀន​ឱ្យ​ចេះ​អំពី​ការ​ប្រើ​ជីវិត​ក្នុង​សង្គម សុជីវធម៌​ផ្ទាល់ខ្លួន និង​គោលការណ៍​នៃ​ការ​គ្រប់គ្រង ។ ប៉ុន្តែ​មួយ​ផ្នែក​ទៀត​គឺជា​ពាក្យ​ប្រៀន​ប្រដៅ​ដ៏​ស៊ី​ជម្រៅ​ដែល​បង្ហាញ​ឱ្យ​ឃើញ​ពី​គោលដៅ​ដ៏​ខ្ពង់ខ្ពស់​បំផុត​នៃ​ទស្សនវិជ្ជា គឺ​ការ​ទម្លុះ​ទៅ​ដល់​ជម្រៅ​នៃ​សភាវៈ​ចិត្ត ឬ​ដែល​ហៅ​ថា​«​អ្នក​ត្រាស់​ដឹង​»​នេះឯង ។ ទស្សនវិជ្ជា​ចិន​ទាំង​ពីរ​ផ្នែក​នេះ បាន​រីក​ចម្រើន​ទៅ​រក​ទស្សនវិជ្ជា​ពីរ​បែប​ដែល​បែងចែក​ពី​គ្នា​ដាច់​ស្រឡះ​គឺ​លទ្ធិ​ខុ​ង​ជឺ និង​លទ្ធិ​តៅ របស់​ឡៅ​ជឺ ។

មា​គ៌ា​របស់​ខុ​ង​ជឺ និង​មា​គ៌ា​របស់​តៅ
លទ្ធិ​ខុ​ង​ជឺ ផ្តោត​ទៅ​លើ​ការ​រៀបចំ​បែបបទ​សង្គម និង​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ប្រព័ន្ធ​សិក្សា​របស់​ចិន មាន​ក្រឹត្យ​ក្រមសីលធម៌​ដ៏​ខ្ជាប់ខ្ជួន ដំបូន្មាន​ប្រៀនប្រដៅ​យ៉ាង​ល្អិតល្អន់ និង​ពិធីសែនព្រេន​គោរព​បូជា​ដល់​បុព្វបុរស ។ ផ្ទុយ​ទៅ​វិញ លទ្ធិ​តៅ​ផ្តោត​សារសំខាន់​ទៅ​លើ​មា​គ៌ារស់នៅ​ទៅ​តាម​ក្រម​ធម្មជាតិ ។

ក្តី​សុខ​តាម​ទស្សនៈ​របស់​លទ្ធិ​តៅ​គឺ​បង្រៀន​ឱ្យ​មនុស្ស​ចេះ​រៀបចំ​ដំណើរ​ជីវិត​ទៅ​តាម​ច្បាប់ធម្មជាតិ និង​ជឿជាក់​លើ​បញ្ញាញាណ​របស់​ខ្លួនឯង ។

ឈុ​ន​ឈី​វ​៖ ស្នាដៃ​ដ៏​ឆ្នើម​របស់​ខុ​ង​ជឺ
នៅ​ដំណាក់កាល​ចុង​ក្រោយ​នៃ​ជីវិត​របស់​ខុ​ង​ជឺ គាត់​បាន​និពន្ធ​សៀវភៅ​មួ​ួ​យ​ក្បាល​ដែល​មាន​ចំណងជើង​ថា​«​ឈុ​ន​ឈី​វ​»​ជា​សៀវភៅ​ទាក់ទង   នឹង​ជីវប្រវត្តិ​របស់​អច្ឆរិយ​បុគ្គល និង​ព្រឹត្តិការណ៍ សំខាន់​ៗ​ដែល​កើត​មាន​ក្នុង​សង្គម អំឡុង​ឆ្នាំ​៧២២​ដល់​៤៨១​មុន​គ​.​ស ។ ដោយ​សម័យ​នោះ នៅ​មិន​ទាន់​មាន​ក្រដាស​សរសេរ​នៅឡើយ ទើប​គាត់​ត្រូវ​និពន្ធ​សៀវភៅ​នេះ​ដោយ​ចារ​លើ​បន្ទះ​ឫស្សី ។ ក្នុងអំឡុងពេល​សរសេរ​សៀវភៅ​នេះ​ខុ​ង​ជឺ សម្ងំ​នៅ​តែ​ក្នុងផ្ទះ ដៃ​ម្ខាង​កាន់​បន្ទះ​ឫស្សី ដៃ​ម្ខាង​កាន់​ជក់ ដោយ​គិតតែ​ពី​ឈ្ងោក​សរសេរ​យ៉ាង​អត់ធ្មត់​បំផុត​ពុំ​ខ្លាច​នឿយហត់​អ្វី​ទាំងអស់ ។

