ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ខ្លាច​ពួក​ចក្រពត្តិ ប្រទេស​ដែល​ឈ្លានពាន​គេ​បាន​បង្កើត​សោកនាដកម្ម​ទៅ​លើ​កុមារ

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ សម្តេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​កិ​តិ្ត​យស​គណៈកម្មាធិការ​ជាតិ​គាំពារ​និង​អភិវឌ្ឍន៍​

ខេត្តសៀមរាប ៖ សម្តេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​កិ​តិ្ត​យស​គណៈកម្មាធិការ​ជាតិ​គាំពារ​និង​អភិវឌ្ឍន៍​កុមារ​តូច បាន​មាន​ប្រសាសន៍​អំពាវនាវ​ស្នើ​ឲ្យ​យើង​ទាំងអស់​គ្នា​រួម​បង្កើន​សំឡេង​ឲ្យ​បាន​ច្រើន ជា​ពិសេស​អង្គការ​យូ​នី​សេ​ហ្វ​នៅ​ក្នុង​ពេល​ប្រារព្ធ​សន្និសីទ​អន្តរជាតិ​ទាក់ទង​ទៅ​នឹង​ការ​គាំពារ​កុមារ​និង​អភិវឌ្ឍន៍​កុមារ​តូច គួរ​ថ្កោលទោស​ប្រទេស​ណា ដែល​ឈ្លានពាន គេ​គិតតែ​ពី​សម្លាប់​មនុស្ស និង​កុមារ​នៅ​លើពិភពលោក​នេះ បង្កើត​សោកនាដកម្ម​ទៅ​លើ​កុមារ ។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​បែប​នេះ​នា​ព្រឹក​ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ​២០១៧ នៅ​សណ្ឋាគារ​អង្គរ​អេ​រា​ក្រុង​សៀមរាប​ខណៈ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​សន្និសីទ​អន្តរជាតិ​ថ្នាក់​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ស្តី​ពី​ការ​អភិវឌ្ឍ​កុមារ​តូច​សំដៅ​បម្រើ​បុព្វហេតុ​ដល់​ការ​យកចិត្តទុកដាក់ ការ​គាំពារ និង​អភិវឌ្ឍ​កុមារ​តូច​ដោយ​ជំរុញ​ឲ្យ​មានការ​ចូលរួម​ដ៏​ទូលំទូលាយ​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ សម្តេច​បាន​មាន​ប្រសាសន៍​ថា ប្រទេស​ណា​ដែល​នាំ​កងទ័ព​ទៅ​ឈ្លានពាន​ប្រទេស​គេ​ច្រើន​ជាងគេ គឺ​ប្រទេស​នោះ​ឯង​ដែល​ធ្វើការ​សម្លាប់​កុមារ​ច្រើន​ជាងគេ​។ មិន​ត្រឹមតែ​ធ្វើបាប​កុមារ​នៅ​ក្នុង​ប្រទេស​ដែល​ខ្លួន​នាំ​កងទ័ព​ទៅ​ឈ្លានពាន​គេ​ទេ ក៏​ប៉ុន្តែ​ធ្វើបាប​ទាំង​កុមារ​ដែល​ជា​ប្រទេស​របស់​ខ្លួន​ផង​ដែរ​។ ព្រោះ​អ្វី? ព្រោះ​នាំ​ប្តី​គេ នាំ​កូន​គេ​ទៅ​ច្បាំង​នៅ​ប្រទេស​ក្រៅ​ដល់​ពេល​ស្លាប់​ទៅ​ធ្វើ​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​ក្លាយជា​ស្ត្រី​មេម៉ាយ សល់​កូនកំព្រា ។

