ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូពេទ្យ​ត្រូវ​តែ​មាន​វិជ្ជាជីវៈ​ពិតប្រាកដ ដើម្បី​សង្គ្រោះ​អាយុ​ជី​វិត​អ្នកជំងឺ

7 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ « គ្រូពេទ្យ​ត្រូវ​តែ​មានការ​ទទួលខុសត្រូវ​ខ្ពស់ ចំពោះ​ការ​ព្យាបាល​អ្នកជំងឺ​ដោយ​ការ​ប្រុង​ប្រយ័ត្ន ហើយ​ថែម​ទាំង​មានចំណេះ​ដឹង​ប្រកបដោយ​វិជ្ជាជីវៈ​ខ្ពស់​ថែម​ទៀត

ខេត្តកំពង់ចាម ៖ « គ្រូពេទ្យ​ត្រូវ​តែ​មានការ​ទទួលខុសត្រូវ​ខ្ពស់ ចំពោះ​ការ​ព្យាបាល​អ្នកជំងឺ​ដោយ​ការ​ប្រុង​ប្រយ័ត្ន ហើយ​ថែម​ទាំង​មានចំណេះ​ដឹង​ប្រកបដោយ​វិជ្ជាជីវៈ​ខ្ពស់​ថែម​ទៀត  ដើម្បី​សុវត្ថិភាព​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​» នេះ​ជា​ប្រសាសន៍​របស់​លោក​សាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​ជាតិ បាន​ថែ្ល​ង​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ កុម្ភៈ ២០១៧ ក្នុង​សាល​ប្រជុំ​ធំ​សាលាខេត្ត ដោយ​មាន​មន្ត្រី​សុខាភិបាល និង​អ្នក​ប្រកប​សេវា​សុខាភិបាល​ឯកជន​ចូលរួម​ចំនួន​១.១៥៥​នាក់ ក្នុង​ការ​ពង្រឹង​ក្រមសីលធម៌​គ្រូពេទ្យ​ឲ្យ​មាន​ភាពល្អ​ប្រើ​សើរ​ឡើង​បន្ថែម​ទៀត​។

លោកស្រី សាស្ត្រាចារ្យ​ជំនួយ ប៉ា​ង ដា​នី  ប្រធាន​គណៈ​ឱសថការី​ខេត្ត មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ចាប់តាំងពី​ឆ្នាំ​២០១៣ មក​គណៈ​គ្រូពេទ្យ​ជាតិ​ដែល​មាន​លោក​សាស្ត្រាចារ្យ ធា គ្រុយ ប្រធាន​ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​ជាតិ​បាន​សម្រិតសម្រាំង​ឈាន​ទៅ​ត្រួតពិនិត្យ​ឡើង​វិញ​នូវ​គុណ​វុ​ឌ្ឍ​ចងក្រង​រចនា នូវ​សេចក្តី​សម្រេចចិត្ត និង​បទបញ្ជាផ្ទៃក្នុង​ថ្មី ដែល​គ្រូពេទ្យ​ទាំងអស់​ត្រូវ​មាន​កាតព្វកិច្ច​ដាក់​ពាក្យសុំ​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​ការ​គណៈ​គ្រូពេទ្យ ជា​ថ្មី​ឡើង​វិញ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត ព្រមទាំង​មាន​ចេញ​វិញ្ញាបនបត្រ​ទទួលស្គាល់​ការ​ចុះ​ឈ្មោះ​ពង្រឹង​ការ​អនុវត្ត​ក្រមសីលធម៌ តាម​យន្តការ​សំលៀង​ដុសខាត់​សមត្ថភាព​វិជ្ជាជីវៈ​ឲ្យ​រឹង​មាំ​តាម​រយៈ​ការ​បណ្តុះបណ្តាល​។

លោក​វេជ្ជបណ្ឌិត គី​ម​សួរ ភិ​រុណ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​ថ្លែង​ថា ស្រប​ពេល​ដែល​រាជរដ្ឋាភិបាល​បាន និង​កំពុង​បន្ត​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ សម្រាប់​និ​តិ​កាល​ទី​៥ នៃ​រដ្ឋសភា មន្ទីរ​សុខាភិបាល​ខេត្ត​ក៏​បាន​យកចិត្តទុកដាក់​ចុះ​ត្រួតពិនិត្យ តាមដាន និង​មាន​វិធានការ​ទ​ប​ស្កាត់​នូវ​រាល់​ទីតាំង​ផ្តល់​សេវា​ឯកជន​កន្លង​មក​ដែល​ប្រព្រឹត្ត​បំផ្លើស ឬ​មួយ​ធ្វើ​ហួស​ដែន​កំណត់​នៃ​លក្ខខណ្ឌ​បច្ចេកទេស​របស់​វិជ្ជាជីវៈ​នីមួយ​ៗ  ព្រមទាំង​បាន​រិ​ត​បន្តឹង​ដល់​ការិយាល័យ​ស្រុក​ប្រតិបត្តិ​ឲ្យ​មាន​ឃ្លាំមើល​ការ​ប្រព្រឹត្ត​របស់​អ្នក​ប្រកប​វិជ្ជាជីវៈ​សុខាភិបាល​ដែល​ខុសឆ្គង​ដើម្បី​ឆាប់​មាន​ចំណាត់ការ​កែ​លម្អ​។

