ខេត្ដប៉ៃលិន ៖ មកដល់សម័យបច្ចុប្បន្នទៅហើយ ប្រជាពលរដ្ឋភាគច្រើននៅតែខ្វះការយល់ដឹងអំពីបញ្ហាសុខភាពខ្លួនឯង និងអ្នកដទៃទៅទៀត ពួកគាត់ខ្លះបានបោះចោលសំរាមពាសវាលពាសកាលនាំឱ្យប៉ះពាល់ដល់បរិស្ថាន បង្កទៅជាជំងឺដង្កាត់ផ្សេងៗ តែហាក់ដូចជាមិនខ្វល់ពីអ្វីទាំងអស់ ដោយបន្តនាំគ្នាដឹកយកកាកសំណល់ពីផ្ទះយកទៅចាក់ចោលនៅក្បែរស្លាកសញ្ញារបស់មន្ទីរបរិស្ថាន ស្ថិតក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។
អ្នកភូមិរស់នៅក្បែរគំនរសំរាម បានឱ្យដឹងថា សំរាមនៅតែជាបញ្ហាប្រឈមដដែល ដោយសារមានជនខិលខូចមួយចំនួន បានជិះម៉ូតូដឹកយកសំរាមទៅចាក់ចោលនៅពេលយប់ស្ងាត់ លុះព្រឹកឡើងឃើញមានការុងកាកសំណល់ទាំងនោះនៅពាសពេញលើចិញ្ចើមផ្លូវជះក្លិនស្អុយអសោចិ៍ ។ ប្រភពបន្តទៀតថា ការធ្វើបែបនេះបង្កឱ្យកើតមានជំងឺដល់ពួកគាត់ដែលរស់នៅក្បែរនោះ ខណៈរុយរោមសំរាម រួចហើរទៅទំលើម្ហូបអាហារដែលកូនចៅគាត់កំពុងទទួលទានអាហារបង្កជាជំងឺរាករូស និងក្អួតចង្អោរផ្សេងៗ ។ម្យ៉ាងវិញទៀត អ្នកដែលបោះចោលសំរាមបែបនេះ មិនបានយល់ដឹងអំពីផលប៉ះពាល់នៃកាកសំណល់សំរាមនោះឡើយ ហើយជួនកាលបំពានទៅនឹងច្បាប់ដោយគិតតែពីផលប្រយោជន៍ខ្លួនឯងប៉ុណ្ណោះ ។
អ្នកស្រុកទាំងនោះបានបញ្ជាក់ថា តាមពិតដីដែលគេលួចយកសំរាមទៅបោះចោលនោះមិនមែនជាកន្លែងសាធារណៈនោះទេ គឺដីមានម្ចាស់ត្រឹមត្រូវ តែខាងម្ចាស់ដីគេមិនហ៊ានមាត់កនោះទេ ព្រោះខ្លាចក្រែងជនខិលខូចទាំងនោះធ្វើបាបនៅថ្ងៃណាមួយ ។ ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោក គឹម សុខា ប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិនបានឱ្យដឹងថា សំរាមដែលជនខិលខូចយកទៅបោះចោលនៅកន្លែងដែលលោកបានយកស្លាកសញ្ញាទៅដាក់នោះ មិនមែនជាប្រជាពលរដ្ឋរស់នៅក្បែរកន្លែងនោះទេ គឺភាគច្រើនអ្នកទាំងនោះជាអ្នកលក់ដូរនៅឆ្ងាយពីទីនេះដឹកតាមម៉ូតូ តាមរ៉ឺម៉កយកមកចាក់ចោលនៅពេលយប់ស្ងាត់ ។
លោកបន្តទៀតថា កាលពីមុនខាងលោកបានឱ្យមន្ត្រីក្រោមឱវាទចុះទៅចាំឃ្លាំមើលដែរ លុះពួកនោះដឹងខ្លួនមុនក៏នាំគ្នាគេចបាត់អស់ ។ ទោះជាយ៉ាងណាក៏ដោយខាងលោកនឹងតាមចាប់ខ្លួនជនអនាធិបតេយ្យទាំងនោះយកមកធ្វើកិច្ចសន្យា និងផាកពិន័យតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