ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹទ្ធសភា​អនុម័ត​ជា​ឯកច្ឆ័ន្ទ​លើ​សេចក្តី​ស្នើ វិសោធនកម្ម​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សមាជិក​ព្រឹទ្ធសភា​ចំនួន​៤៤​រូប​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​លើកដៃ​អនុម័ត​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​

រាជធានី​ភ្នំពេញ ៖ សមាជិក​ព្រឹទ្ធសភា​ចំនួន​៤៤​រូប​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​លើកដៃ​អនុម័ត​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​បន្ទាប់​ពី​រដ្ឋសភា​ផ្ញើ​មក​កាលពី​ពេល​ថ្មី​ៗ​នេះ​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ កុម្ភៈ ឆ្នាំ​២០១៧ ។ ជាមួយ​គ្នា​នេះ ក្រុម​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស សម រ​ង្ស៊ី បាន​ប្រកាស​មិន​ទទួលស្គាល់​។
ការ​អនុម័ត​ច្បាប់​ដែល​ត្រូវ​បាន​បក្ស​ប្រឆាំងថា​ជា​ច្បាប់​គាបសង្កត់​ពួក​គេ​នោះ​ធ្វើ​ឡើង​ក្នុង​សម័យប្រជុំ​វិសាមញ្ញ​នីតិកាល​ទី​៣ ព្រឹទ្ធសភា ក្រោម​អធិបតីភាព​សម្តេច​វិបុល​សេនា​ភក្តី​សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​។

លោក ម៉​ម ប៊ុ​ន​នាង អ្នកនាំពាក្យ​ព្រឹទ្ធសភា​បាន​ឲ្យ​ដឹង​ក្រោយ​សម័យប្រជុំ​ព្រឹទ្ធសភា​ថា ក្នុងសម័យប្រជុំ​សភា​មានការ​ពិភាក្សា​យ៉ាង​ហ្មត់ចត់ដោយ​បាន​លើក​ឡើង​ពី​ទិដ្ឋភាព​នយោបាយ និងច្បាប់​ផង​ដែរ ។ លោក​បញ្ជាក់​ថា​៖«​យើង​មើល​ចំណុច​ពីរ​ដែល​ជា​ចំណុច​សំខាន់​គឺ​ទី​១-​ច្បាប់​នេះ​រក្សា​បាន​ស្ថេ​រ​ភាព​នយោបាយ ទី​២-​ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​មាន​សង្គ្រាម​កើតឡើង ។

ច្បាប់​នេះ​បាន​ធ្វើ​ឡើង​ដោយ​ដកស្រង់​ពី​ចំណុច​សំខាន់​ៗ​ដែល​មាននៅ​ក្នុង​រដ្ឋធម្មនុញ្ញ ។ យើង​អត់​មាន​យក​ពី​ច្បាប់​ឬអ្វី​ផ្សេង​នោះ​ទេគឺ​យក​ពី​រដ្ឋធម្មនុញ្ញ ហើយ​ច្បាប់​នេះ​នឹង​បម្រើផលប្រយោជន៍​ឲ្យ​គណបក្ស​នយោបាយ​ទាំងអស់​»​។

ការ​អនុម័ត​សេចក្តី​ស្នើ​សុំ​វិសោធនកម្ម​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ​នេះ ទោះបីជាមិន​មានការ​ចូលរួម​ពី​សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​សម រ​ង្ស៊ី ក្តី ប៉ុន្តែ​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​កន្លង​ទៅ លោកម៉​ម ប៊ុ​ន​នាង ឲ្យ​ដឹង​ថា សមាជិក​អចិន្ត្រៃយ៍​ព្រឹទ្ធសភា​គណបក្ស សម រ​ង្ស៊ី បាន​ចូលរួម​ពិភាក្សា​យ៉ាង​ផុសផុល ។ លោក​បញ្ជាក់​ថា​៖ «​សមាជិក​បក្ស​សម រ​ង្ស៊ី អត់​បាន​ចូលរួម​ទេ ប៉ុន្តែ​គាត់​ចូលរួម​ពេល​ប្រជុំ​អចិន្ត្រៃយ៍ ។ ការ​អនុម័ត​ច្បាប់​នេះ​ត្រូវការ​សំឡេង​៥០%​បូក​១  តែ​សមាជិក​ព្រឹទ្ធសភា​ថ្ងៃនេះ​ចូលរួម​៤៤​រូប​ហើយ បាន​លើកដៃ​ទាំង​៤៤​រូប​អនុម័ត​ច្បាប់​នេះ »​។

