ខេត្តស្ទឹងត្រែង ៖ «សហគមន៍ជីវិតស្រស់ត្រកាលគ្រប់រដូវ» បានបង្កើនបរិមាណនិងគុណភាពការច្នៃផលិតផលវត្ថុអនុស្សាវរីយ៍ធ្វើពីត្រឡោកដូង ត្រៀមដាក់តាំងបង្ហាញនៅក្នុងពិធីបុណ្យទន្លេដើម្បីស្វែងរកការគាំទ្រពីអតិថិជន រកប្រាក់ជួយកុមារក្រីក្រ ។
មន្ទីរពាណិជ្ជកម្មបានទៅពិនិត្យផលិតផលពីត្រឡោកដូងនិងគ្រោងរៀបចំស្តង់ឲ្យដាក់តាំងលក់នៅក្នុងពិធីបុណ្យទន្លេនាពេលខាងមុខនេះ ។ ការពិនិត្យបច្ចេកទេសកែច្នៃផលិតផលអនុស្សវរីយ៍ធ្វើពីត្រឡោកដូង នៅភូមិរាជានុគោល ក្រុងខេត្តស្ទឹងត្រែងនោះ កាលពីថ្ងៃទី២០ កុម្ភៈ ឆ្នាំ២០១៧ ។ លោកឡុង លីប៉ូ ប្រធានសហគមន៍ជីវិតស្រស់ត្រកាលគ្រប់រដូវបញ្ជាក់ថា ក្នុង ១ឆ្នាំៗកុមារជិត៣០០នាក់ ជាបន្ទុកសហគមន៍ជួយទ្រទ្រង់ដល់ការសិក្សា និងមើលថែផ្នែកសុខភាព ។ ការជួយផ្គត់ផ្គង់ដល់កុមារតម្រូវឲ្យសហគមន៍ស្វែងរកប្រាក់ចំណូលមកបង្គ្រប់បន្ថែមពីលើជំនួយរបស់អង្គការពិភពកុមារ តែប្រាក់ជំនួយមានកម្រិត ដូច្នេះហើយ ទើបសហគមន៍បង្កើតផលិតផលអនុស្សាវរីយ៍ធ្វើពីត្រឡោកដូង ហើយស្វែងរកទីផ្សារដើម្បីរកមូលនិធិពីអតិថិជន ។
លោកឡុង លីម៉ូ និយាយថា «កុមារនៅក្នុងគម្រោងរបស់ខ្ញុំច្រើនជិត៣០០នាក់ក្នុង ១ឆ្នាំៗ អុីចឹងហើយការផ្តល់ជំនួយពីបរទេស គឺយើងមានកំណត់ អុីចឹងវាមិនទាន់មានការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ។ ដូច្នេះយើងចេះតែមានគំនិត ហើយយើងឃើញបញ្ហាខាងក្រៅច្រើន ដូចជាកម្ទេចឈើ ដូចជារបស់របរដែលគេបោះចោលច្រើន ហើយដើម្បីជួយកាត់បន្ថយនូវការបោះចោលសំរាមមានន័យថា ដើម្បីបរិស្ថាន គោលបំណងធំបំផុតគឺយើងជួយសម្រួលដល់បរិស្ថានជុំវិញហ្នឹង ។ អុីចឹងហើយបានមានគំនិតថាធ្វើម៉េចជួយកាត់បន្ថយបានទាល់តែយើងរើសយករបស់ទាំងអស់ហ្នឹងយកមកកែច្នៃដើម្បីស្វែងរកទីផ្សារ» ។
លោកឡុង គឹមឡេង អ្នកបច្ចេកទេសផលិតវត្ថុអនុស្សវរីយ៍ឱ្យដឹងថា «ការបង្កើនផលិតផលសហគមន៍ត្រូវចំណាយប្រាក់ ដូចជាការទិញដូង ល្អៗខ្លះយកត្រឡោកមកកែច្នៃឲ្យមានរូបរាងជាប៉ាន់តែ ពែងតែ សម្រាប់ដាក់ទឹកប្រើប្រាស់ និងទុកជាអនុស្សាវរីយ៍ស្នាដៃរបស់ខ្មែរ មានរចនាបទ លម្អនៅតាមការិយាល័យ ឬតាមគេហដ្ឋាន ។ ផលិតផលទាំងនេះនៅមិនទាន់មានទីផ្សារលក់នៅឡើយទេ ដូចនេះស្នើឲ្យមន្ទីរពាណិជ្ជកម្មរិះរកមធ្យោបាយជួយឲ្យមានទីផ្សារ ដើម្បីបម្រើឲ្យការផលិតមាននិរន្តរភាព ខណៈបច្ចុប្បន្នពុំទាន់មានការជួយលើកទឹកចិត្តប៉ុន្មានទេ» ។
លោកអ៊ៀ គន្ធា អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តស្ទឹងត្រែងសាទរចំពោះការខំប្រឹងប្រែងបង្កើតមុខរបររកប្រាក់ចំណូលជួយទ្រទ្រង់សហគមន៍ឲ្យរីកចម្រើន ហើយមន្ទីរនឹងសហការជាមួយផ្នែកទីផ្សារពាក់ព័ន្ធ ផ្សេងៗទៀតដើម្បីជួយរៀបចំដាក់បញ្ចូលផលិតផលនេះទៅក្នុងកម្មវិធីពិព័រណ៍ពាណិជ្ជកម្មដើម្បីឲ្យអតិថិជនជួយគាំទ្រ ។ សា្នដៃ និងផលិតផលរបស់ខ្មែរយើងមិនអន់ជាងផលិតផលបរទេសទេ តែទាមទារការផលិតកែច្នៃវត្ថុអនុស្សវរីយ៍ឲ្យមានគុណភាព សោភ័ណភាព និងលក់មានតម្លៃសមរម្យដើម្បីឱ្យអតិថិជនចាប់អារម្មណ៍ ។
លោកស្រីឡុង សុគន្ធា សមាជិកសហគមន៍ជីវិតស្រស់ត្រកាលគ្រប់រដូវទទួលស្គាល់ថា វត្ថុអនុស្សាវរីយ៍របស់សហគមន៍លក់ថ្លៃបន្តិចដោយសារចំណាយទុនច្រើន តែនៅក្នុងពិព័រណ៍ផលិតផលសម្រាប់បុណ្យទន្លេនៅចុងខែមីនានេះ សហគមន៍នឹងពិគ្រោះយោបល់គ្នាបញ្ចុះតម្លៃឲ្យបានសមស្របសម្រាប់ភ្ញៀវជាតិទទួលយកបាន ។
ខេត្តស្ទឹងត្រែងមានសក្តានុពលផ្នែកវិស័យសេដ្ឋកិច្ចអាចបង្កើតបានតាមរយៈផលិត ផលភូមិ១ផលិតផល១ដែលបច្ចុប្បន្នខេត្តមានផលិតផលចង្កឹះទ្រាំង ទឹកត្រីព្រះរំកិល ស្រាដំណើបកោះស្នែង ម្នាស់ទឹកឃ្មុំ ផលិតផលសូត្រអង្គការអភិវឌ្ឍន៍ស្ត្រី ក្រមាសហគមន៍កិច្ចការនារី កាហ្វេឆ្ងាញ់ស្ទឹងត្រែង ស្មុគធ្វើពីឫស្សី និងសិប្បកម្មកែច្នៃត្រឡោកវត្ថុអនុស្សវរីយ៍ជាដើម ៕
ចែករំលែកព័តមាននេះ