ខេត្តត្បូងឃ្មុំ ៖ បុរសជាកម្មករចៀរជ័រកៅស៊ូម្នាក់ឈ្មោះ ជួន ម៉ុន អាយុ៣៨ឆ្នាំ រស់នៅភូមិ៨៧ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ បានធ្វើអត្តឃាតដោយយកសាំង១ប៊ីដុងចំណុះ៣០លីត្រ មកចាក់ស្រោចលើខ្លួនប្រាណហើយដុត បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័មដោយសារតែរោគសរសៃប្រសាទធ្វើទុក្ខ ។ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ហើយភ្លាមៗនោះក៏បានបង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងនាំគ្នាដងទឹកជះពន្លត់ផងដែរ ។
លោកវរសេនីយ៍ត្រី ឡុង សារិន អធិការរងនគរបាលស្រុកត្បូងឃ្មុំ បានឱ្យដឹងថា មុនពេលកើតហេតុស្ត្រីជាប្រពន្ធឈ្មោះ ផៃ គឹមស៊ា អាយុ៣៨ឆ្នាំ បានក្រោកទៅសាជ័រនៅវេលាទៀបភ្លឺជាមួយនឹងកូនតូចម្នាក់អាយុជាង៣ឆ្នាំ ឯបុរសជាប្តីរូបនេះកំពុងដេកលង់លក់នៅផ្ទះតែម្នាក់ឯង ។ លុះនៅវេលាព្រលឹមស្រាងៗ ស្រាប់តែគេឃើញអណ្តាតភ្លើងឆាបឆេះឡើងក្រហមច្រាល នៅក្នុងផ្ទះតៀមសាងសង់អំពីបេតុង សម្រាប់ឱ្យកម្មករស្នាក់នៅនោះ ។
លោកអធិការរងបន្តថា ខណៈឃើញដូច្នេះប្រជាពលរដ្ឋជាច្រើននាក់បាននាំគ្នាទៅជួយពន្លត់ភ្លើង តែដោយទ្វារផ្ទះខាងមុខខ្ទាស់ជាប់មិនអាចចូលទៅបានទេ គឺត្រូវនាំគ្នាទម្លាយទ្វារខាងក្រោយ និងដងទឹកពាងមកជះពន្លត់ដោយប្រើពេលជិតកន្លះម៉ោងទើបភ្លើងរលត់ តែបុរសជាម្ចាស់ផ្ទះឈ្មោះ ជួន ម៉ុន បានស្លាប់រួញក្រញង់ទៅហើយ។ តាមការត្រួតពិនិត្យឃើញថាបុរសរូបនេះពិតជាស្លាប់ដោយធ្វើអត្តឃាតចាក់សាំងដុតសម្លាប់ខ្លួនមែន និងបានប្រគល់សពឱ្យទៅប្រពន្ធ ដើម្បីរៀបចំធ្វើបុណ្យទៅតាមប្រពៃណី ។
លោកវរសនីយ៍ត្រី ឡុង សារិន បានរំឭកថា កាលពី៣ឆ្នាំមុនបុរសរូបនេះធ្លាប់ជួបគ្រោះថ្នាក់ចរាចរណ៍ដោយប៉ះទង្គិចត្រូវក្បាលពីក្រោយរបួសធ្ងន់ លុះជាសះស្បើយក៏ចេះតែធ្វើទុក្ខក្បាលនិងកើតរោគសរសៃប្រសាទ ហើយប្រពន្ធនាំមកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាមរហូតជាទើបត្រឡប់មកផ្ទះវិញ ។ ប៉ុន្តែនៅពេលមុនកើតហេតុ៣ថ្ងៃ បុរសរូបនេះចេះតែរវើរវាយឃើញគេមកដេញចាប់ លុះមកដល់ព្រលឹមស្រាងៗថ្ងៃទី១៦ ខែកុម្ភៈ ក៏បានយកសាំងមកចាក់ដុតខ្លួនឯងធ្វើអត្តឃាតតែម្តង ។ បុរសរូបនេះមានកូនចំនួន៤នាក់ក្នុងនោះស្រី២នាក់ តែកូនដែលរស់នៅជាមួយឪពុកម្តាយមានតែកូនតូចម្នាក់ប៉ុណ្ណោះ ក្រៅពីនេះរស់នៅឆ្ងាយនិងមានប្តីប្រពន្ធអស់ហើយ ៕
ចែករំលែកព័តមាននេះ