ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើរទៅ​បុណ្យ​ស្រាប់តែ​ឈឺពោះ​គ្រប់​ខែ​ឆ្លងទន្លេ​កណ្តាល​វាលស្រែ

7 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ អាសូរ​ណាស់​ស្ត្រី​ម្នាក់​បាន​សម្រាល​កូនប្រុស​ម្នាក់​ក្រោម​កម្តៅថ្ងៃ​ហែង​នៅ​កណ្តាល​វាលស្រែ​ដែល​មាន​ចម្ងាយ​ពី​ភូមិ​ជិត​មួយ​គីឡូម៉ែត្រ

ខេត្តស្ទឹងត្រែង ៖ អាសូរ​ណាស់​ស្ត្រី​ម្នាក់​បាន​សម្រាល​កូនប្រុស​ម្នាក់​ក្រោម​កម្តៅថ្ងៃ​ហែង​នៅ​កណ្តាល​វាលស្រែ​ដែល​មាន​ចម្ងាយ​ពី​ភូមិ​ជិត​មួយ​គីឡូម៉ែត្រ និង​ឆ្ងាយ​ពី​មណ្ឌល​សុខភាព​ស្រែ​ក្រសាំង​រាប់​គីឡូម៉ែត្រ កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ កុម្ភៈ ២០១៧ ស្ថិត​ក្នុងភូមិ​ដំរី​ផុង ឃុំ​កោះ​សម្ពាយ ស្រុក​សៀម​បូក ។

តាម​ការ​ឱ្យ​ដឹង​ពី​ស្ត្រី​ម្នាក់​ជា​ប្អូន​បាន​និយាយប្រាប់​កោះសន្តិភាព​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ កុម្ភៈ រូប​នាង​រួម​ទាំង​បងប្អូន​ប្រុស​-​ស្រី​៤​នាក់ និង​បងស្រី​ដែល​មាន​ផ្ទៃពោះ​ផង បាន​ទៅ​ចូលរួម​ពិធី​លើក​ធាតុ​លោកយាយ​នៅ​ឆ្ងាយ​ពី​ភូមិ​ជិត​មួយ​គីឡូម៉ែត្រ ។ លុះ​ដើរ​បាន​ជាង​១០០​ម៉ែត្រ​គាត់​ប្រាប់​ថា​ឈឺចង្កេះ ដោយ​ពុំ​នឹក​ស្មានថា ឈឺពោះ​គ្រប់​ខែ​សម្រាលកូន​នោះ​ទេ ។ បន្ទាប់​មក​ក៏​ស្រាប់តែ​ឈឺពោះ​កាន់តែ​ខ្លាំង​ឡើង​ៗ រហូត​ដើរ​មិន​រួច​ទើប​ប្រាស់​ខ្លួន​ដេក​សម្រាលកូន​នៅ​កណ្តាល​វាលស្រែ​តែ​ម្តង ។

នារី​ដដែល​រៀបរាប់​បន្ត​ថា គ្រា​ដែល​កំពុង​ឈឺពោះ​នោះ​ជា​ចៃដន្យ​បំផុត​មាន​អ្នកគ្រូ​ពេទ្យឆ្មប​ម្នាក់​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីនោះ បាន​ជួយ​ពិនិត្យ និង​ជូនដំណឹង​ទៅ​ប្រធាន​មណ្ឌល​សុខភាព​ស្រែ​ក្រសាំង​ឱ្យ​បញ្ជូន​ពេទ្យឆ្មប​ជំនាញ​ពីរ​នាក់​ទៀត​រួម​ទាំង​សម្ភារ​មក​ជួយ​ជា​បន្ទាន់ ។ ចំណែក​ប្តី​របស់​នាង​បាន​កាប់​ដើម​ឫស្សី​ប្រុង​ចង​អង្រឹង​សែង​ប្រពន្ធ​ទៅ​មណ្ឌល​សុខភាព​ដែរ តែ​ដោយ​ការ​ឈឺពោះ​នោះ​លឿន​ពេក​ក៏​សម្រាល​ភ្លាម​ៗនៅ​កណ្តាល​ស្រែ​នោះ​ទៅ ។ បន្ទាប់​មក​ក្រុម​គ្រូពេទ្យ​ឆ្មប​បាន​មក​ដល់​ជួយ​សម្អាត​កាត់​សុក និង​បញ្ជូន​តាម​ម៉ូតូ​បន្ត​ទៅ​សម្រាក​នៅ​មណ្ឌល​សុខភាព​ភ្លាម​ៗ​ដែរ ។

ជួប​ជាមួយ​ស្ត្រី​សម្រាលកូន​ខាងលើ​បាន​រៀបរាប់​ថា នាង​ពុំ​ដឹង​ថា ខ្លួន​ឈឺពោះ​សម្រាលកូន​នោះ​ទេ ព្រោះ​នេះ​ជា​កូន​ដំបូង​របស់​នាង​ស្រាប់តែ​សម្រាល​ភ្លាម​ៗ​ទាំង​ពុំ​ដឹងខ្លួន​បែប​ហ្នឹង ។ ស្ត្រី​នោះ​ប្រាប់​បន្ត​ថា នាង​ឈ្មោះ ថេ​ង ធា​រី អាយុ​២៦​ឆ្នាំ ស្រុក​កំណើត​នៅ​ភូមិ​ច្រវា ឃុំ​គោ​លាប់ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ និង​បាន​មក​រស់នៅ​ធ្វើស្រែ​ចំការ​នៅ​ភូមិ​ដំរី​ផុង ឃុំ​កោះ​សម្ពាយ ស្រុក​សៀម​បូក បាន​មួយ​ឆ្នាំ​ហើយ ។

