រាជធានីភ្នំពេញ ៖ កាលពីពេលថ្មីៗនេះ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកមួយចំនួនមានការចាប់អារម្មណ៍ ដោយលើកឡើងជាចម្ងល់ និងបញ្ចេញមតិរៀងខ្លួន ដែលពាក់ព័ន្ធនឹងគម្រោងសាងសង់ស្ពានអាកាសថ្មី សម្រាប់អ្នកថ្មើរជើងឆ្លងកាត់ទទឹងផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខផ្សារជម្ពូវ័ន ឬមុខវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន ដែលបានចោទប្រកាន់ថា ការសាងសង់បែបនេះហាក់មិនត្រឹមត្រូវដោយទុកឲ្យអ្នកថ្មើរជើងត្រូវឆ្លងផ្លូវដដែលនោះ ។
ទាក់ទិនទៅនឹងបញ្ហាខាងលើនេះ លោក សាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ និងដឹងជញ្ជូនរាជធានីភ្នំពេញ បានឲ្យ«កោះសន្តិភាព» ដឹងតាមរយៈទូរស័ព្ទនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះថា ការស្ថាបនាស្ពានអាកាសថ្មីសម្រាប់អ្នកថ្មើរជើងឆ្លងកាត់ទទឹងផ្លូវជាតិលេខ៤នេះ មានបងប្អូនមួយចំនួនមានការភាន់ច្រឡំ ដោយគ្រាន់តែមើលរូបភាព រួចធ្វើការបកស្រាយតាមការយល់ឃើញរៀងៗខ្លួន ។ លោកបន្តថា តាមការពិតផ្លូវចុះ និងឡើងសម្រាប់អ្នកថ្មើរជើងនោះ មានផ្លូវមែន តែផ្លូវតូចនៅក្នុងចំណតរថយន្តអមសងខាងផ្លូវធំទេ ចំណែកផ្លូវធំ គឺមាន៣ខ្សែ រថយន្តទៅនិងមករួចហើយ ។
លោក សាំ ពិសិដ្ឋ បានឲ្យដឹងទៀតថា តាមការសិក្សាគម្រោងឈរលើហេតុផលបច្ចេកទេស និងផលប៉ះពាល់ជាចម្បងគឺជាការសិក្សាដោះស្រាយបញ្ហាចរាចរ ដោយរៀបចំជាហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ រួមមានបញ្ហាលំហូរចរាចរ បញ្ហាចំណតរថយន្ត បញ្ហាសុវត្ថិភាព បញ្ហាថ្មើរជើង បញ្ហាបណ្តាញប្រឡាយបង្ហូរ និងរៀបចំសណ្តាប់ធ្នាប់ឲ្យបានល្អ ។ លោក បន្តថា បញ្ហាប៉ះពាល់ផ្សេងៗដូចជា បណ្តាញអគ្គិសនី បណ្តាញទឹក បណ្តាញប្រៃសណីយ៍ និងផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ជារឿងសំខាន់ ក្នុងករណីនេះ បើជណ្តើរស្ពានថ្មើរជើងចុះ ឬឡើងចំពីមុខផ្ទះ កៀកមាត់ទ្វារ ម្ចាស់ផ្ទះនឹងជំទាស់ដាច់ខាត ដោយសារជណ្តើរបិទមុខផ្ទះខ្លួន ។
លោក សាំ ពិសិដ្ឋ បានឲ្យដឹងទៀតថា ផ្លូវថ្មើរជើងដែលឡើងចុះនោះជាផ្លូវក្រៅសងខាងសម្រាប់តែយានយន្តចេញ និងចូលផ្ទះប្រជាពលរដ្ឋសងខាងផ្លូវប៉ុណ្ណោះ ជាផ្លូវចរាចរមិនច្រើនទេ វានឹងមិនបង្កជាគ្រោះថ្នាក់ទេ ហើយបើធ្វើដំណើរផ្លូវឆ្ងាយ យានយន្តត្រូវចូលទៅក្នុងផ្លូវកណ្តាលចំនួន៦ខ្សែ ដែលជាផ្លូវល្បឿនលឿន គ្មានឧបសគ្គឡើយ ចំណែកជួររត់ត្រង់នឹងគន្លងជណ្តើរស្របផ្លូវបង្កើតបានចំណតរថយន្តជាច្រើន រួមទាំងរៀបចំសួនច្បារផងដែរ ។ លោកបន្តថា ប្រសិនបើដោះស្រាយបញ្ហាចំណតនៅទីនោះមិនបាន ការកកស្ទះចរាចរច្បាស់ជាកើតមានដដែល ហើយក្រៅពីនេះរដ្ឋបាលរាជធានីភ្នំពេញមានរៀបចំប្រឡាយបង្ហូរទឹក និងបណ្តាញលូផងដែរ ។
លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា ដោយសារទីតាំងនេះជាតំបន់រងនូវទឹកជំនន់លិច រដ្ឋបាលរាជធានីភ្នំពេញបានសិក្សាទីតាំងគ្រឹះស្ពានដោយមិនឲ្យប៉ះពាល់ដល់បណ្តាញផ្លូវទឹក និងបណ្តាញបំពង់ក្រោមដីទឹកស្អាត និងផ្ទះប្រជាពលរដ្ឋឡើយ ៕
ចែករំលែកព័តមាននេះ