ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​ផ្សារ​បុរី​សន្តិភាព​2​ ​ផ្ទុះ​ការ​តវ៉ា​រឿង​ថ្លៃ​តូប​ឡើង​ខ្ពស់កប់ពពក

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អាជីវករ​ផ្សារ​បុរី​សន្តិភាព​២​ប្រមាណ​១០០​នាក់ បាន​ប្រមូលផ្ដុំ​គ្នា​នៅ​នឹង​ទីស្នាក់ការ​ផ្សារ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ដំណាក់​ត្រ​យឹ​ង

រាជធានី​ភ្នំពេញ ៖ អាជីវករ​ផ្សារ​បុរី​សន្តិភាព​២​ប្រមាណ​១០០​នាក់ បាន​ប្រមូលផ្ដុំ​គ្នា​នៅ​នឹង​ទីស្នាក់ការ​ផ្សារ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ពងទឹក ខណ្ឌដង្កោ កាលពី​ព្រឹក​ថ្ងៃ​ទី​២ មីនា ដែល​នៅ​ក្នុង​ដៃ​ពួក​គាត់​ម្នាក់​ៗ​មាន​កាន់​រូបថត​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ប្រធាន​កាកបាទក្រហមកម្ពុជា រួម​ជាមួយ​ទង់​គណបក្ស​ប្រជាជន​កម្ពុជា​ផង ដែល​នេះ​ជា​ការ​តវ៉ា​ប្រឆាំង​ជាមួយ​ប្រធាន​ផ្សារ​ខាងលើ ដោយ​ពួក​គាត់​បាន​អះអាង​ថា បាន​តម្រូវ​ឲ្យ​ពួក​គាត់​ទិញ​តូប​លក់ដូរ​ក្នុង​តម្លៃ​មួយ​ថ្លៃ​កប់​ពពក​ហួស​ពី​លទ្ធភាព​ដែល​ពួក​គាត់​អាច​ទិញ​បាន ។ នៅ​ក្នុង​ពេល​នោះ​ដែរ ក្រុម​អាជីវករ​ខាងលើ​ក៏​បាន​ស្នើ​សុំ​ឲ្យ​លោក​ប្រធាន​ផ្សារ​និង​ឧកញ៉ា ស្រី សុទ្ធា ដែល​ជា​ម្ចាស់​ផ្សារ​មេត្តា​កែសម្រួល​លើ​បញ្ហា​នោះ​ផង ។

ក្រុម​អាជីវករ​បាន​និយាយ​ថា ការ​ប្រមូលផ្ដុំ​គ្នា​នា​ពេល​នេះ​គឺ​ដើម្បី​ធ្វើការ​តវ៉ា​បន្ទាប់​ពី​តំណាង​លោក​ឧកញ៉ា ស្រី សុទ្ធា ដែល​ជា​ម្ចាស់​ផ្សារ​បុរី​សន្តិភាព​២ បាន​ហៅ​អាជីវករ​ទាំងអស់​ប្រជុំ​ប្រាប់​ពី​រឿង​ការ​លក់​និង​ទិញ​តូប​លក់ដូរ ។ ពេល​នោះ​តំណាង​ខាងលើ​បាន​តម្រូវ​ឲ្យ​ពួក​គាត់​ទិញ​តូប​ដែល​ពួក​គាត់​កំពុង​ប្រើប្រាស់​រាល់ថ្ងៃ​ក្នុង​១​តូប​ថ្លៃ​៥.០០០​ដុល្លារ មិនតែប៉ុណ្ណោះ​ក៏​នៅ​បាន​ដំឡើង​ថ្លៃ​តូប​ក្នុង​មួយ​ឆ្នាំ​ចាប់ពី​៥០​ដុល្លារ​ទៅ​១០០​ដុល្លារ ឬ​ក៏​រហូត​ដល់​២០០​ដុល្លារ​ថែម​ទៀត ។ បន្ទាប់​ពី​ការ​គាបសង្កត់ ជាន់ក​ដកស្លាប​បែប​នេះ​ហើយ ទើប​ពួក​គាត់​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅ​តែ​ពី​ការ​ប្រមូលផ្ដុំ​គ្នា​ធ្វើការ​តវ៉ា និង​ស្នើ​សុំ​ឲ្យ​លោក​ឧកញ៉ា ស្រី សុទ្ធា ដែល​ជា​ម្ចាស់​ផ្សារ​បុរី​សន្តិភាព​២​ជួយ​សម្រួល​ពី​បញ្ហា​នេះ​តែ​ប៉ុណ្ណោះ ។

