ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​មី​អ៊ុ​ដុ​ង​ជប៉ុន មាន​ប្រវត្តិ​ទាក់ទង​នឹង​កម្ពុជា​បែប​ណា ?

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ៊ុ​ដុ​ង​(Udon) ជា​មី​ប្រពៃណី​របស់​ជប៉ុន​មួយ​ប្រភេទ ដែល​មាន​ប្រវត្តិ​យូរលង់​ណាស់​មក​ហើយ ប្រៀប​ដូចនឹង​នំ​បញ្ចុក​របស់​ខ្មែរ​ដែរ ។ វា​ជា​មី​ដែល​ផ្សំ​ពី​ម្សៅ​ស្រូវ​សាលី លាយ​ជាមួយ​អំបិល​និង​ទឹក ។ ចំណែក​

រាជធានី​ភ្នំពេញ ៖ អ៊ុ​ដុ​ង​(Udon) ជា​មី​ប្រពៃណី​របស់​ជប៉ុន​មួយ​ប្រភេទ ដែល​មាន​ប្រវត្តិ​យូរលង់​ណាស់​មក​ហើយ ប្រៀប​ដូចនឹង​នំ​បញ្ចុក​របស់​ខ្មែរ​ដែរ ។ វា​ជា​មី​ដែល​ផ្សំ​ពី​ម្សៅ​ស្រូវ​សាលី លាយ​ជាមួយ​អំបិល​និង​ទឹក ។ ចំណែក​ការ​ធ្វើ​គឺ​មាន​លក្ខណៈ​ងាយស្រួល​ផង​ដែរ ដោយ​គ្រាន់តែ​មានការ​ណែនាំ​បន្ដិចបន្ដួច​ពី​អ្នកជំនាញ​ប៉ុណ្ណោះ គ្រប់​គ្នា​អាច​ធ្វើ​បាន ។

មានការ​លើក​ឡើង​ផ្សេង​ៗ​គ្នា​ទាក់ទង​ទៅ​នឹង​មី​ប្រពៃណី​ជប៉ុន​មួយ​នេះ ដោយ​អ្នកខ្លះ​លើក​ឡើង​ថា មាន​ប្រភព​ពី​ប្រទេស​ចិន និង​ខ្លះ​ទៀត​ថា មាន​ប្រភព​ពី​ប្រទេស​កម្ពុជា​តាំងពី​សម័យ​ឧដុង្គ​មក​ម្ល៉េះ ។ តើ​រឿងរ៉ាវ​ប្រវត្តិ​មី​អ៊ុ​ដុ​ង​នេះ មាន​ប្រភព​ពី​ណា​ឲ្យ​ពិតប្រាកដ ?

នៅ​ក្នុង​មហោស្រព​គី​ហ៊្សូ​ណា​លើក​ទី​៦ ដែល​បាន​ប្រារព្ធ​ធ្វើ​រយៈពេល​៤​ថ្ងៃ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ចាប់ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៦ ខែកុម្ភៈ​កន្លង​មក ប្រធាន​ផ្នែក​ធនធានមនុស្ស​នៃ​ភោជនីយដ្ឋាន​ម៉ា​រឹ​ហ្គា​មិ អ៊ុ​ដុ​ង (MARUGAME UDON) បាន​ឲ្យ​ដឹង​ដោយ​ផ្អែក​លើ​ឯកសារ​ថា មី​អ៊ុ​ដុ​ង​នេះ​មាន​ប្រភព​ពី​ប្រទេស​ចិន​តាំងពី​១​ពាន់​ឆ្នាំ​មុន​មក​ម្ល៉េះ ដែល​កាលនោះ មាន​សម្ដេច​សង្ឃ​ជនជាតិ​ជប៉ុន​ព្រះ​នាម Kobou-daishi បាន​នាំ​មក​ពី​ប្រទេស​ចិន​។ គ្រានោះ អ៊ុ​ដុ​ង គ្រាន់តែ​ជា​អាហារ​សម្រន់​បំបាត់​ភាព​ហេវ​ហត់​បន្ទាប់បន្សំ​ប៉ុណ្ណោះ តែ​ដោយ​ឆ្លងកាត់​ជា​ច្រើន​សម័យកាល​មក ប្រជាជន​ជប៉ុន​ក៏​បាន​កែ​ច្នៃ​មី​អ៊ុ​ដុ​ង​ជា​ច្រើន​ប្រភេទ ។

កញ្ញា សុខ សូ​ដា ប្រធាន​ផ្នែក​ធនធានមនុស្ស​និយាយ​ថា ៖ «​បច្ចុប្បន្ន មី​អ៊ុ​ដុ​ង​មាន​៣​ប្រភេទ គឺ Sanuki ដែល​ប្រជាជន​ជប៉ុន​ស្គាល់​ជា​ទូទៅ Inaniwa និង Mizusawa ជា​ប្រភេទ​មី​អ៊ុ​ដុ​ង​ដែល​ពុំ​សូវ​មាន​គេ​ស្គាល់​នោះ​ទេ ព្រោះ​មី​ទាំង​ពីរ​ប្រភេទ​នេះ​កម្រ​នឹង​គេ​ធ្វើ​ណាស់ ល្គឹក​ណា​មាន​ពិធី​ធំ​ៗ និង​សំខាន់​ៗ​ទើប​គេ​ធ្វើ »​។

