ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​ធ្វើ​ជា​នគរបាល​បាន​ត្រឹមតែ​ក្តី​ស្រមៃ ជួយ​សម្រួល​ចរាចរណ៍​ដល់​សិស្ស​រាល់ថ្ងៃ ដើម្បី​សង្គម

7 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ ជីវិត​មនុស្ស​រស់នៅ​លើ​ភព​ផែនដី​នេះ ជន​ណា​ក៏​ចង់​រស់នៅ​ក្នុង​សភាព​មានបាន មានមុខ​របរ មានការ​ងារ មានកេរ្តិ៍ឈ្មោះ បុណ្យ​សក្តិ ក្នុង​សង្គម​ដែរ

ខេត្តមណ្ឌលគិរី ៖ ជីវិត​មនុស្ស​រស់នៅ​លើ​ភព​ផែនដី​នេះ ជន​ណា​ក៏​ចង់​រស់នៅ​ក្នុង​សភាព​មានបាន មានមុខ​របរ មានការ​ងារ មានកេរ្តិ៍ឈ្មោះ បុណ្យ​សក្តិ ក្នុង​សង្គម​ដែរ ហើយ​មនុស្ស​តែង​មាន​ក្តី​ស្រមៃ និង​បំណងប្រាថ្នា​ផ្សេង​ៗ​ពី​គ្នា ។ ប៉ុន្តែ​មនុស្ស​គ្រប់​រូប​មិនមែន​សុ​ទ្ឋ​តែ​អាច សម្រេច​នូវ​ក្តី​ស្រមៃ​របស់​ខ្លួន​បាន​ទាំង​អស់នោះ​ដែរ ជាក់ស្តែង​បុរស​ម្នាក់​រស់នៅ​ស្រុក​កែវ​សីមា ដែល​មាន​បំណងប្រាថ្នា​តាំងពី​នៅ​កុមារភាព​ចង់​ធ្វើ​ជា​នគរបាល ប៉ុន្តែ​បំណង​នោះ​បាន​ត្រឹម​ក្តី​ស្រ​មៃ​ប៉ុណ្ណោះ ។

នៅ​កណ្តាលថ្ងៃត្រង់ និង​នៅ​ពេល​ល្ងាច ជា​រៀងរាល់ថ្ងៃ ចាប់ពី​ថ្ងៃ​ចន្ទ​រហូត​ដល់​ថ្ងៃ​សៅរ៍ ពេល​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦ ដល់​មុខ​សាលារៀន​ស្រុក​កែវ​សីមា គេ​នឹង​ឃើញ​បុរស​ម្នាក់ ស្លៀកពាក់​ស្រ​ដៀង​គ្នា​ជាមួយ​ឯកសណ្ឋាន​នគរបាល ហើយ​ឈរ​សម្រួល​ចរាចរណ៍​ឲ្យ​សិស្សានុសិស្ស ពេល​ចេញពី​សាលារៀន ។

បុរស​ដែល​ស្លៀកពាក់​ស្រ​ដៀង​ឯកសណ្ឋាន​នគរបាល​នោះ បាន​បញ្ជាក់​ថា លោក​មិនមែន​ជា​នគរបាល​អ្វី​ទេ តែ​លោក​កំពុង​បំពេញ​កា​ងារ​ឲ្យ​នគរបាល ក្នុង​តួនាទី​ជា​ប្រជា​កា​ពារ​ភូមិ ។ គាត់​មានឈ្មោះ​ស្រឿ​ន ស្រស់ អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឡា​ប៉ា​ខេ ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ជា​ប្រចាំ​ថ្ងៃ ចាប់ពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​សៅរ៍ គាត់​ត្រូវ​ទៅ​សម្រួល​ចរាចរណ៍ ឲ្យ​សិស្សានុសិស្ស​ចេញពី​សាលា​ក្នុង​មួយ​ថ្ងៃ​២​វេន ។

លោក ស្រឿ​ន ស្រស់ បន្ត​ថា លោក​ជា​ប្រជា​ការពារ​ភូមិ​ហើយ​ត្រូវ​បាន​លោក​អធិការ​ស្រុក​កែវ​សីមា ជ្រើសរើស​យក​ទៅ​ជួយ​សម្រួល​ចរាចរណ៍ ដោយ​ឲ្យ​ប្រាក់​ក្នុង​១​ខែ​ម្ភៃ​ម៉ឺន​រៀល ។

រាល់​ថ្ងៃនេះ​គាត់​ត្រូវ​ប្រឈម និង​បញ្ហា​ជីវភាព លើ​ការ​ចិញ្ចឹម​បីបាច់​កូន​តូច​ៗ​ចំនួន​០៤​នាក់ ក្នុង​នោះ​ប្រពន្ធ​ជា​អ្នកលក់​បន្លែ​កំប៉ិកកំប៉ុក​ក្នុង​ផ្សារ ហើយ​គាត់​ក្រៅពី​ការងារ​ប្រជា​កា​ពារ ក៏​ទៅ​ជួយ​លក់​ប្រពន្ធ និង​មើលថែ​កូន​តូច​ៗ ។

