តុលាការប្រកាសសាលក្រមកាត់ទោស ជួប សម្លា.ប់ ថ្ងៃ23 មីនា
រាជធានីភ្នំពេញ ៖ ដូចការគ្រោងទុក កាលពីព្រឹកថ្ងៃទី០១ មីនា សាលាដំបូងរាជធានី បានលើកយកសំណុំរឿងឃាតក.ម្មបា.ញ់សម្លា.ប់លើលោកបណ្ឌិត កែម ឡី
រាជធានីភ្នំពេញ ៖ ដូចការគ្រោងទុក កាលពីព្រឹកថ្ងៃទី០១ មីនា សាលាដំបូងរាជធានី បានលើកយកសំណុំរឿងឃាតក.ម្មបា.ញ់សម្លា.ប់លើលោកបណ្ឌិត កែម ឡី
រាជធានីភ្នំពេញ ៖ ដូចការគ្រោងទុក កាលពីព្រឹកថ្ងៃទី០១ មីនា សាលាដំបូងរាជធានី បានលើកយកសំណុំរឿងឃាតកម្មបាញ់សម្លាប់លើលោកបណ្ឌិត កែម ឡី យកមកបើកសវនាការជំនុំជម្រះទោស ដែលសវនាការនេះបាននិងដំណើការទៅយ៉ាងរលូនរហូតដល់ទីបញ្ចប់ ។ ប៉ុន្តែក្រោយពេលសវនាការសាកសួរដេញដោលលើជនជាប់ចោទចប់សព្វគ្រប់ ប្រធានក្រុមប្រឹក្សា បានលើកពេលប្រកាសសាលក្រមក្នុងសំណុំរឿងនេះ ទៅថ្ងៃទី២៣ មីនា ខាងមុខ ។
សវនាការគួរឱ្យកត់សមា្គល់នេះ មានលោក លាង សំណាត់ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក នូ វាសនា និងលោក អ៊ឹម វណ្ណៈ ចៅក្រមអមតំណាងអយ្យការ គឺលោក លី សុផាណា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។ ជនជាប់ចោទឈ្មោះ ជួប សម្លាប់ ហៅ អឿត អាង ភេទប្រុស អាយុ៣៨ឆ្នាំ មានស្រុកកំណើតនៅស្វាយចេក ខេត្តបន្ទាយមានជ័យ ហើយបានទៅរស់នៅប្រកបមុខរបរជាកម្មករចម្ការដំណាំ នៅខេត្តស្រះកែវ ប្រទេសថៃ ។ ជនជាប់ចោទមានវត្តមាននៅមុខរង្វង់ក្រចកសេះ ដោយមានមេធាវីការពារក្តីគឺលោក យុង ផានិត ។ ចំណែកភាគីខាងជនរងគ្រោះពុំមានវត្តមានទេ រួមទាំងមេធាវីការពារក្តីក៏គ្មានដែរ ។
សវនាការនេះក៏មានភ្ញៀវជាតិ និងអន្តរជាតិចូលរួមច្រើនកុះករ មានទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក៏បានចូលស្តាប់រហូតដល់ទីបញ្ចប់ ប៉ុន្តែមិនត្រូវបានអនុញាតិឲ្យយកម៉ាស៊ីនថត ឬទូរស័ព្ទចូលក្នុងបន្ទប់សវនាការនោះទេ។ ប្រធានក្រុមប្រឹក្សាបានឲ្យក្រឡាបញ្ជីអានរបាយការណ៍របស់សមត្ថកិច្ច ស្តីអំពីហេតុការណ៍ទាក់ទិន និងអំពើឃាតកម្មបាញ់សម្លាប់លោកបណ្ឌិត កែម ឡី កាលពីព្រឹកថ្ងៃទី១០ កក្កដា ឆ្នាំ២០១៦ ។