ឥឡូវ​យើង​ពិនិត្យ​មើល​និយាយ​ត្រឹមតែ​ពលកម្ម​កុមារ អំពី​ការ​ថែទាំ​កុមារ ប៉ុន្តែ​យើង​មិនសូវ​បាន​និយាយ​ទៅ​លើ​បញ្ហា​សិទ្ធិ​រស់រាន​មានជីវិត​របស់​កុមារ​តាម​រយៈ​ការ​សម្លាប់​នោះ​ទេ គួរ​ពិនិត្យ​មើល​ការ​ស្លាប់​របស់​គេ​ក្នុង​មួយ​ថ្ងៃ​ៗ​មាន​ប៉ុន្មាន ? នៅ​អ៊ី​រ៉ា​ក់ នៅ​លី​ប៊ី នៅ​ស៊ី​រី តើ​អ្នក​ណា​ជា​អ្នក​ធ្វើ​រឿង​នេះ ?

សម្តេច​តេ​ជោ​បាន​គូ​សប​ព្ជា​ក់ថា យើង​គួរតែ​ហ៊ាន​និយាយ​ត្រង់​ៗ កុំ​ខ្លាច​ពួក​ចក្រពត្តិនិយម​ដែល​ដើរ​តែ​ឈ្លានពាន​គេ ។ សម្តេច​ក៏​បាន​លើក​ឧទាហរណ៍​មក​បញ្ជាក់​ថា កាលពីដើម​កាល​ខ្ញុំ​នៅ​កុមារ​រង​គ្រោះ​ម្នាក់​នៅ​ក្នុង​អតីត​កាលដែល​បារាំង​ត្រួតត្រា តាម​ឪពុក​ខ្ញុំ​និយាយ ឪពុក​ម្តាយ​ខ្ញុំ​ទាញ​ដៃ​ទម្លាក់​ក្នុង​លេណដ្ឋាន​រៀង​រាល់ពេល ដែល​កងទ័ព​បារាំង​ចាប់​វ៉ៃ​គ្នា ។ បន្ទាប់​មក​នៅ​ពេល​ដែល​អា​មេ​រិ​ក​ឈ្លានពាន​កម្ពុជា តើ​មាន​កុមារ​កម្ពុជា​ប៉ុន្មាន​ទៅ​ដែល​ស្លាប់ របួស ពិការ និង​បង្កើត​នូវ​ស្ថានភាព​ខ្វះ​អាហារូបត្ថម្ភ ។ កុមារ​នៅ​ឥណ្ឌូចិន​ច្រើន​ណាស់ រហូត​មក​ដល់​ឥឡូវ​មិន​ទាន់​អស់​នូវ​ផលវិបាក​របស់​វា​ដែល​ប៉ះពាល់​ជាតិ​គីមី បាន​ធ្វើ​ឲ្យ​កុមារ​ទាំងនោះ​ក្លាយទៅជា​អ្នក​ពិការ​មិន​គ្រប់លក្ខណៈ​។ ត្រង់នេះ​ហើយ​មក​ពី​អ្វី តើ​យើង​មានបាន​និយាយ​ដល់​ត្រង់នេះ​ទេ ?

យើង​គួរតែ​មាន​សំឡេង​រួម​មួយ​ដើម្បី​ថ្កោលទោស​ពួក​ឈ្លានពាន ពួក​ដែល​ដើរ​សម្លាប់​គេ ។ សព្វ​ថ្ងៃនេះ​គេ​ដើរ​ឆែក​តាម​រោងចក្រ​គ្រប់​អាយុ​ឬ​នៅ ហ្នឹង​រឿង​មួយ​ហើយ ប៉ុន្តែ​គេ​យក​រឿង​នេះ​ដើម្បី​បន្ធូរបន្ថយ​រឿង​ផ្សេង​ទេ ។ ក៏​ប៉ុន្តែ​គេ​មានបាន​ដើរទៅ​ឆែក​នៅ​ប្រទេស​ស៊ី​រី ទៅ​ប្រទេស​លី​ប៊ី ទៅ​ប្រទេស​អុ​ី​រ៉ា​ក់​ដែល​ពួក​ឈ្លានពាន​ចូល​ទៅ​ឈ្លានពាន​ផ្តួលរំលំ​គេ ឬ​ក៏​គាំទ្រ​បដិវត្តន៍​ពណ៌​នៅ​ទីនោះ​យើង​មានបាន​ធ្វើ​កន្លែង​ហ្នឹង​ទេ ?