កញ្ញា សុខ សូ​ដា បាន​លើក​ឡើង​ថា ទាក់ទង​នឹង​មី​អ៊ុ​ដុ​ង​នេះ ភាគច្រើន​ប្រជាជន​យល់​ច្រឡំ​ថា ជប៉ុន​មក​នៅ​ខ្មែរ ហើយ​ហូបនំ​បញ្ចុក​ខ្មែរ លុះ​នៅ​ពេល​ត្រឡប់​ទៅ​ប្រទេស
ខ្លួន​វិញ ក៏​ធ្វើ​មីនេះ​ឡើង ប៉ុន្តែ​ជាក់ស្ដែង​វា​មិនមែន​បែប​នេះ​ទេ ។ កញ្ញា​និយាយ​ថា​៖«​យើងមាន​ប្រវត្តិ​បញ្ជាក់ គឺ​សម្ដេច​សង្ឃ​ជប៉ុន​មួយ​អង្គ​បាន​និមន្ដ​ទៅ​ប្រទេស​ចិន​កាលពី​១​ពាន់​ឆ្នាំ​មុន ហើយ​ក៏​បាន​នាំ​នូវ​មី​មួយ​ប្រភេទ​ដែល​ជំនាន់​នោះ​គេ​មិន​ហៅ​ថា អ៊ុ​ដុ​ង​នោះ​ទេ គឺ​គេ​ហៅ​Sakube ប៉ុន្ដែ​ឆ្លងកាត់​ជា​ច្រើន​ជំនាន់ ប្រជាជន​ជប៉ុន​បាន​អភិវឌ្ឍន៍​មី​ប្រភេទ​នេះ​ជា​បន្ដបន្ទាប់ និង​ចុង​ក្រោយ​គឺ​ឲ្យ​ឈ្មោះ​ថា អ៊ុ​ដុ​ង តែ​ម្ដង ហើយ​បន្ដ​រហូត​មក​ដល់​សព្វថ្ងៃ » ។

ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ មន្ត្រី​ទទួល​បន្ទុក​ផ្នែក​វប្បធម៌​និង​សិល្បៈ​នៃ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​ឲ្យ​ដឹង​ដោយ​ផ្អែក​តាម​ឯកសារ​ដែល​លោកស្រី​ធ្លាប់​ដឹង​ថា មី​អ៊ុ​ដុ​ង គឺ​មាន​ប្រភព​ពី​ប្រទេស​កម្ពុជា​មែន ។

លោកស្រី កា​អូ​រិ តា​ណា​បេ លេខា​ទី​២​ស្ថានទូត​ជប៉ុន ថ្លែង​ថា ៖ «​ជា​យូរលង់​ណាស់​មក​ហើយ មាន​ប្រជាជន​ជប៉ុន​ប្រមាណ​៣០០​ទៅ​៤០០​គ្រួសារ បាន​រស់នៅ​ក្នុងភូមិ​មួយ​នៃ​ស្រុក​ពញាឮ ក្បែរ​ប្រាសាទ​ឧដុង្គ ។ កាល​ណោះ ពួក​គេ​បាន​ហូប​នំ​បញ្ចុក​ខ្មែរ ហើយដោយ​សារ​ឆ្លងកាត់​សម័យកាល​ជា​ច្រើន មាន​អ្នកខ្លះ​ក៏​ត្រឡប់​ទៅ​រស់នៅ​ប្រទេស​ជប៉ុន​វិញ ហើយ​ក៏​បាន​ធ្វើ​មី​ម្យ៉ាង​ដែល​ស្រ​ដៀង​នឹង​នំ​បញ្ចុក​ខ្មែរ ដោយ​ដាក់​ឈ្មោះ​ថា អ៊ុ​ដុ​ង និង​ជាប់​ឈ្មោះ​នេះ​រហូត​ដល់​សព្វថ្ងៃ ។

លោកស្រី​ថែម​ទាំង​បញ្ជាក់​ថា សម័យ​កាលនោះ​ក៏​មាន​ជនជាតិ​ជប៉ុន​យក​គ្រាប់​ល្ពៅ​ពី​ស្រុក​ខ្មែរ​ទៅ​ដាំ​នៅ​ប្រទេស​ជប៉ុន​ដែរ ហើយ​បាន​ដាក់​ឈ្មោះ​ល្ពៅ​ថា ផ្លែ kabocha រហូត​ដល់​សព្វថ្ងៃ ។

យោង​តាម​ឯកសារ​ដែល​ចងក្រង​នៅ​ក្នុង​គេហទំព័រ Wikipedia បាន​លើក​ឡើង​ថា មានរឿង​រ៉ាវ​ជា​ច្រើន​ដែល​បាន​ពន្យល់​ផ្សេង​ៗគ្នា​អំពី​ប្រភព​នៃ​មី​អ៊ុ​ដុ​ង​នេះ ។ ការ​ពន្យល់​មួយ​ក្នុង​ចំណោម​ទាំង​អស់នោះ បាន​និយាយ​ថា ក្នុង​សម័យកាល Heian អំឡុង​ឆ្នាំ​៧៩៤​ដល់​១១៨៥ មាន​ព្រះសង្ឃ​ព្រះពុទ្ធ​សាសនា​មួយ​អង្គ ព្រះ​នាម Kukai បាន​ណែនាំ​មី​អ៊ុ​ដុ​ង​នេះ​នៅ​ខេត្ត Shikoku បន្ទាប់​ពី​ព្រះ​អង្គ​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន​នៅ​អំឡុង​ដើម​សតវត្សរ៍​ទី​៩ ដើម្បី​សិក្សា ។ តាំងពី​ពេល​នោះ​មក ខេត្ត Shikoku ក៏​បាន​ទាមទារ​ឲ្យ​មានការ​ទទួលស្គាល់​ថា​ខ្លួន​ជា​អ្នក​ផលិត​មី​អ៊ុ​ដុ​ង​ដំបូង​គេ ដែល​ណែនាំ​ដោយ​ព្រះសង្ឃ​នាម Kukai ៕