ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្តមាន​ធនាគារ​ជប៉ុន​នឹង​ទាក់ទាញ​វិនិយោគិន​ជប៉ុន​មក​កម្ពុជា​បន្ថែម

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​បាន​និយាយ​ថា វត្តមាន​ធនាគារ​មី​ហ្ស៊ូ​ល​ហូ​(MIZUHO)​របស់​ជប៉ុន​នៅ​កម្ពុជា នឹង​ទាក់ទាញ​អ្នក​វិនិយោគទុន​ជប៉ុន​ឲ្យ​មក​បោះទុន​វិនិយោគ​កាន់តែ​ច្រើន​នៅ​កម្ពុជា ។

រាជធានី​ភ្នំពេញ ៖ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​បាន​និយាយ​ថា វត្តមាន​ធនាគារ​មី​ហ្ស៊ូ​ល​ហូ​(MIZUHO)​របស់​ជប៉ុន​នៅ​កម្ពុជា នឹង​ទាក់ទាញ​អ្នក​វិនិយោគទុន​ជប៉ុន​ឲ្យ​មក​បោះទុន​វិនិយោគ​កាន់តែ​ច្រើន​នៅ​កម្ពុជា ។

លោក ជា ចាន់​តូ ទេសាភិបាល​ធនាគារជាតិ នៃ​កម្ពុជា​បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​ឱកាស​ជួប​ពិភាក្សា​ជាមួយ​លោក អីុ​ម៉ា​សេ អិុ​ជិ (Imai Seiji) នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​តំបន់​អាស៊ី និង​អូ​សេ​អា​នី​របស់​ធនាគារ​មី​ហ្ស៊ូ​ល​ហូ នា​ព្រឹក​ថ្ងៃ​ទី​២៨ កុម្ភៈ​កន្លង​មក ។

លោក​ថ្លែង​ថា ការ​បង្ហាញ​វត្តមាន​របស់​ធនាគារ​មី​ហ្ស៊ូ​ល​ហូ​នៅ​កម្ពុ​ជានា​ពេល​នេះ​បាន​បញ្ជាក់​ឲ្យ​ឃើញ​ពី​ការ​ជឿជាក់ ប្រកបដោយ​ភាព​ប្រាកដនិយម​ចំពោះ​ភាព​រីក​ចម្រើន​របស់​វិស័យ​ធនាគារ​កម្ពុជា ពិសេស​ចំពោះ​គោលនយោបាយ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​សម្ដេច​តេ​ជោ ហ៊ុន សែន​ដែល​ជា​និច្ចកាល​តែងតែ​គាំពារ​គ្រប់​បែប​យ៉ាង​ដល់​អ្នក​វិនិយោគទុន ដែល​បាន​បណ្ដាក់ទុន​រកស៊ី​នៅ​កម្ពុជា ។

លោក​បន្ត​ថា ៖ « តាម​រយៈ​ធនាគារ​មី​ហ្ស៊ូ​ល​ហូ ក៏​បង្ហាញ​ឲ្យ​ឃើញច្បាស់​ថា កម្ពុជា​ពិតជា​មាន​ស្ថិរភាព និង​មាន​សក្ដានុពល​ច្រើន​សម្រាប់​ការ​វិនិយោគ​ផង​ដែរ​» ។

ធនាគារ​មី​ហ្ស៊ូ​ល​ហូ នេះ​បាន​ទទួល​អាជ្ញាប័ណ្ណ​ពី​ធនាគារជាតិ​នៃ​កម្ពុជា​ហើយ​កាលពី​ថ្ងៃ​ទី​១ កុម្ភៈ ឆ្នាំ​២០១៧ ដើម្បី​ធ្វើ​ប្រតិបត្តិការ​នៅ​កម្ពុជា ហើយ​ធនាគារ​នេះ​បាន​ចុះ​ហត្ថ​លេខា​​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ជាមួយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​២៧ កុម្ភៈ កន្លង​មក ដើម្បី​ជំរុញ​វិនិយោគ​របស់​ក្រុមហ៊ុន​ជប៉ុន​មក​កម្ពុជា និង​ការ​លើកកម្ពស់​ភាព​ជា​ដៃគូ​រវាង​កម្ពុជា និង​ជប៉ុន ។

ធនាគារ​មី​ហ្ស៊ូ​ល​ហូ គឺជា​ធនាគារ​ធំ​មួយ​ក្នុង​ចំណោម​ធនាគារ​ធំ​ៗ​ចំនួន​៣​នៅ​ប្រទេស​ជប៉ុន និង​មាន​ប្រតិបត្តិការ​ធុរកិច្ច​ចំនួន​៥៤៨​កន្លែង​នៅ​លើ​ពិភពលោក ក្នុង​នោះ​ក៏​មាន​ប្រតិ​បត្តិ​ករ​នៅ​ប្រទេស​អាស៊ាន​ចំនួន​៨​ផង​ដែរ រួម​មាន ឥណ្ឌូ​ណេ​ស៊ី ម៉ា​ឡេ​ស៊ី ហ្វ៊ី​លី​ពី​ន សិង្ហ​បុរី ថៃ វៀតណាម មី​យ៉ា​ន់​ម៉ា និង​ប្រទេស​កម្ពុជា ។

