ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនឿ​របស់​ជនជាតិ​ខ្មែរ​ចំពោះ​រូបសំណាក​លិង្គ

7 ឆ្នាំ មុន

និយាយ​ពី​ជំនឿ​លើ​លិង្គ​នៅ​ក្នុង​អតីត​ព្រះ រាជាណាចក្រ​កម្ពុជា យ៉ាង​ហោច​ណាស់​គេ​ត្រូវ​ដឹង​យ៉ាង​ច្បាស់​នូវ​កំណើត និង​ភាព​ដុះដាល​រីក​ចម្រើន​ជា​៤​ដំណាក់កាល​នៃ​ប្រពៃណី​នេះ​នៅ​ក្នុង​សង្គម​ខ្មែរ ។

និយាយ​ពី​ជំនឿ​លើ​លិង្គ​នៅ​ក្នុង​អតីត​ព្រះ  រាជាណាចក្រ​កម្ពុជា យ៉ាង​ហោច​ណាស់​គេ​ត្រូវ​ដឹង​យ៉ាង​ច្បាស់​នូវ​កំណើត និង​ភាព​ដុះដាល​រីក​ចម្រើន​ជា​៤​ដំណាក់កាល​នៃ​ប្រពៃណី​នេះ​នៅ​ក្នុង​សង្គម​ខ្មែរ ។

យោង​តាម​ឯកសារ​របស់​លោក​បណ្ឌិត​មី​សែ​ល ត្រា​ណេ លើក​ឡើង​ថា ដំណាក់កាល​ទី​មួយ គឺ​សម័យ​បុរេប្រវត្តិសាស្ត្រ ពោល​គឺ​មុន​ឥណ្ឌូ​និយម ។

ដំណាក់​ទី​២ គឺ​សម័យ​ទំព័រ​ប្រវត្តិសាស្ត្រ​កម្ពុជា​ត្រូវ​ផ្លាស់​ប្តូរ​ទម្រង់​ថ្មី ក្នុង​ពេល​ដែល​ជនជាតិ​ខ្មែរ​គោរព​សាសនា​ក្លិង្គ ។ ក្នុង​សម័យនេះ​ជំនឿ​លើ​លិង្គ​ដែល​ជា​វត្ថុ​តំណាង ឬ​ជា​និមិត្តរូប នៃ​ឥទ្ធិពល​មនុស្ស ឬ​ដូនតា​បាន​ទទួល​នូវ​អត្ថន័យ​ថ្មី ក្រោម​រូបភាព​ព្រះ​សិវលិង្គ ឬ​លិង្គ​ព្រះ​វិស្ណុ ។

ដំណាក់​ទី​៣ គឺ​សម័យ​អង្គរ​ជា​សម័យ​រីក​ចម្រើន ។ ដូច​ដំណាក់​ទី​២​ដែរ គឺ​សម័យនេះ​ហើយ​ដែល​គេ​ឃើញ​នូវ​ការ​ដុះដាល​ចំនួន​ប្រាង្គ ប្រាសាទ​ឥដ្ឋ ឬ​ថ្ម​ជា​ច្រើន​ឥត​គណនា​ដើម្បី​តម្កល់​ព្រះ​លិង្គ​ទុក​ជាទី​សក្ការបូជា ។

បើ​និយាយ​ម្យ៉ាងទៀត​ការ​បូជា​ព្រះ​សិវលិង្គ​នេះ​ហើយ​ជា​មូលហេតុ​នៃ​ការ​ដុះដាល​នៃ​ស្ថាបត្យកម្ម​ក្នុង​ទឹកដី​ខ្មែរ ។

ដំណាក់​ទី​៤ គឺ​សម័យ​បច្ចុប្បន្ន​ដែល​ជំនឿ ព្រះ​សិវលិង្គ (​លិង្គ​របស់​ព្រះ​សិវ ឬ​ឥសូរ​) ត្រូវ​បាន​គេ​បំភ្លេច​ចោល​ចាប់តាំងពី​សតវត្សរ៍​ទី ១៤ នៃ​គ្រិស្តសករាជ ដោយហេតុ​ថា ព្រះពុទ្ធ​សាសនា​ហីនយាន ឬ​ថេរវាទ បាន​ក្លាយជា​សាសនា​រដ្ឋ ក្នុង​ព្រះរាជ​ណា​ចក្រ​កម្ពុជា ។ ការ​ផ្លាស់​ប្តូរ សាសនា​កន្លង​ទៅ​នេះ​ហើយ​បាន​បង្ហាញ​ឲ្យ​គេ​ឃើញ​ថា​ជនជាតិ​ខ្មែរ​ឈប់​បាន​សាងសង់ ប្រាសាទ​ថ្ម ឬ ឥដ្ឋ​ទៀត​ហើយ ព្រោះ​ការ​បូជា​លិង្គ​ឈប់​រីក​សុសសាយ​ដូច​សម័យ​ដែល​ខ្មែរ គោរព​ព្រហ្មញ្ញសាសនា ។ ក៏​ប៉ុន្តែ​ទោះបី​យ៉ាងនេះ​ក្តី ផ្អែក​ទៅ​លើ​មូលដ្ឋាន​វប្បធម៌​ខ្មែរ​ខាងលើ​នេះ​អាច​ឲ្យ​គេ​ដឹង​ថា​ជំនឿ​លើ​លិង្គ​ដែល​ជា​ប្រពៃណី​របស់​ខ្មែរ​សុទ្ធសាធ​នៅ​បន្ត​ជា​រៀង​រហូត​ដល់​សព្វថ្ងៃ​សម​ស្រប​តាម​វប្ប​ធ៌​ម​បូជា​លិង្គ​បង្កប់​ដោយ​អត្ថន័យ ដ៏​ធំ​ទូលាយ និង​ដ៏​ជ្រាលជ្រៅ​បំផុត ។ ការ​វិភាគ​ទេវ​កថា ប្រពៃណី នីមួយ​ៗ និង​បដិមា​សាស្ត្រ អាច​ធ្វើ​ឲ្យ​យើង​ឃើញ​ទស្សនៈ​របស់​ជនជាតិ​ខ្មែរ​បុរាណ​នៅ​គ្រប់​លំដាប់ថ្នាក់​នៃ​សង្គម​ចំពោះ​សិវលិង្គ ។