ចំណែក​កូនសិស្ស​ក្រោយ​ពី​ឃើញ​គ្រូ​របស់​ខ្លួន​ខំប្រឹង​ធ្វើការ​ជ្រុល​ហួសពេក​ដូច្នេះ ពួក​គេ​ក៏​សុំ​ចូលខ្លួន​មក​ជួយ​សរសេរ តែ​គាត់​បដិសេធ ហើយ​ឆ្លើយ​ទៅ​វិញ​ថា ៖ «​មិន​បាន​ទេ !​រឿង​ដែល​យើង​កំពុង​សរសេរ​នេះ​គឺ​រឿង​របស់​អ្នក​ដែល​ស្លាប់​ទៅ​ហើយ​…​យើង​ចង់​បន្ថែម​គំនិត ខ្លះ​ៗ​ទៅ​ក្នុង​រឿង​នោះ​…​យើង​គិត​ថា អ្នក​ជំនាន់​ក្រោយ​នឹង​បាន​យល់​ពី​យើង ឬ​អាច​បន្ទោស​យើង​ទៅ​វិញ​ផង​ដែរ​…»

ដោយសារ​ការ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត​របស់​ខុ​ង​ជឺ ទើប​សៀវភៅ​មួយ​ច្បាប់​នេះ គឺជា​សៀវភៅ​ប្រវត្តិសាស្ត្រ​ដែល​មាន​លក្ខណៈ​ត្រឹមត្រូវ និង​សុក្រឹត​បំផុត ។

លទ្ធិ​ខុ​ង​ជឺ​នៅ​តៃវ៉ាន់
ក្នុង​សម័យ​បច្ចុប្បន្ន​នេះ​ទស្សនៈ និង​វិធី​គិត​របស់​ជនជាតិ​ចិនដីគោក ត្រូវ​បាន​ផ្លាស់​ប្តូរ​ដោយសារ​តែ​ត្រូវ​គ្រប់គ្រង​ដោយ​របប​កុម្មុយនីស្ត ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ឥទ្ធិពល និង​ទស្សនវិជ្ជា​របស់​ខុ​ង​ជឺ ដែល​ធ្លាប់តែ​ដិត​ជាប់​ចំពោះ​ជនជាតិ​ចិន​កាលពី​សម័យ​មុន​នោះ​ត្រូវ​បាន​ប្រមូលផ្តុំ​មក​ផ្សព្វផ្សាយ​នៅ​តៃវ៉ាន់​វិញ។

ថ្វី​ដ្បិតតែ​សេដ្ឋកិច្ច​នយោបាយ​មានការ​ផ្លាស់​ប្តូរ​ខ្លាំង​ហើយ​ក៏​ដោយ តែ​វប្បធម៌ និង​ទំនៀមទម្លាប់​របស់​ជនជាតិ​ចិន​នៅ​តែ​ពុំ​មាន​អ្វី​ខុស​ប្លែក​ពី​អតីតកាល​ប៉ុន្មាន​ឡើយ ដូច​ជា​ការ​សែនព្រេន​ដល់​បុព្វបុរស​ជាដើម ។ ទស្សនៈ​របស់​ខុ​ង​ជឺ ប្រៀប​ដូច​ចំណង​ដែល​ចង​ភ្ជាប់​ប្រជាជន​ចិន​ឱ្យ​វេញ​បញ្ចូល​គ្នា​ក្នុង​សម័យ​តែ​មួយ ។

