ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចរចា​មិន​ត្រូវ​គ្នា ឡាវ​ដកទ័ព​ចេញពី​ដី​កម្ពុជាស្ងាត់​ៗ បន្សល់​ទុក​រណ្តៅ​លេណដ្ឋាន​ចំនួន​៣៣​

7 ឆ្នាំ មុន

ខេត្ដស្ទឹងត្រែង ៖ ការ​ជួប​គ្នា​រក​ដំណោះស្រាយ​ពី​បញ្ហា​ព្រំដែន​កម្ពុជា​និង​ឡាវ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៧ ខែកុម្ភៈ នៅ​សេ​ពៀន ក្នុង​ទឹកដី​ឡាវ ដែល​ភាគី​កម្ពុជា​តំណាង

ខេត្ដស្ទឹងត្រែង ៖ ការ​ជួប​គ្នា​រក​ដំណោះស្រាយ​ពី​បញ្ហា​ព្រំដែន​កម្ពុជា​និង​ឡាវ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៧ ខែកុម្ភៈ នៅ​សេ​ពៀន ក្នុង​ទឹកដី​ឡាវ ដែល​ភាគី​កម្ពុជា​តំណាង​ដោយ​លោក ដួង ពៅ អភិបាលរង​ខេត្ត រួម​ជាមួយមេបញ្ជាការ​រង​តំបន់​ប្រតិបត្តិការ​សឹង​រង​ស្ទឹង​ត្រែង និង​កងកម្លាំង​មួយ​ចំនួន​ទៀត ដោយឡែក​ភាគី​ឡាវ តំណាង​ដោយ​អាជ្ញាធរ​ខេត្ត​អត្ត​ពឺ ។

តាម​មន្ដ្រី​យោធា​ការពារ​ព្រំដែន​កម្ពុជា បានឲ្យ​ដឹង​ថា ទាហាន​ឡាវ​មួយ​«​ខ​» ចំនួន​៥៥​នាក់ ដែល​បាន​ដាក់​ពង្រាយ​នៅ​លើ​ទឹកដី​កម្ពុជា​បាន​ដកថយ​ទៅ​វិញ​យ៉ាង​ស្ងាត់​ៗ ដោយ​បន្សល់​ទុក​រណ្តៅ​ត្រង់​លេណដ្ឋាន​ចំនួន​៣៣​នៅ​លើ​ដី​កម្ពុជា និង​ក្រដាស​ផែនទី​គូស​រៀបរាប់​ពី​គោលដៅ​យុទ្ធសាស្ត្រ​របស់​ខ្លួន ។ ដោយឡែក ទាហាន​ឡាវ​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​លើ​ដី​របស់​ខ្លួន នៅ​បន្ត​ឈរជើង​ត្រៀម​រារាំង​ដដែល ។

នៅ​ក្នុង​ជំនួប​នោះ អាជ្ញាធរ​ និង​ទាហាន​ឡាវ​បាន​ស្នើ​ឱ្យ​កម្ពុជា​បញ្ឈប់​ការ​ឈូស​ឆាយ​រង់ចាំ​ជជែក​គ្នា​បន្ត តែ​ភាគី​កម្ពុជា​ឆ្លើយ​តប​ថា កម្ពុជា​មិន​អាច​បញ្ឈប់​បាន​ទេ​ព្រោះ​ការ​ស្ថាបនា​ផ្លូវ​យុទ្ធសាស្ត្រ​ក្រវាត់​ព្រំដែន​គឺ​ស្ថិត​នៅ​លើ​ទឹកដី​កម្ពុជា ។

ទោះជា​យ៉ាងណា ជំនួប​នោះ​មិន​បាន​លទ្ធផល​ល្អ​ប្រសើរ​ឡើយ តែ​បច្ចុប្បន្ន​ស្ថានការណ៍បញ្ហា​ព្រំដែន​បាន​ស្ងប់ស្ងាត់​បន្តិច ខណៈ​ទាហាន​ឡាវ​បាន​ដក​ចេញពី​ដី​កម្ពុជា ឯ​ទាហាន​កម្ពុជា​បន្ត​ការពារ​បូ​រណ​ទឹក​កម្ពុជា​តាម​បន្ទាត់​ព្រំដែន​ដដែល ។ មន្ត្រី​នគរបាល​ការពារ​ព្រំដែន​វរ​លេខ​៧០១​ប្រចាំ​ព្រំដែន​កម្ពុជា បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែមីនា​ថា គ្រឿងចក្រ​កង​វិស្វកម្ម​មិន​ទាន់​ដំណើរការ​បន្ត​នៅឡើយ​ទេ តែ​កង​រាវ​មីន​នៅ​បន្ត​រុករក​ដដែល ។ រីឯ​ទាហាន​ឡាវ​ក៏​បាន​ដក​ចេញពី​ទឹកដី​កម្ពុជា​ទៅ​ដែរ ខណៈ​ទាហាន​កម្ពុជា​នៅ​តែ​បន្ត​ឈរជើង​ការពារ​ទឹកដី​របស់​ខ្លួន​ជា​ធម្មតា ។

គួរ​បញ្ជាក់​ថា មុន​ពេល​ទាហាន​ឡាវ​ដក​ចេញពី​ទឹកដី​កម្ពុជា ពួក​គេ​បាន​ជីករណ្តៅ​លេណដ្ឋាន​ត្រៀម​យ៉ាងច្រើន ដែល​កម្ពុជា​ដឹង​គ្រប់​សកម្មភាព​ដែល​ទាហាន​ឡាវ​ប្រព្រឹត្ត​នៅ​លើ​ទឹកដី​របស់​ខ្លួន តែ​ភាគី​កម្ពុជា​មានការ​អត់ធ្មត់​ខ្ពស់​ក្នុង​សម្ព័ន្ធភាព​ជា​មិត្ត​រវាង​ប្រទេស​ភូមិ​ផង​របង​ជាមួយ​គ្នា ៕