ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាពយន្ត​ខ្មោច​សម្រាប់​អ្នក​ពេញ​និយម​ចាប់ផ្តើម​ផលិត

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ភាពយន្ត​ខ្មោច​ដែល​ផលិតករ​ធានា​ថា នឹង​ធ្វើ​ឱ្យ​ទស្សនិកជន​ភ័យរន្ធត់​ដូច​ជួប​ខ្មោចលង ពិត​ៗ​ចាប់ផ្តើម​ផលិត​ហើយ​នោះ​គឺ​រឿង​«​សសរកន្លោង​» ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​លោកស្រី​ចាន់​ណា សុ​ឃី​ម

រាជធានី​ភ្នំពេញ ៖ ភាពយន្ត​ខ្មោច​ដែល​ផលិតករ​ធានា​ថា នឹង​ធ្វើ​ឱ្យ​ទស្សនិកជន​ភ័យរន្ធត់​ដូច​ជួប​ខ្មោចលង ពិត​ៗ​ចាប់ផ្តើម​ផលិត​ហើយ​នោះ​គឺ​រឿង​«​សសរកន្លោង​» ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​លោកស្រី​ចាន់​ណា សុ​ឃី​ម ចាងហ្វាង​ផលិតកម្ម​ឥន្ទ្រា​និម្មិត​បញ្ជាក់​ថា ការ​បង្ហាញមុខ​តារា​សម្តែង​ប្រុស​ស្រី​ទាំងអស់​ដែល​សម្តែង​ក្នុង​រឿង​«​សសរកន្លោង​»​នៅ​ភោជនីយដ្ឋាន​វី​ហ្វ្រេ​ន​បឹង​ត្របែក ។ កម្មវិធី​នេះ​ជា​ឱកាស​ឱ្យ​បណ្តា​ផលិតករ និង​សិល្បករ​ជួប​ជជែក​គ្នា​បង្កើន​ភាព​ស្និទ្ធស្នាល ប្រយោជន៍​ជួយ​ឱ្យ​ការ​សម្តែង​ភាពយន្ត​របស់​ពួក​គេ​នៅ​ពេល​ខាង​មុខ​កាន់តែ​រលូន ។ អ្វី​ដែល​ជា​ចំណុច​សំខាន់ គឺ​វា​ជា​ឱកាស​ជួប​គ្នា​រវាង​ផលិតករ សិល្បករ និង​បណ្តា​អ្នក​សារព័ត៌មាន​ដែល​ចង់​ដឹង​ច្បាស់​អំពី​គម្រោង​ផលិតភាព​យន្ត​ថ្មី​របស់​ផលិតកម្ម ពិសេស​គឺ​ការ​នាំ​ដំណឹង​ទៅ​កាន់​អ្នកគាំទ្រ​ដែល​ទន្ទឹងរង់ចាំ​ស្នាដៃ​ថ្មី​របស់​ផលិតកម្ម ។

លោក​ចាន់ ណា​រ៉ូ​ណា​ន់ ធ្លាប់​សន្យា​ថា​នឹង​បន្ត​ថត​ខ្សែភាពយន្ត​ថ្មី​មួយទៀត​បន្ទាប់​ពី​រឿង​«​កំណត់ហេតុ​នាង​នាថ​» ។ ពេល​នេះ​ខ្សែភាពយន្ត​ថ្មី​មួយទៀត​លោក​សម្រិតសម្រាំង​ជា​យូរ​បាន​ចាប់ផ្តើម​ផលិត​ហើយ គឺ​រឿង​«​សសរកន្លោង​» ។ ពី​ថ្ងៃ​ទី​៦ មីនា ឆ្នាំ​២០១៦ ទៅ​រឿង​នេះ​ចេញ​ថត​នៅ​ក្រុងកែប​តំបន់​សមុទ្រ​នៃ​ប្រទេស​កម្ពុជា ។

លោក​ចាន់​ណា​រ៉ូ​ណា​ន់ ធានា​ថា​រឿង​«​សសរកន្លោង​»​នឹង​ធ្វើ​ឱ្យ​ទស្សនិកជន​ពិសេស​មិត្ត​យុវវ័យ​ព្រឺ​ខ្លាច​ចំពោះ​ខ្មោច​នៅ​ក្នុង​រឿង ។ ក្រុមការងារ​បាន​សម្រិតសម្រាំង​តួ​ខ្មោច​ឱ្យ​មើលទៅ​គួរ​ឱ្យ​ខ្លាច​ជាង​តួ​ខ្មោច​នៅ​ក្នុង​រឿង​«​កំណត់ហេតុ​នាង​នាថ​»​ទៅ​ទៀត ។ ចំពោះ​តួ​ខ្មោច​មាន​បួន​នាក់​សុទ្ធតែ សាហាវ​ៗ​ដូច​ជា​មាន​អ្នក​នាង​ឆៃ លី​ដា​ឡែ​ន និង​កញ្ញា​យ៉ែ​ម ស្រី​ពេជ្រ ជាដើម ។ ខ្មោច​ទាំង​បួន​នេះ​នឹង​ធ្វើ​ឱ្យ​អ្នក​មើល​ភ័យរន្ធត់ ។