លទ្ធិ​ខុ​ង​ជឺ មិនមែន​ជា​សាសនា​ទេ ប៉ុន្តែ​គ្រប់​ទិស​តំបន់​នៃ​កោះ​តៃវ៉ាន់ តែង​មាន​វិហារ​ខុ​ង​ជឺ នៅ​ពាសពេញ ។ ពាក្យ​ប្រៀនប្រដៅ​របស់​គាត់​ត្រូវ​បាន​គេ​យក​មក​ចារឹក​នៅ​តាម​ទី​សក្ការៈបូជា ផ្សេង​ៗ ។ ក្មេង​ៗ​ទាំងឡាយ តែង​ត្រូវ​បាន​គេ​បណ្តុះបណ្តាល​ឱ្យ​សិក្សា​រៀនសូត្រ និង​អនុវត្ត​តាម​ពាក្យ​ប្រៀនប្រដៅ​របស់​ខុ​ង​ជឺ តាំង​តែ​ពី តូច​ៗ​មក​ដោយ​ផ្តើម​ចេញពី​គ្រួសារ រួម​ទាំង​សាលារៀន​ដែល​ជួយ​បញ្ជាក់​បន្ថែម​ទៀត​ទៅ​លើ​មនសិការ​របស់​ក្មេង ។ កម្មវិធី​ថ្នាក់បឋមសិក្សា​នៅ​កោះ​តៃវ៉ាន់ គេ​សង្កត់ធ្ងន់​លើ​ភាព​កតញ្ញូសេចក្តី​​ព្យាយាម និង​មនសិការ​ស្នេហា​ជាតិ​ជា​កត្តា​សំខាន់ ។ ក្មេង​ៗ​តៃវ៉ាន់ ក្នុង​សម័យ​បច្ចុប្បន្ន​នៅ តែ​សរសេរ និង​ទន្ទេញ​ពាក្យ​«​ឡៃ​ជឺ​»​ដែល​ជា​និមិត្តរូប​នៃ​អ្នក​ដែល​មានចិត្ត​កតញ្ញូ​ទៅ​តាម​ដំបូន្មាន​របស់​ខុ​ង​ជឺ ។ ទោះជា​ស្ថានភាព​សេដ្ឋកិច្ច​រីក​ចម្រើន​ទៅ​ឆ្ងាយ​យ៉ាងណា​ហើយ​ក្តី ប៉ុន្តែ​ទ្រឹស្តី​ប្រៀនប្រដៅ​របស់​ខុ​ង​ជឺ មិន​ដែល​ហួស​សម័យ​ហើយ​ក៏​ពុំ​មែន​ជា​ឧបសគ្គ​ក្នុង​ដំណើរ​ជីវិត​របស់​មនុស្ស​សម័យ​ថ្មី​អ្វី​ដែរ ។

ពាក្យស្លោក​របស់​ខុ​ង​ជឺ
ខុ​ង​ជឺ គឺ​ទស្សនវិទូ​មួយ​រូប​ដែល​បាន​ទទួល​ការ​គាំទ្រ និង​លើ​កក​ម្កើ​ង​ជា​អច្ឆរិយបុគ្គល​ដ៏​ឆ្នើម​បំផុត​របស់​ប្រទេស​ចិន ។ ខុ​ង​ជឺ បាន​បង្ហាញ​ទស្សនៈ​របស់​គាត់​តាម​រយៈ​ពាក្យស្លោក​មួ​​យ​ចំនួន​ដែល​សុទ្ធតែ​ជា​ពាក្យស្លោក​ដែល​មាន​អត្ថន័យ និង​មាន​លក្ខណៈ​អប់រំ​ដ៏​ជ្រាលជ្រៅ​បំផុត ។

