តំណាងអយ្យការច្រានចោលការសុំពន្យារពេលចូលបំភ្លឺរបស់លោក គឹម សុខ ដែលកំណត់នៅថ្ងៃនេះ
រាជធានីភ្នំពេញ ៖ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោកសៀង សុខ សម្រេចច្រានចោលសំណើរបស់អ្នកវិភាគបញ្ហាសង្គម
រាជធានីភ្នំពេញ ៖ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោកសៀង សុខ សម្រេចច្រានចោលសំណើរបស់អ្នកវិភាគបញ្ហាសង្គម
រាជធានីភ្នំពេញ ៖ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោកសៀង សុខ សម្រេចច្រានចោលសំណើរបស់អ្នកវិភាគបញ្ហាសង្គម និងនយោបាយលោកគឹម សុខ ដែលសុំពន្យារពេលចូលឆ្លើយបំភ្លឺទាក់ទងនឹងបណ្តឹងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន តាមការកោះហៅឱ្យចូលខ្លួននៅថ្ងៃ១៧ កុម្ភៈ ។
ការសម្រេចច្រានចោលនេះ ធ្វើឡើងភ្លាមៗនៅថ្ងៃទី១៦ កុម្ភៈ បន្ទាប់ពីលោកគឹម សុខ បានបង្ហាញវត្តមាននៅសាលាដំបូងដើម្បីដាក់ពាក្យស្នើសុំសាលាដំបូងរាជធានីពន្យារពេលចូលឆ្លើយបំភ្លឺ ដោយសារលោកមិនទាន់បានពឹងពាក់រកមេធាវី ដើម្បីការពាររឿងក្តីនេះបាននៅឡើយ ។
ព្រះរាជអាជ្ញារង លោក សៀង សុខ មិនបានបញ្ជាក់ពីមូលហេតុនៃការបដិសេធលើសំណើសុំលើកពេលរបស់លោក គឹម សុខ បាននោះទេដោយគ្រាន់តែចារបន្ថែមលើលិខិតរបស់លោក គឹម សុខ ដែលមានស្រាប់ថា «យើង សៀង សុខ មិនអនុញ្ញាតលើការស្នើសុំនេះទេ សាមីខ្លួនត្រូវតែចូលមកកាន់អយ្យការ តាមកាលកំណត់»។
ថ្លែងជាសាធារណៈនៅចំពោះមុខអ្នកកាសែតនៅព្រឹកថ្ងៃទី១៦ កុម្ភៈ នេះ លោក គឹម សុខ អះអាងថា មូលហេតុនៃការសុំពន្យារពេល ដោយសារតែលោករកមេធាវីការពារក្ដី ដែលមិនយកថ្លៃមិនទាន់បាន ។
ជាថ្មីទៀតលោក គឹម សុខ បានបង្ហាញជំហរមិនគេចខ្លួនទៅក្រៅប្រទេស និងប្រកាសនៅតតាំងនឹងបណ្ដឹងរបស់គណបក្សប្រជាជនកម្ពុជាតាមផ្លូវតុលាការ ។ លោកក៏បានថ្លែងដែរថា លោកមិនដូរដាច់ខាតនូវជំហរអត្ថាធិប្បាយ រឿងសង្គម និងនយោបាយ ទោះមានបណ្ដឹង ១០០ទៀត ត្រូវគេដាក់ទម្លាក់សង្កត់លើរូបលោកក៏ដោយ ។
សូមបញ្ជាក់ថា មេធាវីតំណាងឱ្យសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ពាក្យប្ដឹងលោកគឹម សុខ ទាមទារសំណងជំងឺចិត្ត៥០ម៉ឺនដុល្លារទាក់ទងការធ្វើអត្ថាធិប្បាយចោទប្រកាន់រាជរដ្ឋាភិបាលជាអ្នកនៅពីក្រោយការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ។ តាមរយៈដីកាបង្គាប់ ព្រះរាជអាជ្ញារងសៀង សុខ បានឱ្យសមត្ថកិច្ចត្រួតពិនិត្យច្រកព្រំដែនទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស និងហាមឃាត់ឈ្មោះ គឹម សុខ ជាជនសង្ស័យមិនឱ្យទៅក្រៅប្រទេស ។
បន្ថែមពីលើបណ្ដឹងទាមទារសំណងជំងឺចិត្ត ៥០ម៉ឺនដុល្លារនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្ដឹងលោកគឹម សុខ មួយករណីថ្មីបន្ថែមទៀត ពីបទចោទរាជរដ្ឋាភិបាលបច្ចុប្បន្នបានបង្កើតឱ្យមានប្រព័ន្ធមួយ ដែលមានការសម្លាប់មនុស្សហើយរកមុខឃាតករមិនឃើញដោយទាមទារសំណងជំងឺចិត្ត១០លានរៀលផងដែរ។
តាមអ្នកតាមដានសភាពការណ៍ ករណីចោទពីបទព្រហ្មទណ្ឌនេះ លោក គឹម សុខ ទំនងជាគេចមិនរួចពីការឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារនោះទេ បើតុលាការរកឃើញកំហុស ។
លោក គឹម សុខ បានប្រកាសថា នៅតែប្រកាន់ជំហរដដែល ក្នុងការអត្ថាធិប្បាយពីសង្គមកម្ពុជាមិនឈប់ទេ ទោះបីមានរឿងក្តីត្រូវបានប្តឹងចំនួនពីរ ឬរាប់រយក៏ដោយ ក៏មិនផ្លាស់ប្តូរជំហរដែរ ។ លោកបានថ្លែងនៅចំពោះមុខអ្នកកាសែតដែលចោមរោមនៅមុខសាលាដំបូង មានកម្លាំងតាមដានលោកជាច្រើននាក់ និងមានសារក្នុងហ្វេសប៊ុក និងមានគេចង់ឱ្យមានការសម្របសម្រួលគ្នា ។ លោកនិយាយថា សារនោះគេសរសេរមើលមិនយល់ទេ និងមានគេទូរស័ព្ទមកលោកថា «បើគេចង់ធ្វើៗបាន» ៕
ចែករំលែកព័តមាននេះ