ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាសនា​ត្រពាំង​ឈូក យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀ.ន​ឃាត់ខ្លួន​231​នាក់ រុះរើ​បន្ទប់​អស់​98

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មនុស្ស​ចំនួន​២៣១​នាក់​ត្រូវ​បាន​ឃាត់ខ្លួន បន្ទប់​ជួល​ចំនួន​៩៨​បន្ទប់ ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​សែន​សុខ​រុះរើ​ក្នុង​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀ.ន

រាជធានី​ភ្នំពេញ ៖ មនុស្ស​ចំនួន​២៣១​នាក់​ត្រូវ​បាន​ឃាត់ខ្លួន បន្ទប់​ជួល​ចំនួន​៩៨​បន្ទប់ ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​សែន​សុខ​រុះរើ​ក្នុង​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន នៅ​ក្នុង​តំបន់​ត្រពាំង​ឈូក​ដ៏​ល្បីល្បាញ ស្ថិត​ក្នុងភូមិ​បុរី​កម្មករ សង្កាត់​ទឹកថ្លា​រយៈពេល​ប្រមាណ​១​ខែ​កន្លង​មកនេះ ។

នេះ​បើ​តាម​របាយការណ៍​បូក​សរុប​លទ្ធផល​ការងារ​របស់​គណ​បញ្ជាការ​ឯកភាព​សែន​សុខ នៅ​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល និង​ដាក់​ទិស​ដៅ​ជា​យុទ្ធសាស្ត្រ ដើម្បី​លុប​បំបាត់​គ្រឿងញៀន​នៅ តំបន់​ត្រពាំង​ឈូក កាលពី​រសៀល​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៧ ។

តាម​របាយការណ៍​របស់​រដ្ឋបាល​ខណ្ឌ​សែនសុខ​បានឱ្យ​ដឹង​ថា លទ្ធផល​ការងារ​នៃ​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​នេះ គណៈកម្មការ​ត្រួតពិនិត្យ​គ្រឿងញៀន​របស់​ខណ្ឌ​សែន​សុខ  បាន​ចុះ​ស្រង់​ស្ថិតិ​ចំនួន​ក្បាលដី ចំនួន​គ្រួសារ​និង​បាន​រុះរើ​បន្ទប់​ជួល​ដែល​ជាទី​តាំង​ជួញដូរ  និង​ប្រើប្រាស់​គ្រឿងញៀន ប្រព្រឹត្តិ​ល្បែងស៊ីសង​គ្រប់​ប្រភេទ​នៅ​ភូមិ​បុរី​កម្មករ (​តំបន់​ត្រពាំង​ឈូក​) សង្កាត់​ទឹកថ្លា​ទទួល​បានជា​លទ្ធផល​ដូច​ខាងក្រោម ៖

-បង្ក្រាប​គ្រឿងញៀន​បាន​ចំនួន​៤៤​ករណី  ឃាត់​មនុស្ស​ចំនួន​ន​២៣១​នាក់​ក្នុង​នោះ​មាន​ស្រី​១៨​នាក់ ដកហូត​បាន​គ្រឿងញៀន និង​ឧបករណ៍​ច្រើន​សន្ធឹកសន្ធាប់​និង​បាន​រុះរើ​បន្ទប់​ជួល​បានចំនួន​៩៨ បន្ទប់ ។

-តាម​របាយការណ៍​បានឱ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​យុទ្ធនាការ​នោះ​គណៈកម្មការ​បាន​ចុះ​ស្រង់​ក្បាលដី​បាន​ចំនួន​៣៩៨​ក្បាលដី សរុប​ជា​គ្រួសារ​ចំនួន​៦៦៣​គ្រួសារ និង​មាន​ប្រជាពលរដ្ឋ​ចំនួន​២៩៨៤​នាក់​ស្នាក់​នៅ ។ 

នៅ​ក្នុង​របាយការណ៍​ក៏​បាន​បញ្ជាក់​ថា ស្ថានភាព​ទូទៅ​នៅ​តំបន់​ត្រពាំង​ឈូក​មានការ​ថយ​ចុះ​បទល្មើស​ស្ទើរតែ​ទាំងស្រុង ប្រៀបធៀប​មុន​ពេល​យុទ្ធនាការ ។ ទោះបីជា​យ៉ាងណា គណៈកម្មការ នឹង​បន្ត​ជំរុញ​កងកម្លាំង​ប្រចាំការ​២៤​ម៉ោង​លើ​២៤​ម៉ោង​បម្រើ​សេវាកម្ម សន្តិសុខ សាធារណៈ និង​បង្កើត​ការ​អនុវត្ត​វិធានការ​ល្បាត​ការពារ​សន្តិសុខ សុ​វត្តិភាព សណ្តាប់ធ្នាប់​នៅ​គោលដៅ​ឧស្សាហ៍​កើត​មាន​បទល្មើស​នានា​និង​ចុះ​អន្តរាគមន៍​បាន​ឆាប់រហ័ស ៕