*​គ្រាន់តែ​ឮ ខ្ញុំ​នឹង​ភ្លេច​..​បើ​បានឃើញ ខ្ញុំ​នឹង​ចាំ​..​បើ​បាន​ធ្វើ ខ្ញុំ​នឹង​យល់ ។
*​គោលដៅ​របស់​អ្នក​ដែល​មាន​ឧត្តមគតិ​ខ្ពង់ខ្ពស់ គឺ​សច្ចធម៌ ។
*​ភាព​ល្ងង់ខ្លៅ​ជា​រាត្រីកាល​ក្នុង​ចិត្ត តែ​ជា​រាត្រី​ដែល​គ្មាន​ព្រះ​ចន្ទ និង​ដួងតារា ។
*​រៀន តែ​មិន​ព្រម​គិត គឺ​ខូចខាត​…​គិតតែ​មិន​ព្រម​រៀន គឺ​គ្រោះថ្នាក់ ។
*​អ្នក​ដែល​ពូកែ​និយាយ​បញ្ចើចបញ្ចើ លើកជើង​បញ្ជោរ មាន​តិចតួច​ណាស់ ដែល​ជា​អ្នកមាន​មេត្តាធម៌ ។ ចំណែក​មនុស្ស​ប្រកាន់​យុត្តិធម៌ មនុស្ស​ដាច់ខាត មោះមុត និង​មនុស្ស ម៉ឹះ​ៗ​សាមញ្ញ មិនសូវ​មាន​វោហារ ច្រើន​ជា​មនុស្ស​មាន​មេត្តាធម៌ ។

*​មនុស្ស​ដែល​ប្រព្រឹត្ត​ដោយ​ធម៌ នឹង​មិន​ឯកោ​ទេ ព្រោះ​តែង​មាន​មនុស្ស​គោរព​ស្រឡាញ់ និង​យល់​ចិត្តជា​និច្ច ។

ព្រឹត្តិការណ៍ សំខាន់​ៗ
-​កើត​នៅ​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​៥៥១ មុន​គ​.​ស ។
-​ឆ្នាំ​៥៣២ មុន​គ​.​ស រៀប​ការ​នឹង​នាង​យន់ ក្វា​ន់ នៅ​អាយុ​១៩​ឆ្នាំ ។
-​ឆ្នាំ​៥៣១ មុន​គ​.​ស ចូល​បម្រើរាជការ ធ្វើ​ជា​ស្មៀន​យុង​ឆាង នៅ​អាយុ​២០​ឆ្នាំ ។
-​ឆ្នាំ​៥៣១-៥២៤ មុន​គ​.​ស ធ្វើ​ជា​មន្ត្រី​ថ្នាក់ទាប​ក្នុង​ចន្លោះ​អាយុ​២០-២៧​ឆ្នាំ ។
-​ឆ្នាំ​៥២១ មុន​គ​.​ស បង្កើត​សាលារៀន​ឯកជន​ក្នុង​អាយុ​៣០​ឆ្នាំ ។
-​ឆ្នាំ​៥០០ មុន​គ​.​ស​ទទួល​រាជបញ្ជា​ឱ្យ​គ្រប់គ្រង​រាជធានី​ក្នុង​អាយុ​៥១​ឆ្នាំ ។
-​ឆ្នាំ​៤៨០ មុន​គ​.​ស ចន្លោះ​អាយុ​៧១-៧២  ឆ្នាំ និពន្ធ​សៀវភៅ​«​ឈុ​ន​ឈី​វ​» ។
-​ឆ្នាំ​៤៧៩ មុន​គ​.​ស អាយុ​គ្រប់​៧២​ឆ្នាំ ទទួលអនិច្ចកម្ម ៕