ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅអធិកា​វត្ត​នគរ​បា​ជ័យ​ក្រៅ បំផុស​ដល់​គូ​ស្វាមីភរិយា​ថ្មី​ឲ្យ​ដាំ​កូន​ឈើ​ក្នុង​ទី​អារាម

7 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ សួន​អាពាហ៍ពិពាហ៍​ដែល​បាន​បង្កើត​ឡើង ស្រប​ពេល​បុណ្យ​ទន្លេ​កន្លង​មក​ស្ថិត​នៅក្នុង​បរិវេណ​វត្ត​នគរ​បា​ជ័យ​ក្រៅ ក្នុង​ឃុំ​អំពិល ស្រុក​កំពង់សៀម ដោយ​មាន​ដាំ​ឈើ​គ្រញូង នាងនួន បេង កកោះ…

ខេត្តកំពង់ចាម ៖ សួន​អាពាហ៍ពិពាហ៍​ដែល​បាន​បង្កើត​ឡើង ស្រប​ពេល​បុណ្យ​ទន្លេ​កន្លង​មក​ស្ថិត​នៅក្នុង​បរិវេណ​វត្ត​នគរ​បា​ជ័យ​ក្រៅ ក្នុង​ឃុំ​អំពិល ស្រុក​កំពង់សៀម ដោយ​មាន​ដាំ​ឈើ​គ្រញូង នាងនួន បេង កកោះ និង​ប្រភេទ​ដើមឈើ​ជា​ច្រើន​ទៀត កំពុង​តែ​បាន​លូតលាស់​ធំធាត់​។ ជាមួយ​នោះ​ក៏​មាន​គម្រោង​ដាំ​បន្ថែម​ទៀត​ដើម្បី​បង្កើត​ជា​តំបន់​គម្រប​បៃតង​រីក​ស្រស់បំព្រង​ក្នុង​ពេល​អនាគត ដែល​នឹង​ផ្តល់​ម្លប់​ត្រឈឹងត្រឈៃ​សម្រាប់​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​ជិត​ឆ្ងាយ​ផង​ដែរ​។

ព្រះ​ចៅអធិការ​វត្ត​នគរ​បា​ជ័យ​ក្រៅ សេង រ​ដ្ឋា មាន​ថេរ​ដីកា​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ កុម្ភៈ ២០១៧​ថា ក្រោម​ការ​ដឹកនាំ​របស់​ថ្នាក់ដឹកនាំ​ខេត្ត បាន​ខិតខំ​ប្រឹងប្រែង​ដោយ​បាន​រៀបចំ​កែ​លម្អ ក្នុង​បរិវេណ​ទី​អារាម​នេះ​ឲ្យ​មានការ​រីក​ចម្រើន​ឡើង ពិសេស​បាន​ពង្រឹង​សន្តិសុខ​ដាក់​កម្លាំង នគរបាល​ទេសចរណ៍​ឲ្យ​នៅ​យាម​ប្រចាំការ​ទាំង​ព្រឹកល្ងាច  សម្រាប​ការពារ​ភ្ញៀវ​បរទេស​ដែល​បាន​មក​កម្សាន្ត​លេង​នោះ​។ ព្រះ​ចៅអធិការ​វត្ត​នគរ​បា​ជ័យ​ក្រៅ​មាន​ថេរ​ដីកា​បន្ត​ឲ្យ​ដឹង​ទៀត​ថា ជាក់ស្តែង​ក្នុង​ពេល​ដែល​ក្រុង​កំពង់ចាម​បាន​រៀបចំ​បុណ្យ​ទន្លេមេគង្គ​នា​ពេល​កន្លង​មក​នោះ លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​លោក លន់ លឹ​ម​ថៃ អភិបាល​នៃ​គណៈ​អភិបាលខេត្ត រួម​ជាមួយនឹង​ស្ថាប័ន​ពាក់ព័ន្ធ​តាម​មន្ទីរ​នានា​បាន​រៀបចំ​សម្ពោធ​សួន​អាពាហ៍ពិពាហ៍ ដែល​ស្ថិត​នៅ​ក្នុង​បរិវេណ​វត្ត​នគរ​បា​ជ័យ​ក្រៅ ដោយ​បំផុស​ឲ្យ​គូ​ស្វាមីភរិយា​ត្រូវ​ចេះ​ស្រលាញ់​បរិស្ថាន​។

