ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​តិរច្ឆាន​ចាប់រំលោ.ភ​ក្មេង​ស្រី​មិន​បាន វាយ​នឹង​ដុំ​ថ្ម​ស្លា.ប់​និង​របួស

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ ជន​ជា​ឃាតករ​ដ៏​ឃោរឃៅ​ម្នាក់​បាន​ប្រើ​ដុំឥដ្ឋ វាយ​សម្លា.ប់​ទារិកា​អាយុ​ជាង​១​ខែ​ម្នាក់ ដែល​កំពុង​ដេក​នៅ​ក្នុង​មុង និង​បងស្រី​របស់​នាង​អាយុ​៤​ឆ្នាំ​ម្នាក់​ទៀត​

ខេត្តបាត់ដំបង ៖ ជន​ជា​ឃាតករ​ដ៏​ឃោរឃៅ​ម្នាក់​បាន​ប្រើ​ដុំឥដ្ឋ វាយ​សម្លាប់​ទារិកា​អាយុ​ជាង​១​ខែ​ម្នាក់ ដែល​កំពុង​ដេក​នៅ​ក្នុង​មុង និង​បងស្រី​របស់​នាង​អាយុ​៤​ឆ្នាំ​ម្នាក់​ទៀត​ឲ្យ​របួសធ្ងន់ ខណៈ​បងស្រី​អាយុ​១១​ឆ្នាំ និង​ម្ដាយ​របស់​នាង រួម​ទាំង​អ្នក​ភូមិ​ម្នាក់​ទៀត​រង​របួសស្រាល ដោយសារ​តែ​ជន​ដៃដល់​រូប​នោះ​ខឹង​ចាប់រំលោភ​កូនស្រី​ជន​រង​គ្រោះ​មិន​បាន​សម្រេច ត្រូវ​ម្ដាយរបស់​នាង​ទាន់​ក៏​ស្រែក​ឆោឡោ​ឲ្យ​អ្នក​ភូមិ​ជួយ​អន្តរាគមន៍ ។

បើ​តាម​សមត្ថកិច្ច​ដែល​បាន​ស្រាវជ្រាវ​អំពើ​ដ៏​សាហាវព្រៃផ្សៃ​នេះ បាន​ឲ្យ​ដឹង​ថា បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​១០​នាទី​យប់​ថ្ងៃ​ទី​២ មីនា នៅ​ភូមិ​គីឡូ​១៣ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ដែល​បង្ក​ឡើង​ដោយ​ជនពាល​ឈ្មោះ ហុង ពិសី អាយុ​៣០​ឆ្នាំ រស់នៅ​ក្នុងភូមិ ឃុំ​កើតហេតុ​ខាងលើ ។

លោក​ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​នគរបាល​ខេត្ត​បាន​មាន​ប្រសាសន៍​ថា ជនជាប់ចោទ​ឈ្មោះ ហុង ពិសី មានមុខ​របរ​មិន​ពិតប្រាកដ ។ ជន​នេះ​បាន​យក​ដុំឥដ្ឋ​បាន​វាយ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បណ្ដាល​ឲ្យ​ទារិកា​អាយុ​១​ខែ​ម្នាក់​ឈ្មោះ សួន នុ​ត ស្លាប់ រីឯ​អ្នក​របួស​៤​នាក់ ១-​ឈ្មោះ ប្រាក់ ផល្លា អាយុ​៣០​ឆ្នាំ ជា​ម្ដាយ​របួសស្រាល ២-​ឈ្មោះ សួន ស្បៃ ភេទ​ស្រី អាយុ​១១​ឆ្នាំ របួសស្រាល ៣-​ឈ្មោះ សួន ធិ ភេទ​ស្រី អាយុ​៤​ឆ្នាំ រង​របួសធ្ងន់ ។ រីឯ​បុរស​ម្នាក់​ដែលរ​ត់ទៅ​ជួយ​មិន​ទាន់​ស្គាល់ឈ្មោះ តែ​រង​របួសស្រាល ខណៈ​ឪពុក​របស់​នាង​រវល់​ទៅ​ស៊ីឈ្នួល​លី​ដំឡូង​ឲ្យ​គេ​មិន​បាន​នៅផ្ទះ​នោះ​ទេ ។

លោក ជេ​ត វណ្ណ​នី បាន​បញ្ជាក់​ថា អំពើ​ឃាតកម្ម​នេះ​បាន​កើតឡើង បន្ទាប់​ពី​ជន​ដៃដល់​រូប​នេះ ព្យាយាម​ចាប់​ក្មេង​ស្រី​ឈ្មោះ សូន ស្បៃ អាយុ​១១​ឆ្នាំ ក្នុង​បំណង​រំលោភ​សេពសន្ថវៈ តែ​មិន​បាន​សម្រេច​ដោយសារ​នាង​ស្រែក​ប្រាប់​ឲ្យ​ម្ដាយ​ជួយ និង​មានការ​ស្រែក​ឆោឡោ ទើប​ជន​ដៃដល់​ទាញ​ដុំឥដ្ឋ​វាយ​យ៉ាង​ឃោរឃៅ​ទៅ​លើ​កូន​តូច​ៗ​ដែល​កំពុង​ដេក​ក្នុង​មុង បណ្ដាល​ឲ្យ​ស្លាប់​និង​របួស​ធ្ងន់ធ្ងរ​បែប​នេះ​ពេញ​មួយ​ផ្ទះ ។

