ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ម៉ិ​ក​ស៊ិ​ក​ព្រមាន​លោក Trump «​ការ​ដាក់​ពន្ធ​គឺជា​កំហុសឆ្គង​ដ៏​ធំ​មួយ​»

7 ឆ្នាំ មុន

ប្រទេស​ម៉ិ​ក​ស៊ិ​ក ៖ ម៉ិក​ស៊ិ​កបាន​ឆ្លើយ​តប​យ៉ាង​ច្បាស់លាស់​មួយ​ទៅ​កាន់​លោក​ប្រធានាធិបតី Trump ថា កុំ​សាកល្បង​ដាក់​ពន្ធ​លើ​ផលិតផល​នាំ​ចូល ។ ពួក​យើង​នឹង​សងសឹក ។ …

ប្រទេស​ម៉ិ​ក​ស៊ិ​ក ៖ ម៉ិក​ស៊ិ​កបាន​ឆ្លើយ​តប​យ៉ាង​ច្បាស់លាស់​មួយ​ទៅ​កាន់​លោក​ប្រធានាធិបតី Trump ថា កុំ​សាកល្បង​ដាក់​ពន្ធ​លើ​ផលិតផល​នាំ​ចូល ។ ពួក​យើង​នឹង​សងសឹក ។

លោក Ildefonso Guajardo រដ្ឋមន្ត្រី​សេដ្ឋកិច្ច​របស់​ម៉ិ​ក​ស៊ិ​ក បាន​ថ្លែង​កាលពី​ថ្ងៃ​សុក្រ​ថា ៖ « តាម​ការ​មើលឃើញ​របស់​ម៉ិក​ស៊ិ​ក ការ​ដាក់​ពន្ធ​លើ​ផលិតផល​នាំ​ចូល គឺជា​កំហុសឆ្គង​ដ៏​ធំ​មួយ ។ វា​នឹង​ជា​ជំហាន​មួយ​ថយក្រោយ មិនមែន​ដើរទៅ​មុខ​ឡើយ » ។

លោក​បន្ត​ថា ម៉ិ​ក​ស៊ិ​ក​នឹង​ត្រូវ​បង្ខំចិត្ត​ឆ្លើយ​តប​នឹង​ការ​គំរាមកំហែង ។ លោក​បន្ត​ថា ៖ «​ប្រសិនបើ​និយាយ​ពី​ពន្ធ​លើ​ផលិតផល​នាំ​ចូល វា​ច្បាស់​ណាស់​ថា មិនមែន​ជា​វិធី​ដ៏​ល្អ​ទេ ព្រោះ​វា​នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ទាំង​ពីរ » ។

នៅ​ក្នុង​បទ​សម្ភាសន៍​នា​ថ្ងៃ​ដដែល លោក Guajardo ក៏​បាន​ឲ្យ​ដឹង​ថា NAFTA គឺជា​កិច្ចព្រមព្រៀង​ដ៏​ល្អ​សម្រាប់​ប្រទេស​ទាំង​បី ។

លោក​ក៏​បាន​បញ្ជាក់​ថា បើ​មាន​កិច្ចព្រមព្រៀង​ថ្មី​ពិតមែន វា​ត្រូវ​តែ​មាន​អត្ថប្រយោជន៍​ដល់​មិ​ុ​ក​ស៊ិ​ក ។ ប្រទេស​ទាំង​បី​ត្រូវ​បាន​គិត​ថា នឹង​ចាប់ផ្តើម​ការ​ចរចា​ក្នុង​ខែឧសភា ខាង​មុខ ។

លោក Guajardo បាន​ព្យាយាម​ចាប់ផ្តើម​ការ​ចរចា​មុន​ពេល ។ លោក​បាន​ធ្វើ​ដំណើរ​ទៅ​កាន់ Washington នា​ខែមករា ដើម្បី​ជួប​ជាមួយ​មន្ត្រី​ក្នុង White House របស់​អា​មេ​រិ​ក ។ ក្នុង​ថ្ងៃ​តែ​មួយ លោក Trump បាន​បង្ហោះ​លើ Twitter ថា លោក​ប្រធានាធិបតី Enrique Pena Nieto របស់​មិ​ុ​ក​ស៊ិ​ក មិន​គួរ​មក​កាន់ Washington ទេ ប្រសិនបើ​លោក​មិន​ទាន់​ត្រៀមខ្លួន​ក្នុង​ការ​បង់ប្រាក់​សម្រាប់​ជញ្ជាំង​តាម​បណ្តោយ​ព្រំដែន ។

លោក Guajardo មិន​បាន​បកស្រាយ​បន្ថែម​ឲ្យ​លម្អិត​ពី​របៀប​ដែល​ប្រទេស​លោក​ចង់​សងសឹក​ទេ ប៉ុន្តែ​អ្នកដឹកនាំ​ម៉ិក​ស៊ិ​ក​ដទៃ​បាន​និយាយ​ខ្លះ​ៗ ។

លោក Armando Rios Piter សមាជិក​ព្រឹទ្ធសភា បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា​លោក​នឹង​សម្រេច​នា​ពេល​ឆាប់​ៗ​នេះ​ថា ម៉ិ​ក​ស៊ិ​ក​នឹង​ទិញ​ពោត​ពី​ប្រទេស​អា​ហ្ស​ង់​ទី​ន និង​ប្រេ​ស៊ី​ល ដោយ​មិន​ទិញ​ពី​សហរដ្ឋអាមេរិក​ទៀត​ទេ ។

គួរ​បញ្ជាក់​ថា ក្នុង​ឆ្នាំ​២០១៥ ពោត​គឺជា​ការ​នាំ​ចេញ​លេខ​មួយ​របស់​សហរដ្ឋអាមេរិក​មក​កាន់​ម៉ិក​ស៊ិ​ក សរុប​មាន​តម្លៃ​២,៤​ប៊ី​លាន​ដុល្លារ​ឯណោះ ។

ជាមួយ​គ្នា​នេះ NAFTA បាន​លុប​បំបាត់​ពន្ធ​ពោត​អា​មេ​រិ​ក ហើយ​កសិករ​ដាំពោត​របស់​អា​មេ​រិ​ក​ព្រមាន​ថា ការ​សងសឹក​ពី​មិ​ុ​ក​ស៊ិ​ក​អាច​នឹង​ធ្វើ​ឲ្យ​ការងារ​មួយ​ចំនួន​របស់​ពួក​គេ​ត្រូវ​បាត់បង់ ។

ប៉ុន្តែ​លោក Guajardo គឺ​ច្បាស់លាស់​ណាស់​ថា ម៉ិក​ស៊ិ​ក​នឹង​ឆ្លើយ​តប​បន្តិចបន្តួច ប្រសិនបើ​លោក Trump យក​ឧបសគ្គ​ពាណិជ្ជកម្ម​មក​បង្ក​ការ​ប៉ះពាល់​ដល់​ម៉ិក​ស៊ិ​ក ៕