ខ្ញុំ​គិត​ថា អង្គការ​យូ​នី​សេ​ហ្វ គួរ​ដំឡើង​សំឡេង​ឲ្យ​ខ្លាំង​ជាងគេ​បន្តិច​ឲ្យ​បាន​ខ្លាំង​ជាងគេ​បន្តិច ។ នៅ​លើ​ពិភពលោក​នេះ ខ្ញុំ​សូម​ជម្រាប​បន្តិច គ្រាន់តែ​មន្ទីរពេទ្យ​កម្រិត​២​របស់​កម្ពុជា ដែល​បោះទីតាំង​នៅ​ស៊ូ​ដង់​ខាងត្បូង នៅ​ពេល​ដែល​កងទ័ព​ប្រធានាធិបតី​ស៊ូ​ដង់​ខាងត្បូង និង​អនុ​ប្រធានាធិបតី​ស៊ូ​ដង់​ខាងត្បូង​វ៉ៃ​គ្នា ស្ត្រី​ដែល​ទៅ​ឆ្លងទន្លេ​នៅ​ក្នុង​មន្ទីរពេទ្យ​កម្ពុជា​នៅ​ស៊ូ​ដង់​ខាងត្បូង គឺ​មាន​ចំនួន​ដល់​ទៅ​រាប់​ពាន់​នាក់ ហ្នឹងហើយ​ជា​ផល​ពិបាក​នៃ​សង្គ្រាម ។ ដូច្នេះ​ខ្ញុំ​គិត​ថា យើង​គួរ​កុំ​ខ្លាច កុំ​ខ្លាច​នឹង​និយាយ​ចំ​ៗ​ឈ្មោះ​ជាមួយនឹង​ប្រទេស​ដែល​ដើរ​ឈ្លានពាន​គេ បើ​មិន​ដូច្នោះ​យើង​គ្រាន់តែ​បន្ទោស​តែ​ខ្លួនឯង​ហ្នឹង បន្ទោស​តែ​គ្នា​ឯង​ហ្នឹង ។ ប៉ុន្តែ​អ្នក​បង្កហេតុ​យើង​អត់​ហ៊ាន​បន្ទោស​ទេ ។ កម្ពុជា​នៅ​សល់​គ្រាប់បែក​ច្រើន​ណាស់ ហើយ​ជា​បន្តបន្ទាប់​ក្មេង​ស្លាប់​ច្រើន​ណាស់​ព្រោះ​ក្មេង​គ្នា​អត់​ស្គាល់​គ្រាប់​ឯណា តើ​នឹង​ជា​អ្នក​ណា គឺ​អា​មេ​រិ​កាំ​ង គ្រាប់បែក​អា​មេ​រិ​ក ។