ប្រភព​ដដែល​បាន​បន្ត​ថា ពួក​គាត់​បាន​ទាមទារ​សុំ​ឲ្យ​លោក​ឧកញ៉ា​ខាងលើ​ជួយ​ដោះស្រាយ​នូវ​លក្ខខណ្ឌ​ការងារ​ចំនួន​៥​ចំណុច​ក្នុង​នោះ​រួម​មាន ៖
១-​សូម​ផ្លាស់​ប្តូរ​ប្រធាន​ផ្សារ​បុរី​សន្តិភាព​២ និង​សន្តិសុខ​ផ្សារ​ដែល​កំពុង​បម្រើ​ការងារ​សព្វ​ថ្ងៃនេះ​ចេញ និង​ដាក់​អ្នក​ថ្មី​ចូល​ជំនួស​វិញ  ដោយ​ធ្វើការ​ជ្រើសតាំង​ប្រធាន​ផ្សារ​ថ្មី​នោះ​តាម រយៈ​ក្រុម​អាជីវករ​ធ្វើការ​បោះ​ឆ្នោត ហើយ​ក៏​ស្នើ​សុំ​ឲ្យ​បញ្ចុះតម្លៃ​តូប​ពី​១​ឆ្នាំ​១០០​ដុល្លារ​ក្នុង​១​តូប​មក​ត្រឹម​១​ឆ្នាំ​៥០​ដុល្លារ​វិញ ។
២-​ពួក​គាត់​សុំ​ជួល​តូប​លក់​ធម្មតា​ដូច​ពេល​មុន​ដដែល មិន​ត្រូវ​ដកហូត​យក​ទៅ​លក់ ហើយ​តម្រូវ​ឲ្យ​ពួក​គាត់​ទិញ​យក​វិញ​សា​ជា​ថ្មី​ក្នុង​តម្លៃ​ដ៏​ខ្ពស់កប់ពពក​បែប​នេះ​ឡើយ ។
៣-​នៅ​ពេលធ្វើការ​ជួសជុល​តូប​ឈប់​យក​លុយ​ពី​អាជីវករ​ទាំងអស់​គ្នា​តទៅ​ទៀត ព្រោះ​វា​ជា​ភារកិច្ច​និង​ការ​ទទួលខុសត្រូវ​របស់​ម្ចាស់​ផ្សារ​ទាំងស្រុង ។
៤-​សូម​ឲ្យ​ប្រធាន​ផ្សារ​ពង្រឹង​សន្តិសុខ​នៅ​ក្នុង​ផ្សារ​ផង ព្រោះ​កន្លង​មក​មាន​សកម្មភាព​ក្រុម​ចោរ​គាស់​តូប​លួច​យក​ទំនិញ​នៅ​ក្នុង​តូប​ពួក​គាត់​ជា​បន្តបន្ទាប់ ។
៥-​ពួក​គាត់​ទាំងអស់​គ្នា​ស្នើ​សុំ​ឲ្យ​ម្ចាស់​ផ្សារ ដាក់កុង​ត្រា​តូប​ក្នុង​រយៈពេល​១០​ឆ្នាំ​ចាំ​កែប្រែ​ម្ដង ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ប្រជាពលរដ្ឋ​ផ្ទុះ​ការ​តវ៉ា អាជ្ញាធរ​ខណ្ឌដង្កោ​ដឹកនាំ​ដោយ​លោក ជរ គឹ​ម​ស៊​រ អភិបាលរង​ខណ្ឌដង្កោ បាន​ចុះ​ទៅ​ធ្វើការ​សម្របសម្រួល សុំ​ឲ្យ​បងប្អូន​អាជីវករ​ទាំងនោះ​មានការ​ស្ងប់ស្ងាត់​អត់ធ្មត់ ហើយ​អាជ្ញាធរ​ក៏​បាន​ធ្វើការ​សម្របសម្រួល​ជាមួយ​អ្នកគ្រប់គ្រង​ផ្សារ​ផង​ដែរ ហើយ​បាន​ឲ្យ​អាជីវករ​ជ្រើសរើស​តំណាង​ចំនួន​១៥​នាក់ ដើម្បី​ជួប​ពិភាក្សា​គ្នា​ជាមួយ​តំណាង​ផ្សារ​នៅ​សាលា​ខណ្ឌដង្កោ​នៅ​ពេល​ក្រោយ ។

ដោយឡែក​លោក គឹ​ម យ៉ា​ន តំណាង​ផ្សារ​បុរី​សន្តិភាព​២​មួយ​រូប​ដែរ បាន​លើក​ឡើង​ថា បន្ទាប់​ពី​មានការ​តវ៉ា​ពី​សំណាក់​បងប្អូន ដែល​ជា​អាជីវករ​ផ្សារ​ខាងលើ​នោះ​ភ្លាម លោក​បាន​សំណូមពរ​ទៅ​កាន់​លោក​ឧកញ៉ា ស្រី សុទ្ធា ដែល​ជា​ម្ចាស់​ផ្សារ​រួច​ហើយ ។ ម្យ៉ាងទៀត​លោក​ឧកញ៉ា ក៏​បាន​ចេញ​លិខិត​ជូនដំណឹង​មួយ​ជូន​ដល់​អាជីវករ ដោយ​សន្យា​ថា​ឲ្យ​ក្រុម​អាជីវករ​ទាំងអស់​លក់ដូរ​ជា​ធម្មតា​វិញ ដោយ​មិន​មានការ​លក់ ឬ​ក៏​ទិញ​តូប​នោះ​ឡើយ និង​សុំ​ឲ្យ​ពួក​គាត់​ស្ងប់ចិត្ត ៕