ការ​ចំណាយ​សម្រាប់​រឿង​«​សសរកន្លោង​»​គឺ​លើស​រឿង​មុន​ដោយ​លោក​ចាន់ ណា​រ៉ូ​ណា​ន់ ថា​ត្រូវ​ជួសជុលផ្ទះ​ចាស់​សល់​ពី​សម័យ​បារាំង​ឱ្យ​មើលទៅ​សមរម្យ​បូក​ទាំង​ការ​សម្អាត​បរិវេណ ព្រមទាំង​បំពាក់​កា​ម៉េ​រ៉ា​ថត ទំនើប​ៗ​មាន​តម្លៃ​ថ្លៃ ។

អ្នក​នាង​ឆៃ​លី ដា​ឡែ​ន​ទទួល​បាន​តំណែង​ជា​តួអង្គ​ខ្មោច​នៅ​ក្នុង​រឿង​«​សសរកន្លោង​» ។ កាលពីមុន​អ្នក​នាង​ឆៃ​លី ដា​ឡែ​ន បាន​ថត​ភាពយន្ត​ជា​ច្រើន ដោយសារ​មួយ​រយៈ​ពេល​​ចុង​ក្រោយ​នេះ​នាង​មាន​ស្វាមី​ក៏​ផ្អាក​ថត​មួយ​រយៈ​។ ដោយសារ​តែ​រវល់​នឹង​ការងារ​ប្រចាំ​ថ្ងៃ​ទើប​នាង​មិន​ទទួល​ថត​ភាពយន្ត ទទួល​តែ​ច្រៀង​មួយ​មុខ​ប៉ុណ្ណោះ ។

ពេល​នេះ​អ្នក​នាង​ឆៃ​លី ដា​ឡែ​ន ស្ម័គ្រចិត្ត​ចូល​សម្តែង​ខ្សែភាពយន្ត​ជា​ថ្មី​ឱ្យ​ផលិតកម្ម​«​ឥន្ទ្រា​និម្មិត​»​ដែល​ដឹកនាំ​សម្តែង​ដោយ​លោក​ចាន់ ណា​រ៉ូ​ណា​ន់ ។ មូលហេតុ​ដែល​ធ្វើ​ឱ្យ​អ្នក​នាង​ឆៃ លី​ដា​ឡែ​ន ទទួល​ថត​រឿង​«​សសរកន្លោង​»​មក​ពី​នាង​ឃើញ​ស្នាដៃ​របស់​លោក​ចាន់ ណា​រ៉ូ​ណា​ន់ ក្នុង​រឿង​«​កំណត់ហេតុ​នាង​នាថ​»​ទទួល​បានការ​គាំទ្រ​ច្រើន និង​បាន​ពានរង្វាន់​មាន​អ្នក​ទស្សនា​ច្រើន​ប្រចាំឆ្នាំ ។

អ្នក​នាង​ឆៃ​លី ដា​ឡែ​ន កោតសរសើរ​លោក​ចាន់ ណា​រ៉ូ​ណា​ន់ ដោយសារ​តែ​គ្រប់​ឈុត​នៅ​ក្នុង​រឿង​«​កំណត់ហេតុ​នាង​នាថ​»​ដែល​លោក​និពន្ធ និង​ដឹកនាំ​សម្តែង​ល្អ ដូច​ជា​អ្នក​ដែល​មាន​អាជីព​ខាង​ផលិត​ខ្សែភាពយន្ត​ជា​យូរ​ឆ្នាំ ។ ដូច្នេះ​ហើយ​នាង​សម្រេចចិត្ត​ចូល​សម្តែង​ឱ្យ​ផលិតកម្ម​«​ឥន្ទ្រា​និម្មិត​»​របស់​លោក​ចាន់ ណា​រ៉ូ​ណា​ន់ ។

អ្នក​នាង​ឆៃ​លី ដា​ឡែ​ន រំពឹង​ថា​ខ្សែភាពយន្ត​ថ្មី​ដែល​នាង​ទទួល​ថត​ជា​តួអង្គ​ខ្មោច​រឿង​«​សសរកន្លោង​»​នេះ​នឹង​ទទួល​បានការ​គាំទ្រ​ពី​ទស្សនិកជន​ដូច​រឿង​«​កំណត់ហេតុ​នាង​នាថ»​ដែរ ។

តួអង្គ​ក្នុង​ភាពយន្ត​រឿង​«​សសរកន្លោង​»​មាន​លោក​ទ្រី តារា​វុ​ធ កញ្ញា​យ៉ែ​ម ស្រី​ពេជ្រ ជា​តួឯក​;​ឆៃ​លី ដា​ឡែ​ន​;​ប៉េង ប៉ោង​;​ភី ម៉ៃ​;​ពៅ សុ​ផាត​;​កុមារី​អូន សុនី​តា​;​ហ៊ុន សុ​ភី​;​ពៅ ករុណា​;​អៀម សុខា​;​វណ្ណៈ បូរ​មី​;​គី​ម ធាន​;​សោម សរី​វុ​ធ និង​កញ្ញា​ស៊ី ធឿ​ន ជាដើម ៕