ជាមួយ​គ្នា​នោះ​ដែរ អ្នកនាំពាក្យ​ព្រឹទ្ធសភា​ក៏​បាន​ឲ្យ​ដឹង​ថា រាល់​ច្បាប់​ទាំងអស់​ពេល​ព្រឹទ្ធសភា​អនុម័ត​ហើយនឹង​បញ្ជូន​ទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ​ពិនិត្យ ហើយ​ដាក់​ថ្វាយ​ព្រះមហាក្សត្រ​ឡាយព្រះហស្តលេខា ដើម្បី​ដាក់​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់ និង​អនុវត្ត ។ ចំពោះ​ការ​មិន​ចូលរួម​ពិភាក្សា និង​អនុម័ត​របស់​សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រ​ង្ស៊ី ជា​សិទ្ធិ​របស់​គេ ប៉ុន្តែ​អ្វី​ដែល​គាត់​មិន​ចូលរួម​នោះ​បង្ហាញ​ឲ្យ​ឃើញ​ថា គាត់​បាន​បោះបង់​នូវអ្វី​ដែល​ជា​ចំណុច​សំខាន់​ៗ​ដែល​ប្រជាពលរដ្ឋបាន​ផ្តល់​សិទ្ធិ​ឲ្យ​គាត់​ធ្វើ​ជា​តំណាង​ក្នុង​ការជជែក​គ្នា ។

ទោះបីជា​មាន​មតិ​មួយ​ចំនួន​លើក​ឡើង​ថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ​នេះ​ហាក់​មានការ​ប្រញាប់ និង​ដាក់​គំនាប​ទៅ​លើ​គណបក្សប្រឆាំង​យ៉ាងណា​ក្តី លោក ម៉​ម ប៊ុ​ន​នាង បាន​អះអាង​ថា មិន​មានការ​ប្រញាប់ប្រញាល់​នោះ​ទេ ។ លោក​ថា ក្នុង​ការ​ស្នើ​ច្បាប់ បើសិនជា​រដ្ឋសភា​ស្នើ​មក​ចាត់ទុកជា​ការ​ប្រញាប់ នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​បានចែង​យ៉ាង​ច្បាស់​ថា ទុក​ពេលវេលា​រយៈពេល​តែ​៥​ថ្ងៃ​ប៉ុណ្ណោះ ដោយ​មិន​ឲ្យ​លើស​ពី​៥​ថ្ងៃ​ដើម្បី​ទុក​ពេលវេលា​ពិភាក្សា​ច្បាប់​ដែល​បាន​ផ្ញើ​មក​ពី​រដ្ឋសភា ។ នេះ​បើ​យើង​យោង​ទៅ​តាម​រដ្ឋធម្មនុញ្ញ យើង​ធ្វើ​អ្វីមួយ​យើង​ផ្អែក​លើ​ច្បាប់​ទាំងអស់ អ៊ីចឹង​យើង​ឃើញ​ហើយ​ថា ពេល​ច្បាប់​ចូល​មក​ភ្លាម អចិន្ត្រៃយ៍​បាន​ប្រជុំ​ពិភាក្សា លើ​ទម្រង់​ច្បាប់ និង​គតិ​ច្បាប់​មុន​នឹង​ដាក់​ទៅ​គណៈកម្មការ​ជំនាញ​សិក្សា​ស្វែង​យល់​ពី​គតិ​ច្បាប់ និង​ទម្រង់​ច្បាប់​។

អ្នកនាំពាក្យ​ព្រឹទ្ធសភា​រូប​នេះ​ក៏​បាន​អំពាវនាវ​ដល់​គណបក្ស​នយោបាយ និង​អង្គការ​សង្គម​ស៊ី​វិល​ទាំងអស់​កុំ​គិត​ថា មានការ​ព្រួយបារម្ភ និង​គាបសង្កត់​ឲ្យ​សោះ ។ លោក​ថា ច្បាប់​គេ​ធ្វើ​ឡើង​ដើម្បី​អនុវត្ត​សម្រាប់​មនុស្ស​ដែល​ប្រព្រឹត្ត​ខុស​និង​ល្មើសច្បាប់​នោះ​ទេ ។ លោក​ជឿជាក់​ថា ទាំង​រូប​លោក និង​អស់លោក​មួយ​ចំនួន​គ្មាន​ការ​ព្រួយបារម្ភ​នោះ​ទេ ព្រោះថា​យើង​បង្កើត​ឡើង​ដើម្បី​ផលប្រយោជន៍​ជាតិ ស្ថេ​រ​ភាព និង​អភិវឌ្ឍន៍ មិនមែន​ធ្វើ​ច្បាប់​ឡើង​ដើម្បី​បែកបាក់ ឬ​ប្រះ​ស្រាំ​ជាតិ​នោះ​ទេ​។

