ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុតត្បុត​អ្នក​ឈ្លានពាន ការ​ចង់​អូស​បន្លាយ​ពី​បទ​ឈប់​បា.ញ់​គ្នា គឺ​ដើម្បី​បញ្ឆេះ​សង្គ្រាម​ប៉ុណ្ណោះ

13 ឆ្នាំ មុន

សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា បាន​ខិត​ខំ​ជំរុញ​សេច​ក្តី​ព្រាង​កិច្ច​ព្រម​ព្រៀង (TOR) ផ្ញើ​ជូន​លោក Marty Natalegawa រដ្ឋ​មន្ត្រី​​ការ​បរទេស​​ឥណ្ឌូ​ណេ​ស៊ី ឱ្យ​បាន​ឆាប់​រហ័ស​​បំផុត​វិញ តាម​សំណូម​ពរ​របស់​ភាគី​ឥណ្ឌូ​ណេ​ស៊ី ​ជា​ប្រធាន​កិច្ច​ប្រជុំ​អាស៊ាន​​ថ្ងៃ​ទី ២២ កុម្ភៈ ឆ្នាំ​២០១១​​ ជា​​អាជ្ញា​កណ្តាល​​ដែល​យល់​ព្រម​បញ្ជូន​អ្នក​​សង្កេត​ការណ៍​ឥណ្ឌូណេ​ស៊ីតាម​សំណើ​សុំ​ពី​ភាគី​កម្ពុជា-ថៃ​ ​ក្នុង​កិច្ច​​​ចាំឃ្លាំ​មើល​បទ​ឈប់​បា.ញ់​​គ្នា

សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា បាន​ខិត​ខំ​ជំរុញ​សេច​ក្តី​ព្រាង​កិច្ច​ព្រម​ព្រៀង (TOR) ផ្ញើ​ជូន​លោក Marty Natalegawa រដ្ឋ​មន្ត្រី​​ការ​បរទេស​​ឥណ្ឌូ​ណេ​ស៊ី ឱ្យ​បាន​ឆាប់​រហ័ស​​បំផុត​វិញ តាម​សំណូម​ពរ​របស់​ភាគី​ឥណ្ឌូ​ណេ​ស៊ី ​ជា​ប្រធាន​កិច្ច​ប្រជុំ​អាស៊ាន​​ថ្ងៃ​ទី ២២ កុម្ភៈ ឆ្នាំ​២០១១​​ ជា​​អាជ្ញា​កណ្តាល​​ដែល​យល់​ព្រម​បញ្ជូន​អ្នក​​សង្កេត​ការណ៍​ឥណ្ឌូណេ​ស៊ីតាម​សំណើ​សុំ​ពី​ភាគី​កម្ពុជា-ថៃ​ ​ក្នុង​កិច្ច​​​ចាំឃ្លាំ​មើល​បទ​ឈប់​បាញ់​​គ្នា ដើម្បី​តាម​ដាន​តើ​អ្នក​ណា​ជា​អ្នក​បង្ក​ជម្លោះ​​មុន​នោះ? ​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​​កម្ពុជា ​ក្នុង​គោល​បំណង​ដោះស្រាយ​​ជម្លោះ​ដោយ​សន្តិវិធី​បាន​បញ្ជាក់​នូវ​គោល​ជំហរ​បើក​​ចំហ​ដ៏​ធំ​ទូលាយ​​ឥត​លក្ខខណ្ឌ​ ក្នុង​ការ​ទទួល​អ្នក​សង្កេត​ការណ៍​ឥណ្ឌូ​ណេ​ស៊ី ដើម្បី​ពង្រឹង​បទ​ឈប់​បាញ់​គ្នា​ជា​ស្ថា​ពរ​ និង​ជា​អចិន្ត្រៃយ៍​នៅ​ក្នុង​អធិប​តេយ្យ​ភាព​ បូរណ​ភាព​​ដែន​ដី​កម្ពុជា​ចំនួន​១៤​ចំណុច ​ស្ថិត​នៅ​​តាម​បណ្តោយ​​ព្រំ​ដែន​កម្ពុជា-ថៃ ។