ស្ត្រី​ដដែល​បន្ត​ថា នេះ​ជា​ចំណងដៃ​កូន​ទី​មួយ​ក្រោយ​រៀប​ការ​ជាមួយ​ប្តី​បាន​ជាង​មួយ​ឆ្នាំ​កន្លង​មក ។

រីឯ​បុរស​ជា​ប្តី​ក៏​បាន​ប្រាប់​ដែរ​ថា ខ្លួន​មិន​បានដឹង​ថា ប្រពន្ធ​ត្រូវ​ជួប​ប្រទះ​រឿង​រ៉ា​វ​បែប​នេះ​សោះ ហើយ​វា​ជា​អនុស្សាវរីយ៍​មួយ​ដែល​មិន​អាច​បំភ្លេច​បាន ក្រោយ​កូនប្រុស​ត្រូវ​បាន​សម្រាល​នៅ​កណ្តាល​វាលស្រែ​ដ៏​អភ័ព្វ​បែប​នេះ ហើយ​ខ្លួន​ក៏​មានការ​រំភើប​ណាស់​ដែល​បាន​ធ្វើ​ជា​ឪពុក​ក្នុង​ប្រវត្តិ​ជូរ​ចត់​របស់​កូន​នៅ​គ្រានេះ​ដែរ ។

បុរស​រូប​នេះ​បន្ត​ថា ទន្ទឹម​នឹង​ប្រពន្ធ​ចាប់ផ្តើម​ឈឺពោះ ខ្លួន​មានការ​បារម្ភ​ពី​បញ្ហា​ប្រឈម​ទី​មួយ​គ្មាន​គ្រូពេទ្យ​ឆ្មប ទី​ពីរ​មណ្ឌល​សុខភាព​នៅ​ឆ្ងាយ​រាប់​គីឡូម៉ែត្រ និង​ជា​ការ​ធ្វេសប្រហែស​មួយ​ដែល​សាមីខ្លួន​មិន​បាន​ទៅ​ពិនិត្យ​ផ្ទៃពោះ​ទទួល​ការ​ណែនាំ​ពី​គ្រូពេទ្យ ឬ​ពី​មណ្ឌល​សុខភាព​ដើម្បី​ត្រៀមលក្ខណៈ​ជា​មុន ។

ជុំវិញ​បញ្ហា​នេះ​លោក ឯម ប៊ុ​ន​សុំ ប្រធាន​មណ្ឌល​សុខភាព​ភូមិ​ស្រែ​ក្រសាំង ឃុំ​ស្រែ​ក្រសាំង ស្រុក​សៀម​បូក​មាន​ប្រសាសន៍​ថា នៅ​ពេល​នេះ​ម្តាយ​និង​ទារក មាន​សុខភាព​ល្អ​ធម្មតា ហើយ​វា​ជា​រឿង​មួយ​ដែល​កម្រ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ជួប​ប្រទះ​ការ​សម្រាលកូន​ដោយ​ខ្លួនឯង​ដោយ​ងាយ​បែប​នេះ​ទេ ។ លោក​បន្ត​ថា នេះ​ដោយសារ​គាត់​មិន​ដែល​មក​ពិនិត្យ​ផ្ទៃពោះ​កំណត់​ថ្ងៃ​សម្រាល​ឱ្យ​បាន​ត្រឹមត្រូវ​ពី​គ្រូពេទ្យ ។ តែទោះជា​យ៉ាងណា នេះ​ជា​ការ​ចៃដន្យ​បំផុត​ដោយ​មាន​បុគ្គលិក​សម្ភព​ម្នាក់​ដែល​ចុះ​ផ្សព្វផ្សាយ​អប់រំសុខភាព​ទារក និង​ម្តាយ​ដល់​សហគមន៍​ភូមិ​ឃុំ ឆ្លងកាត់​ទីនោះ ក៏​ប្រទះ​ឃើញ​ហើយ ជួយ​អន្តរាគមន៍​បាន​ទាន់​ពេលវេលា ។ លោក​និយាយ​ថាបើ​ពុំនោះ​ទេ​មិនដឹង​ថា​មានរឿង​អ្វី​កើតឡើង​ដល់​ម្តាយ​និង​ទារក​នេះ​ទេ ។

លោក ឯម ប៊ុ​ន​សុំ បាន​បន្ថែម​ថា ទាក់ទិនការ​សម្រាលកូន​បែប​នេះ​មានការ​ប្រឈម​គ្រោះថ្នាក់​ខ្លាំង​ណាស់ ប្រ​សិន​ណា​ក្រោយ​ពេល​សម្រាល​មិន​បាន​យក​សុក​ចេញ ឈាម​នឹង​ចាប់ផ្តើម​ធ្លាក់​ដែល​អាច​មាន​គ្រោះថ្នាក់​គ្រប់ពេលវេលា​ដល់​ស្ត្រី​ជា​ម្តាយ ។

លោក​ក៏​បាន​បញ្ជាក់​បន្ថែម​ថា​ខាង​មណ្ឌល​សុខភាព​បាន​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​អប់រំ​ដល់​មូលដ្ឋាន​ជា​ប្រចាំ និង​មាន​ប្រជាពលរដ្ឋ​ខ្លះ​បាន​ចូលរួម តែ​ខ្លះ​ទៀត​មិន​បាន​ចូលរួម​ស្តាប់​ការ​ផ្សព្វផ្សាយ​ទេ ។ ទោះជា​យ៉ាងណា​ក្តី​បច្ចុប្បន្ន​ទារក និង​ម្តាយ​កំពុង​សម្រាក​ថែទាំ​សុខភាព​នៅ​មណ្ឌល​សុខភាព​ស្រែ​ក្រសាំង ស្រុក​សៀម​បូក​ដោយ​សុវត្ថិភាព​ហើយ ៕