ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វី​ដេ​អូ​កាមេរ៉ា​សុវត្ថិភាព​នឹង​ត្រូវ​បញ្ចាំង​ក្នុង​សវនាការ​សំណុំរឿង​បា.ញ់​សម្លា.ប់​បណ្ឌិត កែម ឡី

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដូច​ការ​គ្រោងទុក​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១ មីនានេះ បាន​លើកយក​សំណុំរឿង​ករណី​ឃាតក.ម្ម​បា.ញ់​សម្លា.ប់​លោក​បណ្ឌិត

រាជធានី​ភ្នំពេញ ៖ ដូច​ការ​គ្រោងទុក​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១ មីនានេះ បាន​លើកយក​សំណុំរឿង​ករណី​ឃាតកម្ម​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី មក​បើក​សវនាការ​ជំនុំជម្រះ​ទោស ។ តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា សវនាការ​នេះ​គឺ​ធ្វើ​ឡើងជា​សាធារណៈ​ដែល​មាន​លោក លាង សំណាត់ ជា​ប្រធាន​ក្រុម​បឹ​ក្សា​ជំនុំជម្រះ លោក នូ វាសនា និង​លោក អ៊ឹម វណ្ណៈ ជា​ចៅក្រម​អម ព្រមទាំង​តំណាង​អយ្យការ​គឺ​លោក លី សុ​ផា​ណា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។

ប្រភព​ព័ត៌មាន​បន្ត​ថា សវនាការ​នេះ គឺ​មាន​វត្តមាន​ជនជាប់ចោទ​ឈ្មោះ ជួប សម្លាប់ ហៅ អឿ​ត អាង តម្រូវ​ឲ្យ​ឈរ​មុខ​រង្វង់​ក្រចកសេះ ដើម្បី​ឆ្លើយ​នឹង​សំណួរ​ដេញដោល​ពី​សំណាក់​អង្គ​សវនាការ ។

តាម​ប្រភព​ពី​តុលាការ​ថា ក្នុង​សវនាការ​ក៏​មាន​ចាក់​បញ្ចាំង​ស្លាយ​វី​ដេ​អូ​ស្តី​ពី​សកម្មភាព​នៃ​អំពើ​ឃាតកម្ម​ទៅ​លើ​លោក​បណ្ឌិត កែម ឡី ដែល​ថត​បាន​តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព​នៅ​ក្នុង​ស្តា​រ៍​ម៉ាត រួម​ទាំង​ភ័ស្តុតាង​សម្រាប់​ដាក់បន្ទុក​លើ​ជនជាប់ចោទ​មួយ​ចំនួន​ទៀត ។

មន្ត្រី​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៨ កុម្ភៈ លោក តាំង ស៊ុន​ឡាយ ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចាត់ចែង​កម្មវិធី​រៀបចំ​បើក​សវនាការ​លើ​សំណុំរឿង​ឃាតកម្ម​ដ៏​រសើប​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី រួចរាល់​អស់ហើយ ដូច​ជា​ការ​រៀបចំ​សាល​សវនាការ ឧបករណ៍​បំពង​សំឡេង ឧបករណ៍​ចាក់​ស្លាយ​បញ្ចាំង​រូបភាព សកម្មភាព​នៃ​អំពើ​ឃាតកម្ម ដែល​ជន​ទូទៅ​បាន​ទន្ទឹងរង់ចាំ​យូរ​ខែ​មក​ហើយ ។

ក្រៅពី​នេះ​មាន ការងារ​ការពារ​សន្តិសុខ ថែរក្សា​សណ្តាប់ធ្នាប់​សាធារណៈ​ជូន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ អ្នក​សារព័ត៌មាន រួម​ទាំង​ការពារ​សាក្សី​ក្នុង​ពេល​ចូល​សវនាការ​ផង​ដែរ ព្រោះថា​សវនាការ​នេះ​អាច​នឹង​មាន​មហាជន​ចូលរួម​ស្តាប់​ច្រើន ហើយ​អាច​ខ្វះ​កន្លែង​ឲ្យ​ភ្ញៀវ​អង្គុយ​ក៏​ថា​បាន  ។ នេះ​បើ​តាម​ការ​សន្និដ្ឋាន​មិន​ទាន់​ជា​ផ្លូវការ ដោយសារ​ម្នាក់​ៗ​ចង់​ដឹង​ចម្លើយ​របស់​ឃាតករ​ផ្ទាល់មាត់​ពិតប្រាកដ និង​ចង់​ឃើញ​វី​ដេ​អូ​ដែល​យក​ចេញពី​ស្តា​រ៍​ម៉ាត​ស្ថានីយប្រេងឥន្ធនៈ​កាល់​តិច ជា​កន្លែង​កើតហេតុ​ស្តី​ពី​សកម្មភាព និង​ព្រឹ​ត្ត​ការណ៍​នៃ​អំពើ​បាញ់ប្រហារ​នោះ ។

គួរ​បញ្ជាក់​ថា ជនសង្ស័យ​ឈ្មោះ អឿ​តអាង ហៅ ជួប សម្លាប់ អាយុ​៣៨​ឆ្នាំ មានស្រុក​កំណើត​នៅ​ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ហើយ​បាន​ទៅ​រស់នៅ​ប្រកបរ​បរជា​កម្មករ​ចម្ការ​ដំណាំ នៅ​ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ​។ ខ្មាន់កាំភ្លើង​នេះ​បាន​សារភាព​ថា ខ្លួន​ឈ្មោះ ជួប សម្លាប់ ជា​អ្នក​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ប្រធាន​អង្គការ​អភិវឌ្ឍន៍​សង្គម​និង​ជា​អ្នកវិភាគ​នយោបាយ ដោយសារ ការ​ជំពាក់​លុយ​៣.០០០​ដុល្លារ​អា​មេ​រិ​ក​មិន​ព្រម​សង ។

ជនសង្ស័យ ត្រូវ​បាន​តំណាង​អយ្យការ​ចោទប្រកាន់​ពី​បទ​ឃាតកម្ម​គិត​ទុកជា​មុន និង​បទ​កាន់កាប់​ឬ​ដឹក​ជញ្ជូន​អាវុធ​គ្មាន​ការ​អនុញ្ញាត តាម​មាត្រា​២០០ និង​មាត្រា​៤៩០ នៃ​ក្រមព្រហ្មទណ្ឌ ដែល​បទល្មើស​នេះ តម្រូវ​ឲ្យ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ។

ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាម​ៗ ក្រោយ​ពី​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី កាលពី​វេលា​ម៉ោង​៨​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​១០​ខែកក្កដា ឆ្នាំ​២០១៦ នៅ​ក្នុង​ស្តា​រ៍​ម៉ា​តនៃ​ស្ថានីយប្រេងឥន្ធនៈ​កាល់​តិច​បូកគោ ស្ថិត​នៅ​កាច់ជ្រុង​មហាវិថី​ព្រះ​មុនី​វង្ស និង​មហាវិថី​ម៉ៅ​សេ​ទុង ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ៕