ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវុធហត្ថ​តាម​ប្រមាញ់ អា​រ៉េវ​ដឹក​ជញ្ជូន​ឈើហុប ដល់​ក្នុង​ទីតាំង​ក្រុមហ៊ុន

7 ឆ្នាំ មុន

ខេត្តរតនគិរី ៖ រថយន្ត​បង្កង់​ឬ​អា​រ៉េវ​មួយ​គ្រឿង​ដឹកឈើ និង​គោ​យន្ត​កែ​ច្នៃ​មួយ​គ្រឿង បាន​ត្រូវ​កងរាជអាវុធហត្ថ​ខេត្ត និង​កងរាជអាវុធហត្ថ​ស្រុក​ប​កែវ បង្ក្រាប​ខណៈ

ខេត្តរតនគិរី ៖ រថយន្ត​បង្កង់​ឬ​អា​រ៉េវ​មួយ​គ្រឿង​ដឹកឈើ និង​គោ​យន្ត​កែ​ច្នៃ​មួយ​គ្រឿង បាន​ត្រូវ​កងរាជអាវុធហត្ថ​ខេត្ត និង​កងរាជអាវុធហត្ថ​ស្រុក​ប​កែវ បង្ក្រាប​ខណៈ
រថយន្ត​នោះ​លួច​ដឹកឈើ​ចូល​ទៅ​ក្នុង​ក្រុមហ៊ុន​មួយ កាលពី​វេលា​ម៉ោង​១០​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ។ ការ​បង្ក្រាប​នេះ ដឹកនាំ​ដោយ​វរសេនីយ៍ត្រី ឃី សុខា ប្រធាន​មន្ទីរ​បច្ចេកទេស​សន្តិសុខ​កងរាជអាវុធហត្ថ​ខេត្ត ក្រោម​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ត្រី គឹ​ម រស្មី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ។

របាយការណ៍​ឱ្យ​ដឹង​ថា កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​រួម​ជាមួយ​កងរាជអាវុធហត្ថ​ស្រុក​ប​កែវ បាន​បង្ក្រាប​រថយន្ត​បង្កង់​ដឹកឈើ​ប្រភេទ​សុ​ក្រំ និង​ផ្ចឹក​ចំនួន​៦​កំណាត់​ស្មើនឹង​ជាង​៧​ម៉ែត្រគូប ។ ការ​បង្ក្រាប​គឺ​ធ្វើ​ឡើង​នៅ​ភូមិ​សមុទ្រ​លើ ឃុំ​សេ​ដា ស្រុក​លំ​ផាត់ ក្នុង​ដី​ក្រុមហ៊ុន​ហ្ស៊ូ​ម​វ៉ាង ខេ​ម​បូ​ឌា អ៊ិ​ន​វេស​ម៉ិ​ន ដែល​ជា​ដៃគូ​អភិវឌ្ឍន៍​ជាមួយ​ក្រុមហ៊ុន រ័​ត្ន​សា​ខន ។

មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត លោក​ឧត្តមសេនីយ៍ត្រី គឹ​ម រស្មី បាន​ថ្លែង​ក្នុង​បទ​សម្ភាសន៍​នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែកុម្ភៈ​ថា ទម្រាំ​ឈាន​ដល់​ការ​បង្ក្រាប​រថយន្ត​ដឹកឈើ​មួយ​គ្រឿង​នេះ គឺ​បាន​ជួប​ឧបសគ្គ​ជាមួយ​ប្រជាពលរដ្ឋ​ដែល​អាច​និយាយ​បាន​ថា ជា​អ្នក​កាង​បទល្មើស​ឱ្យពួក​ឈ្មួញ​ធ្វើ​សកម្មភាព​រារាំង​កម្លាំង​សមត្ថកិច្ច​ដូច​ជា ធ្វើការ​ឡោម​ព័ទ្ធ ផឹកស្រា​ស្រវឹង​អុកឡុក​សមត្ថកិច្ច ក្នុង​គោលបំណង​រំដោះ​វត្ថុ​តាង ។