ដោយឡែក​នៅ​ក្នុង​ឱកាស​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ ជាមួយ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នា​រសៀល​ថ្ងៃ​ទី​២៧ កុម្ភៈ ២០១៧ នៅ​វិមាន​សន្តិភាព លោក អីុ​ម៉ា​សេ អិុ​ជិ បាន​ថ្លែង​ថា ៖ « MIZUHO ជា​ធនាគារ​ខ្នាត​ធំ​ជប៉ុន​លើក​ទី​១​មក​កាន់​កម្ពុជា ដែល​មាន​សាខា​នៅ​ក្នុង​ប្រទេស​ចំនួន​៣០ ។ តាម​រយៈ​ធនាគារ​នេះ នឹង​សម្រួល​​ដល់​ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ទៅ​ដល់​អ្នក​វិនិយោគ​ទាំង​ជនជាតិ​ជប៉ុន កម្ពុជា និង​អ្នក​វិនិយោគ​ដទៃ​ទៀត​ដែល​មក​បណ្តាក់ទុន​នៅ​កម្ពុជា ឱ្យ​កាន់តែ​ងាយស្រួល​ថែម​ទៀត។ ទន្ទឹម​នឹង​នេះ វត្តមាន​ធនាគារ MIZUHO នឹង​នាំ​មក​នូវ​អ្នក​វិនិយោគ​ជប៉ុន​ជា​ច្រើន​មក​កម្ពុជា​នៅ​ពេល​អនាគត​ខាង​មុខ​នេះ » ។

ក្នុង​ឱកាស​នោះ សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា ឆ្នាំ​២០១៦​កន្លង​ទៅ គឺ​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ជប៉ុន​ខ្នាត​ធំ​ANA Airline ដែល​បាន​មក​វិនិយោគ​នៅ​កម្ពុជា ហើយ​ឆ្នាំ​២០១៧​នេះ គឺ​មាន​ធនាគារ​ខ្នាត​ធំ​ជប៉ុន MIZOHO មក​កម្ពុជា​ទៀត ។ ទាំងនេះ​បញ្ជាក់​ប្រាប់​ដល់​អ្នក​វិនិយោគ​ជប៉ុន​ឲ្យ​មាន​ភាព​កក់ក្តៅ និង​ជំនឿ​ទុកចិត្ត​ក្នុង​ការ​វិនិយោគ​នៅ​កម្ពុជា ។
នៅ​កម្ពុជា​សព្វថ្ងៃ​នេះ មាន​ធនាគារ​មក​ពី​ប្រទេស​ជប៉ុន​ចំនួន​២ និង​មីក្រូហិរញ្ញវត្ថុ​១ ក្នុង​នោះ​គឺ ធនាគារ​Mizuho ធនាគារ​Maruhan និង​មីក្រូហិរញ្ញវត្ថុ​AEON ហើយ​នៅ​ក្នុង​ធនាគារ​ស្ថាបនា​ក៏​មាន​ភាគហ៊ុន​របស់​Maruhan Bank​ផង​ដែរ ។

សេដ្ឋវិទូ​កម្ពុជា​បាន​ស្វាគមន៍​ចំពោះ​វត្តមាន និង​ការ​ចូល​មក​ដល់​នូវ​ក្រុមហ៊ុន​ជប៉ុន​ថ្មី​ៗ​នៅ កម្ពុ​ជានា​ពេល​នេះ ។

ទីប្រឹក្សា​ជាន់ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ លោក​បណ្ឌិត ម៉ី កល្យាណ បាន​ថ្លែង​ថា វា​ជា​រឿង​ល្អ​សម្រាប់​កម្ពុជា​នៅ​ពេល​ធនាគារ​ធំ​មួយ​នេះ​ចូល​មក​កម្ពុជា ព្រោះ​កន្លង​មក​កម្ពុជា​មាន​ធនាគារ​មក​ពី​ម៉ា​ឡេ​ស៊ី វៀតណាម ថៃ ចិន និង​ធនាគារ​ANZ​ល្បី​មួ​យមក​កម្ពុជា ។ ដូច្នេះ​ការ​មក​ដល់​របស់​ធនាគារ​នេះ ទោះបីជា​ធ្វើ​ឲ្យ​ការ​ប្រកួតប្រជែង​កើនឡើង​ក្តី ប៉ុន្តែ​វា​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​កាន់តែ​ច្រើន ព្រោះ​ពេល​ណា​ការ​ប្រកួតប្រជែង​កើនឡើង អត្រា​ការ​ប្រាក់​នឹង​ធ្លាក់​ចុះ ។

លោក​បន្ត​ថា ៖ «​ការ​ចូល​មក​ដល់​របស់​ធនាគារ​នេះ មិន​សំខាន់​រឿង​លុយ​នោះ​ទេ អ្វី​សំខាន់​គឺ​ទំនុកចិត្ត និង​ការ​ទាក់ទាញ​អ្នក​វិនិយោគ​ជប៉ុន​ថ្មី​ៗ​មក​បន្ថែម​ទៀត​» ។ លោក​បន្ត​ថា ៖ «​នៅ​កម្ពុជា​ជប៉ុន​មាន​ពេទ្យ មាន​អាកាសចរណ៍ មាន​ផ្សារ​ទំនើប មាន​សាលារៀន គឺ​គ្រប់គ្រាន់​សម្រាប់​ជប៉ុន​ចូល​មក​រស់នៅ​បាន​យូរហើយ​» ៕