ផ្ទុយ​ទៅវិញ ថៃ​ដែល​​មាន​លោក​​អាប់​ភី​ស៊ីត​ ជា​នាយក​រដ្ឋ​មន្ត្រី​​នោះ បាន​គេច​វេះ​​ក្នុង​ការ​ដាក់​អ្នក​សង្កេត​ការណ៍​បរទេស​ឱ្យ​ចូល​ពិនិត្យ​​ជាក់​ស្តែង​នៅ​តំបន់​ប្រាសាទ​ព្រះ​វិហារ​ ដែល​ស្ថិត​នៅ​​ក្នុង​ទឹក​ដី​កម្ពុជា​សុទ្ធ​សាធ​ ដូច​មាន​ផែន​ទី​បារាំង-សៀម បញ្ជាក់​ក្នុង​ឧប​សម្ព័ន្ធ​១ នៃ​​សាល​ដី​កា​តុលា​ការ​​យុត្តិ​ធម៌​​​អន្តរ​ជាតិ​​ថ្ងៃ​ទី ១៥ មិថុនា ឆ្នាំ​១៩៦២ នៅ​ក្រុង​ឡា​អេ ស្រាប់ ។ ​លោក​នាយក​រដ្ឋ​មន្ត្រី​​ថៃ​បាន​​គេច​វេះ​ពី​​ស្រមោល​នៃ​ឧក្រិដ្ឋ​​កម្ម​​ដែល​ខ្លួន​បា​ន​ប្រព្រឹត្ត​​កាល​ពី​ថ្ងៃ​ទី​៤-៧ កុម្ភៈ ឆ្នាំ​២០១១ គ្រប់​ពេល ។ ទន្ទឹម​នឹង​នេះ​ដែរ ​ថៃ​បាន​ចាប់​ផ្តើម​​កសាង​ផ្លូវ​យុទ្ធ​សាស្ត្រ​យោធា​នៅ​​ព្រំ​ដែន​​ថៃ-កម្ពុជា ​កាល​ពី​ថ្ងៃ​​សុក្រ ទី​៤ មីនា ឆ្នាំ​២០១១​​ ពី​ចំណោត​ PhaMorlDang ទៅ​កាន់​ SaTrao ដែល​ជា​អាង​ស្តុក​ទឹក​បុរាណ​នៅ​ភាគ​ខាង​​ជើង​ប្រាសាទ​ព្រះ​វិហារ ​ជា​ទីតាំង​​នគរ​បាល​​ល្បាត​ព្រំ​ដែន​​ដែល​ថៃ​បាន​ផ្អាក​​សាង​សង់​​ផ្លូវ​នោះ កាល​ពីថ្ងៃ​​​ទី​៤ ​កុម្ភៈ ឆ្នាំ ២០១១ ជា​ថ្ងៃ​ប្រយុទ្ធ​គ្នា​ដំបូង​ ដើម្បី​ចូល​ទៅ​ដណ្តើម​កាន់​កាប់​វត្ត​​កែវ​សិក្ខា​គិរី​ស្វារៈ​ម្តង​ទៀត ។ ថៃ​ក៏​មាន​គម្រោង​​ធ្វើ​សម​យុទ្ធ​​យោធា​នៅ​តំបន់​​ព្រំ​ដែន​ថៃ-កម្ពុជា​ ក្នុង​រូប​ភាព​បង្ហាញ​សាច់​ដុំ​ដែល​គេអាច​គិត​ថា ជា​ការ​ព្រួយ​បារម្ភ​​ដល់​ប្រជា​ពល​រដ្ឋ​ទាំងពីរ​ពី​ផល​ប៉ះ​ពាល់​​យា៉ង​ខ្លាំង​ដល់​សន្តិ​សុខ​របស់​ពួក​គាត់ ។

