ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​កក់ខែ​មួយ​មេ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ ធ្វើ​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ និង​សំណង់​សាធារណៈ​រង​ការ​ខូចខាត

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ នៅ​ភូមិ​ចក់​ពួក ឃុំ​ស្លរ​ក្រាម ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ នៅ​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី ២៣ ខែកុម្ភៈ ឆ្នាំ​២០១៧

ខេត្តបន្ទាយមានជ័យ ៖ នៅ​ភូមិ​ចក់​ពួក ឃុំ​ស្លរ​ក្រាម ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ នៅ​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី ២៣ ខែកុម្ភៈ ឆ្នាំ​២០១៧ មាន​ភ្លៀង​កក់ខែ​មួយ​មេ​យ៉ាង​ខ្លាំង​លាយ​លំនឹង​ខ្យល់​កន្ត្រាក់ បណ្តាល​ឲ្យ​លំនៅ​ដ្ឋា​ន​របស់ ប្រជាពលរដ្ឋ​ចំនួន​១៣ រងរ​ការ​ខូចខាត ក្នុង​នោះ​មាន​៦​ខ្នង ខូចខាត​ទាំងស្រុង ៩​ខ្នង​ទៀត​ខូចខាត​មធ្យម របើក​ដំបូល​ស័ង្កសី តិចតួច សាលា​បឋម​សិក្សា​ភូមិ ចក់​ពួក​១​ខ្នង របើក​ក្បឿង​អស់​៨០​សន្លឹក និង​សាលាឆាន់​វត្ត​គី​រី​តេ​ជោ​សែន​ជ័យ របើក​ស័ង្កសី​អស់​ចំនួន​៤៥​សន្លឹក​។

តាម​ការ​រៀបរាប់​ពី​ប្រជាពលរដ្ឋ ក៏​ដូច​ជា​មេ​ភូមិ​ចក់​ពួក បាន​និយាយ​ថា មុន​ដំបូង​ផ្ទៃមេឃ​មាន​ដុំ​ពពក​ខ្មៅ​មួយសន្ទុះ​ក្រោយមក​ក៏​មាន​ភ្លៀង​ផ្គរ​រន្ទះ លាយ​លំ​ជាមួយនឹង​ខ្ល​ល់បក់​បោក​យ៉ាង​ខ្លាំង ធ្វើ​ឲ្យ​ពួក​គាត់​មានការ​ភ័យ​ខ្លាច ភ្លាម​ៗ​នោះ​ខ្យល់​ក៏​បាន​បក់​បោក​កួច​ផ្ទះ​របស់​ពួក​គាត់​ចេញពី​ជើង​តម្កល់​។ លោក​មេ​ភូមិ​ចក់​ពួក​បាន​បញ្ជាក់​ថា ក្នុង​រយៈពេល​ដែល​មាន​ភ្លៀង​ខ្យល់ និង​ផ្គរ​រន្ទះ រយៈពេល​កន្លះ​ម៉ោង​នោះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ សរុប​ចំនួន​១៣​ខ្នង ក្នុង​នោះ​ខូចខាត​ទាំងស្រុង​ចំនួន​៦​ខ្នង សាលារៀន​ភូមិ​ចក់​ពួក របើក​ដំបូល​អស់​ចំនួន​៨០​សន្លឹក សាលាឆាន់​វត្ត​គី​រី​តេ​ជោ​សែន​ជ័យ របើក​ស័ង្កសី​អស់​ចំនួន​៤៥​សន្លឹក ។ លោក​មេ​បញ្ជាក់​ទៀត​ថា ចំពោះ​បញ្ហា​មនុស្ស​គ្មាន​ន​ណា​មាន​រងគ្រោះថ្នាក់​នោះ​ឡើយ​។

នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៧ គេ​សង្កេត​ឃើញ​មាន​កងកម្លាំង​នគរបាល​ខេត្ត និង​ស្រុក​ស្វាយចេក និង​កម្លាំង​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៩១១ ចំនួន​១២០​នាក់ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ និង​កម្លាំងយោធា​ការពារ​ព្រំដែន​គោក​លេខ​៥០៣ ចំនួន​៧៥​នាក់ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ឌុ​ក សាវ៉ា​ត មេបញ្ជាការ​យោធា​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៥០៣ បាន​សហការ​គ្នា​ជួយ​រុះរើ និង​ជួយ​សាងសង់​ជួសជុលផ្ទះ​ឡើង​វិញ ប្រក់​ដំបូល​សាលារៀន​ឲ្យ​សិស្សានុសិស្ស​បាន​សិក្សា​រៀនសូត្រ និង​សាលាឆាន់​ប្រគេន​ដល់​ព្រះ សង្ឃ​ផង​ដែរ​។

លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ នា​ឱកាស​នោះ​ក៏​បាន​ឧបត្ថម្ភ​ជូន​ស័ង្កសី​ចំនួន​២៧៥​សន្លឹក ដល់​គ្រួសារ​រង​គ្រោះ​រលំ​ផ្ទះ​ខូចខាត​ទាំងស្រុង​ចំនួន​៦​ផ្ទះ ក្នុង​១​គ្រួសារ​ទទួល​បាន​ស័ង្កសី​ចំនួន​២០​សន្លឹក​,​ចំពោះ​គ្រួសារ​ក្រីក្រ​២​គ្រួសារ​បន្ថែម​ជូន​អង្ករ​ចំនួន​៥០​គីឡូក្រាម វត្ត​គី​រី​តេ​ជោ​សែន​ជ័យ​ឧបត្ថម្ភ​ស័ង្កសី​ចំនួន​៤៥​សន្លឹក និង​សាលារៀន​ភូមិ​ចក់​ឧបត្ថម្ភ​ក្បឿង​ចំនួន​៨០​សន្លឹក អំណោយ​ទាំងនេះ​គឺជា​អំណោយ​របស់​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន ប្រធាន​អាជ្ញាធរ​ជាតិ ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ខេត្តបន្ទាយមានជ័យ​។

ជាមួយ​គ្នា​នោះ​ផង​ដែរ ប្រជាពលរដ្ឋ​ក៏​ដូច​ជា​អាជ្ញាធរ​ភូមិ​បាន​ថ្លែងអំណរគុណ​ដល់​កងកម្លាំង​នគរបាល​ខេត្ត និង​កង​កម្លាំងយោធា​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៥០៣ ដែល​បាន​ចុះ​ជួយ​រុះរើ និង​ជួសជុលផ្ទះ​របស់​ពួក​គាត់​ឡើង​វិញ ជាង​នេះ​ទៀត​គាត់​បាន​ថ្លែងអំណរគុណ​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន ប្រធាន​អាជ្ញាធរ​ជាតិ ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ខេត្តបន្ទាយមានជ័យ ដែល​បាន ឧបត្ថម្ភ​ស័ង្កសី​ជូន​ដល់​ពួក​គាត់​ដែល​កំពុង​ជួប​ការ​លំបាក​ដោយ​ផ្ទះ ត្រូវ​បាន​ខូចខាត​ដោយ​ខ្យល់​កន្ត្រាក់​នេះ​៕​