អង្គសវនាការបានសាកសួរដេញដោលលើជនជាប់ចោទ និងអាននូវចម្លើយសារភាពរបស់ជនជាប់ចោទចំពោះមុខសមត្ថកិច្ច នៅតំណាក់កាលតំណាងអយ្យការ និងចៅក្រមស៊ើបសួរ ។ ជនជាប់ចោទដែលប្រកាសខ្លួនឯងថា ឈ្មោះ ជួប សម្លាប់ នៅតែរក្សាចម្លើយយ៉ាងម៉ឺងម៉ាត់ថា ខ្លួនមានឈ្មោះ តែមួយគត់គឺ ជួប សម្លាប់ អត់មានឈ្មោះ អឿត អាង ទេ និងបានបដិសេធថា គ្មានឪពុកម្តាយ និងប្រពន្ធកូនដែរ គឺរស់នៅតាមវត្តអារាម និងមិនពិតប្រាកដ ។ ជួប សម្លាប់ បានសារភាពដូចពីដំបូងថា ខ្លួនពិតជាអ្នកបាញ់សម្លាប់លោកបណ្ឌិត កែម ឡី មែន មូលហេតុរឿងជំពាក់លុយ៣០០០ដុល្លារអាមេរិកមិនព្រមសង ។ ជនជាប់ចោទបានសារភាពទៀតថា ដោយសារលោកបណ្ឌិត កែម ឡី ជំពាក់ប្រាក់មិនព្រមសងខ្លួនបានទាក់ទងទិញកាំភ្លើងខ្លី១ដើមពីប្រទេសថៃ ហើយបានមកភ្នំពេញ ស្កាត់រកជួបលោកបណ្ឌិតកែម ឡី ដើម្បីសម្លាប់ ដូច្នេះការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី គឺខ្លួនគេបានប្រព្រឹត្តផ្ទាល់ និងតែម្នាក់ឯងគ្មានអ្នកនៅពីក្រោយទេ ។
យោងលើចម្លើយសារភាពរបស់ជនជាប់ចោទស៊ីសង្វាក់ទៅនិងចម្លើយពីមុនមក ចៅក្រមជំនុំជម្រះ ក៏ដូចជាតំណាងអយ្យការ និងមេធាវី បានសួរយកចំណុចសំខាន់ៗ មួយចំនួនទៀតដើម្បីជាការដាក់បន្ទុក ឬដោះបន្ទុកលើជនជាប់ចោទ ។ ពេលសាកសួរដេញដោលជនជាប់ចោទហើយ ប្រធានក្រុមប្រឹក្សាបានអនុញាតិឲ្យមានការចាក់បញ្ចាំងស្លាយវីដេអូ ដែលថតដោយកាមេរ៉ាសុវត្ថភាព បានបង្ហាញពីទិដ្ធភាពកន្លែងកើតហេតុនៃអំពើឃាតកម្ម ។ ក្នុងស្លាយវីដេអូមួយឈុត គេឃើញរូបភាពស្រមោលមិនសូវច្បាស់ទេ បង្ហាញពីខ្មាន់កាំភ្លើងម្នាក់ បានដើរចូលទៅក្នុងស្តារម៉ាតស្ថានីយប្រេងឥន្ធនៈបូកគោ ហើយបានដកកាំភ្លើងលើកបាញ់ប្រហារ ប៉ុន្តែអត់បានឃើញរូបលោកបណ្ឌិត កែម ឡី អង្គុយនៅទីនោះច្បាស់ទេ ស្រាប់តែឃើញឈុតជនល្មើសកាន់កាំភ្លើងដើរចេញពីស្តារម៉ាត និងរត់តាមបណ្តោយផ្លូវដែលដំបូងគ្មានអ្នកណាដេញតាមចាប់នោះឡើយ ហើយរូបភាពនេះត្រូវបានជនជាប់ចោទឈ្មោះ ជួប សម្លាប់ ថាគឺខ្លួនគេពិតប្រាកដ ។ វីដេអូ១ឈុតទៀតឃើញមានប្រជាពលរដ្ឋដេញតាមចាប់ និងមានម៉ូតូធំ១គ្រឿងជួយដេញដែរ រហូតមានពាក្យខ្លះចោទថា ជាម៉ូតូនគរបាលទៅអន្តរាគមន៍ ។