​សម​យុទ្ធ​យោធា​មាន​​ទ្រង់​ទ្រាយ​​ធំ​ ក្នុង​នោះ​មាន​កង​ទ័ព​​​ទាំង​បី​ប្រភេទ ទាំង​ជើង​គោក​មាន​រថ​ក្រោះ​​ កាំភ្លើង​ធំ ​កង​ទ័ព​ជើង​ទឹក​មាន​នាវា​ចម្បាំង និង​កង​ទ័ព​ជើង​អាកាស​​មាន​យន្ត​ហោះ​​ចម្បាំង​រួម​គ្នា​ផង (Bangkok Post ថ្ងៃទី​៦ មីនា ​២០១១) ។ ទង្វើ​​របស់​​ថៃ​ក្នុង​ការ​រារាំង​អ្នក​សង្កេត​ការណ៍​​ឥណ្ឌូ​ណេ​ស៊ី និង​ការ​គំរាម​​បង្ក​សង្គ្រាម​​​ឈ្លាន​ពាន​កម្ពុជា​ទាំង​កំរោល ​​មិន​គោរព​​គោល​ការណ៍​​អន្តរ​ជាតិ​​នៃ​សេច​ក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​​សន្តិសុខ​សហ​ប្រជា​ជាតិ​ថ្ងៃ​ទី​១៤ កុម្ភៈ ឆ្នាំ​២០១១ នៅ​ក្រុង​ញូវ​យ៉ក និង​សេចក្តី​​សម្រេច​​របស់​អាស៊ាន ថ្ងៃទី​២២ កុម្ភៈ ឆ្នាំ​២០១១ នៅ​ក្រុង​ហ្សា​ការ​តា នោះ ​ថៃ​​ពិត​ជា​បាន​រំលោភ​បំពាន​​ល្មើស​នឹង​ធម្ម​នុញ្ញ អ.ស.ប រួច​ហើយ ។ រីឯ​អ្នក​សង្កេត​ការណ៍​​បរទេស​ដែល​​ទៅ​ត្រួតពិនិត្យ​​ដល់​ទី​កន្លែង​ប្រាសាទ​ព្រះ​វិហារ​​នោះ ពិត​ជា​បាន​យក​ការណ៍​​ស្រង់​ព័ត៌​មាន​មើល​ឃើញ​នូវ​បំណែក​គ្រាប់​ផ្លោង គ្រាប់​​បែក​​ចង្កោម ​និង​សោកនា​ដកម្ម​​ដោយ​កង​ទ័ព​ថៃ​បាញ់​ផ្លោង​ទៅ​លើ​វត្ត​កែវ​​​សិក្ខា​គិរី​ស្វារៈ និង​ប្រាសាទ​ព្រះវិហារ​​ជា​បេតិក​ភណ្ឌ​ពិភព​លោក បណ្តាល​ឱ្យ​មាន​ការ​ខូច​ខាត​ជា​ដំណំ​ ព្រម​ទាំង​​បន្សល់​ទុក​នូវស្លាក​ស្នាម​​ដ៏​ព្រៃ​ផ្សៃ​​​នៃ​ឧក្រិដ្ឋ​​ជន​ថៃ​ឈ្លាន​ពាន​​កម្ពុជា​ក្នុង​គោល​បំណង​​អាក្រក់​​ជា​ប្រវត្តិ​សាស្ត្រ ដើម្បី​កំទេច​កេរ​មរត​​ក​វប្ប​ធម៌​​ជា​សម្បត្តិ​របស់​មនុស្ស​ជាតិ ។