អ្នក​ភូមិ​ដែល​ជួយ​អន្តរាគមន៍​បាន​និយាយ​ថា ឈ្មោះ ហុង ពិសី លបចូល​ផ្ទះ​ស្ត្រី​ឈ្មោះ ប្រាក់ ផល្លា ហើយ​ចាប់​ខ្ទប់មាត់​កូនស្រី​របស់​គាត់​ឈ្មោះ សួន ស្បៃ អាយុ​១១​ឆ្នាំ ក្នុង​បំណង​ចាប់រំលោភ តែ​នាង​បាន​ស្រែក​ហើយរ​ត់ទៅ​ប្រាប់​ម្តាយ ។ អ្នក​ភូមិ​និយាយ​ថា គ្រានោះ​ម្ដាយ​នាង​ក៏​ស្ទុះ​ទៅ​សួរនាំ​ឈ្មោះ សី តែ​ជន​នេះ​មិន​តប​ទេ បែរជា​ស្ទុះ​ទៅ​ទាញ​ដុំឥដ្ឋ​វ៉ៃ​ទាំង​ម្តាយ ទាំង​កូន​បណ្តាល​ឱ្យ​របួស​បែកក្បាល​ទាំង​២​នាក់​។ សាក្សី​ដដែល​បន្ត​ថា ភ្លាម​ៗ​នោះ​ម្ដាយ​និង​កូនស្រី ក៏​រត់​ទៅ​រក​អ្នក​ជិតខាង​ជួយ​ខណៈ​កូនស្រី​តូច​ៗ​របស់​គាត់​២​នាក់​កំពុង​ដេក​លក់​ក្នុង​មុង ។

ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ និង​ឃើញ​កូនស្រី​តូច​ៗ​របស់​ស្ត្រី​រង​គ្រោះ​កំពុង​ដេក​លក់​ជន​ដៃដល់​ស្ទុះ​ទៅ​ទាញ​ដុំឥដ្ឋ​នៅ​ក្បែរ​នោះ វាយ​សំពង​ក្បាល​ទារិកា​និង​បងប្អូន​ស្រី​ទាំង​២​នាក់​នោះ​រហូត​ទាល់តែ​ទារិកា​អាយុ​ជាង​១​ខួប​ស្លាប់ និង​បង​របស់​នាង​អាយុ​៤​ឆ្នាំ របួសធ្ងន់​ផុង​លលាដ៍ក្បាល​។ ពេល​នោះ​ម្ដាយ​របស់​នាង និង​បុរស​ម្នាក់​ទៀត​ក៏​បាន​ចូល​ទៅ​ប្រវាយប្រតប់​គ្នា រហូត​ធ្វើ​ឲ្យ​ម្ដាយ​និង​កូនស្រី​អាយុ​១១​ឆ្នាំ រួម​ទាំង​បុរស​ម្នាក់​ដែល​មក​ជួយ​ផង​រង​របួស​បែកក្បាល ។ រីឯ​ជន​ដៃដល់​ក៏​បាន​រត់គេច​ខ្លួន​បាត់​ភ្លាម​ៗ​ទាំង​យប់ ។

លោក​ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត​បាន​ថ្លែង​ថា អំពើ​ឃាតកម្ម​ខាងលើ​នេះ​មាន​ចរិត​ឃោរឃៅ​បំផុត​ដែល​មិន​អាច​លើកលែង​បាន ។ លោក​ថា ជន​ដៃដល់​ឈ្មោះ ហុង ពិសី បាន​ប្រើ​ដុំឥដ្ឋ​វាយ​ទៅ​លើ​មនុស្ស​៥​នាក់ បណ្ដាល​ឲ្យ​មាន​ស្លាប់​និង​របួស រួច​រត់គេច​ខ្លួន​បាត់​ទាំង​យប់ តែ​យើង​បាន​ស្គាល់​អត្តសញ្ញាណ​ជន​ដៃដល់​នេះ​ហើយ ។ លោកស្នងការ​រង​បាន​និយាយ​ថា ទារិកា​ដែល​ស្លាប់ ត្រូវ​ជន​ដៃដល់​វាយ​ឲ្យ​របួសធ្ងន់​លើ​ផ្ទៃមុខ​និង​ក្បាល ។ រីឯ​បងស្រី​នាង​ឈ្មោះ សួន ធិ អាយុ​៤​ឆ្នាំ របួសធ្ងន់​ផុង​លលាដ៍ក្បាល​ធ្ងន់ធ្ងរ ហើយ​ត្រូវ​បញ្ជូន​ភ្លាម​ៗ​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។

ប៉ុន្តែ​លោកស្នងការ​រង​បាន​ប្រាប់​ថា ដោយសារ​នាង​របួសធ្ងន់​ពេក ទើប​ខាង​មន្ទីរពេទ្យ​ខេត្តបាត់ដំបង សម្រេច​បញ្ជូន​បន្ត​ទៅ​កាន់​មន្ទីរពេទ្យ​ខេត្តសៀមរាប​ដើម្បី​ស​ង្ក្រោះ​បន្ទាន់ ។ លោក​បាន​បញ្ជាក់​បន្ថែម​ថា បើ​តាម​ព័ត៌មាន​រហូត​មក​ដល់​ពេល​នេះ គឺ​ក្មេង​ស្រី​នោះ​ត្រូវ​ក្រុម​គ្រូពេទ្យ​នៅ​ខេត្តសៀមរាប​កំពុង​សង្គ្រោះ​បន្ទាន់​។ ពេល​នេះ​មន្ត្រី​ជំនាញ​កំពុង​ចុះ​ពិនិត្យ​ទីតាំង​កើតហេតុ ដើម្បី​សួរនាំ និង​កំពុង​ស្វែងរក​តាម​ចាប់ខ្លួន​ជន​ដៃដល់ ៕