សំណុំរឿង​ឃាតកម្ម​សម្លាប់​លោក​ឧកញ៉ា អ៊ឹ​ង ម៉េ​ង​ជឺ ត្រូវ​បាន​លើក​ពេល


រាជធានី​ភ្នំពេញ ៖ ក្រុមប្រឹក្សា​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០១៧ បាន​បន្ត​សវនាការ​លើ​សំណុំរឿង​ឃាតកម្ម​បាញ់​សម្លាប់​លោក​ឧកញ៉ា អ៊ឹ​ង ម៉េ​ង​ជឺ និង​បាន​លើក​ពេល​សវនាការ​សំណុំរឿង​នេះ​ទៅ​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០១៧ វិញ ។ បើ​តាម​ការ កត់សម្គាល់​ឃើញ​ថា សវនាការ​ក្នុង​សំណុំរឿង​ឃាតកម្ម​មួយ​នេះ​បាន​ធ្វើ​ឡើង​ជា​​ច្រើន​លើក​មក​ហើយ​ដែល​តួអង្គ​សំខាន់​ពាក់ព័ន្ធ ហើយ​ដែល​ជា​អ្នក​នៅ​ពីក្រោយ​ខ្នង និង​ជា​អ្នក​ផ្តើមគំនិត​ក្នុង​អំពើ​ឃាតកម្ម​លើ​ឧកញ៉ា អ៊ឹ​ង ម៉េ​ង​ជឺ គឺ​ជនជាប់ចោទ​មាន​ងារ​ជា​ឧកញ៉ា ថោ​ង សា​រ៉ាត់ មិន​ដែល​មាន​វត្តមាន​ក្នុង​សវនាការ​ទេ ។

មេធាវី​ការពារ​ក្តី​ឲ្យ​ឧកញ៉ា ថោ​ង សា​រ៉ាត់ តែងតែ​ជំរាប​ជូន​អង្គ​សវនាការ​គ្រប់ពេល​ថា កូនក្តី​មាន​ជំងឺ​សម្រាក​នៅ​មន្ទីរពេទ្យ មិន​អាច​ចូល​មក​ឆ្លើយ និង​សំនួរ​ដេញដោល​បាន ។ សវនា​ការ​មាន​លោក​ចៅក្រម តុ​ប ឈុ​ន​ហេង ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ក្នុង​រឿង​ក្តី​នេះ ។ សំណុំរឿង​ឃាតកម្ម​បាញ់​សម្លាប់ លោក​ឧកញ៉ា អ៊ឹ​ង ម៉េ​ង​ជឺ មាន​ជនជាប់ចោទ​ទាំង​អស់​៦​នាក់ ទី​១-​ឧកញ៉ា ថោ​ង សា​រ៉ាត់ (​អ្នក​ផ្តើមគំនិត​) ។ ទី​២-​ឈ្មោះ សៀង វាសនា (​ជា​ជន​ដៃដល់​កាន់​កាំភ្លើង​ដើរ​ចូល​ទៅ​បាញ់​ជន​រង​គ្រោះ​កំពុង​ចុះ​ពីលើ​រថយន្ត​មិន​ញញើត​ដៃ បណ្តាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម នៅ​មុខ​ហាង​លក់​ផ្លែ​ឈើ ក្បែ​រង្វង់​មូល​អាង​ទឹកអូ​ឡាំ​ពិ​ក សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌចំការមន កាលពី​វេលា​ម៉ោងជាង​៧​យប់​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៤ ។ ទី​៣-​ឈ្មោះ កូយ ចាន់​ថុ​ល ។ ទី​៤-​ឈ្មោះ ឈុ​ន ចិ​ត្រា ទី​៥-​ឈ្មោះ មាស សម្បត្តិ និង​ទី​៦-​ឈ្មោះ លី សៅ ហៅ វី (​ស្លាប់​ខណៈ​ពេល​នៅ​ក្នុង​ឃុំ​) ។

ជាមួយ​នោះ​ផង​ដែរ អង្គ​សវនាការ​បាន​សាកសួរ​ដេញដោល​ឆ្លងកាត់​ដល់​ដំណាក់​ការ​សាក្សី រួម​ទាំង​បញ្ចាំង​ស្លាយ​វី​ដេ​អូ​នៃ​ព្រឹ​ត្ត​ការ​មុន​កើត និង​ពេល​កើតហេតុ​ទាក់ទង​សកម្ម​ភាព​​ខ្មាន់កាំភ្លើង​តាម​បាញ់ប្រហារ​លោក​ឧកញ៉ា អ៊ឹ​ង ម៉េ​ង​ជី ។ អ្វី​ដែល​សំខាន់​ទៀត​នោះ​របាយ​ការ​របស់​សមត្ថកិច្ច​ដែល​បាន​ដកស្រង​ការ​ឆ្លើយ​របស់​ឈ្មោះ លី សៅ ហៅ​វី បាន​សារ​ភាព​អស់ហើយ​ថា ជនជាប់ចោទ​១​ក្រុម​នេះ​រួម​ទាំង​ឧកញ៉ា ថោ​ង សា​រ៉ាត់ គឺ​ពិតជា​ជាប់​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​បាញ់​សម្លាប់​លោក​ឧកញ៉ា អ៊ឹ​ង ម៉េ​ង​ជឺ ។ ជនជាប់ចោទ​សុទ្ធ​តែ​​ត្រូវ​បាន​តំណាង​អយ​ន​យ​ការ​ចោទប្រកាន់​ពី​បទ​ផ្ដើមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិត​ទុកជា​មុន​តាម​មាត្រា​២០០ នៃ​ក្រម​ព្រហ្ម​ទ័​ណ្ឌ ។

រាល់​សវនាការ​ជា​ច្រើន​លើក​ទៀត​មេធាវី​ការពារ​ក្តី​ឲ្យ​ជន​រង​គ្រោះ​តែងតែ​ទ​ទួ​ច​ស្នើ​សុំ​តុលាការ​នាំ​ខ្លួន​ជនជាប់ចោទ​គឺ​ឧកញ៉ា ថោ​ង សា​រ៉ាត់ ចូល​មក​ឆ្លើយ​ក្នុង​រឿង​ក្តី​នេះ ព្រោះ​អង្គ​សវនា​ការ​ចង់បាន​ចម្លើយ​ពិត​ពី​មាត់​ជនជាប់ចោទ ។ ប៉ុន្តែ​លើក​ណា​ក៏​ចម្លើយ​មក​វិញ​បាន​ត្រឹម​ថា ជនជាប់ចោទ ថោ​ង សា​រ៉ាត់ ឈឺ​នៅ​ក្នុង​មន្ទីរពេទ្យ ។ សវនាការ​ព្រឹក​នេះ​ប្រធាន​​ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​ផ្អាក​ជា​បណ្ដោះអាសន្ន និង​បន្ត​ទៅ​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០១៧ ខាង​មុខ​ទៀត ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