គ្រប់​ល្បិច​​កល​ទុច្ច​រិត​របស់​ថៃ​ មិន​អាច​បិទ​បាំង​សហ​គមន៍​អន្ត​រ​ជាតិ​អំពី​​អំពើ​​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​​មនុស្ស​ជាតិ ប្រឆាំង​សាសនា​ និង​ប្រឆាំង​សម្បត្តិ​វប្ប​ធម៌​​របស់​មនុស្ស​ជាតិ បង្ក​ឡើង​​ដោយ​ភាគី​ថៃ​ទៅ​លើ​ភាគី​កម្ពុជា​បាន​ទេ ។ ​ជា​ពិសេស​ចំពោះ​អ្នក​ស្នេហា​សន្តិ​ភាព ស្នេហា​កេរ​មរតក​វប្ប​ធម៌​របស់​មនុស្ស​ជាតិ​នៃ​គណៈ​ប្រតិ​ភូ​​​អនុ​ព័ន្ធ​យោធា​អម​ស្ថាន​ទូត​បរទេស​​ប្រចាំ​កម្ពុជា ដែល​បាន​អញ្ជើញ​ទៅ​អង្កេត​ពិនិត្យ​​ជាក់​ស្តែង​​ដល់​ទី​កន្លែងនូវ​ការ​ខូច​ខាត​​ជា​ដំណំ​របស់​វត្ត​កែវ​សិក្ខា​ គិរី​ស្វារៈ និង​ប្រាសាទ​ព្រះ​វិហារ​ជា​បេតិក​ភណ្ឌ​​​ពិភព​លោក​​នៅ​ថ្ងៃ​ទី​៣ មីនា ឆ្នាំ​២០១១ ជា​ដំបូង​គេ ​ក្នុ​ងនាម​សហគមន៍​​អន្តរ​ជាតិ​នា​ពេល​ថ្មីៗ​នេះ​ពិត​ប្រាកដ​ជា​មាន​មនោ​សញ្ចេត​នា​ ក្រៀម​ក្រំ​ ក្តុក​ក្តួល សោក​ស្តាយ​ក្នុង​ចិត្ត​​ក្រៃ​​លែង ​ចំពោះ​​ទស្សនីយ​ភាព​​ដ៏​សែន​រន្ធត់​​ខ្លោច​ផ្សា​នៃ​សោកនា​ដកម្ម​​ និង​វិនាស​កម្ម​​ដោយ​ស្នា​ដៃ​ដ៏​ថោក​ទាប​​ព្រៃ​ផ្សៃ​​​យង់​ឃ្នង​​​នៃ​ថ្នាក់​ដឹក​នាំ​ប្រទេស​មួយ ឥត​មាន​ការ​ទទួលខុស​ត្រូវ​ចំពោះ​​មនុស្ស​​ជាតិ​ទាំង​មូល​​នោះ ។

តំណាង​​ឱ្យ​ប្រជា​ជន​កម្ពុជា និង​ពិភព​លោក​ទាំង​មូល ​គណៈ​ប្រតិភូ​​សេនា​នុ​ព័ន្ធ​ខាង​លើ ដោយ​ឈរ​លើ​គតិ​យុត្តិ​មាន​ភស្តុ​តាង​គ្រប់​គ្រាន់​​ ពិត​ជា​​បាន​រាយ​ការណ៍​ជូន​ក្រុម​ប្រឹក្សា​សន្តិ​សុខ​​សហ​ប្រជា​ជាតិ​ តុលា​ការ​យុត្តិ​ធម៌​អន្តរ​ជាតិ អង្គ​ការ​យូណេ​ស្កូ ​និង​គណៈ​កម្មាធិការ​​បេតិកភណ្ឌ​ពិភព​លោក​ ដើម្បី​មាន​វិធាន​ការ​សម​ស្រប​ក្នុង​ការ​អនុ​វត្ត​សាល​ដីកា​តុលា​ការ​យុត្តិ​ធម៌​​អន្តរ​ជាតិ អនុ​សញ្ញា​ការ​ពារ និង​រក្សា​សម្បត្តិ​​វប្ប​ធម៌​​ក្នុង​ករណី​​មាន​ជម្លោះ​​ប្រដាប់​អាវុធ​ (១៤ ឧសភា ឆ្នាំ​១៩៥៤) និង​អនុ​សញ្ញា​ស្តី​ពី​ការ​ការ​ពារ​​​បេតិក​ភណ្ឌ​​ធម្ម​ជាតិ និង​វប្ប​ធម៌​ពិភព​លោក​​ (១៦ វិច្ឆិកា ឆ្នាំ​១៩៧២) ឱ្យ​មាន​ប្រសិទ្ធ​ភាព​តទៅ ៕

ដោយ​ទិត សារុន​រ៉េត ទី​ប្រឹក្សា​​អម​រាជ​បណ្ឌិត្យ​សភា​កម្ពុជា