ទោះបី​យ៉ាងណា​នៅ​ថ្ងៃ​ដដែល ក្រុម​សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រ​ង្ស៊ី បាន​ចេញ​សេចក្ដីថ្លែងការណ៍​មិន​គាំទ្រ​លើ​សំណើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ដែល​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា​អនុម័ត​ទេ ។ មិន​គាំទ្រ​ដោយសារ ខ្លឹមសារ​ក្នុង​សេចក្តី​ស្នើ​ច្បាប់​នេះ​មាន​លក្ខណៈ​ផ្ទុយ​ពី​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស ផ្ទុយ​ពី​ឆ​ន្ទះ​ប្រជាពលរដ្ឋ​ខ្មែរ​។ សេចក្តី​ស្នើ​ច្បាប់​នេះ​នឹង​បង្ក​ឲ្យ​មានការ​បែកបាក់​ឯកភាព​ជាតិ និង​ធ្វើ​ឡើង​ដោយ​ប្រញាប់ប្រញាល់​ដើម្បី​គាបសង្កត់​គណបក្ស​គូប្រជែង ។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​នោះ ក្រុម​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រ​ង្ស៊ី បាន​ទទូច​ឲ្យ​គណបក្ស​ឈ្នះ​ឆ្នោត​មាន​អាសនៈ​ក្នុង​រដ្ឋសភា នីតិកាល​ទី​៥​ទាំង​ពីរ​គណបក្ស បញ្ចប់​ការ​ខ្វែងគំនិត​គ្នា ដើម្បី​ឲ្យ​រដ្ឋសភា​ពហុបក្ស​ដំណើរការ​ត្រឹមត្រូវ​តាម​ខ្លឹមសារ​នៃ​រដ្ឋធម្មនុញ្ញ និង​ចូលរួមចំណែក​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​នៅ​កម្ពុជា​។

គួរ​បញ្ជាក់​ថា សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ​ធ្វើ​ឡើង​៩​ជំពូក​និង​២២​មាត្រា ត្រូវ​បាន​សមាជិក​រដ្ឋសភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា លើកដៃ​អនុម័ត​ចំនួន​៦៦​សំឡេង​កាលពី​ថ្ងៃ​ទី​២០ កុម្ភៈ ។ សេចក្តី​ស្នើ​សុំ​ចំនួន​៩​ជំពូក​និង​២២​មាត្រា​រួម​មាន​៖ ជំពូក​ទី​១ មាត្រា​៦​ថ្មី​, ជំពូក​ទី​៣ មាត្រា​១២​ថ្មី​, ជំពូក​ទី​៤​ថ្មី​មាត្រា​១៧​ថ្មី មាត្រា​១៨​ថ្មី​, ជំពូក​ទី​៥ មាត្រា​១៩​ថ្មី មាត្រា​២៥​ថ្មី មាត្រា​២៦​ថ្មី​, ជំពូក​ទី​៦ មាត្រា​២៩​ថ្មី​, ជំពូក​ទី​៨ មាត្រា​៣៤​ថ្មី​, ជំពូក​ទី​៩​ថ្មី មាត្រា​៣៨​ថ្មី មាត្រា​៣៩​ថ្មី មាត្រា​៤០​ថ្មី  មាត្រា​៤១​ថ្មី មាត្រា​៤២​ថ្មី មាត្រា​៤៣​ថ្មី មាត្រា​៤៤​ថ្មី មាត្រា​៤៥​ថ្មី មាត្រា​៤៦​ថ្មី មាត្រា​៤៧​ថ្មី​, ជំពូក​ទី​១០ មាត្រា​៤៨​ថ្មី  និង​ជំពូក​ទី​១១​មាត្រា ៤៩​ថ្មី  និង​មាត្រា​៥០​ថ្មី ៕