ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ត្រី​ត្រៀម​ឡើង​មាឃ ទំនៀម​អ្នកស្រុក​អង្គរ​បន្ត​រហូត​បច្ចុប្បន្ន

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ជា​រៀង​រាល់​ឆ្នាំ​ឱ្យ​តែ​ដល់​ខែមាឃ (៣​កើត​ខែមាឃ​) អ្នក​ភូមិ​បង្កោង ឃុំ​អំពិល ស្រុក​ប្រាសាទបាគង តែងតែ​នាំ​គ្នា​ប្រារព្ធ​ពិធី​រក​ត្រី​ដើម្បី​ត្រៀម​ឡើង​មាឃ ឬ​ឡើងអ្នកតា​តាម​ទំនៀម​អ្នកស្រុក​មិន​ដែល​ខកខាន​។ ពិធី​នេះ​តែង​

ខេត្តសៀមរាប ៖ ជា​រៀង​រាល់​ឆ្នាំ​ឱ្យ​តែ​ដល់​ខែមាឃ (៣​កើត​ខែមាឃ​) អ្នក​ភូមិ​បង្កោង ឃុំ​អំពិល ស្រុក​ប្រាសាទបាគង តែងតែ​នាំ​គ្នា​ប្រារព្ធ​ពិធី​រក​ត្រី​ដើម្បី​ត្រៀម​ឡើង​មាឃ ឬ​ឡើងអ្នកតា​តាម​ទំនៀម​អ្នកស្រុក​មិន​ដែល​ខកខាន​។ ពិធី​នេះ​តែង​ធ្វើ​ឡើង​នៅ​ត្រពាំង បឹង​ដែល​សហគមន៍​បាន​អភិរក្ស​ទុក​មិន​ឱ្យ​មានការ​លួច​នេសាទ​ឡើយ គឺ​រហូត​ដល់​មានការ​ណាត់គ្នា​ពី​លោក​មេ​ភូមិ​ថា​កំណត់​ថ្ងៃ​ណាមួយ​ដើម្បី​នេសាទ ទើប​អ្នក​ភូមិ​នាំ​គ្នា​ទៅ​រក​ត្រី​បាន ។

តាម​ការ​បញ្ជាក់​ពី​លោក​ពេជ្រ ឃិ​ន មេ​ភូមិ​បង្កោង​ប្រាប់​ថា ឱ្យ​តែ​ដល់​ថ្ងៃ​១​កើត​ខែមាឃ គាត់​តែង​ប្រ​កូក​ប្រកាស និង​កំណត់​ពេលវេលា​ដល់​អ្នក​ភូមិ​ឱ្យ​នាំ​គ្នា​ទៅ​ចាប់​ត្រី​នៅ​ត្រពាំង បឹង ដើម្បី​យក​ទៅ​ធ្វើ​ទឹក​នំ​បញ្ចុក និង​ធ្វើ​អាហារ​រួម​សម្រាប់​ពិធី​ឡើង​មាឃ ឬ​ឡើងអ្នកតា​នៅ​ថ្ងៃ​៣​កើត​តាម​ទំនៀម​បុរាណ តែ​ឆ្នាំ​នេះ​យឺត​ពេល​បន្តិច​ដោយសារ​សាលាឆទាន​មិន​ទាន់​ធ្វើ​ហើយ ឯ​ទឹក​ត្រពាំង​បឹង​នេះ​ក៏​នៅ​ច្រើន ។

ទិន្នផល​ត្រី​ឆ្នាំ​នេះ​មាន​តិច​ជាង​ឆ្នាំ​មុន តែ​ប្រជាជន​នៅ​តែ​អាច​រកបាន ហើយ​អ្នក​ដែល​អាច​ចាប់​ត្រី​នៅ​ត្រពាំង​បឹង​បាន​ក៏​មាន​តែ​អ្នក​ភូមិ​បង្កោង​ដែរ​។ ត្រពាំង​បឹង​ត្រូវ​បាន​ថែរក្សា​ការពារ​យ៉ាង​ល្អ​ពី​ប្រជា​ការពារ​ក្នុងភូមិ មិន​ឱ្យ​មាន​អ្នក​ក្រៅ​នេសាទ​ឡើយ ហើយ​ហាម​ដាច់ខាត​ប្រើ​ម៉ាស៊ីន​ឆក់ និង​អូស​មោង ។ ចំពោះ​ការ​រក​ត្រី​ដើម្បី​យក​ទៅ​ធ្វើ​ពិធី ក៏​អនុ​ញ្ញាត​ឱ្យ​ប្រជាជន​ប្រើ​តែ​ឧបករណ៍​បុរាណ​ដូច​គ្នា មាន​ឈ្នាង អង្រុត សំណាញ់​ជាដើម ។ លោក​មេ​ភូមិ​និង​អ្នក​ភូមិ​បាន​ប្រកាន់​នូវ​ទំនៀម​នេះ​ណាស់ ទោះបី​ពេល​ខ្លះ​យឺតយូរ​ក្នុង​ការ​ប្រារព្ធ តែ​មិន​ដែល​ខកខាន​ឆ្នាំ​ណា​ឡើយ ហើយ​ការ​ធ្វើ​ពិធី​នេះ​ក៏​នាំ​មក​នូវ​សេចក្តីសុខ​សប្បាយ ភាព​រីករាយ ការ​ជួបជុំ​គ្នា និង​ការ​រួម​គ្នា​ថែរក្សា​មរតក​អរូបី​មួយ​នេះ​ឱ្យ​នៅ​មានជីវិត​ដល់​បច្ចុប្បន្ន​ទុក​ឱ្យ​កូនចៅ​ដឹង ព្រមទាំង​បន្ត​ធ្វើ​តាម​ពេល​អត់​ពី​ពួក​គាត់​ទៅ ។

