ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រៃឈើ​ក្នុង​តំបន់​ដែន​អភិរក្ស​សត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ នៅ​តែ​មានការ​កា.ប់​បំផ្លាញ

7 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ដើមឈើ​តូច​ធំ​រាប់​ពាន់​ដើម​ត្រូវ​បាន​គេ​កា.ប់​ចេញពី​ក្នុង​ព្រៃ​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ យក​កាត់​ជា​កង់​ៗ​ធ្វើ​ជា​អុស​ស្ទែរ ដាក់​តាំង​លក់​ដោយ​មិន​ខ្លាច​សមត្ថកិច្ច

ខេត្តកំពង់ឆ្នាំង ៖ ដើមឈើ​តូច​ធំ​រាប់​ពាន់​ដើម​ត្រូវ​បាន​គេ​កាប់​ចេញពី​ក្នុង​ព្រៃ​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ យក​កាត់​ជា​កង់​ៗ​ធ្វើ​ជា​អុស​ស្ទែរ ដាក់​តាំង​លក់​ដោយ​មិន​ខ្លាច​សមត្ថកិច្ច ឬ​ជំនាញ​ណា​ឡើយ​។ ការ​ដាក់​តាំង​អុស​ស្ទែ ច្រើន​រយ​ម៉ែត្រគូប នេះ មាន​ក្នុងភូមិ​សាស្ត្រ​ឃុំ​ជៀប ក្នុងស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ។ កន្លង​ទៅ ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង បាន​ប្រតិកម្ម​ខ្លាំង​ៗ ជាមួយ​មន្ត្រី​បរិស្ថាន ពិសេស​អ្នក​ទៅ​ការពារ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រាល់ ថា បាន​បណ្តោយ​ឲ្យ​គេ​ចូល​កាប់​ព្រៃ ទន្ទ្រាន​យក​ដី​ធ្វើ​កម្មសិទ្ធិ និង​ធ្វើ​ឡធ្យូង​ជាដើម ជា​ថ្នូ​នឹង​ការ​យក​ប្រាក់​ដាក់​ខែ​ពី​គេ​។

ឯកឧត្តម​អភិបាលខេត្ត​ក៏​បាន​ព្រមាន​ថា ចាប់ពី​ពេល​នេះ​ទៅ រណា​យន្ត ឡធ្យូង កាប់​អុស កាប់​ឈើ កាប់​ទន្ទ្រាន​យក​ដី គឺ​ហាម​ដាច់ខាត លែង​ឲ្យ​មាន​ទៀត​ហើយ ។ ក្រោយ​មានការ​ប្រតិកម្ម​ធ្ងន់​ៗ​បែប​នេះ គេ​សង្កេត​ឃើញ​មាន ការ​ទប់ស្កាត់​បទល្មើស​ទាំងនេះ​បាន​ថយ​ចុះ​មួយ​រយៈ​ធំ​។ ប៉ុន្តែ​ថ្មី​ៗ​នេះ​បទល្មើស​កាប់​ដើមឈើ​យក​មក​ធ្វើ​អុស​ដាក់​លក់​បាន​ចាប់ផ្តើម​កក្រើក​វិញ​ហើយ គ្មាន​សមត្ថកិច្ច​ណា​បង្ក្រាប​ឡើយ​។ អុស​ស្ទែ​ទាំងនោះ​ត្រូវ​បា​គេ​ដឹក​តាម​រថយន្ត តាម​គោ​យន្ត​យក​ទៅ​ដាក់​តាម​ឡឥដ្ឋ ក្នុងស្រុក​រលាប្អៀរ និង​ស្រុក​កំពង់ត្រឡាច  ខ្លះ​ទៀត​ដាក់​តាម​រោងចក្រ និង​មួយ​ចំនួន​ទៀត​យក​ទៅ​លក់​នៅ​ក្នុង​ខេត្តកណ្តាល​។

​ជុំវិញ​បញ្ហា​នេះ​លោក ប៊ឿ ប៊ុ​ន​ថន នាយក​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា លោក​ទទួលស្គាល់​ថា ពិតជា​មានការ​ដាក់​តាំង​លក់​អុស​ស្ទែ​ទាំងនោះ​មែន ប៉ុន្តែ​អុស​ទាំងនោះ​មិនមែន​កាប់​ចេញពី​ដែនជម្រកសត្វព្រៃ ដែល​ការពារ​ដោយ​ក្នុង​របស់​លោក​ទេ​។ អុស​ទាំងនោះ​មួយ​ចំនួន​កាប់​ចេញពី​តំបន់​វិនិយោគ​របស់ ក្រុមហ៊ុន​ភា​វី​ម៉ិច តែ​បច្ចុប្បន្ន បាន​ប្រគល់​មក​ឲ្យ​រដ្ឋ​គ្រប់គ្រង​វិញ​។ មួយ​ចំនួន​ចេញពី​តាម​ភូមិ និង​មួយ​ចំនួន​តូច​ណាខ្លះ​ទៀត ក៏​អាច​ចេញពី​តំបន់​ដែន​អភិរក្ស​ខ្លះ​ដែរ ដែល​យើង​មើល​មិន​បាន​ដិត​ដល់ តែ​លោក​នឹង​ព្យាយាម ការពារ​ឲ្យ​បាន មិន​ឲ្យ​មាន​បញ្ហា​នេះ​ទេ​។

ទោះ​យ៉ាងនេះ​ក្តី ក្រៅពី​បទល្មើស​ខាងលើ​នេះ ក្នុង​ដែនជម្រកសត្វព្រៃ​ដែល​មាន​ដាក់​ស្លាក​ហាម​ចូល​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្ន​ឱ​រ៉ា​ល់ បច្ចុប្បន្ន​នេះ គេ​កំពុង​ឃើញ​មាន​បទល្មើស​មួយទៀត​គឺ​ការ​កាប់​ទន្ទ្រាន​យក​ដី​ព្រៃ​ក្នុង​ដែន​ជម្រក​មួយ​នេះ ព័ត៌មាន​នេះ​យើង​នឹង​ធ្វើ​បច្ចុប្បន្នភាព​នៅ​ពេល​ក្រោយ​៕