អង្គសវនាការនេះមានលោកឧត្តមសេនីយ៍ត្រី សុង លី ស្នងការរងនគរបាលរាជធានីភ្នំពេញ ក្នុងតួនាទីជាសមត្ថកិច្ចបានទៅបង្ហាញពីរបាយការណ៍ សកម្មភាពនៅក្រោយពេលកើតហេតុ រួមជាមួយនគរបាលបច្ចេកទេសបានទៅពិនិត្យសព នៅទីតាំងមានការបាញ់ប្រហារ។ ក្នុងនោះក៏មានសាក្សីចំនួន៣នាក់ដែលបម្រើការងារលក់ដូរនៅហាងស្តារម៉ាតចូលឆ្លើយបំភ្លឺជុំវិញព្រឹត្តការណ៍កើតហេតុនោះដែរ សាក្សីពិតជាបានបញ្ជាក់ដូចគ្នា ឃើញខ្មាន់កាំភ្លើងចូលបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នៅក្នុងហាង ។
ក្រោយពីស្តាប់ចម្លើយជនជាប់ចោទ ក្រោយពីទទួលបាននូវរបាយការណ៍របស់សមត្ថកិច្ច ក្រោយពីសាក្សីបំភ្លឺជុំវិញព្រឹត្តិការណ៍ក្នុងអំពើឃាតកម្មនោះ តំណាងអយ្យការបានធ្វើការសន្និដ្ឋាន និងនៅតែដាក់ការចោទប្រកាន់លើជនជាប់ចោទឈ្មោះ ជួប សម្លាប់ ចំនួន២បទល្មើស ៖
១.បទឃាតកម្មគិតទុកជាមុន និង
២.បទកាន់កាប់ឬដឹកជញ្ជូនអាវុធគ្មានច្បាប់អនុញាតិ តាមមាត្រា២០០ និងមាន៤៩០ នៃក្រមព្រហ្មទណ្ឌ ។
តំណាងអយ្យការបានស្នើសុំឲ្យតុលាការផ្តន្ទាទោសលើជនជាប់ចោទឲ្យបានធ្ងន់ធ្ងរបំផុត ។
មេធាវីការពារក្តីឲ្យជនចាប់ចោទបានធ្វើការសន្និដ្ឋាន និងបានស្នើសុំឲ្យតុលាការបន្ធូបន្ថយទោសដល់កូនក្តី ព្រោះគេជាមនុស្សល្ងិតល្ងង់មិនបានរៀនសូត្រចេះដឹងជ្រៅជ្រះ គួបផ្សំកំហឹងទៅលើជនរងគ្រោះ ពាក់ព័ន្ធជំពាក់លុយកាក់មិនព្រមសងផង ។
សវនាការបានអូសបន្លាយពេលវេលាដល់ម៉ោង១រសៀល ទើបចប់ការសាកសួរដេញដោល ហើយត្រូវ បានប្រធានក្រុមប្រឹក្សាលើកពេលប្រកាសសាលក្រមសំណុំរឿងនេះ ទៅថ្ងៃទី២៣ មីនា ខាងមុខ ។
ពេលចប់សវនាការភា្លមអនុរក្សពន្ធនាគារបានដាក់ខ្នោះដៃ ជនជាប់ចោទបណ្តើរនាំចូលរថយន្តម៉ាកឡង់គ្រីស្ស័ របស់ពន្ធនាគារនាំទៅឃុំខ្លួននៅព្រៃសវិញ ដោយមិនបានអនុញាតិឲ្យក្រុមអ្នកសារព័ត៌មានបានជួបសួរនាំ ឬថតយករូបភាពឡើយ ។ ទោះជាយ៉ាងណាគេបានសង្កេតឃើញឈ្មោះ ជួប សម្លាប់ មានរូបរាងស្គម និងស្លេកស្លាំងបន្តិច ប៉ុន្តែហាក់ដូចជាមិនសូវមានការតក់ស្លុត ហើយក៏មិនសូវនិយាយស្តីច្រើនដែរ ។ សវនាការហាក់ដូចជាមានការរិតបន្តឹង និងមានកំរិតឲ្យមហាជនចូលស្តាប់ បានត្រឹមតែ៣០នាក់ ដែលតាមអ្នករៀបចំនិយាយថា សាលសវនាការតូចចង្អៀតមិនអាចអនុញាតិឲ្យចូលបានច្រើននោះទេ ។ មហាជនដែលចូលស្តាប់សវនាការ ក៏ហាមយកម៉ាស៊ីនថត និងទូរស័ព្ទដៃចូល និងមិនអនុញាតិឲ្យមានការថតសម្លេងផងដែរ ។ ទោះជាយ៉ាងនេះក្តីមានអ្នកសារព័ត៌មាន២ទៅ៣នាក់ ត្រូវបានសមត្ថកិច្ចចាប់យកទូរស័ព្ទដៃ ដោយសារបានកាន់ចូលទៅដោយគ្មានការអនុញាតិ ។ ក្រោយចប់សវនាការលោកមេធាវីបានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន នៅក្រៅរបងសាលាដំបូង ក្នុងនោះលោក អំ សំអាត ប្រធានផ្នែកស៊ើអង្កេតអង្កការលីការដូ ក៏បានរៀបរាប់អំពីដំណើរការពេលអង្គសវនាការនោះដែរ ។
គួររំលឹកថា កាលពីព្រឹកថ្ងៃទី១០ កក្កដា ២១០៦ មានករណីអំពើឃាតកម្មបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នៅចំណុចក្នុងទីតាំងស្តារម៉ាត នៃស្ថានីយប្រេងឥន្ធនៈកាល់តិចបូកគោ មហាវិថីម៉ៅសេទុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ ខ្មាន់កាំភ្លើងត្រូវបានចាប់ខ្លួនភ្លាមៗ និងបញ្ជូនទៅឃុំខ្លួនតាំងពីពេលនោះមក ។
គួរបញ្ជាក់ទៀតថា ក្រោយពីឃុំខ្លួនជនសង្ស័យ តុលាការបានបើកការស៊ើបអង្កេតអស់រយៈពេលច្រើនខែ មកដល់ពេលនេះ សំណុំរឿងឃាតកម្មមួយនេះត្រូវបានលើកយកមកបើកសវនាការជំនុំជម្រះទោស ។ ថ្ងៃសវនាការបានសង្កេតឃើញថា ពុំមានប្រជាពលរដ្ឋទៅឃ្លាំមើល ឬក៏សកម្មជនខាងគណបក្សណាទៅសង្កេតការណ៍ទេ មានតែខាងសមត្តកិច្ចអាជ្ញាធរមូលដ្ឋាន ដាក់កម្លាំងការពារសណ្តាប់នៅមុខបរិវេណសាលាដំបូងបួនដប់នាក់តែប៉ុណ្ណោះ ។
ឃាតកម្មបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ជារឿងដ៏កក្រើកមួយនៅក្នុងឆ្នាំ២០១៦ ហើយប្រជាពលរដ្ឋរាប់ម៉ឺនរាប់សែននាក់ បានចូលរួមបុណ្យសពរបស់លោកនៅវត្តចាស់ ហើយសាធារណមតិបានច្រានចោលចំពោះចម្លើយរបស់ឃាតកររូបនេះថា មិនមែនបណ្តាលមកពីការជំពាក់ប្រាក់នោះទេ ព្រោះជននេះត្រូវបានគេស្រាវជ្រាវរហូតដល់ភូមិនគរភាស ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប បានជួបនិងប្រពន្ធនិងមានប្រវត្តិច្បាស់លាស់ដែលបង្ហាញថា ជននេះធ្លាប់ធ្វើទាហាន ធ្លាប់បួសក្នុងព្រះពុទ្ធសាសនា និងធ្លាប់បំរើការងារជាបុគ្គលិកអង្គការបរិស្ថានមួយផងដែរជាគ្រួសារក្រ តែក្នុងសវនាការបែរជាជនជាប់ចោទបានបធិសេធផ្តាច់ខ្លួន ពីប្រវត្តិដែលគេបានដឹងឮទៅវិញ ។ មិនទាន់ស្វែងរកប្រតិកម្មនានាបាននៅឡើយទេ ជុំវិញការកាត់ទោសនេះ ៕
ចែករំលែកព័តមាននេះ