ពាក់ព័ន្ធ​នឹង​កិច្ច​ពិធី​នេះ​លោក​អុ​ឹ​ម សុខ​រិ​ទ្ធី អ្នក​ស្រាវជ្រាវ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​បញ្ជាក់​ថា វា​ជា​ផ្នែក​មួយ​នៃ​បេតិកភណ្ឌ​អរូបី​ទាក់ទង​នឹង​សង្គម គឺ​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​ជា​សំខាន់ មិន​ផ្តោត​ខ្លាំង​លើ​ជំនឿ សិល្បៈ របាំ ជា​កម្មសិទ្ធិឯកជន ឬ​របស់​រដ្ឋ​នោះ​ទេ ។ វា​បាន​បង្ហាញ​ពី​សាមគ្គីភាព និង​ភាព​រស់​រវើក​របស់​សហគមន៍​ជនបទ​ដែល​បាត់បង់​ទៅ​ហើយ​សម្រាប់​អ្នក​ទីក្រុង ។ ពិធី​នេះ​នៅ​សម្បូរ​ព្រៃ​គុក ខេត្តកំពង់ធំ និង​ស្រុក​ខេត្ត​ដទៃ​ក៏​មាន​ធ្វើ​ប្រហាក់ប្រហែល​គ្នា​ដែរ ដូច​ជា​អ្នកខ្លះ​រក​ត្រី ខ្លះ​រក​សម្ភារ ខ្លះ​រក​របស់ ផ្សេង​ៗ ដូច្នេះ​វា​មិន​ចម្លែក​អី​ឡើយ​សម្រាប់​កិច្ច​ពិធី​នេះ​នៅ​សហគមន៍​ភូមិ​បង្កោង​ក្នុង​តំបន់​ឧទ្យាន​អង្គរ ។

តំបន់​រមណីយដ្ឋាន​អង្គរ ជា​តំបន់​បេតិកភណ្ឌ​រស់​សម្បូរ​ទៅ​ដោយ​មរតក​វប្បធម៌​អរូបី​ជា​ច្រើន ដែល​ប្រជាជន​បន្ត​ប្រតិបត្តិ​រហូត​ដល់​បច្ចុប្បន្ន​។ អាជ្ញាធរ​ជាតិ​អប្សរា​គាំទ្រ និង​រួមចំណែក​ថែរក្សា​មរតក​វប្បធម៌​ជា​ច្រើន​ដែល​នៅ​មាន​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​តាម​រយៈ​ការ​ផ្សព្វផ្សាយ ការ​ចូលរួម​ផ្ទាល់​ជាមួយ​អ្នកស្រុក ព្រោះ​វា​ជា​អត្តសញ្ញាណ​ជាតិ​ដ៏​ពិសេស​មួយ​ធ្វើ​ឱ្យ​តំបន់​អង្គរ​ខុស​ប្លែក​ពី​តំបន់​ដទៃ ។ ពិសេស​ជាង​នេះ​ទៅ​ទៀត អាជ្ញាធរ​ជាតិ​អប្សរា​លើកទឹកចិត្ត​ដល់​ប្រជាជន​ទាំងអស់​ក្នុង​តំបន់​អង្គរ ឱ្យ​រួម​គ្នា​ថែរក្សា​មរតក​វប្បធម៌​ទាំងនេះ​ឱ្យ​នៅ​គង់វង្ស​បាន​យូរអង្វែង​តកូនតចៅ​គ្រប់​ជំនាន់​កុំឱ្យ​បាត់បង់ ។

អ្នកស្រី​គង់ បូ​រី ជា​អ្នក​ភូមិ​បង្កោង រៀបរាប់​ឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​នៅ​ក្នុងស្រុក​ប្រាសាទបាគង​តែងតែ​នាំ​គ្នា​នេសាទ​ត្រៀម​ធ្វើ​ពិធី​ឡើង​មាឃ​ជា​រៀង​រាល់​ឆ្នាំ ។ ការ​នេសាទ​ជា​លក្ខណៈ​គ្រួសារ នៅ​តាម​ត្រពាំង​បឹង​ដែល​សហគមន៍​អភិរក្ស​ទុក​មិន​ឱ្យ​នេសាទ​ខុសច្បាប់​ទេ ។

បុរស​ឈ្មោះ​ចំណាន រស់នៅ​ក្នុងភូមិ​រលួស ឃុំ​ប្រាសាទបាគង រៀបរាប់​ស្រ​ដៀង​គ្នា​ថា «​ការ​ដែល​ពួក​ខ្ញុំ​នាំ​គ្នា​មក​ធ្វើ​ពិធី​រក​ត្រី​ឡើង​មាឃ ជា​រៀង​រាល់​ឆ្នាំ​នេះ គឺ​ពួក​ខ្ញុំ​បាន​ណាត់​គ្នា​មក​ក្នុងថ្ងៃនេះ គឺ​តាម​រយៈ​លោក​មេ​ភូមិ និង​មេឃុំ​ដើម្បី​កំណត់​ពេលវេលា​ឱ្យ​ពួក​យើង​ទាំងអស់​គ្នា​ធ្វើ​នេសាទ​តាម​របៀប​លក្ខណៈ​គ្រួសារ​ដើម្បី​ចុះ​រក​ត្រី​តាម​ត្រពាំង​បឹង​បុរាណ»៕