ទន្ទឹម​នេះ​ក្នុង​វិស័យ​សេវា​សាធារណៈ​ក៏​មាន​បាតុភាព​ផ្នែក​សេវា​សំរាលកូន​ដែល​ទាមទារ​ចាំបាច់​ធនធានមនុស្ស​ពិសេស​ឆ្មប​មធ្យម​ឲ្យ​មាន​ចំនួន​សម​ស្រប នៅ​តាម​មណ្ឌល​សុខភាព​ផង​ដែរ​។ លោក​សាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​ជាតិ​មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា នៅ​លើ​លោក​នេះ​វិជ្ជាជីវៈ​សុខាភិបាល​ដែល​ជា​វិជ្ជាជីវៈ​មនុស្ស​ទទួលស្គាល់​ថា ជា​វិជ្ជាជីវៈ​ខ្ពង់ខ្ពស់​ថ្លៃថ្នូរ និង​ទទួល​បានការ​គោរព​ស្រលាញ់​ពី​មនុស្ស​ទូទៅ​។ អាច​ក្លាយជា​អ្នក​ប្រកប​វិជ្ជាជីវៈ​សុខាភិបាល ជា​ពិសេស​គ្រូពេទ្យ ទន្តពេទ្យ ឱសថការី ត្រូវ​ទទួល​ការ​បណ្តុះបណ្តាល​ក្នុង​រយៈពេល​ពី​៦​ទៅ​៨​ឆ្នាំ​ហើយ​បើ​អ្នកជំនាញ​ឯកទេស​វិញ​ប្រើ​ពេល​ពី​១៤​ទៅ​១៥​ឆ្នាំ​។ 

លោក​សាស្ត្រាចារ្យ ធា គ្រុយ  មាន​ប្រសាសន៍​បន្ត​ថា សម្រាប់​នៅ​ប្រទេស​កម្ពុជា​យើង​គឺ​តម្រូវ​ឲ្យ​និស្សិត​ទាំងអស់​ដែល​បាន​បញ្ចប់​ការ​សិក្សា​ដោយ​ជោគជ័យ​នៅ​សាលា​ទាំង​រដ្ឋ និង​ឯកជន ឲ្យ​ប្រលង​ចេញ​ថ្នាក់​ជាតិ​ជាប់​ទើប​អាច​ចុះបញ្ជី​រការ និង​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​គណៈ​វិជ្ជាជីវៈ​សុខាភិបាល​ពាក់ព័ន្ធ​មុន​ពេល​ចេញ​ទៅ​ប្រកប​វិជ្ជាជីវៈ​នោះ​។ ពិតជា​មាន​ហេតុផល​ព្រោះ​សុខភាព​របស់​មនុស្ស​ម្នាក់​អាច​រង​គ្រោះ​ប្រសិនបើ​គ្រូពេទ្យ​ម្នាក់ ឆ្ន​ប ឬ​គិ​លា​នុ​ដ្ឋា​ក​ម្នាក់​មិន​មាន​សមត្ថភាព​មាំទាំ មិន​មាន​សប្ប​ទាន​គ្រប់គ្រាន់​នៅ​ក្នុង​ការ​ព្យាបាល​នោះ  ដែល​ទាមទារ​ឲ្យ​មានចំណេះ​ដឹង​ច្បាស់លាស់ ត្រូវ​អនុវត្តន៍​ការងារ​របស់​ខ្លួន​ធ្វើ​យ៉ាងណា​ដោយ​មានការ​ប្រុង​ប្រយ័ត្ន  ដោយ​មាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ និង​ប្រកបដោយ​ក្រមសីលធម៌​វិជ្ជាជីវៈ​។

រាល់​ការ​ខ្វះខាត​សមត្ថភាព និង​សីលធម៌ វិជ្ជាជីវៈ ប្រហែស​នៅ​ពេល​ដែល​ថែទាំ​ព្យាបាល​អ្នកជំងឺ គឺ​អាច​បង្ក​ឲ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​។  រូប​លោក​សូម​ឲ្យ​គ្រូពេទ្យ​ត្រូវ​តែ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុង​ការ​ព្យ​បាល​អ្នកជំងឺ ដោយ​មាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ផង​ដែរ​។ រូប​លោក​បាន​បម្រើ​ការងារ​ពេទ្យ​នេះ​រយៈពេល​៣៧​ឆ្នាំ​មក​ហើយ គឺ​បានដឹង​ពី​ការ​លំបាក​របស់​គ្រូពេទ្យ ហើយ​ប្រសិនបើ​មានការ​ខ្វះខាត​ណាមួយ​នោះ​សូម​ឲ្យ​គ្រូពេទ្យ​មួយ​ចំនួន​ត្រូវ​កែ​លម្អ​ឲ្យ​បាន​ប្រសើរ​ឡើង​៕