សម្តេច​មាន​ប្រសាសន៍​ថា ល្មម​ដល់​ពេល​ហ៊ាន​និយាយ​ការ​ពិត​ហើយ​។ ខ្ញុំ​គិត​ថា​យូ​នី​សេ​ហ្វ កុំ​ខ្លាច​ជាមួយ​អា​មេ​រិ​ក ។ អា​មេ​រិ​កបង់​វិភាគទាន​ឲ្យ​អង្គការសហប្រជាជាតិ​ជា​រឿង​របស់​អា​មេ​រិ​ក​ទេតើ ។ ប៉ុន្តែ​អា​មេ​រិ​ក​ដើរ​ឈ្លានពាន​គេ គឺ​គួរតែ​ហ៊ាន​និយាយ​ការ​ពិត ។ ខ្ញុំ​គិត​ថា បរទេស​ទាំងឡាយ​មក​កាន់​ទី​នេះ ក៏​សុទ្ធតែ​ជា​បណ្តា​ប្រទេស​រង​គ្រោះ ដោយ​ការ​ឈ្លានពាន និង​ការ​រំលោភ​បំពាន​ពី​ប្រទេស ក្រោម​ការ​មាក់ងាយ​ពី​ប្រទេស​ដទៃ​ទៀត ដែល​ជា​ប្រទេស​សម្លាប់​យើង​ហើយ​មក​ប្រដៅ​យើង​ទៀត ។ រឿង​នេះ​ហើយ​បានជា​ពួក​អា​មេ​រិ​ក​មិន​ចូល​ចិត្ត​ខ្ញុំ​ទេ ចូល​ចិត្ត​ឬ​មិន​ចូល​ចិត្ត​ខ្ញុំ​និយាយ​ត្រង់​ថា អ្នកឯង​ឈ្លានពាន​ខ្ញុំ នេះ​ជា​រឿង​ពិត គ្រាប់បែក​២​លាន​៥​សែន​តោន​ទម្លាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

កុមារ​របស់ខ្ញុំ​មួយ​ឆ្នាំ​ត្រូវ​ស្លាប់​ប៉ុន្មាន និង​កុមារ​នៅ​វៀតណាម នៅ​ឡាវ​ក៏​មិន​ទាន់​បាន​ដោះស្រាយ និង​ប្រទេស​ផ្សេង​ៗ​ទៀត​ក៏​កំពុង​រង​គ្រោះ ។ ប្រទេស​ណា​ដែល​នាំ​កងទ័ព​ចេញ​ទៅ​ក្រៅ​ឈ្លានពាន​ច្រើន​ជាងគេ ប្រទេស​នោះ​ធ្វើបាប​កុមារ​ច្រើន​ជាងគេ ហើយ​មក​តាំង​ខ្លួនឯង​ជា​អ្នក​ដើរ​ប្រដៅ​គេ​ពី​សិទ្ធិ​នេះ សិទ្ធិ​នោះ​រួច​ហើយ​យក​ទៅ​ថ្លឹង​មួយ​ឆ្នាំ​ៗ​ចេញ​របាយការណ៍​ពលកម្ម​កុមារ​នៅ​ក្នុង​ប្រទេស​នេះ​ប៉ុណ្ណេះ​ៗ ។ ប៉ុន្តែ​អត់​បាន​និយាយ​ថា​ខ្ញុំ​បាន​សម្លាប់​កុមារ​នៅ​ក្នុង​ប្រទេស​នេះ​ប៉ុណ្ណេះ​ៗ​គឺ​អត់​បាន​និយាយ​ផង​! គួរ​និយាយ​ឲ្យ​ត្រង់​ៗ​តែ​ម្តង​ទៅ ។ នេះ​ខ្ញុំ​គ្រាន់តែ​រំឭក​បើ​យើង​និយាយ​អំពី​អាហារូបត្ថម្ភ អ្វី​ៗ​កុំ​ភ្លេច​និយាយ​ពី​សិទ្ធិ​រស់រាន​មានជីវិត​របស់​កុមារ​ផង ។

សម្តេច​តេ​ជោ​បាន​មាន​ប្រសាសន៍​ថា នៅ​ក្នុង​កិច្ចការ​គាំពារ​កុមារ​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​ជាតិ និង​ផែនការ​សកម្មភាព​ជាតិ​ស្តី​ពី​ការ​គាំពារ និង​អភិវឌ្ឍ​កុមារ​តូច​ឆ្នាំ​២០១៤-២០១៨ សំដៅ​បុព្វហេតុ​ផ្តល់​ការ​យកចិត្តទុកដាក់​ដល់​ការ​គាំពារ​និង​អភិវឌ្ឍ​កុមារ​តូច ដោយ​ជំរុញ​ឲ្យ​មានការ​ចូលរួម​ដ៏​ទូលំទូលាយ​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ៕