លោក ស្រឿ​ន ស្រស់ បន្ត​ទៀត​ថា ប្រាក់ខែ​ម្ភៃ​ម៉ឺន​រៀល​នោះ គឺ​មិន​អាច​ជួយ​ឲ្យ​ជីវភាព​លោក​បាន​ធូរស្រាល​នោះ​ទេ ប៉ុន្តែ​ដោយ​ឆន្ទៈ​ស្នេហា​លើ​ការងារ លោក​ត្រូវ​តែ​បំពេញ​តួនាទី​ឲ្យ​បាន​ល្អ​ប្រសើរ ។

នៅ​ក្នុង​ការ​ធ្វើ​ចរាចរណ៍​ជា​ប្រចាំ​ថ្ងៃ​នោះ​លោក​ស្រឿ​ន ស្រស់ បាន​ទទួល​ក្តី​អាណិតអាសូរ ពី​សិស្សសាលា​ក៏​ដូច​ជា​លោកគ្រូ​អ្នកគ្រូ ហើយ​ពួក​គេ​តែងតែ​ផ្តល់​ជា​ទឹក ឬ​ភេសជ្ជៈ​ដល់​លោក ហូប​បន្ថយ​ភាព​នឿយហត់ និង​តែង​ផ្តល់​ជា​កម្លាំង​ចិត្តជា​និច្ច​ដល់​លោក ។

លោក​ស្រឿ​ន ស្រស់ បាន​បង្ហាញ​ក្តី​ប្រាថ្នា​កាលពី​នៅ​ក្មេង​ថា លោក​នឹង​ចូល​បម្រើ​ការងារ​ជា​នគរបាល ដើម្បី​បម្រើ​ប្រជាពលរដ្ឋ ប៉ុន្តែ​ក្តី​ស្រមៃ​របស់​លោក មិន​អាច​សម្រេច​បាន​នោះ​ទេ ។ ព្រោះ​នៅ​ពេល​នេះ អាយុ​កាន់តែ​ច្រើន​ហើយ នគរបាល​គេ​មិន​ទទួល​ពាក្យ​ឡើយ អ៊ីចឹង​មាន​តែ​ធ្វើ​ប្រជា​កា​ពារ ក៏​បាន​បម្រើ​ប្រជាពលរដ្ឋ​ដែរ ។

លោក​ស៊ុន ប៊ុ​ន​ធឿ​ន អធិការ​នគរបាល​ស្រុក​កែវ​សីមា បាន​ឲ្យ​ដឹង​ថា លោក​ស្រឿ​ន ស្រស់ ហៅ តា​ស៊ី​ស ជា​ប្រជា​ការពារ ដែល​លោក​ស្នើ​ពី​ឃុំ ឲ្យ​ជួយ​សម្រួល​ចរាចរណ៍​មុខ​សាលា​ពេល​សិស្ស​ចេញពី​រៀន ជា​រៀងរាល់ថ្ងៃ ។

លោក​អធិការ​បន្ត​ថា ប្រជា​ការពារ​ខាងលើ ជា​មនុស្ស​គោរព​ម៉ោង​ការងារ​ណាស់ ឧស្សាហ៍​ព្យាយាម និង​មាន​ទំនួល​ខុស​ត្រូវ​លើ​ការងារ​ខ្លួន​ជា​និច្ច ។ សម្រាប់​ប្រាក់​ម្ភៃ​ម៉ឺន​រៀល ដែល​ជួន​គាត់​ប្រចាំខែ​នោះ មិនមែន​ជា​ប្រាក់​បៀ​វត្ត​ន៍ អ្វី​នោះ​ទេ តែ​ជា​ប្រាក់​របស់​លោក​ផ្ទាល់ សម្រាប់​ជួយ​លើកទឹកចិត្ត​ដល់​លោក​ស្រឿ​ន ស្រស់ តែ​ប៉ុណ្ណោះ​។

លោក​អធិការ​បន្ត​ថា ក្នុង​នាម​លោក​ជា​អធិការ​នគរបាល​ស្រុក លោក​ពិតជា​កោតសរសើរ​ចំពោះ​ទឹកចិត្ត​លោក​ស្រឿ​ន ស្រស់ ខ្លាំង​ណាស់ ដែល​បាន​ចំណាយ​ពេលវេលា​ផ្ទាល់ខ្លួន សម្រាប់​សិស្សសាលា និង​សង្គម​ទាំងមូល ។

លោក​អធិការ​បញ្ជាក់​ថា ខែ​ខ្លះ​លោក​មាន​ប្រាក់​មិន​គ្រប់​ម្ភៃ​ម៉ឺន​ផ្តល់​ជួន​លោក​ស្រឿ​ន ស្រស់ នោះ​ទេ ។ ក្នុង​នោះ​ក៏​ស្នើ​សុំ​ខាង​រដ្ឋបាល​សាលាស្រុក បញ្ជាការ​អាវុធហត្ថ តំបន់សឹករង ឬ​សប្បុរសជន មេត្តា​ជួយ​បន្ថែម​ប្រាក់​ឧបត្ថម្ភ ដល់​លោក​ស្រឿ​ន ស្រស់ បន្ថែម​ទៀត​ផង ដើម្បី​ជួយ​ជម្រុញ​ទឹកចិត្ត នឹង​សម្រួល​ដល់​ជីវភាព​របស់​គាត់ ដែល​កំពុង​ជួប​បញ្ហា​ខ្វះខាត នា​ពេល​បច្ចុប្បន្ន​នេះ​៕