ដោយ​មានការ​ដាំ​កូន​ឈើ​ជា​ច្រើន​ប្រភេទ​ខាងលើ​នោះ​សម្រាប់​ទុក​ក្នុង​ពេល​អនាគត ដល់​កូនចៅ​ជំនាន់​ក្រោយ​ឲ្យ​ចេះ​នាំ​គ្នា​ថែរក្សា​ដើមឈើ និង​ផ្តល់​អត្ថប្រយោជន៍​ជា​ម្លប់​ដ៏​ត្រជាក់  ក្នុង​ពេល​ដែល​មាន​រដូវ​បុណ្យ​ទាន​ម្តង​ៗ​នោះ​។ ក្នុង​រដូវវស្សា​ខាង​មុខ​ឆ្នាំ​២០១៧​នេះ ព្រះ​អង្គ​មាន​ផែនការ​សុំ​បិណ្ឌបាត កូន​ឈើ​ជា​ច្រើន​ដើម​បន្ថែម​ទៀត ដើម្បី​ដាំ​ក្នុង​ទី​អារាម​គឺ​មានការ​ចូលរួម​ពី​សំណាក់​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត ឲ្យ​មាន​កាន់តែ​ច្រើន​ឡើង​ៗ សម្រាប់​បង្កើត​គម្រប​បៃតង​ហើយ​ក៏​មាន​អត្ថប្រយោជន៍​ដល់​ពពួកសត្វ​ស្លាប​ជា​ច្រើន ដែល​នឹង​ហោះហើរ​មក​ជ្រក​ហើយ​រស់​យ៉ាង​សុខសាន្ត មើលទៅ​ហាក់បីដូចជា​តន្ត្រី​មួយ​យ៉ាង​ដូច្នោះ​ដែរ​។

ព្រះ​ចៅអធិការ​វត្ត​នគរ​បា​ជ័យ​ក្រៅ សេង រដ្ឋ មាន​ថេរ​ដីកា​បញ្ជាក់​ថា រាល់​ថ្ងៃនេះ​ក្នុង​បរិវេណ​វត្ត​សឹងតែ​មិន​មាន​គោ​របស់​អ្នកស្រុក​ព្រ​លែង​ឲ្យ​ដើរមក​ចូល ក្នុង​តំបន់​ទេសចរណ៍​វត្ត​នគរ​បា​ជ័យ ប្រសិនបើ​មាន​នោះ​ព្រះ​អង្គ​នឹង​ទូរស័ព្ទ​ទៅ​ប្រាប់​ដល់​សមត្ថកិច្ច​ឲ្យ​មក​ចាប់​យក​ទៅ​រក្សា​ទុក និង​ជា​ការ​ព្រមាន​ដល់​ម្ចាស់​គោ​ឲ្យ​រាងចាល​ផង​ដែរ​។ ព្រះ​អង្គ​សូម​បំផុស​ដល់​គូរ​ស្វាមីភរិយា​ថ្មី ប្រសិនណាបើ​ចង់​ដាំ​កូន​ឈើ​ក្នុង​សួន​អាពាហ៍ពិពាហ៍​ខាងលើ​នេះ អាច​មក​ទំនាក់ទំនង​ជាមួយនឹង​ព្រះ​អង្គ ដើម្បី​រក​ទីតាំង​ដាំ​នៅ​កន្លែង​ណាមួយ​ឲ្យ​បាន​សម​ស្រប​៕