ស្ត្រីភាគច្រើនតែងតែជួបបញ្ហាចុករួយចង្កេះ ខ្នង ដោយសារតែទម្ងន់របស់កូនក្នុងផ្ទៃកាន់តែធំ ។ ខាងក្រោមនេះគឺជាសារសម្រាប់ជួយសម្រួលដល់ស្ត្រីដែលមានបញ្ហាទាំងនេះ ក្រោមការបកស្រាយរបស់មន្ទីរសម្រាកព្យាបាល និងសម្ភពមាតា ៖
១-ការឈរ ឬអង្គុយក្នុងពេលមានផ្ទៃពោះ៖
ត្រូវរក្សាខ្នងឱ្យត្រង់ ។ ពេលអង្គុយគួរចាំបាច់ដាក់កំណល់ជើង ដើម្បីបន្ធូរការកន្ត្រាក់របស់សាច់ដុំខ្នង ។ ពេលឈរចៀសវាងការឈរអែ៊ន គួរចាំបាច់អង្កុញជង្គង់បន្តិច ដើម្បីឱ្យពោះរុញទៅក្រោយការពារកុំឱ្យមានការទាញ នៃសាច់ដុំខ្នង ។
២-ការឱនរើសរបស់នៅលើដី៖
ស្ត្រីមានផ្ទៃពោះ ត្រូវរើសរបស់ដែលជ្រុះនៅលើដី ដោយអង្កុញជង្គង់សិន ហើយរក្សាខ្នងឱ្យត្រង់មិនត្រូវឱនខ្លាំងពេកនោះទេ ។
៣-ការក្រោកពីគ្រែ៖
ពេលក្រោកពីគ្រែ គួរចាំបាច់ផ្អែកទៅចំហៀងសិន ទើបយកដៃសង្កត់លើកខ្លួនឡើង ។ ដូចគ្នាដែលពេលចូលគេងត្រូវអង្គុយ រួចផ្អៀងទម្លាក់ខ្លួន បន្តិចម្តងៗទៅលើគ្រែ ។
៤-ចៀសវាងស្បែកជើងកែងចោត៖
មិនត្រូវពាក់ស្បែកជើងកែងចោត ដែលមានកម្ពស់ពី៣ទៅ៤សង្ទីម៉ែត្រទេ ព្រោះវាធ្វើឱ្យបាត់បង់លំនឹងនៃអាងត្រគាក និងឆ្អឹងខ្នង ។
៥-ការហែលទឹក៖
ការហែលទឹក ឬគេងលើទឹក គឺជួយសម្រាលទម្ងន់របស់ពោះទៅលើឆ្អឹងខ្នង ។ ត្រូវហែលទឹកឱ្យបានញឹកញាប់ និងអាចជួយសម្រួលដល់ការឈឺចង្កេះពេលពពោះ ។
៦-ការគេងឱ្យបានត្រឹមត្រូវ៖
ការគេងផ្អៀង ត្រូវប្រើខ្នើយកល់ក្រោមពោះ ឬចន្លោះជើងទាំងពីរដើម្បីជួយសម្រួលការសម្រាករបស់សាច់ដុំខ្នងហើយបន្ថយនូវភាពតានតឹងដែលជាកត្តាបង្កឱ្យមានការឈឺចង្កេះ ។ ការគេងផ្ងារត្រូវប្រើខ្នើយកល់ផ្នែកខាងក្រោយក គន្លាក់ជង្គង់ ឬកល់ជើង ដើម្បីជួយសម្រួលដល់ការសម្រាកនៃសាច់ដុំខ្នង ឬចង្កេះ ។
៧-ការធ្វើម៉ាស្សាខ្នង៖
ការឈ្លីខ្នងជាមួយប្រេងគឺដើម្បីបន្ធូរនូវភាពតានតឹងនៃសាច់ដុំខ្នងហើយក៏ជួយបំបាត់នូវការឈឺចង្កេះដែរ ។
៨-ការហាត់ប្រាណពង្រឹងសាច់ដុំខ្នង៖
ការឈឺចង្កេះភាគច្រើនបណ្តាលមកពីសាច់ដុំសរសៃ ឬសន្លាក់មានភាពចុះខ្សោយ ។ ដូច្នេះការហាត់ប្រាណពង្រឹងសាច់ដុំខ្នងគឺអាចជួយបន្ថយនូវការឈឺចង្កេះក្នុងពេលមានផ្ទៃពោះ ។
៩-ការប្រើក្រវាត់ចង្កេះ៖
ដោយសារតែការប្រែប្រួលនៃអ៊័រម៉ូនក្នុងខ្លួនរបស់ស្ត្រីពេលកំពុងមានផ្ទៃពោះ ធ្វើឱ្យសរសៃ ឬសាច់ដុំនៃអាងត្រគាកមានភាពទន់ខ្សោយក្នុងការទ្រទម្ងន់របស់កូន ។ ក្រវាត់ចង្កេះដែលជួយទ្រទម្ងន់កូនគឺអាចជួយសម្រាលការឈឺចុកចាប់ផ្នែកចង្កេះរបស់មាតាបាន ។
១០-ការធ្វើដំណើរតាមឡានត្រូវមានការកំណត់៖
ការធ្វើដំណើរផ្លូវឆ្ងាយតាមរថយន្តមិនត្រូវអនុញ្ញាតទេក្នុងករណីមានរោគសញ្ញានៃការឈឺចង្កេះ។ បើមិនអាចចៀសវាងបានត្រូវឈប់សម្រាកតាមផ្លូវឱ្យបានញឹកញាប់ ដើម្បីសម្រួលសាច់ដុំខ្នងកុំឱ្យមានការតានតឹងខ្លាំងពេក ៕
ចែករំលែកព័តមាននេះ