ពិតមែនតែ​លិង្គ​ដែល​ខ្មែរ​សម័យ​មុន​អង្គរ និង​អង្គរ​គោរព​បូជា​ជា​និមិត្តរូប​នៃ​ព្រះ​សិវៈ ប៉ុន្តែ ក្នុង​ទស្សនវិជ្ជា​បុរាណ លិង្គ​គឺជា​វត្ថុ​តំណាង​នូវ​របប​រាជាធិបតេយ្យ​របស់​ជនជាតិ​ខ្មែរ​ទាំង​មូល ។

ដូច្នេះ​ហើយ​បានជា​យើង​បានឃើញ​តាម​រយៈ សិលាចារឹក នូវ​ការ​គោរព​សក្ការៈ​ចំពោះ​ព្រះ សិវៈលិង្គ ក្រោម​រូបភាព និង​ឈ្មោះ ផ្សេង​ៗ ដូច​ជា​ការ​ឧទ្ទិស​បូជនីយដ្ឋាន និង​ការ​ថ្វាយ តង្វាយ​ជាដើម ។

ទេវតា​សំខាន់​ជាងគេ​បំផុត​ដែល​ខ្មែរ​គោរព​បូជា​នា​សម័យ​មុន​ការ​សាងសង់​ប្រាសាទអង្គរវត្ត គឺ​ព្រះ​សិវលិង្គ​នេះឯង ។ ក្នុង​ឱកាស​ធ្វើ​ពិធី​ឆ្លង​ប្រាសាទ ដើម្បី​បង្រួបបង្រួម​ជាតិ និង​ដើម្បី​ឧទ្ទិស​ដល់​ព្រះ​សិវលិង្គ​ផង ព្រះរាជា​ខ្មែរ​រមែង ប្រើ​ពាក្យ​គម្តែង​/​ជគត​/​ត​/​រាជ្យ ។ ពាក្យ​នេះ មាន​ន័យ​ថា «​ទេវតា​ប្រចាំ​រាជវង្ស​ខ្មែរ ហើយ​សំដៅ​ទៅ​ព្រះ​សិវលិង្គ​នេះឯង​ដែល​ស្ថិត​នៅ​ចំ កណ្តាល​ព្រះរាជ​នគរ ។

ចំពោះ​ខ្មែរ លិង្គ​គឺ​មិន​គ្រាន់តែ​របស់​ភេទ ប្រុស​ផ្តល់​នូវ​ភាព​ស្រណុក ស្រួល ក្នុង​ការ រួមរ័ក​ជាមួយ​ភេទ​ស្រី​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ ជា​ប្រដាប់​សម្រាប់​បន្ត​ពូជ​វង្ស​ត្រកូល​ថែម​ទៀត​ផង។ សារសំខាន់​របស់​ទស្សនៈ​នេះ​គឺ​ស្ថិត​នៅ​លើ​កា​រត​ពូជពង្សវង្សត្រកូល ពោល​គឺ​ខ្មែរ គោរព​ថ្វាយបង្គំ​ព្រះ​សិវលិង្គ ក៏​ដោយសារ​មូលហេតុ​ចម្បង​នេះ​ដែរ ។ មួយវិញទៀត ភាពរឹងមាំ​ភាព​អមតៈ​របស់​ព្រះ​លិង្គ​ក៏​ត្រូវ មនុស្ស​ខ្មែរ​ប្រៀបផ្ទឹម ឬ​ប្រដូច​នឹង​ថ្ម​ដែរ ។ ហេតុ​ដូច្នេះ​ហើយ​បានជា​គេ​ស្ថាបនា​លិង្គ​ថ្ម សម្រាប់​ជា​សញ្ញា​និមិត្ត​ទុក​ជាទី​សក្ការបូជា ។

គេ​នៅ​ចង​ចាំ​ថា នា​ដើម​សតវត្សរ៍​ទី​២០ មុន​នេះ​ស្ត្រី​ខ្មែរ​ជា​អ្នកស្រែ​ចម្ការ​នៅ​ខេត្តកំពត ជា​និច្ចកាល​បាន​ឡើង​ភ្នំ ឬ​ចូល​ក្នុង​រូងភ្នំ ទោះបី​ហត់នឿយ យ៉ាងណា​ក៏​ដោយ ដើម្បី​បន់ស្រន់ សិវលិង្គ​ដោយ​ប្រាថ្នា​ចង់បាន​កូន ។ នេះ​ជា តម្រូវការ​សម្រាប់​ប្រជាជន​ខ្មែរ​ធម្មតា និង តម្រូវការ​របស់​មនុស្ស​ខ្មែរ​ទូទៅ​ផង ។ ខ្មែរ​បាន​បូជា​លិង្គ​ក៏​ព្រោះតែ​មូលហេតុ​ខាងលើ​នេះ ។

រួម​សេចក្តី​មក​លិង្គ គឺជា​ប្រភព​នៃ​ជីវិត ហើយ​ក្នុង​ករណី​នេះ​ហើយ​ដែល​ជនជាតិ​ខ្មែរ​បុរាណ​គោរព​បូជា ៕