លោក​បញ្ជាក់​ថា កម្លាំង​សមត្ថកិច្ច​មាន​តែ​៧​នាក់​ពុំ​អាច​រំដោះ​វត្ថុ​តាង​បាន​ឡើយ ទើប​បញ្ជា​ឱ្យ​បន្ថែម​កម្លាំង ដោយ​ប្រើប្រាស់​រយៈពេល​២​ថ្ងៃ ទើប​អាច​រំដោះ​វត្ថុ​តាង​ចេញ​បាន ។

លោក​បន្ត​ថា ភូមិ​ចំនួន​២​ដែល​មាន​ព្រំប្រទល់​ជាប់​ស្រុក​លំ​ផាត់​និង​ស្រុក​អូ​រយ៉ា​ដាវ ពលរដ្ឋ​នៅ តំបន់​នោះ​តែង​ធ្វើ​សកម្មភាព​ប្រាសចាក​ពី​នីតិវិធី​ច្បាប់​ដូច​ជា មាន​ប្រដាប់​ដោយ​ដំបង កាំបិត ពូថៅ និយាយ​រួម​សម្ភារ​ប្រើប្រាស់​បទល្មើស​យក​ទៅ​គំរាមកំហែង ឬ​ឡោម​ព័ទ្ធ​និង​វាយ​ទៅ​លើ​រថយន្ត​សមត្ថកិច្ច ឬ​រថយន្ត​អ្នកកាសែត​ជាដើម ។

លោក​ឧត្តមសេនីយ៍ត្រី គឹ​ម រស្មី ថ្លែង​ទៀត​ថា មុន​នឹង​ឈាន​ទៅ​បង្ក្រាប​រថយន្ត​ដឹកឈើ​និង​រថយន្ត​កែ​ច្នៃ​ខាងលើ​នេះ គឺ​សមត្ថកិច្ច​បាន​ប្រើប្រាស់​គ្រប់​រូបភាព​និង​គ្រប់​មធ្យោបាយ​ទាំងអស់ ធ្វើ​យ៉ាងណា​រឹបអូស​យក​វត្ថុ​តាង​ឱ្យ​ខាង​តែ​បាន បើ​ទោះបី​ត្រូវ​ជួប​ឧបសគ្គ​ធ្ងន់ធ្ងរ​យ៉ាងណា​ក៏​ដោយ ។

ប្រភព​ពី​ប្រជាពលរដ្ឋ​កាលពី​ល្ងាច​ថ្ងៃ​ទី​២៤ខែកុម្ភៈ ថា មាន​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​នោះ​យ៉ាង​រង្គាល ហើយ​ពលរដ្ឋ​មួយ​ចំនួន​ធំ​នៅ​ទីនោះ​តែង​ធ្វើការ​តវ៉ា និង​មួយ​ចំនួន​តូច​ត្រូវ​ឈ្មួញ​ទិញ​ទឹកចិត្ត​ដែល​តែងតែ​ប្រឆាំង​រារាំង​សមត្ថកិច្ច នៅ​ពេល​ដែល​មានការ​ចុះ​បង្ក្រាប​ម្តង​ៗ ។

លោក​ឧត្តមសេនីយ៍ត្រី គឹ​ម រស្មី មាន​ប្រសាសន៍​យ៉ាង​ម៉ឺងម៉ាត់​ថា នឹង​ធ្វើការ​បង្ក្រាប​នូវ​រាល់​បទល្មើស​ព្រៃឈើ​ទាំងឡាយ​ស្រប​តាម​បទបញ្ជា​របស់​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែល​ជា​ប្រធាន​គណៈកម្មការ​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ ខណៈ​មាន​សកម្មភាព​បំផ្លាញ​ព្រៃឈើ​តាម​រូបភាព​ណាមួយ ។ ចំពោះ​វត្ថុ​តាង​រថយន្ត​និង​ឈើ បាន​ប្រគល់​ទៅ​ឱ្យ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ នៅ​ព្រឹក​ថ្ងៃ​ដដែល​នោះ ៕